rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

សហរដ្ឋអាមេរិក រុស្ស៊ី

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

រុស្ស៊ី​បណ្តេញ​មន្រ្តីទូត​អាមេរិក​៦០នាក់​ជា​ការ​សងសឹក

media
លោក​ស៊ែរហ្គៃ ឡាវរ៉ូហ្វ (Sergei Lavrov) រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​រុស្ស៊ី នៅ​ពេល​ប្រកាស​ពី​ការ​បណ្តេញ​មន្រ្តី​ទូត និង​បិទស្ថានអគ្គកុងស៊ុល​អាមេរិក ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ REUTERS/Sergei Karpukhin

កាលពីថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ រុស្ស៊ី​បាន​ប្រកាសបណ្តេញ​មន្រ្តី​ទូត​អាមេរិក ចំនួន ៦០នាក់ ព្រមទាំង​បិទ​ស្ថានអគ្គកុងស៊ុល​អាមេរិក នៅ​ក្នុង​ទីក្រុង​ Saint-Pétersbourg ដើម្បី​ជា​ការ​សងសឹក​ចំពោះ​សហរដ្ឋ​អាមេរិក​ដែល​បាន​ធ្វើ​ដូចគ្នា​ចំពោះ​រុស្ស៊ី នៅ​ក្នុង​សំណុំរឿង​បំពុល​អតីត​ភ្នាក់ងារ​ចារកិច្ច​នៅ​អង់គ្លេស។


បណ្តេញមន្រ្តីទូត ៦០នាក់ និង​បិទ​ស្ថានអគ្គកុងស៊ុល១ គឺ​ជា​វិធានការ​តប​ដូចគ្នា​បេះបិទ ទៅនឹង​អ្វី​ដែល​អាមេរិក​បាន​ធ្វើ​ចំពោះ​រុស្ស៊ី ហើយ​លោក ស៊ែរហ្គៃ ឡាវរ៉ូហ្វ រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​រុស្ស៊ី ក៏​បាន​ឲ្យដឹង​ផងដែរ​ថា រុស្ស៊ី​នឹង​ឆ្លើយតប​ដូចគ្នា​ ចំពោះ​ប្រទេស​ផ្សេងទៀត ដែល​បាន​រួមដៃគ្នា​ជាមួយ​អាមេរិក និង​អង់គ្លេស ​បណ្តេញ​មន្រ្តី​ទូត​រុស្ស៊ី។

គួររំឭកឡើងវិញ​ថា ភ្លាមៗ​ក្រោយ​ពី​មាន​ការ​បំពុល​អតីត​ភ្នាក់ងារ​ចារកិច្ច​រុស្ស៊ី ព្រមទាំង​កូនស្រី អង់គ្លេស​បាន​ដាក់​ការទទួលខុសត្រូវ​ទៅលើ​រដ្ឋាភិបាល​រុស្ស៊ី ហើយ​បាន​​​បណ្តេញ​មន្រ្តី​ទូត​រុស្ស៊ី ចំនួន ២៣នាក់​ចេញ​ពី​ប្រទេស។ ​​រុស្ស៊ី​ក៏​បាន​ឆ្លើយតប​វិញ​រួចទៅហើយ​ដែរ ចំពោះ​វិធានការ​របស់​អង់គ្លេស។ ក្រោយមកទៀត អាមេរិក​ បួករួម​ជាមួយ​នឹង​បណ្តា​ប្រទេស​ជាច្រើន​​ផ្សេងទៀត ក្នុងនោះ​ក៏​រួមមាន​ទាំង​​បារាំង​ផង​ ក៏​បាននាំគ្នា​បណ្តេញ​មន្រ្តី​ទូត​រុស្ស៊ី​ចេញ​ពី​ប្រទេស​រៀងៗខ្លួន​ដែរ ដោយ​គិត​ជា​សរុប មាន​មន្រ្តី​ទូត​រុស្ស៊ី​រហូតដល់​ទៅ​ជាង ១៥០នាក់ ត្រូវ​បាន​គេ​បណ្តេញ​ចេញ​ពី​ប្រទេស។

រហូតមកទល់​នឹង​ពេលនេះ រុស្ស៊ី​នៅតែ​ប្រកាន់​ជំហរ​ដូច​ពីមុនដដែល គឺ​បដិសេធ​ដាច់ខាត​ថា​ខ្លួន​មិនមាន​ជាប់ពាក់ព័ន្ធ​នឹង​ការ​បំពុល​អតីត​ភ្នាក់ងារ​ចារកិច្ច​នៅ​អង់គ្លេស​នោះទេ ហើយ​លោក​ស៊ែរហ្គៃ ឡាវរ៉ូហ្វ បាន​ចោទ​អង់គ្លេស​ថា​ជា​អ្នក​បង្ខំ​ឲ្យ​ប្រទេស​ផ្សេងទៀត​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​រុស្ស៊ី។

ពី​រដ្ឋធានីវ៉ាស៊ីងតោន មន្រ្តី​អ្នក​នាំពាក្យ​សេតវិមាន​បាន​លើកឡើង​ថា ការ​បណ្តេញ​មន្រ្តីទូត និង​បិទ​ស្ថានអគ្គកុងស៊ុល​អាមេរិក​ដោយ​រុស្ស៊ី​នៅពេលនេះ គឺ​ជា​ការ​បង្ហាញ​ឲ្យឃើញ​ពីការ​ធ្លាក់​ចុះ​កាន់តែ​ដុនដាប​នៃ​ទំនាក់ទំនង​ទ្វេភាគី ក៏ប៉ុន្តែ​ថា អាមេរិក​ក៏​បាន​គិតស្មានទុក​ជាមុន​រួចទៅហើយដែរ​ថា រុស្ស៊ី​នឹង​ចាត់វិធានការ​បែបនេះ។

មន្រ្តី​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក​វិញ​បាន​ព្រលយពាក្យ​ថា អាមេរិក​កំពុងតែ​ពិចារណា​ចាត់វិធានការ​ផ្សេងបន្ថែម​ទៀត​ប្រឆាំង​នឹង​រុស្ស៊ី ក្នុង​ពេល​ដែល​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ទីក្រុង​ម៉ូស្គូ​បាន​លើកឡើង​ពី​លទ្ធភាព​នៃ​ការ​បង្កក​ទ្រព្យសម្បត្តិ​របស់​រុស្ស៊ី។

ក៏ប៉ុន្តែ រដ្ឋាភិបាល​ក្រុង​​ម៉ូស្គូ​បាន​ព្រមាន​រួចជាស្រេច​ហើយ​ថា ក្រៅពី​ការ​បណ្តេញ​មន្រ្តី​ទូត និង​បិទ​ស្ថានអគ្គកុងស៊ុល​អាមេរិក រុស្ស៊ី​អាច​នឹង​ចាត់វិធានការ​ផ្សេងទៀត ប្រសិនបើ​អាមេរិក​បន្តធ្វើ​សកម្មភាពប្រឆាំង​នឹង​រុស្ស៊ី៕