rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ទស្សនៈព្រឹត្តិការណ៍ពិភពលោក
rss itunes

តើ​ចិន​អាច​ប្រើ​លុយបំណុល​ជា​អាវុធ​ក្នុង​សង្រ្គាម​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក?

ដោយ សេង ឌីណា

នៅ​ក្នុង​បរិបទ​នៃ​សង្រ្គាម​ពាណិជ្ជកម្ម​ រវាង​សហរដ្ឋ​អាមេរិក និង​ចិន គេ​តែងតែ​ចោទជា​សំណួរ​ថា តើ​អ្នក​ណា​មាន​ប្រៀបជាងអ្នកណា ហើយ​ភាគី​នីមួយៗ​មាន​ចំណុច​ខ្លាំង​អ្វី ដែល​អាច​យក​មក​ធ្វើ​ជា​អាវុធ ដើម្បីយក​ប្រៀប​លើ​គូប្រជែង? រហូតមកទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ អាវុធ​ដែល​ភាគី​ទាំងពីរ​លើក​យក​មក​គំរាម​គ្នា​ទៅវិញ​ទៅមក គឺ​ការ​ដំឡើង​ពន្ធនាំចូល។ ក៏ប៉ុន្តែ ចិន​នៅ​មាន​អាវុធ​ដ៏​សំខាន់​មួយ​ទៀត​ដែល​អាច​ធ្វើ​ឲ្យ​អាមេរិក​ញញើត គឺ​បំណុល​ដ៏ច្រើន​សន្ធឹកសន្ធាប់​ដែល​អាមេរិក​ជំពាក់​ចិន។ តើ​ចិន​អាច​ប្រើ​លុយ​បំណុល​នេះ​ជា​អាវុធ​ដោយ​វិធីណា ហើយ​អាច​មាន​ប្រសិទ្ធភាព​ដែរឬទេ?

គ្រប់គ្នា​សុទ្ធតែដឹង​ថា នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ចិន​គឺ​ជា​ម្ចាស់​បំណុល​ដ៏ធំ​បំផុត​របស់​សហរដ្ឋ​អាមេរិក។ ក្នុង​ចំណោម​ប្រទេស​ដែល​មាន​មូលបត្រ​បំណុល​រដ្ឋ​អាមេរិក​នៅ​ក្នុងដៃ ចិន​គឺ​ជា​ប្រទេស​ដែល​មាន​ច្រើន​ជាងគេ គឺ​មាន​ជា​ទឹកប្រាក់​រហូតដល់​ទៅ​ជាង​១ពាន់ពាន់​លាន​ដុល្លារ (១ ១៧០ ០០០ ០០០ ០០០​​ ដុល្លារ​អាមេរិក)។

នៅ​ក្នុង​សង្រ្គាម​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក ចិន​អាច​មាន​ជម្រើសមួយ គឺ​បញ្ចេញ​មូលបត្រ​បំណុល​របស់​អាមេរិក​ទាំងអស់​នេះ​មក​លក់​នៅលើ​ទីផ្សារ ដែល​អាច​នឹង​បង្ក​នូវ​ផលប៉ះពាល់​ដ៏ធ្ងន់ធ្ងរ​បំផុត​ដល់​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​របស់​អាមេរិក។

គេ​មិនត្រូវ​ភ្លេចទេ​ថា មូលបត្រ​បំណុល ក៏ដូចជា ភាគហ៊ុន (មូលបត្រកម្មសិទ្ធិ) ឬ​ក៏​ទំនិញ​ផ្សេង​ទៀត​ដែរ គឺ​គោរព​ទៅតាម​ច្បាប់​នៃ​ទីផ្សារ​សេរី។ ដូច្នេះ ប្រសិន​បើ​ចិន​បញ្ចេញ​មូលបត្រ​បំណុល​របស់​អាមេរិក​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ​មក​លក់​នៅលើ​ទីផ្សារ តម្លៃ​មូលបត្រ​នេះ​នឹង​ត្រូវ​ធ្លាក់ចុះ ហើយ​​នៅ​ពេល​ដែល​មូលបត្រ​បំណុល​នេះ​លែងសូវមាន​តម្លៃ អ្នក​វិនិយោគ​ផ្សេងទៀត​ដែល​មាន​មូលបត្រ​បំណុល​អាមេរិក​នៅ​ក្នុងដៃ ដូចជា ជប៉ុន ឬ​ប្រទេសផ្សេងទៀត ឬ​ក៏​អ្នក​វិនិយោគ​ឯកជន​ផ្សេងទៀត ក៏​ប្រាកដ​ជា​នឹង​នាំគ្នា​ប្រញាប់​ប្រញាល់​បញ្ចេញ​មូលបត្រ​បំណុល​ដែល​ខ្លួន​មាន​មក​លក់​នៅលើ​ទីផ្សារ​ដែរ ដើម្បី​កុំ​ឲ្យ​ខាតបង់​កាន់តែ​ធ្ងន់ធ្ងរ។ នៅ​ពេលនោះ វា​នឹង​ធ្វើ​ឲ្យ​មូលបត្រ​បំណុល​របស់​អាមេរិក​កាន់តែ​ធ្លាក់ថ្លៃ​កាន់តែ​ខ្លាំង​ថែមទៀត​ ហើយ​សម្រាប់​មូលបត្រ​បំណុល កាលណា​តម្លៃ​ធ្លាក់​ចុះ គឺ​មានន័យថា អត្រា​ការប្រាក់​នឹង​ត្រូវ​កើនឡើង។

អត្រាការប្រាក់​កើនឡើង​អាច​នឹង​បង្ក​នូវ​ផលវិបាក​ធំៗ​ចំនួនពីរ។

ទីមួយ រដ្ឋាភិបាលអាមេរិក​នឹង​ត្រូវ​បង់​ការប្រាក់​ខ្ពស់ ដើម្បី​ខ្ចីបំណុល​ពី​គេ ហើយ​នេះ​គឺ​ជា​បញ្ហា​ចោទ​ដ៏​ធំ​​សម្រាប់​អាមេរិក ដែល​ជា​ប្រទេស​មាន​ឧនភាព​ថវិកា​យ៉ាងច្រើន​សន្ធឹកសន្ធាប់​​ ​ជារៀងរាល់​ឆ្នាំ ហើយ​​បរិមាណ​បំណុល​សាធារណៈ​ក៏​មាន​កម្រិត​ខ្ពស់ រហូត​ត្រូវ​ប្រឈមមុខ​នឹង​វិបត្តិ​បំណុល​ជាច្រើន​លើក​រួចមកហើយ នាពេល​កន្លងមក។

ទីពីរ គឺ​ផលប៉ះពាល់​ទៅលើ​ឥណទាន​ក្នុង​វិស័យ​ឯកជន។ អត្រា​ការប្រាក់​កើនឡើង វា​នឹង​ធ្វើ​ឲ្យ​ក្រុមហ៊ុន និង​អ្នក​វិនិយោគ​​មាន​ការ​ពិបាក​ក្នុងការ​ស្វែងរក​ឥណទាន​ជាងមុន ហើយ​ត្រូវ​បង់​ការប្រាក់​ខ្ពស់​ជាងមុន ដែល​ជា​ឧបសគ្គ​ដ៏ធំមួយ នៅ​ក្នុង​វិស័យ​វិនិយោគ​ឯកជន។ ក្នុងពេល​ជាមួយគ្នា វា​ក៏​អាច​ធ្វើ​ឲ្យ​ការ​ចំណាយ​របស់​ប្រជាជន​ទូទៅ នៅ​ក្នុង​ទីផ្សារ​ក្នុងស្រុក​ត្រូវ​ធ្លាក់​ចុះ។ ទាំងអស់​នេះ​សុទ្ធតែ​ជា​កត្តា​ចម្បងៗ ដែល​អាច​ធ្វើ​ឲ្យ​កំណើន​សេដ្ឋកិច្ច​អាមេរិក​ត្រូវ​ធ្លាក់ចុះ។

ក៏ប៉ុន្តែ ការ​បញ្ចេញ​មូលបត្រ​បំណុល​អាមេរិក​មក​លក់​នៅក្នុងទីផ្សារ​នេះ ក៏​នឹង​បង្ក​ផល​ប៉ះពាល់​យ៉ាងច្រើន​ផងដែរ​ដល់​​​​ចិន​ខ្លួនឯង ហើយ​ផលប៉ះពាល់​នេះ​អាច​មាន​នៅ​ត្រង់ចំណុច​សំខាន់ៗពីរ។

ទីមួយ ផលប៉ះពាល់​ខាង​ផ្នែក​ហិរញ្ញវត្ថុ។ ប្រសិន​បើ​ចិន​បញ្ចេញ​មូលបត្រ​បំណុល​អាមេរិក​ទាំងអស់​ដែល​ខ្លួន​មាន​មក​លក់​នៅលើ​ទីផ្សារ ហើយ​ធ្វើ​ឲ្យ​តម្លៃ​មូលបត្រ​នេះ​ធ្លាក់​ចុះខ្លាំង គឺ​មានន័យថា ចិន​ត្រូវ​លក់​មូលបត្រ​អស់ទាំងនេះ ក្នុង​តម្លៃ​ទាបជាង​កាល​ពីពេល​ដែល​ខ្លួន​ទិញ​ ពោលគឺ​លក់​ខាត ហើយ​កាលណា​តម្លៃ​មូលបត្រ​បំណុល​អាមេរិក​​ធ្លាក់​ចុះ​កាន់តែ​ទាប ចិន​ក៏​ត្រូវ​ខាតលុយ​កាន់តែ​ច្រើន។

ទីពីរ ផលប៉ះពាល់​ខាង​សេដ្ឋកិច្ច ជាពិសេស គឺ​វិស័យ​នាំចេញ។ នៅ​ពេល​ដែល​តម្លៃមូលបត្រ​បំណុល​អាមេរិក​ធ្លាក់ចុះ វា​ធ្វើ​ឲ្យ​អត្រាការប្រាក់​នៅ​អាមេរិក​មាន​ការ​កើនឡើង ហើយ​នៅ​ពេល​ដែល​អត្រា​ការប្រាក់​នៅ​អាមេរិក​កើនឡើង វា​នឹង​ធ្វើ​ឲ្យ​តម្លៃ​លុយ​ដុល្លារ​អាមេរិក​ត្រូវ​ធ្លាក់ចុះ។ នៅ​ពេល​ដែល​លុយដុល្លារ​ធ្លាក់ថ្លៃ វា​នឹង​ធ្វើ​ឲ្យ​ផលិតផល​របស់​អាមេរិក​នៅលើ​ទីផ្សារ​អន្តរជាតិ​មាន​ភាព​ប្រកួតប្រជែង​ខ្ពស់​ ហើយ​ទំនិញ​របស់​ចិន​នឹង​ត្រូវ​ពិបាក​រក​ទីផ្សារ​នាំចេញ​។ នេះ​គឺ​ជា​បញ្ហា​ចោទ​ដ៏ធំមួយ សម្រាប់​ចិន ដែល​សេដ្ឋកិច្ច​នៅ​ពឹងផ្អែក​ខ្លាំង​លើ​ការ​នាំចេញ។

ដូច្នេះ និយាយ​ជារួម​មកវិញ ការ​បញ្ចេញ​មូលបត្រ​បំណុល​អាមេរិក​មក​លក់​នៅលើ​ទីផ្សារ វា​អាច​នឹង​បង្ក​នូវ​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ទៅដល់​ហិរញ្ញវត្ថុ និង​សេដ្ឋកិច្ច​របស់​អាមេរិក ក៏ប៉ុន្តែ ក្នុង​ពេល​ជាមួយគ្នា ចិន​ខ្លួន​ឯង​ក៏​ត្រូវ​រង​នូវ​ផលប៉ះពាល់​មិន​តិច​នោះដែរ។ ដូច្នេះ ការ​យក​មូលបត្រ​បំណុល​អាមេរិក​មក​ធ្វើ​ជា​អាវុធ ក្នុង​សង្រ្គាម​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក វា​គួរ​តែ​ជា​ជម្រើស​ចុងក្រោយ​មួយ​របស់​ចិន ហើយ​វាក៏​​អាស្រ័យ​ផងដែរ​ថា តើ​មេដឹកនាំ​ចិន​គិតថា​ខ្លួន​មាន​លទ្ធភាព ហើយ​សុខចិត្ត​ទ្រាំទ្រ​ការ​ខាតបង់​បាន​ត្រឹម​កម្រិតណា?

ទាំងអស់​នេះ​នៅ​មិនទាន់​គិតផង​ដល់​ចំណុច​សំខាន់​មួយទៀត ដែល​អាច​នឹង​ធ្វើ​ឲ្យ​អាវុធ​របស់​ចិន​មិនសូវ​មាន​ឥទ្ធិពល គឺ​ភាព​ទាក់ទាញ​នៃ​មូលបត្រ​បំណុល​រដ្ឋ​អាមេរិក​នៅលើ​ទីផ្សារ​អន្តរជាតិ។ រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ អ្ន​កវិនិយោគ​ជាទូទៅ​តែងតែនាំគ្នា​សំឡឹង​ឃើញ​មូលបត្រ​បំណុលរដ្ឋ​អាមេរិក​ថា​ជា​វិនិយោគ​ដែល​មាន​សុវត្ថិភាព​បំផុត ដែល​គួរ​ជា​ទីទុកចិត្ត។ ដូច្នេះ វា​គឺ​ជា​រឿង​ដែល​អាច​ទៅរួច​ដែល​ថា នៅ​ពេល​ដែល​ចិន​បញ្ចេញ​មូលបត្រ​អស់ទាំងនេះ​មកលក់​នៅលើ​ទីផ្សារ អ្នក​វិនិយោគ​ផ្សេងទៀត​នឹង​នាំគ្នា​ប្រមូល​ទិញ​មូលបត្រ​នេះ ដែល​ធ្វើ​ឲ្យ​តម្លៃ​មូលបត្រ​បំណុល​នេះ​មិនសូវធ្លាក់​ចុះ​ខ្លាំង ហើយ​ជាលទ្ធផល ផលប៉ះពាល់​ទៅលើ​អាមេរិក​ក៏​មិន​សូវ​មាន​ខ្លាំង​ដូច​អ្វី​ដែល​ចិន​រំពឹងទុក៕

នីការ៉ាហ្កា៖ ប្តីប្រពន្ធ​មេដឹកនាំ ធ្វើមិនដឹងមិនឮ បើទោះ​មាន​ចលនា​តវ៉ា​ប្រឆាំង​៣ខែ​មក​ហើយ

លោកអូបាម៉ា ជាអធិបតី នៃ​ខួប​១០០ឆ្នាំ ​ថ្ងៃ​កំណើត​របស់​លោក​ នែលសុន​ ម៉ាន់ដេឡា

បារាំង៖​ពានរង្វាន់​បាល់ទាត់ពិភពលោក​ជួយ​ផ្តល់​សន្ទុះ​សេដ្ឋកិច្ច និង​ស្តារ​ប្រជាប្រិយភាព​ប្រធានាធិបតី?

តុល្យាការ​ខ្លះ​នៃ World Cup 2018 ដែល​នឹង​ចប់​សព្វគ្រប់​នៅថ្ងៃ ១៥ កក្កដា

ឥណ្ឌា៖ យក្សសេដ្ឋកិច្ចដែលទើបងើបពីដេក តែនៅផុយស្រួយ

នៅពេល​ដែល​ចិន​ចាប់អារម្មណ៍​តំបន់​ដើមបូព៌ា

វ៉ាក់សាំង​ប្រឆាំង​មេរោគ​អេដស៍ នឹងមាន​​រូបរាង​នៅពេល​ឆាប់ៗខាងមុខ?

ណាជីព រ៉ាហ្សាក់៖ ​ពីនាយករដ្ឋមន្រ្តី​ ក្លាយ​ជា​ជនជាប់ចោទពុក​រលួយ​

តើ​សហភាពអាហ្រ្វិក​អាចរស់​ដោយ​ទីពឹង​ខ្លួនឯង​ជាង​ទីពឹង​លើ​ជំនួយបរទេស​បាន​ដែរ​ឬ​ទេ?

អត្រា​​កំណើន​​អត្តឃាត​​នៅ​​សហរដ្ឋ​អាមេរិក​​កាន់​តែ​​ព្រួយ​បារម្​ភ​

ការ​ប្រកួត World Cup-2018 នៅ​រុស្ស៊ី​ដែល​ឈាន​ដល់​ពាក់កណ្តាល​ទី​ហើយ ក៏​ល្អក់​ដោយ​ឧប្បត្តិហេតុ​ខ្លះៗ

បារាំង​រៀបចំ​សន្និសីទ​ស្តីពី​វិបត្តិ​មនុស្សធម៌​នៅ​យេម៉ែន តែ​ត្រូវ​បាន​ក្រុម​អង្គការ​​ក្រៅរដ្ឋាភិបាល​ស្តី​បន្ទោស

បរិបទ​​តានតឹង​នៃ​​ទស្សនកិច្ច​​​​រដ្ឋមន្ត្រី​​ការពារជាតិ​​អាមេរិក​លើកទី១​ ​​ក្នុង​​ទឹកដី​​ចិន​

អាវុធគីមី៖​ហេតុអ្វី​បាន​ជា​ពិភពលោក​ត្រូវ​ពង្រឹង​អំណាច​របស់​អង្គការ​ដើម្បី​ហាម​ឃាត់​អាវុធគីមី?

តើ​កង​យោធា​អវកាស​អាមេរិក​អាច​នឹង​លេច​ចេញ​រូបរាង​ដែរ​ឬទេ?

ការ​​ប្រកួត​ World Cup - 2018 ​នៅ​រុស្ស៊ី​បន្ត​ទៅ​៨ថ្ងៃ​ហើយទាំង​ហែរហម​ដោយ​ចំណុច​ខ្លះ​គួរ​អោយ​ភ្ញាក់​ផ្អើល​

​អាមេរិក​របស់​លោក​ដូណាល់ ត្រាំ​កំពុង​បន្ត​អនុវត្តន៍​នយោបាយ​ឯកតោភាគីនិយម និង​ឯកោនិយម?

តួកគី៖​ហេតុអ្វី​បាន​ជា​លោក​អ៊ែរដូហ្កាន​ហាក់​បាន​ធ្លាក់​កូដ​នៅ​ក្នុង​យុទ្ធនាការ​សម្រាប់​ការ​បោះឆ្នោត​ថ្ងៃទី២៤ មិថុនា?

បាល់ទាត់ពិភពលោកឆ្នាំ២០២៦ ៖ កាណាដា ម៉ិចសិក និងសហរដ្ឋអាមេរិកបានទទួលសិទ្ធិរួមគ្នាធ្វើជាម្ចាស់ផ្ទះក្នុងបរិបថជម្លោះពាណិជ្ជកម្ម

បទវិភាគ៖​សម្រាប់​លោកពូទីន World Cup ២០១៨ជា​មុខមាត់​ប្រទេស​រុស្ស៊ី