rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

រុស្ស៊ី សហរដ្ឋអាមេរិក

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

អាមេរិក​និង​រុស្ស៊ី​ព្រមព្រៀងគ្នា​បើក​ធ្វើ​ជំនួបកំពូល​ត្រាំ-ពូទីន

media
លោក​ពូទីន​ទទួល​ជួប​ទីប្រឹក្សា​សន្តិសុខជាតិ​អាមេរិក នៅថ្ងៃ​ទី២៧​មិថុនា​២០១៨ នៅ​មូស្គូ Sputnik/Alexei Druzhinin/Kremlin via REUTERS

លោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន ពេលទទួលជួប នារសៀលថ្ងៃ ២៧ មិថុនា នៅ ក្រុងម៉ូស្គូ  លោក John Bolton ដែលជាទីប្រឹក្សាខាងសន្តិសុខជាតិ របស់លោក ដូណាល់ ត្រាំ បានសំដែង សេចក្តីសង្ឃឹមថា ទស្សនកិច្ចនេះ មុខជាក្លាយទៅជា” ជំហានដំបូង” ឆ្ពោះទៅបង្ខិត សរអា និង សហព័ន្ធ រុស្ស៊ី ឲ្យបានខិតចូលជិតគ្នា។ បន្ទាប់ពីជំនួបនេះ ជំនួយការប្រធានាធិបតីរុស្ស៊ី ខាងកិច្ចការអន្តរជាតិ បាន ថ្លែងទៅ ពួកអ្នកកាសែតថា គូភាគីបានព្រមព្រៀងគ្នា លើ ជំនួបកំពូល រវាង​លោក​ដូណាល់ ត្រាំ និង​លោក​វ៉ា្លឌីមៀរ ពូទីន។


ពេលបើកជំនួបម្សិលមិញ លោកពូទីនបានថ្លែងជាអាទ៏ទៅលោក Bolton ៖ ការដែលលោកបាន អញ្ជើញមកដល់ក្រុងម៉ូស្គូ នាំឲ្យយើងអាចសង្ឃឹមថា ទស្សនកិច្ចនេះ ជា ជំហានដំបូង ដើម្បីស្តារឡើង វិញ ទំនាក់ទំនងពេញរូបពេញរាង រវាងរដ្ឋយើងទាំងពីរ។

លោកប្រធានាធិបតីរុស្ស៊ី ក៏បានសង្កេតឃើញ” ដោយអភ័ព្វថា ទំនាក់ទំនងរុស្ស៊ី-អាមេរិក មិនមាន រូបរាងល្អប្រសើរឡើយ។ មូលហេតុមួយភាគធំនៃស្ថានការណ៍បែបនេះ គឺបណ្តាលមកពី ការប្រយុទ្ធ នយោបាយផ្ទៃក្នុងសរអាផ្ទាល់។ 

“ រុស្ស៊ីឥតប្រាថ្នា ឲ្យមានការប្រឈមមុខតទល់សោះឡើយ។ ខ្ញុំសង្ឃឹមថា ដោយរួមជាមួយលោក យើងអាច ពិភាក្សា តើអ្វី ដែលអាចធ្វើទៅកើត ពីទាំងសងខាង ដើម្បីស្តារទំនាក់ទំនងរវាងរដ្ឋយើងទាំងពីរ ឲ្យបាន ពេញរូបពេញរាង ឡើងវិញ ដោយឈរលើគោលការណ៍ ស្មើភាពនិងគោរពគ្នាទៅវិញទៅមក។

លោក John Bolton ពីចំណែកគាត់ សង្ឃឹម ពិភាក្សាជាមួយដៃគូរុស្ស៊ី អំពីលទ្ធភាពកែឲ្យប្រសើរឡើង សហប្រតិបត្តិការ រវាងរុស្ស៊ី និង សរអា។ លោក Bolton បានបន្ថែមថា ៖ សូម្បី ក្នុងអតីតកាល ពេលដែល ប្រទេសទាំងពីរ ឆ្លងកាត់ការខ្វែងគំនិតគ្នា ក៏ មេដឹកនាំយើង និង បណ្តាទីប្រឹក្សាម្ខាងៗ តែងបានជួបគ្នា ដែល តាមខ្ញុំយល់  ជំនួបបែបនេះ បាននាំជាគុណប្រយោជន៍ ដល់ប្រទេសទាំងពីរ គុណប្រយោជន៍សម្រាប់ ស្ថិរភាពពិភពលោក ហើយ លោកប្រធានាធិបតី ត្រាំ តែងចិញ្ចឹមទុកគំនិតនេះ ក្នុងបេះដូងគាត់ជានិច្ច។

ក្រោយពីមានប្រព្រឹត្តទៅ ជំនួប លោក ពូទីន និង លោក Bolton ជំនួយការប្រធានាធិបតីរុស្ស៊ី ខាងកិច្ចការ អន្តរជាតិ លោក អគ្គរដ្ឋទូត Yuri Ushakov  បានទម្លាយឲ្យពួកអ្នកកាសែត បានដឹងអំពីលទ្ធផលខ្លះ នៃ ជំនួបនេះ។ គូភាគី បានព្រមព្រៀងគ្នា លើ ជំនួបថ្ងៃមុខ រវាងលោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន និង លោក ប្រធានាធិបតីសរអា ដូណាល់ ត្រាំ ។ ជំនួបកំពូលនេះ នឹងប្រព្រឹត្តទៅ ក្នុងប្រទេសទី៣ ដែលកាលបរិច្ឆេទ និង ទីកន្លែងជាក់លាក់ នៃជំនួប នឹងត្រូវប្រកាសឲ្យដឹង នៅថ្ងៃព្រហស្បត៏ ២៨ មិថុនា។  ក្នុងជំនួបនេះ លោក ពូទីន និង លោក ​ត្រាំ នឹងជួបចរចាគ្នា ដោយតតួតែពីរនាក់ រយៈពេលប៉ុន្មានម៉ោង ដែលប្រធានបទ ជា អាទិភាព គឺ ៖ ស្ថិរភាពយុទ្ធសាស្ត្រ , ការប្រយុទ្ធទល់នឹងភេរវនិយម , ការរៀរយទំនាក់ទំនងរុស្ស៊ី -អាមេរិកាំង ឲ្យបានស្រួលបួល។ ប្រមុខរដ្ឋទាំងពីរ ក៏ អាចសម្របយោបល់គ្នា ចេញ សេចក្តីថ្លែងការណ៍រួម ស្តីអំពីការអភិវឌ្ឍន៍ទំនាក់ទំនងរវាងប្រទេសទាំងពីរ៕