អានតួអត្ថបទ

សហភាពអឺរ៉ុប​បារម្ភ​ខ្លាច​វិបត្តិ​នយោបាយ​អង់គ្លេស​ធ្វើឲ្យ​ការចរចា ​Brexit ​មិនអាច​ចេញរួច

ក្រោយ​ពី​មាន​ការ​លាលែង​ផ្ទួនៗគ្នា​របស់​រដ្ឋមន្រ្តី​ទទួលបន្ទុកចរចា Brexit និង​រដ្ឋមន្រ្តី​ការបរទេសអង់គ្លេស កាលពីចន្ទ អំណាច​របស់​លោក​ស្រី​នាយករដ្ឋមន្រ្តី​តេរេហ្សា ម៉េ កំពុងស្ថិត​នៅ​ក្នុងភាព​ផុយស្រួយ ហើយ​សម្រាប់​សហភាព​អឺរ៉ុប ក្តីបារម្ភ​ដ៏ធំមួយ​កំពុងតែ​កើតមានឡើង ថាតើ​លោកស្រី​អាច​នឹង​ដឹកនាំ​ការចរចា រហូត​អាច​ចេញ​ជា​កិច្ចព្រមព្រៀង Brexit មួយ​បាន មុនកាលកំណត់​ដែរ​ឬ​ក៏​យ៉ាងណា?

លោកស្រី​តេរេហ្សា ម៉េ នាយករដ្ឋមន្រ្តី​អង់គ្លេស ពេលថ្លែង​នៅ​ចំពោះមុខសភា​អង់គ្លេស ថ្ងៃទី៩ កក្កដា ២០១៨
លោកស្រី​តេរេហ្សា ម៉េ នាយករដ្ឋមន្រ្តី​អង់គ្លេស ពេលថ្លែង​នៅ​ចំពោះមុខសភា​អង់គ្លេស ថ្ងៃទី៩ កក្កដា ២០១៨ HO / PRU / AFP
ផ្សាយពាណិជ្ជកម្ម

ភ្លាមៗ​ក្រោយ​ពី​​មាន​ការ​ប្រកាស​លាលែង​ពីតំណែង​ដោយ​រដ្ឋមន្រ្តី​អង់គ្លេស​ទាំងពីរ​រូប ថ្នាក់ដឹកនាំ​សហភាព​អឺរ៉ុប​បាន​ថ្លែង​ជា​សាធារណៈ ដោយ​ព្យាយាម​បង្ហាញ​ពី​សុទិដ្ឋនិយម​ថា បញ្ហា​នយោបាយ​នៅ​អង់គ្លេស​នេះ​ទំនង​ជា​នឹង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅដល់​ដំណើរការ​ចរចា​​លើ​​កិច្ចព្រមព្រៀង​បញ្ចប់​សមាជិកភាព​របស់​អង់គ្លេស ឬហៅថា Brexit នោះទេ។

ក៏ប៉ុន្តែ នៅ​ខាង​ក្រោយ​ឆាក​វិញ មន្រ្តី​ការទូត​សហភាព​អឺរ៉ុប ដែល​សុំ​មិន​បញ្ចេញឈ្មោះ​មួយ​ចំនួន​បាន​បង្ហាញ​ពី​ក្តីបារម្ភ​ ដោយ​មិនដឹងថាតើ​លោកស្រី​តេរេហ្សា ម៉េ នឹង​អាច​បន្ត​កាន់​តំណែង​បាន​ដល់​ពេលណា? ហើយ​បើទោះបីជា​អាច​នៅ​កាន់​តំណែង​បាន​យូរ​តទៅទៀត តើលោកស្រី​​អាច​នឹង​មាន​អំណាច​រឹងមាំ​ត្រឹមកម្រិតណា ក្នុងការ​ដឹកនាំ​ការចរចា​លើ​ Brexit ? បើ​សិន​ជា​លោកស្រី​តេរេហ្សា ម៉េ ត្រូវ​ធ្លាក់​ពី​តំណែង​ តើ​រដ្ឋាភិបាលថ្មី​នឹង​មាន​ជំហរបែបណា?​ នៅ​ក្នុង​ពេល​ដែល​រយៈកាលកំណត់​ត្រូវ​ចរចា​​បញ្ចប់​សមាជិកភាព​អង់គ្លេស​ពី​សហភាព​អឺរ៉ុប កាន់តែខិតមក​កៀកណាស់​ទៅហើយ គឺ​នៅ​ត្រឹម​ដំណាច់ខែ​មីនា ឆ្នាំ២០១៩​ខាងមុខ។

ទោះជាយ៉ាងណា សហភាព​អឺរ៉ុប​បាន​ត្រឹមតែ​បារម្ភ​តែ​ប៉ុណ្ណោះ តែ​ក៏​មិន​អាច​ធ្វើ​អ្វី​បាន​នោះដែរ ក្រៅតែ​ពីឈរមើល​ពីក្រៅឆាក ទៅលើ​ស្ថានការណ៍​នយោបាយ​ច្រួលច្របល់​នៅ​ទីក្រុង​ឡុងដ៍​នៅ​ពេលនេះ។

មន្រ្តី​សហភាព​អឺរ៉ុប​​ដែល​សុំ​មិន​បញ្ចេញឈ្មោះ បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​អាអែហ្វប៉េ​ថា សម្រាប់​ភាគី​សហភាព​អឺរ៉ុប អ្វីៗ​នឹង​នៅតែ​បន្ត​ដំណើរការ​ជា​ធម្មតា។ ការចរចា​លើ​ Brexit ដែល​ដំណាក់កាល​បន្ទាប់​ត្រូវ​គេ​​គ្រោង​​ធ្វើ ចាប់ពីថ្ងៃទី១៦កក្កដា​ខាងមុខ នឹង​នៅតែត្រូវ​ធ្វើ​ដូចការ​គ្រោងទុក មិនថា​ប្រមុខដឹកនាំចរចា​ខាង​ភាគី​អង់គ្លេស​ជា​នរណា​នោះទេ។ លើសពីនេះ​ទៅទៀត សហភាព​អឺរ៉ុប​នឹង​នៅតែ​រក្សា​ជំហរ​ដដែល​នៅ​ក្នុងការ​ចរចា គឺ​នឹង​មិន​ធ្វើសម្បទាន​ណាមួយ ដើម្បី​សម្របសម្រួល​ទៅតាម​ស្ថានភាព​នយោបាយ​ក្នុងស្រុក​របស់​អង់គ្លេស​នោះទេ។

ក៏ប៉ុន្តែ សម្រាប់​អ្នក​ជំនាញ​ខាង​កិច្ចការ​អឺរ៉ុប ប្រសិនបើ​ស្ថានភាព​នយោបាយ​អង់គ្លេស​នៅ​តែ​ច្រួលច្របល់ វា​អាច​នឹង​ធ្វើ​ឲ្យ​ដំណើរការ​ចរចា Brexit ត្រូវ​យឺតយ៉ាវ ហើយ​រយៈកាលកំណត់​ចុងក្រោយ​ដែល​ត្រូវ​ចរចា​ក៏​កាន់តែ​ជិតចូល​មក​ដល់។ ដល់​ពេលនោះ ឬមួយ​ភាគី​ទាំងពីរ​ត្រូវ​ចរចាទាំងប្រញាប់ប្រញាល់ ហើយ​សម្រេច​បាន​ជា​កិច្ចព្រមព្រៀង​ដែល​មិន​ល្អ ឬ​ក៏​ត្រូវ​បណ្តោយ​ឲ្យ​អង់គ្លេស​បញ្ចប់​សមាជិក​ភាព​ដោយ​គ្មាន​កិច្ចព្រមព្រៀង​អ្វី​ទាំងអស់ ដែល​កំណត់​ពី​ទំនាក់ទំនង​គ្នា​ក្រោយ​ការចាកចេញ ដែល​សេណារីយ៉ូទាំងពីរ​នេះ សុទ្ធតែ​ជា​សេណារីយ៉ូ​មិនល្អ សម្រាប់​ភាគី​ទាំងសងខាង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ