rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

អឺរ៉ុប បារាំង

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

លោកម៉ាក្រុងបារម្ភរឿងរបបផ្តាច់ការនិយមនៅអឺរ៉ុប

media
លោកម៉ាក្រុងថ្លែងសុន្ទរកថានៅសភាអឺរ៉ុប នៅទីក្រុង Strasbourg នាថ្ងៃទី១៤ មេសា ២០១៨ Reuters

លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង បានធ្វើសេចក្តីថ្លែងសុន្ទរកថាមួយទៅកាន់សភាអឺរ៉ុបនៅក្នុងទីក្រុងStrasbourg នាប្រទេសបារាំង កាលពីថ្ងៃអង្គារទី១៧ម្សិលមិញ ដើម្បីសម្ដែងនូវការព្រួយបារម្ភអំពីការងាកទៅរករបបផ្ដាច់ការនិយមរបស់ប្រទេសនានាមួយចំនួននៅជុំវិញពិភពលោក រួមទាំងបណ្ដាប្រទេសនៅក្នុងសហគមន៍អឺរ៉ុប។


សុន្ទរកថារបស់លោកម៉ាក្រុង បានធ្វើឡើងតែប៉ុន្មានថ្ងៃក្រោយពេលអ្នកនយោបាយស្ដាំនិយមបានឈ្នះឆ្នោតនៅប្រទេសហុងគ្រី ដែលអ្នកនយោបាយរូបនេះតែងមានការប៉ះទង្គិចជាមួយសហគមន៍អឺរ៉ុប ហើយស្របពេលជាមួយគ្នានេះដែរ សហគមន៍អឺរ៉ុបកំពុងប្រឈមមុខទៅនឹងគណបក្សស្ដាំនិយមរបស់ប្រទេសប៉ូឡូញ។

នៅប្រទេសអ៊ីតាលី គណបក្សស្ដាំនិយមក៏បានឈ្នះឆ្នោតផងដែរ។ សូមរំលឹកថា ក្រុម​អ្នកនយោបាយ​ស្ដាំនិយមតែងមានគំនិត​ជាតិនិយម​និង​មាន​និន្នាការ​ប្រឆាំងមិនចង់នៅក្នុង​អឺរ៉ុប ដែល​ពួកគេ​អះអាងថា ធ្វើ​អោយ​បាត់បង់​អធិបតេយ្យភាព​ប្រទេសរបស់​ពួកគេ​។​ ដូច្នេះ ការលេចឡើងកាន់តែច្រើនឡើងនៃក្រុម​អ្នកនយោបាយ​ស្ដាំនិយម រួមទាំងការចាកចេញរបស់អង់គ្លេសអាចជាការគំរាមកំហែងដល់សហគមន៍អឺរ៉ុប។

លោកម៉ាក្រុង បានលើកឡើងថា សហគមន៍អឺរ៉ុបនាពេលបច្ចុប្បន្នហាក់បីដូចជាមានសង្រ្គាមស៊ីវិល ហើយភាពមិនប្រក្រតីនេះកំពុងរីកលូតលាស់គ្រប់ពេលវេលា។ លោកបានទាមទារអោយមានការការពារនូវលទ្ធប្រជាធិបតេយ្យ និងការរួបរួមគ្នានៃសហគមន៍អឺរ៉ុប។ លោកក៏បានស្នើអោយមានការបង្កើតកម្មវិធីជំនួយអឺរ៉ុបដែលជួយគាំទ្រដោយផ្ទាល់ផ្នែកហិរញ្ញវត្ថុទៅដល់ប្រទេសជាសមាជិកដែលជួបបញ្ហាជនភៀសខ្លួន។

កន្លងមកលោកម៉ាក្រុងបានខិតខំប្រឹងប្រែងដើម្បីទទួលបានការគាំទ្រចំពោះសំណើកំណែទម្រង់អឺរ៉ុបទាំងអស់របស់លោក។ ហើយនៅចុងសប្ដាហ៍នេះ លោកម៉ាក្រុងនឹងធ្វើដំណើរទៅកាន់ប្រទេសអាឡឺម៉ង់ដើម្បីស្វែងរកការគាំទ្របន្ថែមទៀត។