rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

រុស្ស៊ី អាកាសចរណ៍

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ស្លាប់ ៧១នាក់ ក្នុង​ហេតុការណ៍​ធ្លាក់​យន្តហោះ​ដឹកអ្នក​ដំណើរ​នៅ​រុស្ស៊ី

media
បំណែក​យន្តហោះ AN-148 ដែល​ធ្លាក់ កាល​ពីថ្ងៃអាទិត្យ ១១ កុម្ភៈ ២០១៨ REUTERS/Stringer

យន្ដហោះរុស្ស៊ីដឹកអ្នកដំណើរ រត់ក្នុងស្រុក ជិះដោយមនុស្ស ៧១ នាក់ នារសៀលថ្ងៃអាទិត្យ ១១ កុម្ភៈ ស្រាប់តែធ្លាក់ នៅជាយក្រុងម៉ូស្គូ ក្រោយពីហោះចេញពីអាកាសយានដ្ឋាន Domodiedovo នៃ រដ្ឋធានីរុស្ស៊ី ទើបបានប៉ុន្មាននាទីសោះ។ តាមអាជ្ញាធរ មូលហេតុ អាចមកពី បញ្ហាបច្ចេកទេស កំហុសពីឡុត ធាតុអាកាស។ មូលហេតុភេរវកម្ម ក៏ ស្ថិតនៅក្នុងការពិនិត្យមើលដែរ របស់គណៈកម្មការអង្កេត បង្កើតឡើង តាមការផ្ទុកផ្តាក់នៃលោកប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន ដែលបានសំដែងទៅហើយនូវ ការរួមមរណទុក្ខ ទៅកាន់គ្រួសារសាកសព។


យន្តហោះស៊ីវិល ធុន Antonov -148 ជិះដោយអ្នកដំណើរ ៦៥ នាក់ និង ក្រុមអ្នកបើកបរ ៦ នាក់ បានបើកចេញពី ម៉ូស្គូ គឺតម្រង់ទៅកាន់ក្រុង Orsk តំបន់ភ្នំ Oural នៅចម្ងាយប្រមាណ ១.៥០០ គម។ វាបានហោះចេញ នៅម៉ោង ១៤ និង​២៣ នាទី។ មុនដំបូង វាបានហោះដល់កំពស់ ១ ៨០០ ម៉ែត្រ ដោយ ល្បឿន ៦០០ គម ក្នុង១ម៉ោង។ បន្ទាប់មក មិនដឹងជាមកពីមូលហេតុអ្វី កំពស់ហោះនោះស្រាប់តែធ្លាក់ មកនៅត្រឹម ១ ៥០០ ម៉ែត្រ រួចមក វាក៏ស្ទុះឡើងដល់កំពស់ ១ ៨០០ ម៉ែត្រជាថ្មី ហើយភ្លាមនោះ ក៏ធ្លាក់ចុះ យ៉ាងគំហុក ដល់៩០០ ម៉ែត្រ។ បន្ទាប់មក យន្តហោះក៏បាត់ខ្លួនពី កញ្ចក់រ៉ាដា តែម្តង។

ទីភ្នាក់ងារព័ត៌មានរុស្ស៊ីនានា លើកយកមកផ្សាយ សំដីរៀបរាប់ របស់សាក្សី ដែលបានឃើញ ការធ្លាក់ចុះ នៃ យន្តហោះនោះ គឺថា មុនដំបូង គេឮសូរអ្វីម្យ៉ាងដែលរហែកនៅក្រោមស្លាបយន្ដហោះ ហើយ កន្លែងរហែក នោះ ក៏ឆេះទៅ។ បន្ទាប់មកគេឃើញពន្លឺភ្លឺចិញ្ចាច ហើយយន្ដហោះក៏ធ្លាក់លឿនមកក្រោម។ ពន្លឺភ្លឺ ចិញ្ចាចនេះ ត្រូវគេឃើញគ្រប់គ្នា។

ក្រុមសង្គ្រោះក្រសួងស្ថានការណ៍អាសន្ន ដែលមានគ្នា១៥០ នាក់ និង រថយន្តសង្គ្រោះ ២០គ្រឿង បាន អន្តរាគម ជាបន្ទាន់នៅកន្លែងគ្រោះថ្នាក់នោះ ទាំងឆ្លងកាត់វាលគ្របដណ្តប់ដោយទឹកកក កម្រាស់ ពី ៣ ទៅ ៤ តឹក បានឃើញបំណែកច្រើនរាប់មិនអស់នៃយន្ដហោះដែលធ្លាក់នោះ ខ្ទាតរាយប៉ាយលើដី ក្នុងរង្វង់ ១ គ.ម. ដែល បញ្ជាក់ថា គ្មាននរណាម្នាក់មានភ័ព្វសំណាងនៅរស់ឡើយ។ ក្នុង ៧១ នាក់នោះ មានទាំង បរទេស ៣នាក់ផង។

យន្តហោះ ធុន Antonov -148 អាចផ្ទុកអ្នកដំណើរបាន ដល់ ៨០ នាក់សម្រាប់រត់ ក្នុងស្រុក ទៅចម្ងាយ មធ្យម រហូត ដល់ ៣.៦០០ គម។ យន្តហោះដែលធ្លាក់នេះ បានចាប់ហោះជាលើកដំបូង ក្នុងឆ្នាំ ២០០៤។ តាំងពី ពេលនោះមក វាបានប៉ះទង្គិចនឹងឧប្បត្តិហេតុ យ៉ាងហោចណាស់ ៥ លើក បែបយ៉ាងពេលចុះចត ការខុសទាស់ក្នុងប្រព័ន្ធអគ្គិសនី និងប្រព័ន្ធនាំទិសហោះ។  

តាមសំដី លោករដ្ឋមន្ត្រី ក្រសួងដឹកជញ្ជូន Maxime Sokolov គ្រួសារអ្នកស្លាប់ម្នាក់ៗ នឹងទទួល បាន ប្រាក់ឧបត្ថម្ភ ទំហំ  ២ លាន រូប្ល ឫ ជាង ៣ ម៉ឺន ៤ ពាន់ ដុល្លារ៕