rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

វ៉េណេស៊ុយអេឡា នយោបាយ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

លោកហ្កាយដូ​ ដឹកនាំ​ក្បួនបាតុកម្ម​ឆ្ពោះទៅកាន់​វិមាន​ប្រធានាធិបតី​

media
លោកហ្កាយដូ ពេលដឹកនាំធ្វើបាតុកម្មប្រឆាំងនឹងលោកម៉ាឌូរ៉ូ នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩។ REUTERS/Ivan Alvarado

កាលពី​ថ្ងៃសៅរ៍​ទី១៦ មីនា​ មេបក្សប្រឆាំង​ដ៏ល្បីឈ្មោះ​របស់​វ៉េណេស៊ុយអេឡា​លោកហ័ន​ ហ្កាយដូ បាន​ដឹកនាំ​ក្បួនបាតុកម្មថ្មី​មួយ​នៅភាគខាងជើង​នៃ​ទីក្រុង​ Valencia។ មិនតែប៉ុណ្ណោះ​ ដើម្បី​ជំរុញ​ចលនា​ប្រជាជន​ឱ្យកាន់តែ​ខ្លាំងក្លា​ ប្រឆាំងទៅនឹង​ការគ្រប់គ្រង​ប្រទេស​របស់​លោក​នីកូឡា ម៉ាឌូរ៉ូ លោកហ្កាយដូ​ ថែមទាំង​មាន​គម្រោង​ដឹកនាំក្បួនបាតុកម្ម​សំដៅ​ទៅ​កាន់​វិមាន​ប្រធានាធិបតី​ក្នុងពេលឆាប់ៗនេះ​ទៀតផង​។


ក្រោយត្រលប់ចូលស្រុក​នាដើម​ខែមីនានេះ​រួចមក​ លោកហ័ន ហ្កាយដូ​ ដែលជា​អ្នក​ប្រកាស​តាំងខ្លួនឯង​ថា​ជា​ប្រធានាធិបតី​ស្តីទី​វ៉េណេស៊ុយអេឡា​ មិនត្រូវ​បាន​អាជ្ញាធរ​វ៉េណេស៊ុយអេឡា​ចាប់ខ្លួននោះទេ​។ រហូតមកដល់ពេលនេះ​ លោក​កំពុងតែបន្តរស់នៅ​ដោយ​មាន​សេរីភាព​ និង​កំពុង​បន្តយុទ្ធនាការ​យ៉ាងស្វិតស្វាញបំផុត​ដើម្បី​ទម្លាក់​លោកម៉ាឌូរ៉ូ​ចេញពី​តំណែង​ប្រធានាធិបតី​។

ជាក់ស្តែង​ កាលពីថ្ងៃ​សៅរ៍​ទី១៦ មីនា លោកហ្កាយដូ​បានផ្តើម​ប្រតិបត្ដិការ​ប្រឆាំងទៅនឹង​លោកម៉ាឌូរ៉ូ​ តាមរយៈ​ការធ្វើបាតុកម្មមួយ​នៅភាគខាងជើង​នៃទីក្រុង​ Valencia ។ នៅក្នុង​ចលនា​ប្រឆាំងតវ៉ានេះ​ ក្រុមអ្នកប្រឆាំង​បានរិះគន់យ៉ាងខ្លាំង​ចំពោះ​រដ្ឋាភិបាល​ដឹកនាំដោយ​លោកម៉ាឌូរ៉ូ ​ទាក់ទងនឹ​ងបញ្ហា​ដាច់ចរន្ត​អគ្គិសនី​នៅ​ទូទាំង​ប្រទេស​ ដែល​មានរយៈពេល​ជាងមួយសប្តាហ៍​មកហើយ​។

ទាក់ទងរឿងនេះដែរ​ លោកហ្កាយដូ​ ដែល​ទទួលបាន​ការគាំទ្រពី​ប្រទេសអាមេរិក​ កាណាដា​ បណ្តា​ប្រទេស​សហភាពអឺរ៉ុប​ និង​ប្រទេស​អាមេរិកឡាទីន​ជាច្រើនទៀត​ ក៏បានប្តេជ្ញាថា​ធ្វើការតវ៉ា​ទូទាំងប្រទេស​ ហើយថា​នៅពេល​ឆាប់ៗខាងមុខនេះ​ លោក​នឹងដឹកនាំ​ក្បួនបាតុកម្ម​ ទៅកាន់​វិមាន​ប្រធានាធិបតី​ទៀតផង​។

គួរជម្រាបជូនថា​ រហូតមកដល់ពេលនេះ​ លោកហ្កាយដូ​ បានជំរុញឲ្យ​មានចលនាមហាជន​ ប្រឆាំងនឹង​លោកម៉ាឌូរ៉ូ​ អស់រយៈពេលជិតពីរ​ខែមកហើយ​ បន្ទាប់ពី​ប្រកាសខ្លួនជា​ប្រធានស្តីទី​រួចមក​។ តែទោះជាយ៉ាងណាក៏ដោយ​ លោកហ្កាយដូ​មិនបាន​ប្រាប់ទេថា​តើលោក​នឹងបញ្ចប់​ប្រតិបត្តិការ​ដឹកនាំក្បួនបាតុកម្ម​តវ៉ា​នៅពេលណា​ តែ​លោក​បញ្ជាក់ថា​នឹង​បញ្ចប់​ដោយការ​ដើរដង្ហែក្បួន​នៅមុខ​វិមានប្រធានាធិបតី​ក្នុងទី​ក្រុងការ៉ាកាស​។

ទាក់ទងរឿងនេះដែរ​ អ្នកគាំទ្រម្នាក់​ក្នុង​ចំណោមអ្នកគាំទ្រ​ជាច្រើនម៉ឺននាក់​របស់​លោកហ្កាយដូ​ គឺអ្នកស្រី​ Milagros Lima មានអាយុ ៥០ ឆ្នាំ​ និងជា​មេធាវីម្នាក់​បាននិយាយថា​ គាត់​ត្រៀម​ខ្លួនរួចជាស្រេច​ក្នុងការ​ចូលរួម​ធ្វើបាតុកម្ម​ឆ្ពោះទៅកាន់​វិមាន​ប្រធានាធិបតី​នៅពេលណា​ដែល​លោកហ្កាយដូ​ស្នើសុំឱ្យទៅ​៕