អានតួអត្ថបទ

អតីត​ចារបុរសវៀតណាម​ម្នាក់ត្រូវកាត់ទោស​ឲ្យជាប់ពន្ធនាគារ​ពីបទ​ប្រព្រឹត្តអំពើពុករលួយ

មហាសេដ្ឋី​អចលនទ្រព្យ​ និងជា​អតីតចារបុរស​វៀតណាមម្នាក់​ ត្រូវបាន​តុលាការវៀតណាម​ កាត់ទោសឲ្យជាប់​ពន្ធនាគារជាលើកទី៣​ ​នៅថ្ងៃពុធ ទី៣០ មករា ឆ្នាំ២០១៩ នេះ។​ តុលាការវៀតណាម​ បានកាត់ទោសឲ្យ​អតីតចារបុរស​រូបនេះ​ ជាប់ពន្ធនាគាររយៈពេល១៥​ឆ្នាំ​ ពីបទ​ប្រព្រឹត្តអំពើពុករលួយ​ ពាក់ព័ន្ធនឹង​ការក្លែងបន្លំ​កិច្ចសន្យា​លក់ដូរដី​ ដែលធ្វើឲ្យរដ្ឋ​បាត់បង់ថវិកា​រាប់លានដុល្លារ​។

លោកវូ ពេលនៅក្នុងសវនាការ នាថ្ងៃទី៣០ មករា ឆ្នាំ២០១៩។
លោកវូ ពេលនៅក្នុងសវនាការ នាថ្ងៃទី៣០ មករា ឆ្នាំ២០១៩។ Van Diep/VNA via REUTERS
ផ្សាយពាណិជ្ជកម្ម

ការផ្តន្ទាទោសលើកនេះ​ គឺជា​ការផ្តន្ទាទោសលើ​បទចោទទី៣​ របស់​តុលាការវៀតណាម​ទៅលើ​ អតីតចារបុរសវៀតណាម​ឈ្មោះ​លោកផាន់ វ៉ាន់ អាញ់វូ Phan Van Anh Vu។ លោកវូ​ ត្រូវបាន​អាជ្ញាធរវៀតណាម​រកឃើញថា​ មានពាក់ព័ន្ធ​នឹងករណីក្លែងបន្លំឯកសារ​លក់ដូរដី​នៅឯ​ទីក្រុងដាណាង​ និងទីក្រុងហូជីមិញ​ ដែលបណ្តាលឲ្យ​រដ្ឋ​បាត់បង់ប្រាក់ចំនូល​ រហូតដល់​ចំនួនជិត​ ៥០ លានដុល្លារអាមេរិក​។ នេះ​ បើតាមយោងតាម​សារព័ត៌មានរដ្ឋ VNExpress។

ក្រោយពី​តុលាការ​ចេញសេចក្តីសម្រេច​នេះរួចមក​ មេធាវី​របស់លោកវូ​ បាននិយាយប្រាប់​សារព័ត៌មានបារាំង​ AFP ថា​ស្ថានទម្ងន់ទោស​ ដែល​តុលាការវៀតណាម​ដាក់លើ​កូនក្តីរបស់លោក គឺពិតជាធ្ងន់ធ្ងរពេកហើយ។ លោកបន្តថា​ តុលាការ​មិនបានពិចារណាសោះឡើយ​ អំពី​ហេតុផលមួយចំនួន​ ដែល​អាចជួយសម្រាល​ស្ថានទម្ងន់ទោស​របស់​លោកវូ​។

សូមជ្រាបថា​ ក្រៅពីត្រូវ​តុលាការ​ផ្តន្ទាទោសឲ្យជាប់​ពន្ធនាគាររយៈពេល​ ១៥ ឆ្នាំ​ ពីបទ​ក្លែងបន្លំ​កិច្ចសន្យាលក់ដូរដីធ្លី​ លោកវូ​ ក៏ជាប់ទោស​ពាក់ព័ន្ធនឹងករណីពីរផ្សេងទៀត​ ដាច់ដោយឡែកពីគ្នា​ផងដែរ​។ ជាក់ស្តែង​ កាលពីខែកក្តដា​ ឆ្នាំ២០១៨​ លោក​ ត្រូវបានកាត់ទោស​ឲ្យជាប់ពន្ធនាគារ​រយៈពេល ៩ឆ្នាំ​ និងក្រោយមក​កាត់បន្ថយសល់ត្រឹម​ ៨ឆ្នាំ​វិញ ពីបទ​ធ្វើឲ្យលេចធ្លាយ​ព័ត៌មានសម្ងាត់​របស់រដ្ឋ​។

បន្ថែមលើនេះ​កាលពីខែធ្នូ​ ឆ្នាំ២០១៨​ កន្លងទៅថ្មីៗនេះ​ តុលាការ​វៀតណាម​ បានសម្រេចផ្តន្ទាទោស​ឲ្យលោកវូ​ជាប់ពន្ធនាគារ​រយៈពេល​ ១៧ ឆ្នាំ​ទាក់ទង​ករណីលួចប្រាក់ពី​ធនាគារ​ ក្នុងគម្រោងទិញភាគហ៊ុនមួយ​។

គួរជម្រាបជូនថា​ ការកាត់ទោសលោកវូ​ បានបង្កជាការភ្ងាក់ផ្អើលខ្លាំងក្នុងសង្គម​វៀតណាម​ ពីព្រោះថា​ លោកជាអតីតចារបុរស បំរើការឲ្យក្រសួងក្រសួងសន្តិសុខជាតិវៀតណាម។ លោកមាន​ទំនាក់ទំនងជិតស្និទ្ធ​យ៉ាងខ្លាំង​ជាមួយនឹង​មន្ត្រីមានអំណាច​វៀតណាម​ជាច្រើននាក់​ ក្នុងក្រសួងសន្តិសុខជាតិ​ ដែលជាទូទៅ​ត្រូវគេជឿថា​ មិនមាន​អ្នកណា​ហ៊ានប៉ះពាល់​សោះឡើយ​។

គួររឮកជូនផងដែរថា​ លោកវូ​ ត្រូវបានបណ្តេញចេញពី​ការងារ​ ពី​ក្រសួងសន្តិសុខជាតិ​វៀតណាម​ នៅក្នុងឆ្នាំ២០១៧​។ លោក​បានរងការចោទប្រកាន់​ ថាបានព្យាយាម​រត់គេចទៅអឺរ៉ុប​ និងត្រូវបានចាប់ខ្លួន​ដើមឆ្នាំ២០១៨​ ក្នុងប្រទេសសិង្ហបុរី​ ហើយបន្ទាប់មក​ ត្រូវគេ​បញ្ជូនខ្លួនទៅកាន់​ប្រទេសវៀតណាមវិញ​។

គួរជម្រាបជូនផងដែរថា​ នៅមួយរយៈពេល​ចុងក្រោយនេះ​ មានមន្ត្រីជាន់ខ្ពស់​ ធ្វើការ​នៅក្រសួងសន្តិសុខជាតិ​៤-៥​ នាក់ផ្សេងទៀតផងដែរ​ ដែល​ត្រូវអាជ្ញាធរវៀតណាម​កំពុងតាមស៊ើបអង្កេត​។ ទង្វើ​របស់អាជ្ញាធរ​ នៅមួយរយៈពេលចុងក្រោយនេះ​ ត្រូវគេជឿថា​ ធ្វើឡើង​ស្របទៅតាម​ការសន្យា​របស់រដ្ឋាភិបាល​កុម្មុយនិស្តវៀតណាម​ ក្នុងការពង្រីកនូវការបង្ក្រាប​លើ​ករណីប្រព្រឹត្តអំពើពុករលួយ​នៅក្នុងប្រទេស​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ