អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

សន្និសីទី​អង្គការ ILO ស្តីពី​ការងារ និង​សុខុមាលភាព​នៅ​សតវត្សរ៍ទី២១

ចុះផ្សាយ​នៅ​ថ្ងៃ៖

សន្និសីទលើក​ទី៦​ ដែល​រៀបចំដោយ​អង្គការពលកម្មអន្តរជាតិ (ILO) ក្នុង​ខួបគម្រប់​១០០ឆ្នាំរបស់​ខ្លួន នៅទីក្រុង​ហ្សឺណែវ ប្រទេសស៊្វីស ផ្តោត​ជាចម្បង​លើ​បញ្ហាសាកលអំពី ការងារ និងសុខុមាលភាព នៅសតវត្សរ៍ទី២១។ តើហេតុអ្វីបាន​ជា​គេ​យក​បញ្ហា​នេះ​ជា​រឿង​សំខាន់?

វាគ្មិន​នៅ​ក្នុង​សន្និសីទ​អង្គការ ILO នៅទីក្រុង​ហ្សឺណែវ ថ្ងៃទី៨-១០ កក្កដា ២០១៩
វាគ្មិន​នៅ​ក្នុង​សន្និសីទ​អង្គការ ILO នៅទីក្រុង​ហ្សឺណែវ ថ្ងៃទី៨-១០ កក្កដា ២០១៩ Chhorn Dina
ផ្សាយពាណិជ្ជកម្ម

បញ្ហាសាកល​ស្ដីអំពី ការងារ និង​សុខុមាលភាព នៅសតវត្សរ៍ទី២១ ជាបញ្ហាចម្បង​ក្នុងកិច្ច​ពិភាក្សាសម្រាប់​សន្និសីទលើកទី៦ ដែលរៀបចំដោយអង្គការពលកម្មអន្តរជាតិ (ILO) ក្នុងខួបគម្រប់១០០ឆ្នាំរបស់ខ្លួន នៅទីក្រុងហ្សឺណែវ ប្រទេសស៊្វីស កំលុង​ខែកក្កដា កន្លងមក​នេះ។ សម្រាប់​ពេល​បច្ចុប្បន្ន ការងារ​ជាប្រភពប្រាក់​ចំណូល​របស់​គ្រួសារយ៉ាងច្រើន​លើ​ពិភពលោក  រីឯ​សុខុមាលភាពក៏ជាកត្តាចម្បង​ផងដែរ ស​ម្រាប់ជីវិតរស់​នៅរបស់​ពួកគេ ។ មិនមែន​គ្រប់ការងារសុទ្ធតែអាច​ផ្តល់​សុខុមាល​ភាព​នោះទេ ព្រោះថា​ប្រភេទការងារយ៉ាងច្រើនក្នុងពិភពលោកបច្ចុប្បន្ន កំពុងប្រឈម​នឹងការរើសអើងទាំងក្របខ័ណ្ឌ​យេនឌ័រនិងក្របខ័ណ្ឌពូជសាសន៍ ការកេងប្រវ័ញ្ច ការបង្ខិតបង្ខំ ឬការរំលោភបំពានជាដើម។ នៅក្នុងន័យនេះ ស្ថាប័នពាក់ព័ន្ធមាន​តួនាទី​ស្នូល​ ដើម្បីធានាដល់គោលការណ៍ សមភាព ប្រជាធិបតេយ្យ ចិរភាព និង​សាមគ្គីភាពក្នុងសង្គម។

ផ្អែកតាម​របាយការណ៍របស់អង្គការILO ស្ដីពី ទស្សនវិស័យការងារនិងសង្គមរបស់ពិភពលោកឆ្នាំ​២០១៩ គម្លាត​នៅក្នុង​ទីផ្សារការងារ​របស់​បុរសនិងស្ដ្រី នៅតែមាន​គម្លាត​ធំធេង​នៅឡើយ។ គិតត្រឹម​ឆ្នាំ​២០១៨ អត្រានៃការចួលរួមក្នុងកម្លាំងពលកម្មរបស់ស្រ្ដីមានតែ ៤៨ភាគរយ ធៀបនឹងបុរស ​៧៥ភាគរយ។ នេះវាមានន័យថា ប្រហែល​៣នាក់​ក្នុងចំណោមមនុស្ស​៥នាក់ ជាបុរស ធៀប​នឹងកម្លាំងពលរដ្ឋសាកលទាំង​៣,៥ពាន់លាននាក់។ ទោះជាតួលេខរបស់​ស្រ្ដីនៅមាន​ភាគរយ​ទាប​ធៀបនឹងបុរស ក៏​គេអង្កេត​ឃើញផងដែរថា តួលេខ​ជារួម​មាន​ការកើនឡើង​បើធៀបទៅនឹងពេល​អតីតកាល​កន្លងមក។ មូល​ហេតុ​ក៏ព្រោះដោយសារ ចំនួន​ស្រ្ដីកាន់តែច្រើន​ទទួល​បាន​ការអប់រំ​និងការបណ្ដុះបណ្ដាល​ផ្សេងៗ ការទទួលបាន​ឱកាសការងារកាន់តែច្រើន និង​អាយុសង្ឃឹមរស់​របស់​ស្រ្ដីក៏កាន់តែវែង​ផងដែរ។

ពាក់ព័ន្ធនឹងបញ្ហាផ្សេង​ទៀត គឺ​ កង្វះគុណភាពការងារ។ ភាគច្រើន​នៃ​កម្លាំងពលកម្មសាកល​របស់​ពិភពលោក ទាំង៣,៥ពាន់លាននាក់ ដែល​កំពុង​ធ្វើការងារ​នៅឆ្នាំ​២០១៨ បាន​ប្រឈម​នឹង កង្វះខាតផ្សេងៗក្នុងការងាររបស់​ពួកគេ តួយ៉ាង សុខុមាលភាពការងារ សន្តិសុខសេដ្ឋកិច្ច ឱកាសស្មើគ្នា ឬក៏ការអភិវឌ្ឍធនធានមនុស្ស។ ក្នុងន័យនេះ មានការងារធ្វើមិនប្រាកដ​ថាធានា​ឱ្យ​មាន​ការរស់​នៅល្អនោះទេ។ បុគ្គលិក​យ៉ាងច្រើនបាន​រាយការណ៍ថា ​ពួកគេ​​ចាំបាច់ត្រូវ​ធ្វើការងារ​ក្រៅផ្លូវការដែលទទួលបាន​ប្រាក់​ឈ្នួល​ទាប ឬ​ក៏ជាការងារ​ដែលមិន​ទទួល​បានការគាំពារសង្គម និង​សិទ្ធិការងារ។

តួលេខ​ផ្លូវការចុងក្រោយបង្ហាញថា នៅក្នុង​ឆ្នាំ​២០១៨ មាន​មនុស្ស​យ៉ាង​ហោចណាស់ ៣៦០លាននាក់ កំពុងធ្វើការ​ជាលក្ខណៈគ្រួសារ ហើយ​មនុស្ស​យ៉ាងហោចណាស់ ១,១ពាន់លាននាក់ កំពុងធ្វើការ​ឱ្យ​ខ្លួនឯង ជាទូទៅ​ ដោយសារពួកគេមិន​អាច​ទទួលបាន​ឱកាសការងារ​ ក្នុងវិស័យផ្លូវការ ឬក៏កង្វះការងារដែល​មានប្រព័ន្ធគាំពារ​សង្គម។ កាល​ពីឆ្នាំ​២០១៦ មានមនុស្ស​ជាង ២ពាន់លាននាក់​ កំពុងធ្វើការ​ក្រៅប្រព័ន្ធដែល​វា​តំណាងឱ្យ​ប្រមាណ ៦១ភាគរយនៃកម្លាំងពលកម្មសរុបរបស់​ពិភពលោក។ នៅក្នុងប្រទេសក្រីក្រឬ​ប្រទេស​កំពុងអភិវឌ្ឍ ការងារភាគច្រើនទទួលប្រាក់ឈ្នួលទាប ជួនកាលមានជួនកាលអត់​ និងមាន​ភាព​ផុយ​ស្រួយ​ខ្លាំង។

គួរឲ្យកត់សម្គាល់ផងដែរ អត្រាអ្នក​អត់ការងារធ្វើបាន​កើន​ឡើងជាង ៥,៦ភាគរយ កំលុង​វិបត្តិសេដ្ឋកិច្ច​ពិភពលោក កាល​ពីឆ្នាំ​២០០៩ ហើយ​វា​ត្រូវការ​ពេល​ជាង៩ឆ្នាំ​ រហូត​ដល់​ឆ្នាំ​២០១៨ ទើប​អត្រាអ្នក​អត់ការងារធ្វើ​ធ្លាក់​មក​ត្រឹម​ ៥ភាគរយវិញ។ វាជាអត្រា​ដូចគ្នា​ទៅនឹង​អត្រា ​កាល​ពីមុនវិបត្តិសេដ្ឋកិច្ច។ តាមការព្យាករណ៍ ចំនួនប្រជាជនដែលអត់ការងារធ្វើនឹងកើនឡើងរហូតដល់១លាននាក់ ជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ​២០២០ ព្រោះ​ដោយសារការកើនឡើងនៃកម្លាំងពលកម្មសាកល។

លើស​ពី​បញ្ហា​គុណភាព​ការងារ បញ្ហា​ពាក់ព័ន្ធទៅនឹង​ វិសមភាព​នៃ​ការអត់ការងារធ្វើ និង​វិសមភាពយេនឌ័រ ក៏​ជាបញ្ហាប្រឈម​របស់​ពិភពលោក​ផងដែរ។ ក៏ប៉ុន្តែ កម្រិត​អាទិភាពរបស់​វា​អាស្រ័យ​ទៅល័ក្ខខ័ណ្ឌ​តំបន់​ និង​កម្រិត​នៃការអភិវឌ្ឍរបស់​ប្រទេស​នីមួយៗ។ នៅក្នុងប្រទេស​ដែល​មាន​ចំណូល​ទាប ការងារ​ជារឿយៗមិន​ទាំងធ្វើឱ្យ​មនុស្ស​ចាកចេញពីភាពក្រីក្រផង។ ដូច្នេះ ការសម្រេចបាន​នូវល័ក្ខខ័ណ្ឌផ្សេងៗ ក្នុងទីផ្សារការងារ តួយ៉ាង បែបបទការងារ​ត្រឹមត្រូវ ការទទួលបាន​ប្រព័ន្ធគាំពារសង្គម សន្តិសុខការងារ សិទ្ធិការងារ និង ការគោរពច្បាប់ស្តង់ដារការងារ ក៏វាប្រែប្រួល​អាស្រ័យទៅតាម​ប្រទេសនីមួយៗផងដែរ។ លើសពីនេះ គេក៏អង្កេតឃើញផងដែរថា អត្រានៃ​អ្នកអត់ការងារ​ធ្វើ បាន​ធ្លាក់​ចុះ នៅក្នុងបណ្ដាប្រទេស​អភិវឌ្ឍ ​កំឡុងពេល​ប៉ុន្មានឆ្នាំចុងក្រោយ និង​បាន​កើន​ឡើង​ នៅក្នុង​បណ្ដាប្រទេសដែល​មាន​ចំណូល​មធ្យមខ្ពស់ ព្រោះដោយសារ​តែ​កំណើនសេដ្ឋកិច្ច​ថមថយក្នុងប្រទេស​ទាំងនោះ។

ជាចុងក្រោយ ​របាយការណ៍ក៏បាន​សង្កត់ធ្ងន់ផងដែរថា ​វិសមភាពយេនឌ័រក្នុង​ទីផ្សារការងារ នៅមាន​ភាពធំធេងនៅឡើង សម្រាប់​បណ្តាប្រទេស​អារ៉ាប់ អាហ្រ្វិកប៉ែកខាងជើង និង​អាស៊ីប៉ែកខាងត្បូង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ