rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ចិន សិទ្ធិមនុស្ស

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

របាយការណ៍​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស បង្ហាញ​ពីការរើសអើង​ផ្លូវភេទ នៅ​ប្រទេសចិន

media
អង្គការឃ្លាំ​មើល​បញ្ហា​សិទ្ធិ​មនុស្ស Human Rights Watch @google

នៅក្នុង​ថ្ងៃច័ន្ទនេះ របាយការណ៍​ថ្មីមួយ​របស់អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស Human Rights Watch បានធ្វើការរិះគន់​យ៉ាងខ្លាំង​លើសហគ្រាស​និងក្រុមហ៊ុនចិន ដូចជាក្រុមហ៊ុនAlibabaជាដើ​ម លើការរើសអើង​ផ្លូវភេទ​ក្នុងពេលជ្រើសរើស​បុគ្គលិក។ របាយការណ៍នេះ ក៏បង្ហាញ​ពីភាពកាន់តែ​អាក្រក់​ទៅនៃលក្ខខណ្ឌ​ការងារ​របស់ស្រ្តីនៅ​ប្រទេសចិន។


អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បានធ្វើការវិភាគទៅលើសេចក្តីប្រកាសជ្រើសរើសបុគ្គលិកជាង៣,៦ពាន់របស់ក្រុមហ៊ុននិងសហគ្រាសនានាក្នុងប្រទេសចិន ពីចន្លោះឆ្នាំ២០១៣ និង​២០១៨។ ក្រោយការវិភាគ អង្គការនេះបានចេញនូវរបាយការណ៍មួយដែលមានចំណងជើងថា « មានតែបុរសប៉ុណ្ណោះដែលត្រូវដាក់ពាក្យៈ ការរើសអើងផ្លូវភេទ ក្នុងសេចក្តីប្រកាសជ្រើសរើសបុគ្គលិក នៅប្រទេសចិន » (Only Men Need Apply: Gender Discrimination in Job Advertisements in China)។

របាយការណ៍នេះ បានរៀបចំយ៉ាងលម្អិតអំពីការប្រមាថរបស់ក្រុមហ៊ុនឯកជននិងស្ថាប័នសាធារណៈចិន ដែលក្នុងនោះមានដូចជាការជ្រើសរើសតែបុរសអោយចូលធ្វើការ​ និងតម្រូវអោយស្ត្រីដាក់ពាក្យចូលធ្វើការមានរូបរាងនិងសម្រស់ទាក់ទាញ។

របាយការណ៍នេះក៏បានលើកឡើងថា ការរើសអើងនៅក្នុងការជ្រើសរើសបុគ្គលិកអោយចូលបម្រើការងារ ជាហេតុផលមួយដែលធ្វើអោយចំនួនកម្លាំងពលកម្មស្ត្រីធ្លាក់ចុះ ហើយគម្លាតប្រាក់ខែរវាងស្រ្តីនិងបុរសមានការកើនឡើងកាន់តែខ្លាំង។

ក្រុមហ៊ុនបច្ចេកវិទ្យានិងក្រុមហ៊ុនលក់ផលិតផលតាមអ៊ីនធ័រនែតធំៗរបស់ចិន ដែលរួមមានក្រុមហ៊ុន Alibaba ផងនោះ ត្រូវបានរិះគន់នៅក្នុងរបាយការណ៍វិភាគនោះថា បានប្រកាសជាចំហក្នុងការជ្រើសរើសបុគ្គលិកដោយផ្តល់អាទិភាពទៅបុរស។

ក្រុមហ៊ុន Alibaba ក៏ត្រូវបានគេចោទប្រកាន់ថា បានប្រើទាក់ទាញរបស់បុគ្គលិកស្រី ដោយហៅពួកគេថាជា ស្រីស្អាតAli  និងជា​ទេពអប្សរ ក្នុងយុទ្ធនាការជ្រើសរើសបុគ្គលិកនៅលើបណ្ដាញចែកចាយសង្គម ។

ចំពោះរឿងនេះ ក្រុមហ៊ុន Alibaba បានលើកឡើងថា ខ្លួននឹងធ្វើការពិនិត្យឡើងវិញយ៉ាងតឹងរឹងលើការប្រកាសជ្រើសរើសបុគ្គលិក ដើម្បីធានាថាពួកគេគោរពតាមគោលនយោបាយសមភាពផ្លូវភេទរបស់ក្រុមហ៊ុន។

គួរបញ្ជាក់ដែរថា ប្រទេសចិន មានច្បាប់ហាមឃាត់ការរើសអើងផ្លូវភេទនេះ តែការអនុវត្តជាក់ស្ដែងអោយបានត្រឹមត្រូវតាមច្បាប់ពុំទាន់មាននោះទេ៕