rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

អង់គ្លេស សហភាពអឺរ៉ុប Brexit

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

Brexit៖ ​សហភាពអឺរ៉ុប​និង​អង់គ្លេស​ចុះ​កិច្ចព្រមព្រៀង​សម្រាប់​អំឡុងពេល​​​អន្តរកាល

media
លោក​មីស្ហែល បារនីញ៉ែ (Michel Barnier) ប្រមុខដឹកនាំ​ចរចា​​ភាគី​អឺរ៉ុប និង​សមភាគី​អង់គ្លេស នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ក្នុង​ទីក្រុង​ព្រុចសែល ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ EMMANUEL DUNAND / AFP

សហភាព​អឺរ៉ុប និង​អង់គ្លេស បាន​បោះជំហាន​ដ៏​សំខាន់​មួយ នៅថ្ងៃ​ចន្ទ​នេះ នៅ​ក្នុង​កិច្ចចរចា ជុំវិញ​​ការចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប។ ជំហាន​ដ៏សំខាន់​នេះ គឺ​ការ​ចុះ​កិច្ចព្រមព្រៀង ស្តីពី​ទំនាក់ទំនង រវាង​ភាគី​ទាំងពីរ នៅ​ក្នុង​អំឡុង​ពេល​អន្តរកាល ក្រោយ​​ការ​ចាកចេញ​របស់​អង់គ្លេស នៅ​ខែមីនា ឆ្នាំ២០១៩​ខាងមុខ។


កិច្ចព្រមព្រៀង​ដែល​សហភាព​អឺរ៉ុប និង​អង់គ្លេស​សម្រេចបាន នៅថ្ងៃ​ចន្ទនេះ គឺ​ជា​មូលដ្ឋាន​គ្រឹះ​ដ៏​សំខាន់​មួយ សម្រាប់​កិច្ចព្រមព្រៀង​ស្ថាពរ ស្តីពី​ទំនាក់ទំនង​អឺរ៉ុប-អង់គ្លេស ក្រោយ​ពេល​ដែល​អង់គ្លេស​លែង​ជា​សមាជិក​សហភាព​អឺរ៉ុប។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក​មីស្ហែល បារនីញ៉េ (Michel Barnier) ប្រមុខដឹកនាំ​កិច្ចចរចា​ តំណាង​ឲ្យ​ភាគី​អឺរ៉ុប ដោយ​លោក​បាន​បញ្ជាក់​បន្ថែម​ថា កិច្ចព្រមព្រៀងនេះ​គឺ​ជា​ផ្លែផ្កា​កើតចេញ​ពី​ការ​ចរចា​​ដ៏ស្វិតស្វាញ ទាំងថ្ងៃ​ទាំងយប់​អស់រយៈពេល​ជាច្រើន​ថ្ងៃកន្លងទៅនេះ។

ចំណុច​សំខាន់​បំផុត​នៃ​កិច្ចព្រមព្រៀង​នេះ គឺ​សម័យកាល​អន្តរកាល ដែល​ជា​ការទាមទារ​របស់​អង់គ្លេស ដើម្បី​បញ្ចៀស​នូវ​ផលវិបាក​អវិជ្ជមាន ដែល​អាច​កើតមាន​ឡើង ពី​ការ​កាត់ផ្តាច់​ភ្លាមៗ​នូវ​ទំនាក់ទំនង​​សមាជិកភាព​របស់​អង់គ្លេស​ក្នុង​សហភាព​អឺរ៉ុប ដែល​ត្រូវ​បញ្ចប់​ជា​ស្ថាពរ នៅ​ចុងខែ​មីនា​ឆ្នាំ២០១៩​ខាងមុខ។

សម័យកាល​អន្តរកាល​នេះ​ ដែល​នឹង​ត្រូវ​ចាប់ផ្តើម​ពី​ចុងខែ​មីនា​ឆ្នាំ២០១៩ នឹង​ត្រូវ​​មាន​រយៈពេល​កំណត់ដ៏ខ្លីមួយ នៅ​ក្នុង​ពេល​រង់ចាំ​ឲ្យ​មាន​កិច្ចព្រមព្រៀង​ស្ថាពរ ដែល​កំណត់​ពី​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​អង់គ្លេស​ និង​សហភាព​អឺរ៉ុប។

យោងតាម​លោក​មីស្ហែល បារនីញ៉េ នៅ​ក្នុង​អំឡុង​ពេល​អន្តរកាល​ អង់គ្លេស​នឹង​លែង​មាន​សិទ្ធិ​ចូលរួម​ក្នុង​ការ​សម្រេច​ចិត្ត​នានា​របស់​សហភាព​អឺរ៉ុប​ទៀតហើយ ក៏ប៉ុន្តែ អង់គ្លេស​នៅតែ​មាន​កាតព្វកិច្ច​អនុវត្ត​សេចក្តីសម្រេច​និង​រាល់​បទដ្ឋាន​ជាធរមាន​របស់​សហភាព​អឺរ៉ុប​ដដែល។ ជា​ថ្នូរមកវិញ អង់គ្លេស​បន្ត​រក្សា​សិទ្ធិ​​ទាញ​យក​ផលប្រយោជន៍​ពី​​ការ​ដោះដូរ​ពាណិជ្ជកម្ម​សេរី និង​ការ​ធ្វើចរាចរ​​ទំនិញ​និង​សេវាកម្ម​ដោយសេរី នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​ទីផ្សារ​រួម​អឺរ៉ុប ដូចជា​ពេល​បច្ចុប្បន្ន​នេះ។

បន្ថែម​ពីលើ​នេះ​ទៅទៀត កិច្ចព្រមព្រៀង​ក៏​បាន​កំណត់​ផងដែរ​ថា នៅ​ក្នុង​អំឡុង​ពេល​អន្តរកាល ពលរដ្ឋ​អង់គ្លេស​​​នឹង​នៅតែ​មាន​សិទ្ធិ​ធ្វើ​ដំណើរ​ចេញចូល រស់នៅ និ​ងធ្វើការ​​ក្នុង​សហភាព​អឺរ៉ុប ហើយ​ពលរដ្ឋ​នៃ​ប្រទេស​ទាំង ២៧ផ្សេងទៀត​​នៃ​សហភាព​អឺរ៉ុប ក៏​មាន​សិទ្ធិ​ធ្វើ​ដំណើរចេញចូល រស់នៅ និង​ធ្វើការ​ក្នុង​ប្រទេស​អង់គ្លេស​ ដូចជា​ពេល​បច្ចុប្បន្ន​នេះ​ដដែល។

សិទ្ធិ​ក្នុងការ​ធ្វើ​ចរាចរ​ទៅវិញ​ទៅមក​របស់​ពលរដ្ឋ​អង់គ្លេស និង​ពលរដ្ឋ​សហភាព​អឺរ៉ុប នៅ​ក្រោយ​ការ​បិទបញ្ចប់​សម័យកាល​អន្តរកាល គឺ​ជា​សំណុំរឿង​​ដ៏​ចម្បងមួយ ក្នុង​ចំណោម​សំណុំរឿង​ធំៗ​​និង​ស្មុគស្មាញ​ទាំងបី ដែល​ភាគី​ទាំងពីរ​ត្រូវ​ចរចា​គ្នា នៅ​ក្នុង​កិច្ចព្រមព្រៀងស្ថាពរ ដោយ​សំណុំរឿង​សំខាន់​ពីរ​ទៀត គឺ​​ការ​ទូទាត់​លុយ​ដែល​អង់គ្លេស​ជំពាក់​សហភាព​អឺរ៉ុប និង​​ការ​កំណត់​លក្ខន្តិកៈ​នៃ​ព្រំដែនអៀរឡង់ ពោលគឺ ព្រំដែន​រវាង​ប្រទេស​អៀរឡង់​ ដែល​ជា​ប្រទេស​ឯករាជ្យ ហើយ​ជា​សមាជិក​សហភាព​អឺរ៉ុប និង​អៀរឡង់​ខាងជើង ដែល​ជា​ដែនដី​​មួយ​ក្នុង​រាជាណាចក្រ​អង់គ្លេស ហើយ​ដែល​ត្រូវ​ចេញ​ពី​សហភាព​អឺរ៉ុប​តាម​អង់គ្លេស៕