អានតួអត្ថបទ

សភា​បារាំង​ពិភាក្សា​​ច្បាប់​ប្រឆាំង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត

សភាបារាំង​បាន​ចាប់ផ្តើម​ធ្វើការជជែកដេញដោលគ្នា នៅថ្ងៃ​ព្រហស្បតិ៍​នេះ ទៅលើ​សេចក្តីស្នើ​ច្បាប់​ចំនួន​ពីរ ដែល​រៀបចំធ្វើឡើង ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត នៅ​ក្នុង​អំឡុង​ពេល​បោះឆ្នោត។ ក៏ប៉ុន្តែ សេចក្តីស្នើច្បាប់នេះ​ក៏​បង្កើត​ឲ្យ​មាន​ភាព​ចម្រូងចម្រាស​មិនតិចនោះដែរ ដោយសារ​តែ​មាន​ការ​បារម្ភ​ខ្លាច​ប៉ះពាល់​ទៅដល់​សេរីភាព​ក្នុងការ​បញ្ចេញមតិ។

សេចក្តីស្នើច្បាប់​ប្រឆាំង​នឹង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត ទទួល​នូវ​ការ​រិះគន់​ទាំង​ពី​សំណាក់​បក្ស​ប្រឆាំង និងសហជីប​អ្នក​សារព័ត៌មាន
សេចក្តីស្នើច្បាប់​ប្រឆាំង​នឹង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត ទទួល​នូវ​ការ​រិះគន់​ទាំង​ពី​សំណាក់​បក្ស​ប្រឆាំង និងសហជីប​អ្នក​សារព័ត៌មាន REUTERS/Gonzalo Fuentes
ផ្សាយពាណិជ្ជកម្ម

សេចក្តីស្នើ​ច្បាប់​ប្រឆាំង​​នឹង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត​នេះ ត្រូវ​បាន​រៀបចំ​ធ្វើឡើង​ដោយ​គណបក្ស​កាន់អំណាច ហើយ​ដែល​លោក​​ប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង​ ទទូច​ចង់​ឲ្យ​មាន។

តំណាងរាស្រ្ត​ដែល​ទទួល​បន្ទុក​តាក់តែង​ច្បាប់នេះ​បាន​លើកឡើង​ថា ច្បាប់នេះ​មាន​សារៈសំខាន់ណាស់ នៅ​ក្នុង​បរិបទ​នយោបាយ​សព្វថ្ងៃ ដោយសារ​តែ​បច្ចេកវិទ្យា​ទំនើបថ្មីៗ​កំពុងតែ​ធ្វើ​ឲ្យ​​​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត​ត្រូវ​ក្លាយ​ជា​អាវុធ​ដ៏​គ្រោះថ្នាក់ ដូចដែល​គេ​ធ្លាប់​សង្កេតឃើញ នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក និង​បារាំង ក៏ដូចជា​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រជាមតិ​ស្តីពី​ការ​ចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប​នាពេល​កន្លងទៅ។

គេនៅចាំបានថា កាល​ពី​ក្នុង​អំឡុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី​បារាំង កាល​ពី​ឆ្នាំ២០១៧​កន្លងទៅនេះ លោក​ម៉ាក្រុង​ខ្លួនឯង​ផ្ទាល់ ដែល​កាលណោះ​ជា​បេក្ខជន​ប្រធានាធិបតី ធ្លាប់​ជា​ចំណុច​ស៊ីប​នៃ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត ជាពិសេស ទាក់ទង​នឹង​ការ​ចោទប្រកាន់​ពី​ការ​លួចលាក់​លុយ​នៅ​ក្នុង​ធនាគារ​នៅ​ក្រៅ​ប្រទេស។

ច្បាប់​ដែល​គណបក្ស​កាន់អំណាច​បារាំង​បាន​ស្នើឡើង​នៅ​ពេលនេះ មាន​កំណត់​អំពី​នីតិវិធី​ពិសេស ដែល​តម្រូវ​ឲ្យ​តុលាការ​​ត្រូវ​​ចេញ​សេចក្តីសម្រេច​បន្ទាន់ ពោលគឺ​ប្រើពេល​យ៉ាងយូរ​បំផុត ៤៨ម៉ោង ដើម្បី​តម្រូវ​ឲ្យ​ម្ចាស់វេបសាយ ឬ​ក្រុមហ៊ុន​ផ្តល់​សេវាអ៊ីនធ័រនែត​​ធ្វើការ​បិទខ្ទប់ ឬ​ដកចេញ​នូវ​ព័ត៌មាន​ដែល​ត្រូវ​ចាត់ទុក​ថា​ជា​ព័ត៌មាន​មិនពិត។

ច្បាប់នេះ​ក៏​ផ្តល់​អំណាច​ផងដែរ​ដល់​ឧត្តមក្រុមប្រឹក្សា​សោតទស្សន៍​ ហៅកាត់​ថា CSA (Conseil supérieur de l'audiovisuel) ក្នុងការ​​ព្យួរ​អាជ្ញាបណ្ណ​ផ្សព្វផ្សាយ​ដល់​ស្ថាប័ន​ព័ត៌មាន​ណា ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត​ ក្នុង​ចេតនា​អាក្រក់ នៅ​ក្នុង​អំឡុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត។

សមាជិក​សភា​មក​ពី​គណបក្ស​ប្រឆាំង​បាន​នាំគ្នា​រិះគន់​ច្បាប់នេះ​ថា ជា​ច្បាប់​ដែល​រឹតបន្តឹង​សិទ្ធិសេរីភាព​ក្នុងការ​បញ្ចេញ​មតិ។ ចំណែក​ឯ​សហជីព​អ្នកសារព័ត៌មានបារាំង​វិញ​ក៏​បាន​សម្តែង​នូវ​ក្តី​បារម្ភ​ផងដែរ​ថា ច្បាប់នេះ​នឹង​មិនមាន​ប្រសិទ្ធភាព​ក្នុងការ​ទប់ស្កាត់​ការផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត​នោះទេ ផ្ទុយ​ទៅវិញ វា​ជា​ច្បាប់​ដែល​ប្រកប​ដោយ​គ្រោះថ្នាក់ ពីព្រោះថា វា​អាច​នឹង​នាំ​ទៅរក​​ការ​រឹតបន្តឹង​លំហូរ​នៃ​ព័ត៌មាន ហើយ​ប៉ះពាល់​ទៅដល់​សិទ្ធិសេរីភាព​សារព័ត៌មាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ