rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

រុស្ស៊ី ចិន អ៊ីរ៉ង់ អាមេរិក អង្គការ​សហប្រជាជាតិ បារាំង

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

រុស្ស៊ី និងចិន ស្វែងរក​​ការគាំទ្រ​​ពីសមាជិក UN ដើម្បី​​ការពារ​​កិច្ចព្រមព្រៀង​​នុយក្លេអ៊ែរ​​អ៊ីរ៉ង់

media
លោក Vladimir Yermakov ចូលរួមក្នុងសន្និសីទពិភាក្សាអំពីសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ ប្រទេសស្វីស ថ្ងៃទី២៤ មេសា ២០១៨ REUTERS/Denis Balibouse

រុស្ស៊ី និងចិន កំពុងស្វែងរក​ការគាំទ្រ​លើសេចក្តីថ្លែងការណ៍​រួមមួយរបស់​ប្រទេសទាំងពីរ ក្នុងការប្រឆាំង​ទៅនឹងអាមេរិក កុំអោយដកខ្លួន​ដើរចេញពីកិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់។ រុស្ស៊ី កាលពីថ្ងៃ​អង្គារទី២៤​ម្សិលមិញ បានជំរុញ​អោយស្ថាប័ន​ទទួល​បន្ទុក​កិច្ចការ​កាត់​បន្ថយ​​អាវុធនុយក្លេអ៊ែរ​របស់អង្គការសហប្រជាជាតិ បង្ហាញ​នូវការគាំទ្រ​របស់ខ្លួន​ដោយចុះហត្ថលេខា​លើសេចក្តីថ្លែងការណ៍​រួមនោះ។


ប្រទេសរុស្ស៊ី និងចិន ដែលជាអ្នកគាំ​ទ្រធំជាងគេ​ចំពោះកិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ជាពិសេសរុស្ស៊ី បានខិតខំ​ស្វែងរក​ការគាំទ្រពីបណ្ដាប្រទេស​ដទៃ ដើម្បីការពារ​កិច្ចព្រមព្រៀងនេះ។ នៅថ្ងៃអង្គារ​ទី២៤ រុស្ស៊ីបាន​ជំរុញអោយស្ថាប័ន​ទទួល​បន្ទុក​​កិច្ចការ​កាត់​បន្ថយ​​អាវុធនុយក្លេអ៊ែរ​របស់អង្គការសហប្រជាជាតិ ចុះហត្ថលេខាលើ​សេចក្តីថ្លែងការណ៍រួមរបស់ចិននិងរុស្ស៊ី ដើម្បីដាក់សម្ពាធ​ទៅលើប្រធានាធិបតីអាមេរិក​លោកដូណាល់ ត្រាំ កុំអោយដើរចេញ​ពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់។

កាលពីថ្ងៃច័ន្ទទី២២ ក្នុងសន្និសីទពិភាក្សា​អំពីសន្ធិសញ្ញា​មិនរីកសាយ​ភាយ​​អាវុធ​នុយក្លេអ៊ែរ​ ដែលធ្វើឡើង​ក្នុងទីក្រុងហ្សឺណែវ​នៃប្រទេសស្វីស ប្រធានអង្គភាព​គ្រប់គ្រងអាវុធ​នៃក្រសួងការ​បរទេសរុស្ស៊ី លោក Vladimir Yermakov បានពិពណ៌នាថា កិច្ចព្រមព្រៀងអ៊ីរ៉ង់ជាកិច្ច​ព្រមព្រៀង​មានភាពផុយស្រួយ ហើយរាល់ការប៉ុនប៉ង​ធ្វើវិសោធនកម្ម​នឹងប៉ះពាល់ដល់គ្រប់គ្រង​ការរីកសាយនុយក្លេអ៊ែរសកល។ លោក​ក៏បាន​​អំពាវនាវអោយ​សមាជិក​អង្គការសហប្រជាជាតិ​គាំទ្រដល់កិច្ចព្រមព្រៀង​អ៊ីរ៉ង់មួយនេះ។

ប្រធាន​អង្គភាពគ្រប់គ្រងអាវុធរុស្ស៊ីរូបនេះ បានប្រាប់ទៅសារព័ត៌មាន​រ៉យទ័រថា ក្រោយពីសន្និសីទ​នៅក្រុងហ្សឺណែវរយៈពេល២សប្តាហ៍​នេះត្រូវបានបញ្ចប់ លោកសង្ឃឹមថា​នឹងទទួលបាន​ការគាំទ្រពីបណ្ដាប្រទេសធំៗ រួមទាំង​សម្ព័ន្ធមិត្តរបស់អាមេរិក​ក្នុងទ្វីបអឺរ៉ុប​ដែលបានសម្តែង​ការគាំទ្រចំពោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរ​អ៊ីរ៉ង់នេះ មុនថ្ងៃកំណត់ទី១២​ខែឧសភា​ខាងមុខ​ដែលប្រធានាធិបតីអាមេរិក​លោកដូណាល់ ត្រាំ នឹងធ្វើសេចក្តីសម្រេចថា ​អាមេរិកបោះបង់ចោល​កិច្ចព្រមព្រៀងនេះ​ឬអត់។

ដោយឡែក នៅថ្ងៃអង្គារទី២៤ លោក​ប្រធានធិបតី​បារាំង លោកអេម៉ានុយអែល ម៉ាក្រុង ក្នុងអំឡុងពេលជួប​ជជែកពិភាក្សាដោយ​ផ្ទាល់ជាមួយលោកត្រាំ បាននិយាយ​បញ្ចុះបញ្ចូល​អាមេរិក កុំអោយ​ដើរចេញពីកិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់។ តែលោកត្រាំ បានចាត់ទុក​កិច្ចព្រមព្រៀងនេះថា ជាគ្រោះមហន្តរាយ និងមិនសមហេតុផល។

លោកត្រាំបានបន្ថែមថា អាមេរិកមិនគិតថា​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ អាចបញ្ឃប់នូវកម្មវិធីមីស៊ីល​ប៉ាឡេស្ទីករបស់តេអេរ៉ង់ ឬប្តូរលំហរបស់​អ៊ីរ៉ង់ក្នុងការគាំទ្រ​ក្រុមសកម្ម​ប្រយុទ្ធក្នុងតំបន់​មជ្ឈិមបូព៌ា​បានឡើយ៕