អានតួអត្ថបទ

ផ្ទុះសង្រ្គាម​ពាក្យសម្តី​រវាង​លោក​ដូណាល់ត្រាំ​និង​ប្រធាន​តុលាការកំពូល​អាមេរិក

សង្រ្គាម​ពាក្យសម្តី​ដ៏​កម្រ​បំផុត​មួយ​បាន​កើតមាន​ឡើង កាល​ពីថ្ងៃ​ពុធ​ម្សិលមិញ រវាង​លោក​ប្រធានាធិបតី ​ដូណាល់ ត្រាំ និង​ប្រធានតុលាការ​កំពូល​អាមេរិក។ ការបោះពាក្យសម្តី​ដាក់គ្នា​នេះ​បាន​កើតមានឡើង ក្រោយ​ពី​លោក​ដូណាល់ ត្រាំ បាន​ធ្វើការ​រិះគន់​ធ្ងន់ៗ​ទៅលើ​ចៅក្រម​នៅ​សាលាឧទ្ធរណ៍ ដែល​ចេញ​សេចក្តីសម្រេច​​ប្រឆាំង​នឹងនយោបាយ​អន្តោប្រវេសន៍​របស់​លោក។

លោក​ចន រ៉ូបឺតស៍ (John Roberts) ប្រធានតុលាការ​កំពូល និង​លោក​ដូណាល់ ត្រាំ កាល​ពីថ្ងៃទី៣០ មករា ២០១៨
លោក​ចន រ៉ូបឺតស៍ (John Roberts) ប្រធានតុលាការ​កំពូល និង​លោក​ដូណាល់ ត្រាំ កាល​ពីថ្ងៃទី៣០ មករា ២០១៨ REUTERS/Jonathan Ernst/File Photo
ផ្សាយពាណិជ្ជកម្ម

នេះ​មិនមែន​ជា​លើកទី១ទេ ដែល​លោក​ដូណាល់ ត្រាំ បរិហាររិះគន់​ចៅក្រម ដែល​កាត់ក្តី​ឲ្យ​លោក ឬ​រដ្ឋការ​របស់​លោក​ចាញ់។ ក៏ប៉ុន្តែ វា​គឺ​ជា​លើកទី១​ ដែល​ប្រធាន​តុលាការ​កំពូល​ ដែល​ជា​អ្នក​មាន​អំណាច​ខ្ពស់​បំផុត នៅ​ក្នុង​ស្ថាប័ន​តុលាការ ធ្វើការ​ឆ្លើយតប​ជា​សាធារណៈ​ទៅនឹង​ការ​រិះគន់​របស់​លោក​ដូណាល់ ត្រាំ។

រឿងរ៉ាវ​ចុងក្រោយ គឺ​កើតចេញ​ពី​សេចក្តីសម្រេច​របស់​តុលាការ​ឧទ្ធរណ៍ ដែល​បាន​ព្យួរ​ជា​បណ្តោះអាសន្ន​នូវ​បទបញ្ជា​របស់​លោក​ដូណាល់ ត្រាំ ដែល​កំណត់​ថា​ជនអន្តោប្រវេសន៍​ដែល​ចូល​ដី​អាមេរិក​ដោយ​​ខុសច្បាប់​​លែង​អាច​ដាក់ពាក្យសុំ​សិទ្ធិ​ជ្រកកោននយោបាយ​ដូចកាល​ពី​មុន។ នៅថ្ងៃ​អង្គារ លោក​ដូណាល់ ត្រាំ បាន​រិះគន់ចៅក្រម​ដោយ​ពាក្យសម្តី​ខ្លាំង ដោយ​ហៅ​សេចក្តីសម្រេច​របស់​ចៅក្រមថា​ជា “រឿងដ៏គួរ​ឲ្យ​អាម៉ាស់” ព្រមទាំង​បាន​ហៅ​ចៅក្រម​នៅ​សាលាឧទ្ធរណ៍​នោះ​ថា​ជា “ចៅក្រមរបស់​លោកអូបាម៉ា”។

នៅថ្ងៃ​ពុធ លោក ចន រ៉ូបឺតស៍ (John Roberts) ប្រធានតុលាការ​កំពូល ដែល​ត្រូវ​បាន​តែងតាំង​ឡើង​ដោយ​​លោក​​ប្រធានាធិបតី ចច ដាបិលយូ ប៊ូស ដែល​​មក​ពី​គណបក្ស​សាធារណរដ្ឋ​ដូច​លោក​ដូណាល់ ត្រាំ ដែរនោះ បាន​ឆ្លើយតបទៅវិញ​ថា តុលាការ​គឺ​ជា​ស្ថាប័ន “ឯករាជ្យ” ហើយថា នៅ​ក្នុង​ស្ថាប័ន​តុលាការ​នេះ​ “គ្មានទេ​ចៅក្រម​របស់​លោក​អូបាម៉ា ចៅក្រម​របស់​លោក​ត្រាំ ចៅក្រម​​របស់​លោក​ប៊ូស ឬ​ក៏​ចៅក្រម​របស់​លោក​គ្លីនតុន” គឺ​មានតែ​ចៅក្រម​ដែល​ប្រកាន់​យ៉ាងខ្ជាប់ខ្ជួន​នូវ​វិជ្ជាជីវៈ​របស់​ខ្លួន ក្នុងការ​ផ្តល់​ជូន​នូវ​យុត្តិធម៌​ “ដោយ​ស្មើភាព​គ្នា” ចំពោះ​​រាល់​អ្នកណា​​ដែល​យក​សំណុំរឿង​មក​ឲ្យ​តុលាការ​វិនិច្ឆ័យ។

ក៏ប៉ុន្តែ លោក​ដូណាល់ ត្រាំ ទៅតាម​ទម្លាប់​ដែល​គេ​ធ្លាប់​ឃើញ​ស្ទើរតែ​ស៊ាំ​ទៅហើយ​ក្នុងរយៈពេល​ជិត​២ឆ្នាំ​កន្លងទៅនេះ បាន​ធ្វើការ​វាយបកភ្លាមៗ​ទៅលើ​ប្រធាន​តុលាការ​កំពូលវិញ​ ដោយ​លើកឡើង​ថា នៅ​ក្នុង​ស្ថាប័ន​តុលាការ “ពិតជាមាន​ចៅក្រម​របស់​លោក​អូបាម៉ា” ហើយថា សេចក្តីសម្រេច​របស់​ចៅក្រម​អស់ទាំងនោះ គឺ​ជា “សេចក្តីសម្រេច​ប្រកប​ដោយ​គ្រោះថ្នាក់” ហើយ​ “ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុវត្ថិភាព​របស់​ប្រទេស​ជាតិ”។

នៅ​អាមេរិក ការ​បោះពាក្យសម្តី​ដាក់​គ្នា រវាង​ប្រមុខ​ដឹកនាំ​នីតិប្រតិបត្តិ និង​ប្រមុខដឹកនាំ​អំណាច​តុលាការ គឺ​ជា​រឿង​ដ៏​កម្របំផុតមួយ ហើយ​នៅ​ក្នុង​ករណី​លោក​ដូណាល់ ត្រាំ នេះ​គឺ​ជា​លើកដំបូង​បង្អស់ ដែល​ប្រធាន​តុលាការ​កំពូល​ឆ្លើយតប​ជា​សាធារណៈ​ចំពោះ​ការ​រិះគន់​របស់​ប្រធានាធិបតី ទៅលើ​ស្ថាប័ន​តុលាការ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ