អានតួអត្ថបទ

លោកមូន ចៃអ៊ីន ទៅបញ្ចុះបញ្ចូលលោកត្រាំ ដើម្បីការពារ​គម្រោង​កិច្ចជំនួប​កំពូល​រវាង​អាមេរិក​និង​លោក​គីម ជុនអ៊ុន

នាថ្ងៃអង្គារ៍នេះ ប្រធានាធិបតីកូរ៉េខាងត្បូង លោកមូន ចៃអ៊ីន ត្រូវបានទទូល​ជួបដោយប្រធានាធិបតី​អាមេរិក លោកដូណាល់ ត្រាំ នៅឯសេតវិមាន។ គោលបំណងនៃកិច្ច​ជំនួបលើកនេះ​ គឺដើម្បីជជែក​ពិភាក្សា​អំពីដំណើរការ​នៃគម្រោង​ជំនួប​កំពូល​រវាង​អាមេរិក​និងកូរ៉េខាងជើង ក្រោយពីការព្រមានលុប​ចោលគម្រោងនេះពី​ភាគីកូរ៉េខាងជើង និងការបញ្ចេញពាក្យសំដីរបស់​លោកត្រាំ ថាកិច្ចជំនួបកំពូលអាមេរិក​និងកូរ៉េខាងជើងនេះ ប្រហែលជាអាចនឹងធ្វើឡើង ហើយក៏ប្រហែល​ជាមិនអាចធ្វើឡើង។

លោកដូណាល់ ត្រាំ និង លោកមូន ចៃអ៊ីន ជួបពិភាក្សានៅសេតវិមាន ថ្ងៃទី២២​ ឧសភា ២០១៨
លោកដូណាល់ ត្រាំ និង លោកមូន ចៃអ៊ីន ជួបពិភាក្សានៅសេតវិមាន ថ្ងៃទី២២​ ឧសភា ២០១៨ REUTERS/Jim Bourg/File Photo
ផ្សាយពាណិជ្ជកម្ម

កូរ៉េខាងត្បូងមានការព្រួយបារម្ភថា អាមេរិកនិងកូរ៉េខាងជើង អាចនឹងបដិសេធលុបចោលគម្រោងជំនួបកំពូលទ្វេរភាគីរវាងអាមេរិក-កូរ៉េខាងជើង ដែលបានគ្រោងថានឹងធ្វើឡើងនៅប្រទេសសឹង្ហបុរីនាថ្ងៃទី១២ ខែមិថុនាខាងមុខ។​ ហេតុដូចនេះ លោកមូន​ ចៃអ៊ីន ជួបលោក ដូណាល់ ត្រាំ នាថ្ងៃនេះហើយគោលបំណងសំខាន់បំផុតគឺ ដើម្បីបញ្ចុះបញ្ចូលលោកត្រាំកុំអោយបោះបង់ចោលគម្រោងជំនួបកំពូលខាងមុខនេះជាមួយលោកគីម ជុនអ៊ុន។

សូមរំលឹកថា ទីប្រឹក្សាសន្តិសុខជាតិរបស់លោកមូន ធ្លាប់បានទៅជួបជាមួយលោកគីម ជុនអ៊ុន នៅក្រុងព្យុងយ៉ាង ហើយក្រោយមក លោកបាននាំពាក្យរបស់លោកគីម ជុនអ៊ុន ទៅកាន់សេតវិមានអាមេរិ នៅខែមីនាមុននេះ។ ពាក្យទាំងនោះរួមមានដូចជា ការស្នើរបស់កូរ៉េខាងជើងទៅកាន់លោកត្រាំអោយមានកិច្ចជំនួបពិភាក្សារវាងមេដឹកនាំថ្នាក់កំពូលនៃប្រទេសទាំងពីរ ការប្តេជ្ញាចិត្តរបស់កូរ៉េខាងជើងក្នុងការលុបចោលនូវកម្មវិធីអាវុធនុយក្លេអ៊ែរ និងការយល់ស្របរបស់កូរ៉េខាងជើងចំពោះសមយុទ្ធយោធារួមរវាងអាមេរិកនិងកូរ៉េខាងត្បូង។ ចំពោះរឿងនេះ លោកត្រាំក៏បានយល់ព្រមទទួលសំណើររបស់កូរ៉េខាងជើងក្នុងការបង្កើតកិច្ចជំនួបកំពូលរវាងប្រទេសទាំងពីរ ដើម្បីស្វែងរកកិច្ចព្រមព្រៀងរួមមួយ និងចៀសវាងការប្រឈមមុខដាក់គ្នាដោយប្រើកំលាំងយោធា។

តែកាលពីសប្ដាហ៍មុន កូរ៉េខាងជើងបានលុប​ចោលនូវ​ជំនួប​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​ជាមួយ​កូរ៉េខាង​ត្បូង ហើយកូរ៉េខាងជើងព្រមទាំងបានចេញសេចក្ដីថ្លែងការណ៍មួយ គំរាមដកខ្លួនចេញពីកិច្ចជំនូបទ្វេរភាគីជាមួយលោកត្រាំ ប្រសិនបើសមយុទ្ធយោធារួមរវាងអាមេរិកនិងកូរ៉េខាងត្បូងនៅតែបន្ត ឬ ប្រសិន​បើ​អាមេរិក​ប្រើ​វិធី​រំសាយ​នុយក្លេអ៊ែរ​កូរ៉េខាង​ជើងជា​ឯកតោ​ភាគី។

លោកត្រាំ មានប្រតិកម្មតបដោយភ្ញាក់ផ្អាល់និងមិនពេញចិត្តចំពោះសេចក្ដីថ្លែងការណ៍មួយនេះរបស់កូរ៉េខាងជើង។ លោកត្រាំថែមទាំងបានលើកឡើងថា គម្រោងកិច្ចជំនួបកំពូលរវាងប្រទេសទាំងពីរ ប្រហែលជាអាចធ្វើឡើងតាមការគ្រោងទុក ហើយក៏ប្រហែលជាអាចលុបចោលវិញផងដែរ។

ខាងសេតវិមានអាមេរិក បានបដិសេធមិនឆ្លើយតបទៅនឹងសំណួរទាក់ទិនទៅនឹងគម្រោងរបស់លោកត្រាំដែលបានរៀបចំទុកសម្រាប់កិច្ចប្រជុំជាមួយលោកមូន ចៃអ៊ីននៅក្នុងថ្ងៃនេះ។

គួរបញ្ជាក់ផងដែរថា នៅសល់ពេលតែ៣សប្ដាហ៍ទៀតប៉ុណ្ណោះ ពោលនៅថ្ងៃទី១២ មិថុនាដែលលោកត្រាំគ្រោងនឹងជួបលោក គីម ជុនអ៊ុន នៅប្រទេសសឹង្ហបុរី តែរហូតមកដល់ពេលនេះ ចំនោទបញ្ហាសំខាន់ៗដែលរួមមានដូចជា របៀបវារៈសម្រាប់កិច្ចប្រជុំ ពុំទាន់បានដោះស្រាយរួចរាល់នោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ