rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ទស្សនៈព្រឹត្តិការណ៍ពិភពលោក
rss itunes

សហរដ្ឋ​អាមេរិក​​ កាណាដា​​ និង​ម៉ិចស៊ិក​ចាប់​ផ្តើម​​ចរចា​កិច្ច​ព្រៀង​​ទីផ្សារ​សេរី​​អាមេរិក​ខាង​ជើង​​​ឡើង​វិញ​

ដោយ បូលីន ដាវីដ

សហរដ្ឋ​អាមេរិក​ ម៉ិចស៊ិក​ និង​កាណាដា​ កំពុង​បើក​កិច្ច​ចរចា​គ្នា​ឡើង​វិញ​ជុំវិញ​សំណុំ​រឿង​កិច្ច​ព្រៀម​ព្រៀង​ទីផ្សារ​សេរី​អាមេរិក​ខាង​ជើង។​ ប្រទេស​ទាំងបី​ជា​សមាជិក​កិច្ច​ព្រម​ព្រៀង​បណ្តូរ​ពាណិជ្ជកម្ម​សេរី​នេះ។​ ការចរចា​ឡើង​វិញ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​តាម​ការ​ស្នើ​សុំ​ពី​លោក​ប្រធានាធិបតី​អាមេរិក​ ដូណាល់​ ត្រាំ។​ ភាគី​អាមេរិក​តែង​បាន​ត្អូញត្អែរ​​​ថា ​ខ្លួន​បាន​បាត់​បង់​ប្រយោធន៍​សេដ្ឋកិច្ច​ជា​ច្រើន​ ក្រោយ​ពី​ទីផ្សារ​សេរី​នេះ​បាន​ចូល​ជា​ធរមាន​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៤​មក​។​ តើ​ប្រទេស​ទាំងបី​ចរចា​លើ​ចំនុច​អ្វី​ខ្លះ?​ តើ​ការ​ចរចា​នេះ​នឹង​ធ្វើ​ឡើង​ប៉ុន្មាន​ដំណាក់​កាល?

ដូច​ការ​សន្យា​ពេល​ឃោសនា​ស្វែង​រក​សម្លេង​ឆ្នោត​ លោក​ ដូណាល់​ ត្រាំ បាន​ស្នើ​ឲ្យ​មាន​ការ​បើក​ការ​ចរចា​ឡើង​វិញ​ ដើម្បី​ធ្វើ​ទំនើប​នីយកម្ម​កិច្ច​ព្រម​ព្រៀង​បណ្តូរ​ពាណិជ្ជកម្ម​សេរី​អាមេរិក​ខាង​ជើង។​ កិច្ច​ព្រម​ព្រៀង​ទីផ្សារ​សេរី​នេះ​មាន​ឈ្មោះ​កាត់​ជា​ភាសា​បារាំង​ថា​ ALÉNA ​ (Accord de libre-échange nord américain) ឬ​ជា​ភាសា​អង់គ្លេស​ថា​ NAFTA ​(North American Free Trade Agreement)។ កិច្ច​ព្រម​ព្រៀង​នេះ​ត្រូវ​បាន​ចូល​ជា​ធរមាន​កាល​ពី​ឆ្នាំ​១៩៩៤។​ ពោល​ គឺ​វា​មាន​អាយុ​ ២៣​ ឆ្នាំ​ហើយ។

​ចាប់​ពីទីផ្សារ​សេរី​នេះបាន​បើក​ទូលាយ​មក​​ គេ​សង្កេត​ឃើញ​ថា​ ​សន្ទុះ​បណ្តូរ​ពាណិជ្ជកម្ម​​ក្នុង​លំហសេដ្ឋកិច្ច​រវាង​ប្រទេស​បី​នៅ​ទ្វីប​អាមេរិក​ខាង​ជើង​ ពោល​គឺ កាណាដា​ សហរដ្ឋ​អាមេរិក​ និង​ម៉ិចស៊ិក​ មាន​កំណើនកើន​ឡើង​ខ្ពស់​​គួរ​ឲ្យ​កត់​សម្គាល់។​ ប៉ុន្តែ​ ចាប់​តាំង​ពី​លោក​ ដូណាល់​ ត្រាំ បាន​ឡើង​កាន់​កាប់​អំណាច​មក​ ក្រុម​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី​​អាមេរិកថ្មី​បាន​ចាត់​ទុក​កិច្ច​ព្រម​ព្រៀម​ពាណិជ្ជកម្ម​នេះ​ថា​ ជា​ដើម​ហេតុ​នៃ​ឱនភាព​សេដ្ឋកិច្ច​អាមេរិក។​

នា​កំឡុង​ពេល​ឃោសនា​ស្វែង​រក​សម្លេង​ឆ្នោត​ លោក​​ដូណាល់​ ត្រាំ តែង​ចោទ​ប្រកាន់​កិច្ច​ព្រម​ព្រៀង​ទីផ្សារ​សេរី​នេះ​ថា​ ជា​មហន្តរាយ​មួយ​ ដែល​បាន​បង្ក​ឲ្យ​ពលរដ្ឋ​អាមេរិក​ជា​ច្រើន​លាន​នាក់​បាត់​បង់​ការ​ងារ។ លើស​ពី​នេះ​ រដ្ឋាភិបាល​​អាមេរិក​ថ្មី​បាន​ចាត់​ទុក​សំណុំ​រឿង​នេះ​ជា​អាទិភាព​ក្នុង​កម្មវិធី​នយោបាយ​របស់​ខ្លួន​។​ ជា​រឿយៗ​ រដ្ឋាភិបាល​អាមេរិក​ក្រោម​ការ​ដឹកនាំ​របស់​លោក​ ដូណាល់​ ត្រាំ តែង​ចង្អុល​មុខ​ចំៗ​លើ​ប្រទេស​ម៉ិចសិក​ថា​បាន​លួច​យក​ការ​ងារ​ពលរដ្ឋ​អាមេរិក។

ការ​ចរចា​រវាង​ប្រទេស​ទាំងបី​នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​ជា​ ៣ ដំណាក់​កាល។​ ជំហាន​ទី​១ គឺ​ការ​ចរចា​នៅ​លើ​ទឹកដី​សហរដ្ឋ​អាមេរិក នា​​រដ្ឋ​ធានី​វ៉ាស៊ីងតោន។​ ការ​ចរចា​នេះ​ចាប់ផ្តើម​​ពី​ថ្ងៃ​ទី១៦ ដល់​ថ្ងៃ​ទី​២០​ សីហា​នេះ​។​ បើ​ទោះបី​ជា​ការ​ចរចា​ជំហាន​ទី​១​នេះ​ទើប​តែ​ត្រូវ​បាន​បិទ​បញ្ចប់​ ប៉ុន្តែ​ គិត​មក​ដល់​ពេល​នេះ​ គេ​នៅ​ពុំ​ទាន់​ដឹង​លទ្ធផល​បណ្តោះ​អាសន្ន​នៃ​កិច្ច​ពិភាក្សា​ត្រីភាគី​នៅ​ឡើយ​ទេ។​ ចំណែក​ការ​ចរចា​ជំហានទី២​ គឺ​នឹងគ្រោង​​ធ្វើ​ឡើង​នៅ​ប្រទេស​ម៉ិចសិក​ ចាប់​ពី​ថ្ងៃទី​៥ ខែ​កញ្ញាខាង​មុខ​នេះ។ ហើយ​ការ​ចរចា​ដំណាក់​កាល​ចុង​ក្រោយ​ ពោល​ គឺ​ជំហាន​ទី​៣​ ​នឹងត្រូវ​ប្រព្រឹត្ត​នៅ​លើ​ទឹកដី​ប្រទេស​កាណាដា។ ប៉ុន្តែ គេ​ពុំ​នៅ​ទាន់​ដឹង​កាល​បរិច្ឆេទ​នៃ​ជំនួប​ចុង​ក្រោយ​នេះ​នៅ​ឡើយ​ទេ។

ប្រធាន​ដឹកនាំ​គណៈ​ប្រតិភូ​នៅ​លើ​​តុ​ចរចា​នេះ​មានដូចជា៖​ ​លោក​ Robert Lighthizer អ្នក​តំណាង​ពាណិជ្ជកម្ម​អាមេរិក​​,​ លោកស្រី​ Chrystia Freeland រដ្ឋ​មន្រ្តី​ការ​បរទេស​កាណាដា​ និង​លោក​ Ildefonso

Guajardo Villarreal រដ្ឋ​លេខា​ធិការ​សេដ្ឋកិច្ច​ម៉ិចសិក។ មួយ​ថ្ងៃ​មុន​បើ​កការ​ចរចា​នេះ​ លោក​ ដូណាល់​ ត្រាំ បាន​ប្រកាស​ធានា​ប្រាប់​ពលរដ្ឋ​អាមេរិក​ថា​ ភាគី​អាមេរិក​នឹង​ចរចា​សើរើ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​នេះ​ឡើង​វិញ​ ក្នុង​គោល​បំណង​នាំ​ការងារ​ត្រលប់​មក​សហរដ្ឋ​អាមេរិក​វិញ។​ មែនទែន​ទៅ មាន​តំណាង​រាស្រ្តមួយ​ចំនួន​​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ (ដែល​កំពុង​ដើរ​តួនាទី​ជា​គណបក្ស​ជំទាស់​នៅ​សភា​ទាំង​ពីរ​ថ្នាក់​)​ ក៏​បាន​គាំទ្រ​យោបល់របស់​លោក​ ដូណាល់​ ត្រាំ ​ផង​ដែរ។ ក្នុង​នោះ​មាន​លោក​ស្រី​ Rosa DeLauro សមាជិក​សភា​ម្នាក់​បាន​ថ្លែង​ថា​ មាន​​ការងារ​ចំនួន​ ១​ លានដែល​មាន​ប្រាក់​ខែ​ខ្ពស់​ត្រូវ​បាន​បាត់​បង់​នៅ​សហរដ្ឋ​អាមេរិក​ ដោយ​សារ​តែ​ពួក​ថៅកែ​បាន​ធ្វើ​បំលាស់​ទីការងារ​នោះ​ទៅ​ប្រទេស​ម៉ិចសិក។ រោង​ចក្រ​ផលិត​រថយន្ត​ រោង​ចក្រ​កាត់​ដេរ​សម្លៀក​បំពាក់​ និង​រោង​ចក្រ​ផលិត​គ្រឿង​កសិ​ឧស្សាហកម្ម​បាន​ធ្វើ​បំលាស់​ទី​ជា​ហូរហែ​ទៅ​កាន់​ប្រទេស​ម៉ិចសិក។

កន្លង​មក​សហរដ្ឋ​អាមេរិកធ្លាប់​បាន​ប្រកាស​ហើយ​ថា​​ បញ្ហា​ចម្បង​នៅ​ក្នុង​ការ​ចរចា​នេះ​ គឺ​ធ្វើ​យ៉ាង​ណា​ព្យាយាម​ឲ្យ​ជញ្ជីង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ខ្លួន​ និង​ប្រទេស​ម៉ិចសិក​មាន​លំនឹងឡើង​វិញ។​ បច្ចុប្បន្ន​នេះ​ ជញ្ជីង​ពាណិជ្ជកម្ម​រវាង​ប្រទេសទាំង​ពីរ​​មាន​លក្ខណៈ​លំអៀង ​ដោយ​សហរដ្ឋ​អាមេរិក​នាំ​ចូល​ទំនិញច្រើន​​ការ​នាំ​ចេញទៅ​កាន់​ប្រទេស​ជិត​ខាង​ភាគ​ត្បូង​របស់​ខ្លួន។​ សូម​បញ្ជាក់​ថា​ មុន​ពេល​មាន​ទីផ្សារ​សេរី​នេះ​ សហរដ្ឋ​អាមេរិក​មាន​ជញ្ជីង​ពាណិជ្ជកម្ម​លើស​ប្រទេស​ម៉ិច​សិក​ក្នុង​ទំហំ​ទឹកប្រាក់​ជាង​ ១,៦ ពាន់​លាន​ដុល្លារ។​ ប៉ុន្តែ ចាប់​តាំង​ពី​តំបន់​ពាណិជ្ជកម្ម​សេរី​អាមេរិក​ខាង​ជើងនេះ​បាន​​ចូល​ជា​ធរមាន​មក​ ជញ្ជីង​ពាណិជ្ជកម្ម​អាមេរិក​បាន​ធ្លាក់​ចុះធ្វើ​ឲ្យ​មាន​ឱនភាព​ក្នុង​ទំហំ​ទឹក​ប្រាក់​ចំនួន​ ៦៤ ពាន់​លាន​ដុល្លារ។

សំរាប់​ប្រទេស​ម៉ិចសិក​ កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់​សំរាប់​ប្រទេស​ខ្លួន។​ ៨០%​ នៃ​ទំនិញ​បស់​ប្រទេស​ខ្លួន​ត្រូវ​បាន​នាំ​ចេញ​ទៅ​ទីផ្សារ​សហរដ្ឋ​អាមេរិក។​ ភាគ​ច្រើន​នៃ​ទំនិញ​នាំចេញ​ គឺ​រថយន្ត​ និង​ផលិត​ផល​កសិកម្ម។​ ចំពោះ​ប្រទេស​កាណាដា​វិញ​ ដែល​ប្រទេស​មាន​ភូមិ​ផង​របង​នៅ​ភាគ​ខាង​ជើង​សហរដ្ឋ​អាមេរិក​ ការចរចា​នេះ​ហាក់​ពុំ​សូវ​ក្តៅ​គគុក​ឡើយ។​ ព្រោះ​ប្រទេស​កាណាដា​ជា​អតិថិជន​ដ៏​ធំ​មួយ​ផង​ និង​ជា​អ្នក​ផ្គត់​ផ្គង់​អគ្គិសនី​ដ៏​ធំ​មួយ​ផង​ដល់​សហរដ្ឋ​អាមេរិក។​ ចាប់​តាំង​ពី​ការ​បង្កើត​ទីផ្សារ​សេរី​នេះមក​ បណ្តូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​បាន​កើន​ឡើង​ទ្វេរ​ដង។​ ប៉ុន្តែ ជា​ទិដ្ឋភាព​រួម​ ជញ្ជីង​ពាណិជ្ជ​កម្ម​រវាង​ប្រទេស​ទាំង​ពីរ​មាន​លក្ខណៈស្ទើរ​​ស្មើ​គ្នា។

ចំនុច​មួយ​ដែល​អាច​បង្ក​ឲ្យ​មាន​ភាព​តាន​តឹង​រវាង​កាណាដា និង​សហរដ្ឋ​អាមេរិក​ គឺ​ទាក់​ទង​យន្តការ​ដោះ​ស្រាយ​ជម្លោះ​ពាណិជ្ជកម្ម​ ដែល​មាន​ចែង​នៅ​ក្នុង​ជំពូក​ទី​១៩ នៃ​កិច្ច​ព្រម​ព្រៀង។​ យន្តការ​បច្ចុប្បន្ន​បាន​ចែង​ច្បាស់​ហើយ​ថា​ ក្នុង​ករណី​មាន​ជម្លោះ​ណា​មួយ​លើ​ទំនិញ​នាំ​ចេញ​ ឬ​នាំ​ចូល​រវាង​ប្រទេស​ណា​មួយ​ គេ​នឹង​យក​សំណុំ​រឿង​នោះ​ទៅ​ដោះស្រាយ​នៅតុលាការ​ពាណិជ្ជកម្ម​អន្តរជាតិ​។​ សហរដ្ឋ​អាមេរិក​បាន​បង្ហាញជំហរ​ចង់​លប់​ចោល​ជំពូក​នេះ​ ដោយ​ពុំ​ចាំ​បាច់​បញ្ជាក់​យន្តការ​ដោះស្រាយ​ជម្លោះ​ជា​លក្ខណៈ​អន្តរជាតិ​ឡើយ។​ និយាយ​ឲ្យ​ខ្លី​ សហរដ្ឋ​អាមេរិក​ចង់​គេច​វៀស​កុំ​ឲ្យ​មាន​បណ្តឹង​ ក្នុង​ករណី​ខ្លួន​សំរេច​អ្វី​ជា​ឯកតោ​ភាគី​បំពាន​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​នេះ​។​

ជាក់​ស្តែង​ ថ្មីៗ​នេះ​ រដ្ឋបាល​របស់​លោក​ ដូណាល់​ ត្រាំ បាន​សំរេច​ចិត្ត​ជា​ឯកតោ​ភាគី​យក​ពន្ធ​លើ​ឈើ​សំណង់​នាំ​ចូល​ពី​ប្រទេស​កាណាដា។​ លោក​ ត្រាំ មិន​សប្បាយ​ចិត្ត​ដោយ​សារតែ​ឈើ​សំណង់​កាណាដា​មាន​តម្លៃ​ថោក​ជាង​អាមេរិក។​ បច្ចុប្បន្ន​ ភាគី​កាណាដា​កំពុង​រៀប​ចំ​ពាក្យ​បណ្តឹង​ទៅ​តុលាការ​អន្តរជាតិ។​ខាង​ភាគី​កាណដា​ និង​ម៉ិចសិក​ក៏​បាន​បង្ហាញ​ជំហរ​រួម​គ្នារួចហើយ​ថា​ ពួក​គេ​នឹង​មុន​លប់​ចោល​ជំពួក​នេះ​ជា​ដាច់​ខាត។​ ប្រទេស​ទាំង​ពីរ​ចង់​រក្សា​យន្តការ​ដោះ​ស្រាយ​ជម្លោះ​ពាណិជ្ជកម្ម​បច្ចុប្បន្ន ដែល​អាច​រក្សា​អព្យាក្រិត​ភាព​តុលាការ។​ និយាយ​រួម​ ប្រទេស​ទាំងពីរ​មិន​ចង់​ឲ្យ​ជម្លោះ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ពាក់​ព័ន្ធ​ទៅ​ធ្លាក់​លើ​ដៃ​តុលាការ​អាមេរិក​ កាណាដា​ ឬ​ម៉ិចស៊ិក​ឡើយ៕

ហេតុអ្វី​បាន​ជា​មាន​ប្រទេស​អាហ្រ្វិ​ក​កាន់​តែ​ច្រើន​ចង់​បំពាក់​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ?

សេដ្ឋកិច្ចសាកល៖ ១០ឆ្នាំក្រោយវិបត្តិហិរញ្ញវត្ថុ

ជំនួប​​កំពូល​ចិន-រុស្ស៊ី​ និង​សមយុទ្ទ​រួម​ គូស​បញ្ជាក់​ពី​ មហិទ្ធិ​ឫទ្ធ​បន្ទាត់​នយោបាយ​ម៉ូស្គូ-ប៉េកាំង​

ហេតុអ្វី​បានជា​មហាអំណាច​នាំគ្នា​ទៅ​បង្កើត​មូលដ្ឋានទ័ព​នៅក្នុង​ប្រទេស​ជីប៊ូទី

តើ​អាមេរិក​ពិតជា​ហ៊ាន​ដាក់​ទណ្ឌកម្មលើ​​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ?

លោកស្រី​មីសែល បាឈើឡេ ពី​ប្រធានាធិបតី​ឈីលី​ក្លាយ​ជា​ឧត្តមស្នងការ​របស់ អ.ស.ប. ទទួល​បន្ទុក​សិទ្ធិមនុស្ស

បរាជ័យរបស់មីក្រូហិរញ្ញវត្ថុក្នុងការកាត់បន្ថយភាពក្រីក្រ

តើលោកត្រាំ​ពិតជា​មិនខ្វល់ពី​វត្តមានកាណាដា​ក្នុង​កិច្ចព្រមព្រៀង​ពាណិកម្មសេរីឬយ៉ាងណា​​?

លោកស្រី​ស៊ូជី ប្រឈម​នឹង​ការ​រិះគន់ ​ក្រោយ​ការ​កាត់ទោស​អ្នក​កាសែត​ដែល​ស៊ើប​រឿង​រ៉ូហ៊ីងយ៉ា

តើ​ការ​វិវាទ​រវាង​ប្រទេស​អង់គ្លេស និង​ប្រទេស​ម៉ូរីស​ជុំវិញ​ប្រជុំកោះឆាហ្គូស​បាន​កើត​ឡើង​យ៉ាង​ដូចម្តេច​ខ្លះ?

ករណី​​ដែល​​បាន​​ញ៉ាំង​​លោក​​ពូទីន ​​ឲ្យ​ថ្លែងសារ​​តាម​​ទូរទស្សន៍​​ ទៅ​​កាន់​​ប្រជាជាតិ​​

​​វិស័យថាមពលនៅអឺរ៉ុប កំពុង​ក្លាយ​ជារបស់ចិន ?

ភូមា៖​តើ​ជម្រើស​តុលារការអន្តរជាតិ​មួយ​ណា និង​មាន​អ្នកពាក់ព័ន្ធ​ណា​ខ្លះ​ដែល​អាច​ទទួល​ទោស​ក្នុង​បទប្រល័យ​ពូជសាសន៍​លើ​ពួករ៉ូហ៊ីងយ៉ា​?

​តុលាការ​យុត្តិធម៌អន្តរជាតិ បើក​សវនាការ​សំណុំរឿង​អ៊ីរ៉ង់​និង​អាមេរិក

អាស៊ាន៖ ចលករ​សម្រាប់​សន្តិភាព​ក្នុង​តំបន់ និង​សមាហរណកម្ម​សេដ្ឋកិច្ច​អនាគត

ហេតុអ្វី​លោក​ខាងលិច​នៅរារែក មិន​​ទាន់​គាំទ្រ​​មាតុភូមិនិវត្ត​របស់ជនភៀសខ្លួន​ស៊ីរី?

វ៉េណេស៊ុយ​អេឡា៖ ​ពលរដ្ឋ​ជាង​២លាន​៣សែន​នាក់ រត់​ចោលស្រុក ដោយសារហេតុអ្វី?​

ហេតុអ្វី​បាន​ជា​ក្រុមហ៊ុន​បស្ចិមលោក​គ្រាក់ៗ​ខ្លះដែល​រក​ស៊ី​នៅ​អ៊ីរ៉ង់​លុតក្រាប​តាម​ទណ្ឌកម្ម​អាមេរិក​ប្រឆាំង​អ៊ីរ៉ង់?

ឥទ្ធិពល​នៃសង្គ្រាម​ពាណិជ្ជកម្ម​លើ​បណ្តា​ប្រទេស​អាស៊ាន

សរអា ផ្អាក ការបំពេញ ជាមួយ រុស្ស៊ី តាម សន្ធិសញ្ញា​ស្តីអំពី​មេឃ​ចំហ