rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ទស្សនៈព្រឹត្តិការណ៍ពិភពលោក
rss itunes

តើ​វិបត្តិ​ប្រជាសាស្រ្ត​ជប៉ុន​អាច​បង្ក​នូវ​ផលប៉ះពាល់​អ្វីខ្លះ​ខាង​សេដ្ឋកិច្ច?

ដោយ សេង ឌីណា

អស់រយៈពេល​ជាច្រើន​ឆ្នាំមកហើយ ដែល​ចំនួន​ប្រជាជន​ជប៉ុន​មាន​ការ​ថយចុះ​ជា​រៀងរាល់ឆ្នាំ។ លើសពីនេះ​ទៅទៀត ចំនួន​ប្រជាជន​វ័យចំណាស់​ដែល​ផុតអាយុ​ធ្វើការ​ក៏​មាន​ការ​កើនឡើង​ខ្ពស់ ចំណែក​ឯ​ចំនួន​ក្មេង​ដែល​​នឹង​ត្រូវ​ចូល​ខ្លួន​មក​ជំនួស​កម្លាំង​ពលកម្ម​ក៏​មាន​ការ​ធ្លាក់ចុះ។ ភាពចាស់រិចរឹល​នៃ​ប្រជាសាស្រ្ត​នេះ​អាច​នឹង​បង្ក​នូវ​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​​ទាំង​នៅ​ក្នុង​វិស័យ​សេដ្ឋកិច្ច និង​សង្គមកិច្ច​របស់​ជប៉ុន។

​ទិន្នន័យ​ផ្លូវការ​​ចេញផ្សាយ​ដោយ​រដ្ឋាភិបាល​ជប៉ុន កាល​ពីខែ​មេសា​កន្លងទៅ បាន​បង្ហាញ​ថា ចំនួន​ប្រជាជន​ជប៉ុន​នៅ​ឆ្នាំ២០១៧​ បាន​ធ្លាក់ចុះ​មក​នៅ​ត្រឹម ១២៦,៧លាននាក់ ពោលគឺ​ធ្លាក់ចុះ​ជាង ២សែននាក់ បើ​ធៀប​ទៅនឹង​ឆ្នាំ២០១៦ ហើយ​នេះ គឺ​ជា​ឆ្នាំទី៧ហើយ ដែល​ចំនួន​ប្រជាជន​ជប៉ុន​មាន​ការ​ថយចុះ​ជាប់ៗគ្នា​ជារៀងរាល់ឆ្នាំ។

លើសពីនេះ​ទៅទៀត រដ្ឋាភិបាល​ជប៉ុន​ក៏​បាន​ធ្វើការ​ព្យាករផងដែរ​ថា ចំនួន​ប្រជាជន​ជប៉ុន​នឹង​នៅតែ​បន្ត​ធ្លាក់ចុះ​នៅ​ក្នុងរយៈពេល​ជាច្រើនឆ្នាំ​​តទៅមុខទៀត ដោយ​ចំនួន​ប្រជាជន​សរុប​អាច​នឹង​ធ្លាក់ចុះ​មក​នៅត្រឹមតែ​ប្រមាណ​ជា ៨៨លាននាក់​ប៉ុណ្ណោះ នៅ​ក្នុងរយៈពេល​ ៥០ឆ្នាំខាងមុខ (៨៨,០៨លាននាក់ នៅ​ឆ្នាំ២០៦៥)។

ក្រៅពីការធ្លាក់ចុះ​ខាងបរិមាណ រចនាសម្ព័ន្ធនៃ​ប្រជាសាស្រ្ត​របស់​ជប៉ុន​ក៏​មាន​ភាពចាស់រិចរឹល​យ៉ាងខ្លាំងផងដែរ ដោយ​ចំនួន​កូនក្មេង​អាយុក្រោម ១៥ឆ្នាំ មាន​ការ​ធ្លាក់ចុះ ចំណែក​ឯ​ចំនួន​មនុស្សចាស់ចាប់ពីអាយុ ៦៥ឆ្នាំឡើង មាន​ការ​កើនឡើង។

គិតត្រឹមឆ្នាំ២០១៧​កន្លងទៅនេះ អត្រា​នៃ​មនុស្សចាស់​វ័យ​ចាប់ពី ៦៥ឆ្នាំឡើង មាន​រហូតដល់​ទៅ ២៧,៧% នៃ​ចំនួន​ប្រជាជន​សរុប។ ចំណែក​ឯ​អត្រា​កូនក្មេងអាយុក្រោម ១៥ឆ្នាំវិញ មាន​ត្រឹមតែ ១២,៣%​ ប៉ុណ្ណោះ។

គួរបញ្ជាក់ថា យោងតាម​ស្តង់ដា​របស់​អង្គការ​សុខភាព​ពិភពលោក ​ប្រទេសមួយ​ដែល​​មាន​ ​មនុស្ស​ចាស់វ័យ​ចាប់ពី ៦៥ឆ្នាំឡើង លើសពី ៧% នៃ​ចំនួន​ប្រជាជនសរុប ត្រូវ​ចាត់ទុក​ថា​ជា​ប្រទេស​ដែល​​មាន “​ប្រជាសាស្រ្ត​​កំពុងចាស់រិចរឹល”, លើស​ពី ១៤% គឺ “ប្រជាសាស្រ្ត​ចាស់រិចរឹល” ហើយ​ចាប់ពី ២១%​ ឡើងទៅ គឺ “ប្រជាសាស្រ្តចាស់រិចរឹលខ្លាំង”។

ដូច្នេះ ជប៉ុន គឺ​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​ប្រជាសាស្រ្តចាស់​រិចរឹលខ្លាំង ហើយ​ភាពចាស់រិចរឹល​នៃ​ប្រជាសាស្រ្ត​នេះ វា​អាច​នឹង​បង្ក​នូវ​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ទៅដល់​ច្រើនវិស័យ ទាំង​ចំពោះ​កំណើន​សេដ្ឋកិច្ច ហិរញ្ញវត្ថុ​សាធារណៈ និង​សង្គមកិច្ច។

ប្រជាសាស្រ្ត​មាន​តួនាទី​ដ៏សំខាន់​នៅ​ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច ពីព្រោះ​ថា ប្រជាជន​គឺ​ជា​កម្លាំងពលកម្មសម្រាប់​ការផលិតផង និង​ជាកត្តាជំរុញ​ការ​ចំណាយ​នៅ​ក្នុង​ទីផ្សារ​ក្នុងស្រុក​ផងដែរ។ សម្រាប់​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ជឿនលឿន​ដូចជា​ជប៉ុន​នេះ ការចំណាយ​នៅ​ក្នុង​ទីផ្សារ​ក្នុងស្រុក គឺ​ជា​កម្លាំង​ចលករ​ដ៏សំខាន់ នៅ​ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច។

នៅពេលដែល​ចំនួន​ប្រជាជន​ធ្លាក់ចុះ ជាពិសេស ប្រជាជន​ដែល​ពេញវ័យធ្វើការ កម្លាំងផលិតកម្ម​ក៏​ត្រូវ​ធ្លាក់ចុះ ហើយ​ការចំណាយ​ក្នុងទីផ្សារ​ក្នុងស្រុក​ក៏​ត្រូវធ្លាក់ចុះ ដែល​ជា​ឧបសគ្គដ៏ចម្បងមួយ​សម្រាប់​កំណើន​សេដ្ឋកិច្ច។ លើសពីនេះ​ទៅទៀត នៅ​ពេលដែល​សេដ្ឋកិច្ច​ជួប​បញ្ហា វា​នឹង​ធ្វើ​ឲ្យ​ប្រាក់ចំណូល​របស់​ប្រជាជន​ត្រូវ​ធ្លាក់ចុះ កម្រិតជីវភាព​ក៏​​ត្រូវ​ធ្លាក់ចុះ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ប្រជាជន​មិនសូវ​ចង់​បាន​កូន ហើយ​ចំនួន​ប្រជាជន​ក៏​កាន់តែ​ធ្លាក់ចុះថែមទៀត។ សម្រាប់​ជប៉ុន​ ដែល​ប្រជាជន​មាន​ទម្លាប់​ធ្វើការ​ច្រើន ហើយ​មិនសូវ​ចង់​បាន​កូន​ស្រាប់ទាំង​នៅ​ពេល​មាន​ជីវភាព​ខ្ពង់ខ្ពស់​ផងនោះ អាច​នឹង​រឹតតែ​មិន​ចង់​បាន​កូន​ទៅទៀត នៅ​ពេល​ដែល​ជីវភាព​ធ្លាក់ចុះ។

ផលប៉ះពាល់​ដ៏ធ្ងន់ធ្ងរ​មួយ​ទៀត នៃ​ភាព​ចាស់រិចរឹល​នៃ​ប្រជាសាស្រ្ត​របស់​ជប៉ុន គឺ​ខាង​ផ្នែក​សង្គមកិច្ច និយាយ​ឲ្យ​ចំ គឺ​ប្រព័ន្ធ​ធានារ៉ាប់រង​សង្គម។

ជាទូទៅ នៅ​ក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​សង្គមកិច្ច ប្រជាជន​ដែល​ពេញវ័យ​ធ្វើការ​គឺ​ជា​ប្រភព​នៃ​ចំណូល តាមរយៈ​ការ​បង់ពន្ធ ចំណែក​ឯ​មនុស្ស​ចាស់​ដែល​ផុតអាយុ​ធ្វើការ គឺ​ជាបន្ទុក​ចំណាយ ជា​ពិសេស ការ​ចំណាយ​ទៅលើ​សោធននិវត្តន៍ និង​ការថែទាំ​សុខភាព។ ដូច្នេះ នៅ​​ពេល​ដែល​មនុស្ស​ចាស់​ផុត​អាយុ​ធ្វើការ​មាន​អត្រា​កាន់តែ​ខ្ពស់ បន្ទុក​ចំណាយ​សង្គមកិច្ច​មាន​កាន់តែ​ធ្ងន់ ហើយ​បើ​​ក្នុង​ពេល​ជាមួយគ្នា ប្រជាជន​ដែល​ពេញវ័យធ្វើការ​ និង​បង់ពន្ធ ដែល​ជា​ប្រភព​ចំណូល​មិន​កើនឡើង​ ឬ​កើនឡើង​មិន​សមាមាត្រ​ទៅនឹង​មនុស្ស​ចាស់ទេនោះ ប្រព័ន្ធ​ហិរញ្ញវត្ថុ​សង្គមកិច្ច​ប្រាកដ​ជា​នឹង​ត្រូវ​បាត់លំនឹង។

នេះ​គឺ​​ដំណើរវិវឌ្ឍ​នៃ​ប្រជាសាស្រ្ត​របស់​ជប៉ុន នៅ​ក្នុង​ពេល​បច្ចុប្បន្ន​ ហើយ​អ្វី​ដែល​ធ្វើ​ឲ្យ​គេ​កាន់តែ​បារម្ភ​ គឺ​នៅត្រង់​ថា ភាពចាស់រិចរឹល​នៃ​ប្រជាសាស្រ្ត​ជប៉ុន​អាច​នឹង​មាន​សភាព​កាន់តែ​ធ្ងន់ធ្ងរ​ជាង​នេះ​ទៅទៀត​នៅថ្ងៃ​អនាគត ពីព្រោះ​ថា ជប៉ុន​ជា​ប្រទេស​ជឿនលឿន ហើយ​ប្រជាជន​ក៏​មាន​អាយុវែង។ នេះ​មានន័យថា មនុស្ស​ចាស់​ផុត​អាយុធ្វើការ​អាច​រស់​នៅ​ជា​បន្ទុក​នៃ​ការ​ចំណាយ​សង្គមកិច្ច​ក្នុងរយៈពេល​វែង។ ក្នុងពេល​ជាមួយគ្នា អត្រាកំណើត​មាន​កម្រិត​ទាប ក្មេងៗ​ដែល​ជា​សក្តានុពល​ត្រូវឡើង​​​​មក​បំពេញ​កម្លាំង​ពលកម្ម​ជំនួស​មនុស្ស​ចាស់​ចូល​និវត្តន៍​ក៏​មាន​ការ​ធ្លាក់ចុះ។ ជាលទ្ធផល គេ​ព្យាករ​ថា គិត​ត្រឹមឆ្នាំ២០៥០​ខាងមុខ​នេះ នៅ​ជប៉ុន ប្រជាជន​វ័យ​ចំណាស់​ផុត​អាយុ​ធ្វើការ​អាច​​នឹង​ត្រូវ​កើនឡើង​រហូតទៅជិត ៣ភាគ៤ នៃ​ប្រជាជន​ដែល​ពេញ​វ័យធ្វើការ ដែល​មានន័យថា ប្រជាជន​ពេញវ័យ ៤នាក់ ត្រូវ​ធ្វើការ​និង​បង់ពន្ធ ដើម្បី​រ៉ាប់រង​បន្ទុក​ចំណាយ​មនុស្ស​ចាស់​ដល់​ទៅ ៣នាក់ ដែល​ជា​អត្រា​មួយ​ដ៏ខ្ពស់ ហើយ​​ជា​បន្ទុក​ដ៏ធ្ងន់ធ្ងរ​ទៅលើ​​ថវិកា​ជាតិ និង​ទៅលើ​សេដ្ឋកិច្ច​ជាតិ៕

​អ្នក​នយោបាយ​​បារាំង ប្រមូល​ផ្តុំគ្នា​ប្រឆាំង​នឹង​ការរើសអើង​ជាតិ​ជ្វីហ្វ

សេដ្ឋកិច្ច និង​ឥទ្ធិពល​ជា​កម្មវត្ថុ​នៃ​ដំណើរ​ទស្សនកិច្ច​មួយជុំ​តំបន់អាស៊ី​របស់​រាជទាយាទ​អារ៉ាប៊ីសាអូឌីត​បេន សាលម៉ាន

ការ​ព្យាករណ៍​សេដ្ឋកិច្ច​សាកល​​​សម្រាប់​​​​ឆ្នាំ​​​២០១៩​​

ហេតអ្វី​បានជា​អូស្ត្រាលី​ ខិតខំ​ពង្រឹង​វិស័យ​ការពារជាតិ​ខ្លាំងម្ល៉ោះ​?

តើ​ជំនួប​លើក​ទី២​ រវាង​លោកត្រាំ​ និង​គីម ជុងអ៊ុន​ អាច​បញ្ចប់​សង្គ្រាម​កូរ៉េ​បានទេ​?

អារ៉ាប៊ីសាអូឌីតជួយប៉ាគីស្ថាន​ដើម្បី​បំពេញ​កម្មវត្ថុ​យុទ្ធសាស្ត្រ​ខ្លួនឯង ?

សេដ្ឋវិទូ​បារាំង​ Thomas Piketty ​៖ មូលធន​សតវត្សរ៍​ទី​២១​

តើ​វិបត្តិ​អត្រាកំណើត​ធ្លាក់ចុះ​នៅក្នុង​ប្រទេស​ គឺជា​កំហុស​របស់​ស្ត្រី​ជប៉ុនមែន​ឬទេ​?

Huawei ៖ ​ជម្រើស​ដ៏ស្មុគស្មាញ​សម្រាប់​អឺរ៉ុប

៤០ឆ្នាំ​ក្រោយ​បដិវត្ត​អ៊ីស្លាម អ៊ីរ៉ង់​បន្ត​ស្ថិ​ត​ជា​ប្រទេស​មហាអំណាច​ឈីអ៊ីត​នៅ​មជ្ឈិមបូព៌ា

អេស្តូនី៖​ សង្គម​​បច្ចេកវិទ្យា​ (E-Nation)​ ដំបូង​​គេ​​របស់​​ពិភពលោក​​​

បារាំងឈឺក្បាល ថាតើ​ត្រូវ​យក​ពួក​ជីហាត​ជនជាតិបារាំង​ ពី​​ស៊ីរី​​ចូល​ស្រុក​វិញ ឬ​យ៉ាងណា?

តើភេរវកម្ម​លើ​វិហារ​កាតូលិក​អាច​ប៉ះពាល់​ដល់​ដំណើរការ​សន្តិភាព​នៅ​ខាងត្បូង​ហ្វីលីពីន​ឬទេ?

បារាំង-អេហ្ស៊ីប៖​ហេតុអ្វី​បាន​ជា​លោកម៉ាក្រុង​លើក​យក​បញ្ហា​សិទ្ធិមនុស្ស​ទៅ​និយាយ​ជាមួយ​លោក​អាល់ស៊ីស៊ី?

ទ្រឹស្ដី​របស់​កាល់ម៉ាក្ស៍​ និង​ បច្ចុប្បន្នភាព​សេដ្ឋកិច្ចសាកល​

តើ​ជំនួបពូទីន-អាបេ ​លើក​នេះ​​ ដែល​ជប៉ុន​ថា ​មានន័យ​ជាប្រវត្តិសាស្ត្រ​ បាន​ចប់​ទៅដោយ​លទ្ធផល​យ៉ាងណា?​

តើសន្ធិសញ្ញាបារាំង-អាល្លឺម៉ង់ ចែងអំពីអ្វីខ្លះ ?

យុទ្ធសាស្រ្ត​ឥណ្ឌូប៉ាស៊ីហ្វិក៖ ​អាស៊ាន​អាច​ក្លាយជា​ចំណុចស្នូល ​តែ​ក៏អាច​ប្រឈម​នឹង​ការ​បែកបាក់

កូឡំប៊ី៖​តើ​កិច្ចចរចា​សន្តិភាព​ជាមួយ​ចលនា​ឧទ្ទាម « កងទ័ពរំដោះជាតិ » ត្រូវ​ចប់​ត្រឹម​នេះ ឬ?

ប្រទេស​ដែលប្រព័ន្ធ​សុខាភិបាល​មាន​ និង​គ្មាន​ប្រសិទ្ធភាព​បំផុត​