rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

វ៉េណេស៊ុយអេឡា នយោបាយ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

លោកហ្កាយដូ​ រៀបចំ​ធ្វើ​បាតុកម្ម​ដើម្បីឲ្យ​ជំនួយមនុស្សធម៌​អាច​ចូល​វ៉េណេស៊ុយអេឡា​បាន

media
មេបក្សប្រឆាំងលោកហ័ន ហ្កាយដូ។ REUTERS/Manaure Quintero

ក្រុមបក្ស​ប្រឆាំង​របស់​វ៉េណេស៊ុយអេឡា​ បានប្រកាសពី​គម្រោង​ធ្វើបាតុកម្ម​ដ៏ធំមួយ​នៅថ្ងៃអង្គារ​ ទី១២ កុម្ភៈ​ ឆ្នាំ២០១៩​ នេះ​។ ជាបាតុកម្ម​ ដើម្បី​ដាក់​សំពាធ​ឲ្យ ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោកម៉ាឌូរ៉ូ​ យល់ព្រម​បើកផ្លូវឲ្យ​ក្បួន​រថយន្ត​ដឹក​ជំនួយមនុស្សធម៌​ អាចបើកចូល​ក្នុង​ប្រទេសបាន​។


លោកហ្កាយដូ​ ប្រធានសភា​ និងជា​អ្នកតាំងខ្លួនឯង​ ថាជា​ប្រធានាធិបតីស្តីទី​ វ៉េណេស៊ុយអេឡា​ បានប្រកាស​ថ្កោលទោស​ចំពោះ​ ក្រុមកងទ័ព​ ដែល​បានបិទផ្លូវ​ រាំងខ្ទប់​មិនឲ្យ​ ក្បួនរថយន្ត​ដឹក​ជំនួយ​មនុស្សធម៌​ បើក​ចូលក្នុង​ទឹកដី​របស់​ប្រទេស​បាន​។

លោកហ្កាយដូ​ បាន​សង្កត់ធ្ងន់ថា​ ទង្វើ​របស់​ពួកកងទ័ព​វ៉េណេស៊ុយអេឡា​ គឺជា​ទង្វើ​ដែលមិនអាច​ទទួលយក​បានឡើយ​។ មិនអាច​ទទួលយកបាន​ ពីព្រោះថា​ ការបិទផ្លូវ​មិនឲ្យ​ជំនួយមនុស្សធម៌​បានដល់ដៃ​ ប្រជាជន​ខ្លួនឯង​រាប់ម៉ឺននាក់​ ដែល​កំពុង​រស់នៅ​ក្នុង​គ្រោះអត់ឃ្លាន​ ប្រៀបបីដូចជា​ អំពើ​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ​ដូច្នោះដែរ​។

បន្ថែមលើនេះ​ លោកហ្កាយដូ​ អះអាងថា ប្រសិនណាបើ​ក្រុមកងទ័ព​ របស់​លោកម៉ាឌូរ៉ូ នៅតែរឹងទទឹង​ មិនព្រម​បើកផ្លូវ​ច្រកព្រំដែនទេ​នោះ លោក​នឹងដឹកនាំ​ ធ្វើការ​ប្រឆាំងតវ៉ា​ទ្រង់ទ្រាយ​ធំមួយ​ នៅភាគខាងកើត​ទីក្រុង​ការ៉ាកាស​ នាពេលឆាប់ៗនេះ​។ មិនតែប៉ុណ្ណោះ​ លោក​ក៏បាន​អំពាវនាវ​ផងដែរ​ ឲ្យ​ប្រជាជន​វ៉េណេស៊ុយអេឡា​នៅ​ទូទាំង​ប្រទេស​ ចូលរួម​ក្នុងការ​ប្រឆាំងតវ៉ា​នេះ​។

គួរជម្រាបជូនថា​ ស្ថានភាព​នយោបាយ​ នៅក្នុង​ប្រទេស​សម្បូរប្រេង​-វ៉េណេស៊ុយអេឡា​ នៅតែ​បន្ត​ស្ថិតនៅ​ក្នុង​ភាពច្របូកច្របល់ខ្លាំង​។ ក្រៅតែពី​ ប្រទាញប្រទង់គ្នា​ រឿងការ​បោះឆ្នោតសាជាថ្មី​ នាពេលនេះ​លោកម៉ាឌូរ៉ូ​ និង​លោកហ្កាយដូ​ កំពុង​តតាំងគ្នា​ខ្លាំងទៅៗ ​ពាក់ព័ន្ធនឹង​រឿង​ជំនួយស្បៀងអាហារ​។

ជំនួយ​ស្បៀងអាហារ​ ដែល​មេបក្សប្រឆាំង​ថា​ អាចជួយ​សង្គ្រោះដល់​ជីវិត​ប្រជាជន​បានជាង​ ៣០ ម៉ឺននាក់​ ដែល​កំពុង​រស់​ត្រដរខ្យល់​ រងចាំ​ជំនួយ​ដើម្បី​បន្ត​ជីវិតរស់​។ ក៏ប៉ុន្តែ​ សម្រាប់​លោកម៉ាឌូរ៉ូ​ ជំនួយ​ទាំងនោះ​ជា​របស់​សហរដ្ឋអាមេរិក​ និង​មិនព្រម​ជាដាច់ខាត​ឲ្យ​រថយន្ត​ដឹក​ជំនួយ​មនុស្សធម៌​ទាំងនោះ​ បើកចូល​ប្រទេសបាន​ ពីព្រោះ​ដើម្បី​ការពារកុំឲ្យ​អាមេរិក​អាច​ចូលឈ្លានពាន​វ៉េណេស៊ុយអេឡា​បាន​។

សូមរំម្លឹកជូនថា​ បន្ទាប់ពីផុង​ខ្លួន​ធ្លាក់ចូល​ក្នុងវិបត្តិសេដ្ឋកិច្ច​ និង​នយោបាយ​ធ្ងន់ធ្ងរ​រួចមក​ ប្រជាជន​វ៉េណេស៊ុយអេឡា​ក្រីក្រ​ ធ្លាក់ខ្លួន​រស់នៅ​យ៉ាងលំបាក​ដោយសារ​តែ​ ខ្វះខាត​ស្បៀងអាហារ​ ថ្នាំសង្កូវ​។ មួយវិញទៀត​ បើយោងតាម​អង្គការសហប្រជាជាតិ​ មានប្រជាជន​វ៉េណេស៊ុយអេឡា​ប្រមាណជាង​ ២ លាននាក់​ បានរត់ភៀសខ្លួន​ចេញពី​ប្រទេស​ចាប់តាំងពី​ឆ្នាំ ២០១៥ មក​៕