rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

រុស្ស៊ី

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

មេដឹកនាំ​ប្រឆាំង​រុស្ស៊ី​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​ពេល​ធ្វើ​បាតុកម្ម​ប្រឆាំងនឹង​ការ​បោះឆ្នោត

media
លោក​ Alexei Navalny មេដឹកនាំ​ក្រុមប្រឆាំង​រុស្ស៊ី REUTERS/Tatyana Makeyeva

លោក Alexei Navalny ត្រូវ​បាន​ប៉ូលិស​ចាប់ខ្លួន នៅថ្ងៃ​អាទិត្យ​ នៅ​ក្នុង​ទីក្រុង​ម៉ូស្គូ នៅ​ក្នុង​ពេល​ដែល​លោក​កំពុង​ដឹកនាំ​បាតុកម្ម​ ដើម្បីបរិហារ ការបោះឆ្នោតប្រធានាធិបតីថ្ងៃ ១៨ មីនា ខាងមុខ ដែលលោក​យល់ថា ជា​ការ​បោះឆ្នោត​បង្កប់ដោយ "ការ​បន្លំ “ ហើយដែលតាមភាពជាក់ស្តែង ពិតជានឹងនាំជ័យជំនះ សម្រាប់ បេក្ខជនប្រមុខរដ្ឋសព្វថ្ងៃ លោក វ៉្លាឌីមៀរ ពូទីន។ សាលាក្រុងម៉ូស្គូ ដែលហាមមិនឲ្យបាតុកម្មនេះ ប្រព្រឹត្តទៅ ធ្លាប់​បានព្រមានរួចហើយ​ថា នឹងចាត់វិធានការ ទប់ស្កាត់តាមផ្លូវច្បាប់។ កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​ប៉ូលីស បានសម្រុកចូលទៅក្នុង ការិយាល័យនានារបស់ លោក Navalny នៅម៉ូស្គូ ហើយចាប់ខ្លួនបណ្តាសមាជិក មួយ​ចំនួន​របស់​ក្រុម​ប្រឆាំង។


លោក Alexei Navalny​ ត្រូវបាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​រុស្ស៊ី​ សម្រេច​មិន​ឲ្យ​ចុះឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​ ដោយ​លើក​ហេតុផល​ថា មកពីគាត់ជាប់ទោសតាមបទព្រហ្មទណ្ឌ។ ក៏ប៉ុន្តែ លោក Navalny វិញ​យល់ថា នេះ​គឺ​ជា​ការ​រៀបចំ​របស់​វិមាន​ក្រេមឡាំង ដើម្បី​រារាំង​កុំ​ឲ្យ​លោក​ចូល​ប្រឡូក​ក្នុងការ​បោះឆ្នោត ប្រជែង​ជាមួយ​នឹង​លោក​ពូទីន។

កាលដែលនៅសល់ពីរខែទៀត ដល់ការបោះឆ្នោតផ្ទាល់ លោក Navalny បាន​អំពាវនាវ​ឲ្យ​អ្នក​គាំទ្រ​​ជួបជុំគ្នា​ នៅតាមក្រុងចំនួនជាង ១០០ នៃប្រទេស បូកទាំងនៅរដ្ឋធានីម៉ូស្គូ និងអតីតរាជធានី Saint-Petersbourg ក្រោមពាក្យស្លោក ៖ “នេះមិនមែនជាការបោះឆ្នោតទេ តែជាការបោកបញ្ឆោត”។

ជាអ្នកច្បាប់ ល្បីខាងប្រឆាំងអំពើពុករលួយក្នុងថ្នាក់ដឹកនាំប្រទេស គាត់បានថ្លែងតាមវីដេអូ នាថ្ងៃសុក្រថា ៖ ក្នុងស្ថានការណ៍នេះ ជាទីដែលរាល់អ្វីៗត្រូវហាមប្រាម សំខាន់បំផុត ដែលម្នាក់ៗអាចធ្វើទៅកើត គឺ ចុះថ្នល់ ធ្វើបាតុកម្មអហិង្សា។

ព្រឹកថ្ងៃអាទិត្យនេះ ប៉ូលីស បានសម្រុកចូលទៅក្នុងការិយាល័យនានារបស់លោក Navalny នៅម៉ូស្គូ ដោយ ផ្តាច់ការផ្សាយបន្តផ្ទាល់អំពីបាតុកម្មទាំងឡាយ នៅតំបន់ខាងកើតប្រទេស។ ពេលនោះ ប៉ូលីសបានឃាត់ ខ្លួន និយោជិតជាច្រើន នៃ មូលនិធីប្រឆាំងអំពើពុករលួយ  បង្កើតឡើងដោយរូបគាត់ ហៅកាត់ថា FBK ព្រម ទាំងឃាត់ខ្លួន គ្នីគ្នាគាត់ មកពីបណ្តាខេត្តចំណុះសហព័ន្ធរុស្ស៊ី -ដំណឹងនេះ ផ្សាយដោយបណ្តាញសង្គម។

សាលាក្រុងម៉ូស្គូ ដែលមិនអនុញ្ញាតឲ្យបាតុកម្មនេះ ប្រព្រឹត្តទៅ បានព្រមានថា នឹងចាត់វិធានការ ទប់ស្កាត់តាម ផ្លូវច្បាប់។ នៅ​តាម​បណ្តាញ​សង្គម Twitter លោក Navalny បាន​សរសេរ​ថា រូបលោក​ផ្ទាល់​ត្រូវ​បាន​ប៉ូលិស​ចាប់ខ្លួន តែ​លោក​នៅតែ​បន្ត​អំពាវនាវ​ឲ្យ​អ្នក​គាំទ្រ​បន្ត​នាំគ្នា​ចេញ​ធ្វើ​បាតុកម្ម​ទៅតាម​ការ​គ្រោងទុក។

គួរបញ្ជាក់ថា លោក Navalny អាយុ ៤១ ឆ្នាំ គ្រាន់តែក្នុង មួយឆ្នាំ២០១៧ កន្លងទៅ ត្រូវបានចាប់ឃុំឃាំង អស់ ៣ លើក ចំពោះ ការចាត់ចែងបាតុកម្មគ្មានសេចក្តីអនុញ្ញាតរបស់អាជ្ញាធរ ដែលក្នុងបាតុកម្មនោះ ជួនកាលមានមនុស្ស ចូលរួមដល់ទៅ  រាប់ពាន់នាក់នៅទូទាំងប្រទេសរុស្ស៊ី ប៉ុន្តែចំនួនបាតុករ ដែលត្រូវបានចាប់ឃុំឃាំង ក៏មិន ស្ទើឡើយ គឺ រាប់រយនាក់ឯណោះ។

ដោយមកពីគាត់ត្រូវបាន គជប ដកសិទ្ធិមិនឲ្យចូលរួមក្នុងការបោះឆ្នោតថ្ងៃមុខ លោក Navalny  រំពឹងទៅ លើ អត្រាធ្លាក់ចុះ នៃអ្នកទៅបោះឆ្នោត ម៉្លោះហើយបានជាគាត់ទទូច ប្រជាពលរដ្ឋរុស្ស៊ី ឲ្យធ្វើពហិការ កុំទៅ បោះឆ្នោតអី ដ្បិតតាមអំណះអំណាងគាត់ ថ្ងៃ ១៨ មិនា ខាងមុខ មិនមែនជា ការបោះឆ្នោតពិតប្រាកដទេ តែជា ប្រជាមតិម្យ៉ាង ដើម្បី តែងតាំងលោកពូទីន ជាថ្មី ក្នុងតំណែងកំពូលនៅរុស្ស៊ី៕