អានតួអត្ថបទ
អ៊ីស្រាអែល-ប៉ាឡេស្ទីន

សម្ព័ន្ធអារ៉ាប់​គាំទ្រ​ការ​ផ្តួចផ្តើមគំនិត​របស់​បារាំង​ក្នុងការ​ដោះស្រាយ​ជម្លោះ​អ៊ីស្រាអែល​-ប៉ាឡេស្ទីន

បក្សសម្ព័ន្ធអារ៉ាប់​បាន​អនុម័ត​សេចក្តីសម្រេច​មួយ កាល​ពីថ្ងៃ​សៅរ៍​ម្សិលមិញ បង្ហាញ​ពី​ជំហរគាំទ្រ​ការផ្តួចផ្តើម​គំនិត​របស់​បារាំង ក្នុង​កា​ររៀបចំ​សន្និសីទ​អន្តរជាតិ នៅ​ទីក្រុង​ប៉ារីស ដើម្បី​ស្វែងរក​ដំណោះស្រាយ​បញ្ចប់​ជម្លោះ រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន។ សន្និសីទ​អន្តរជាតិ ដែល​ត្រូវ​បាន​ជំទាស់​ដោយ​នាយករដ្ឋមន្រ្តី​​អ៊ីស្រាអែល បេនយ៉ាមីន នេតាន់យ៉ាហ៊ូ។

លោក​ម៉ះមូត អាបាស់ ប្រមុខដឹកនាំ​ប៉ាឡេស្ទីន ក្នុង​កិច្ចប្រជុំ​សម្ព័ន្ធ​អារ៉ាប់ ថ្ងៃ​សៅរ៍ ២៨ ឧសភា ២០១៦
លោក​ម៉ះមូត អាបាស់ ប្រមុខដឹកនាំ​ប៉ាឡេស្ទីន ក្នុង​កិច្ចប្រជុំ​សម្ព័ន្ធ​អារ៉ាប់ ថ្ងៃ​សៅរ៍ ២៨ ឧសភា ២០១៦ AFP
ផ្សាយពាណិជ្ជកម្ម

សេចក្តីសម្រេច​គាំទ្រ​គំនិតផ្តួចផ្តើម​របស់​បារាំង ត្រូវ​បាន​បក្ស​សម្ព័ន្ធ​អារ៉ាប់​អនុម័ត នៅ​ក្នុង​កិច្ចប្រជុំ​វិសាមញ្ញ​រដ្ឋមន្រ្តី​ការបរទេស​របស់ខ្លួន កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ នៅ​ឯ​ទីស្នាក់ការ ក្នុង​ទីក្រុង​គែរ។ នៅ​ក្នុង​កិច្ចប្រជុំ​ដែល​មាន​ការចូលរួម​ពី​សំណាក់​លោក​ប្រធានាធិបតី​ប៉ាឡេស្ទីន ម៉ះមូត អាបាស់​ ផងដែរ​នោះ ប្រមុខការ​ទូត​នៃ​បក្ស​សម្ព័ន្ធ​អារ៉ាប់​បាន​កំណត់​ថា បក្ស​សម្ព័ន្ធ​អារ៉ាប់ ដែល​មាន​ប្រទេសអារ៉ាប់​ចំនួន ២២ ជា​សមាជិក គាំទ្រ​នូវ​គំនិត​ផ្តួចផ្តើម​របស់​បារាំង ក៏ដូចជា​​កិច្ចខិតខំ​ផ្សេងទៀត​របស់​ប្រទេស​អារ៉ាប់ និង​សហគមន៍​អន្តរជាតិ នៅ​ក្នុង​ការ​ចរចា​ស្វែងរក​សន្តិភាព រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន។

គួរបញ្ជាក់ថា នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ បារាំង​កំពុងតែ​ខ្នះខ្នែង​រៀបចំ​សន្និសីទ​អន្តរជាតិ​ដ៏ធំមួយ នៅ​ក្នុង​អំឡុង​ខែ​តុលា ឬ​វិច្ឆិកា​ខាងមុខ ដើម្បី​ប្រមែរប្រមូល​គ្រប់បណ្តា​ប្រទេស និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ឲ្យ​មក​ជជែកគ្នា ស្វែងរក​ដំណោះស្រាយ​បញ្ចប់​ជម្លោះ​ដ៏រ៉ាំរ៉ៃ នៅ​តំបន់​ដើមបូព៌ា។

ដើម្បី​ឈាន​ទៅ​រៀបចំ​សន្និសីទ​អន្តរជាតិ​នេះ កិច្ចប្រជុំ​មួយ​នឹង​ត្រូវ​រៀបចំ​ធ្វើ​ឡើង​នៅ​ប៉ារីស នៅ​ថ្ងៃ​ទី៣ មិថុនា គឺ​ថ្ងៃ​សុក្រ​សប្តាហ៍​ក្រោយ ដោយ​មាន​ការ​ចូលរួម​ពី​សំណាក់​រដ្ឋមន្រ្តី​ការ​បរទេស​ប្រមាណ​ជា ២០ប្រទេស រួមជាមួយ​នឹង​អង្គការ​អន្តរជាតិ​ធំៗ​មួយ​ចំនួន ប៉ុន្តែ គ្មាន​វត្តមាន​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន ដើម្បី​បញ្ចៀស​រាល់​ការ​ខ្វែងគំនិតគ្នា ដែល​នាំ​ឲ្យ​សន្និសីទ​ត្រូវ​បរាជ័យ​មុនពេល​បើក។

ក៏ប៉ុន្តែ បើទោះបីជា​យ៉ាងនេះ​ក៏ដោយ ការខ្វែងគំនិត​គ្នា​បាន​កើតមាន​ឡើង​យ៉ាងខ្លាំង​រួចទៅហើយ ដោយ​គេឃើញ​ថា ភាគី​ប៉ាឡេស្ទីន ហើយ​ពីម្សិលមិញ​នេះ​ទៀត បក្ស​សម្ព័ន្ធ​អារ៉ាប់​ទាំងមូល ប្រកាស​គាំទ្រ​ការ​រៀបចំ​សន្និសីទ​អន្តរជាតិ​នេះ។ ផ្ទុយ​ទៅវិញ អ៊ីស្រាអែល​បានជំទាស់។

នៅ​ក្នុង​អំឡុង​ជំនួប​ជាមួយ​នាយករដ្ឋមន្រ្តី​បារាំង ដែល​បំពេញ​ទស្សនកិច្ច​នៅ​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន កាលពីថ្ងៃ​អង្គារ និង​ថ្ងៃ​ពុធ កន្លងទៅនេះ លោក​នេតាន់យ៉ាហ៊ូ នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល បាន​ប្រកាស​ថា អ៊ីស្រាអែល​មិន​ចង់​ឲ្យ​មាន​សន្និសីទ​ជា​អន្តរជាតិ​បែបនេះ​ទេ ដោយ​ស្នើ​ឲ្យ​មាន​ជំនួប​​​ចរចា​មួយ​ទល់​នឹង​មួយ​ជាមួយ​នឹង​ប្រមុខដឹកនាំ​ប៉ាឡេស្ទីន​ជា​ជំនួសវិញ។ ក៏ប៉ុន្តែ ប្រមុខដឹកនាំ​ប៉ាឡេស្ទីន​បាន​បដិសេធ​ភ្លាមៗ​នឹង​សំណើ​ចរចា​ទ្វេភាគី​របស់​អ៊ីស្រាអែល ដោយ​បាន​លើកឡើង​ថា លោក​នេតាន់យ៉ាហ៊ូ លើក​សំណើ​នេះឡើង​​គ្រាន់តែ​ជា​លេស​ដើម្បី​ពន្យារពេល​តែ​ប៉ុណ្ណោះ ដោយ​គ្មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុងការ​ចរចា​រហូត​បាន​ជា​កិច្ចព្រមព្រៀង​សន្តិភាព​នោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ