អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ក្រោយចេញ​របាយការណ៍​ស៊ើបអង្កេត​តើ​គេ​អាច​ដឹងអ្វីខ្លះ​ពី​ករណី​បាត់យន្តហោះ​ម៉ាឡេស៊ី MH370?

ចុះផ្សាយ​នៅ​ថ្ងៃ៖

អស់រយៈពេល​ជាង៤ឆ្នាំមកហើយ ដែល​យន្តហោះម៉ាឡេស៊ី ជើងហោះហើរ​ MH370 បាន​បាត់សម្រោល​សូន្យឈឹង។ ក្រោយ​ពី​បាន​ធ្វើការ​ស៊ើបអង្កេត និង​​ស្វះស្វែង​រក​បំណែក​យន្តហោះ​អស់រយៈពេល​ជាង​៤ឆ្នាំ ក្រុមស៊ើបអង្កេត​ដឹកនាំ​ដោយ​ម៉ាឡេស៊ី បាន​ចេញផ្សាយ​ជាសាធារណៈ​នូវ​របាយការណ៍​ស៊ើបអង្កេត​ផ្លូវការ​របស់​ខ្លួន កាល​ពីថ្ងៃ​ចន្ទ ៣០កក្កដា។ តើ​គិត​មក​ទល់​នឹងពេលនេះ គេ​អាច​ដឹង​បាន​អ្វីខ្លះ ពី​ករណី​បាត់យន្តហោះនេះ?

របាយការណ៍ផ្លូវការ ស្តីពី​ការ​ស៊ើបអង្កេត​ករណី​បាត់យន្តហោះ​ MH370 ត្រូវ​បាន​អាជ្ញាធរ​ម៉ាឡេស៊ី​ចេញផ្សាយ​ជាសាធារណៈ នៅថ្ងៃ​ចន្ទ ទី៣០ ខែកក្កដា ឆ្នាំ២០១៨
របាយការណ៍ផ្លូវការ ស្តីពី​ការ​ស៊ើបអង្កេត​ករណី​បាត់យន្តហោះ​ MH370 ត្រូវ​បាន​អាជ្ញាធរ​ម៉ាឡេស៊ី​ចេញផ្សាយ​ជាសាធារណៈ នៅថ្ងៃ​ចន្ទ ទី៣០ ខែកក្កដា ឆ្នាំ២០១៨ © AFP
ផ្សាយពាណិជ្ជកម្ម

ករណី​បាត់យន្តហោះ​ម៉ាឡេស៊ី ជើងហោះហើរលេខ ៣៧០ ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​អាថ៌កំបាំង​ដ៏​ធំបំផុត​មួយ នៅ​ក្នុង​ប្រវត្តិ​នៃ​អាកាសចរណ៍​ស៊ីវិល ពីព្រោះ​ថា រហូត​មក​ទល់​នឹង​ពេលនេះ បើទោះបីជា​ក្រោយ​ការ​ចេញ​របាយការណ៍​ស៊ើបអង្កេត​ជា​ផ្លូវការ​ហើយ​ក៏ដោយ អ្វីដែល​គេ​អាច​ដឹង​បាន​ប្រាកដ​ច្បាស់​ដោយ​​មាន​តួលេខ និង​ភស្តុតាង​បញ្ជាក់​ច្បាស់លាស់​ គឺ​មានតិចតួចបំផុត ចំណែក​ឯ​អ្វី​ក្រៅពីនេះ គឺគ្រាន់តែ​ជា​សម្មតិកម្ម​តែ​ប៉ុណ្ណោះ ក្នុងពេល​ដែល​ទីតាំង​នៃ​​តួយន្តហោះ​នៅ​ទីណា​ពិតប្រាកដ ក៏​គេ​នៅតែ​មិន​អាច​កំណត់​បាន​នៅឡើយ។

គេអាច​ដឹង​បាន​ថា យន្តហោះម៉ាឡេស៊ី ជើងហោះហើរលេខ ៣៧០​នេះ ផ្ទុក​មនុស្ស ២៣៩នាក់ បាន​ហោះចេញ​ពី​​ទីក្រុង​គូឡាឡាំពួរ​ប្រទេស​ម៉ាឡេស៊ី នៅ​ម៉ោង ១២និង៤១នាទី រំលងអធ្រាត​ឈាន​ចូល​ថ្ងៃ​ទី៨​ ខែមីនា ឆ្នាំ២០១៤ សំដៅ​ទៅកាន់​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន។

ក្រោយ​ពី​ហោះចេញ​ពី​ព្រលានយន្តហោះ​បាន​​ប្រមាណ​ជា ៤០នាទី ហើយ​ហោះ​ទៅដល់​តំបន់​សមុទ្រ​​ស្ថិត​នៅ​ចន្លោះ​ពី​ប្រទេស​ម៉ាឡេស៊ី និង​ប្រទេស​វៀតណាម យន្តហោះ​ក៏​បាន​បាត់​ការទាក់ទង​ជាមួយ​នឹង​អ្នក​ត្រួតពិនិត្យ​ជើងហោះហើរ ដោយ​អ្នក​បើកបរ​យន្តហោះ​ក៏​មិន​អាចទាក់ទងបាន ចំណែក​ Transponder ដែល​ជា​ឧបករណ៍​សម្រាប់​បង្ហាញ​ពី​អត្តសញ្ញាណ និង​ទិន្នន័យ​ហោះហើរ​របស់​យន្តហោះ​ក៏​ត្រូវបិទលែង​ដំណើរការ។

គេ​មិនដឹង​ទេ​ថា​តើ Transponder នេះ​លែង​ដំណើរការ​ដោយសារ​តែ​បញ្ហា​បច្ចេកទេស ឬ​ក៏​ត្រូវ​អ្នក​ណា​បិទ? អ្វីដែល​គេ​អាច​ដឹង​បាន គឺ​នៅ​ក្រោយ​ពេល​ដែល​ Transponder នេះ​លែង​ដំណើរការ អ្នក​ត្រួតពិនិត្យ​ជើងហោះហើរ​លែង​អាច​កំណត់​បាន​ទៀត​ហើយ​អំពី​ទីតាំង រយៈកម្ពស់ ល្បឿន និង​ទិសដៅ​ហោះហើរ​របស់​យន្តហោះ។ ទោះជាយ៉ាងណា យន្តហោះ​នេះ​នៅតែ​បន្ត​ស្ថិត​ក្នុង​ រ៉ាដា​យោធា​របស់​ថៃ និង​ម៉ាឡេស៊ី ដែល​ជា​ប្រព័ន្ធ​រ៉ាដា​ទំនើប​ជាង​រ៉ាដាស៊ីវិល។

តាមរយៈ​រ៉ាដា​យោធា​នេះ គេ​អាច​កំណត់​បាន​ថា ក្រោយ​ពី​បាត់​ពី​រ៉ាដា​ស៊ីវិល យន្តហោះ​ម៉ាឡេស៊ី ៣៧០នេះ បាន​បត់ក្បាល​សំដៅ​ទៅ​ប្រទេស​ម៉ាឡេស៊ី​វិញ ក៏ប៉ុន្តែ មិនហោះ​ទៅ​កាន់​ទីក្រុង​គូឡាឡាំពួរ​នោះទេ តែ​បាន​បត់ស្តាំ ហើយ​ហោះទៅ​ទិស​ខាង​លិច សំដៅទៅកាន់​មហាសមុទ្រ​ឥណ្ឌា មុននឹង​ត្រូវ​បាត់ខ្លួន​ទាំងស្រុង​ពី​រ៉ាដា​យោធា នៅ​ត្រង់​ច្រកសមុទ្រ​ម៉ាឡាកា ស្ថិត​នៅ​ចន្លោះ​​ប្រទេស​ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី។

ចាប់តាំង​ពី​ពេលនោះ​មក គេ​លែង​អាច​កំណត់​បាន​ទៀតហើយ​ថា តើ​យន្តហោះ​នេះ​ហោះ​សំដៅ​ទៅ​ទិសដៅ​ណា​ពិតប្រាកដ។ ក៏ប៉ុន្តែ ទោះជាយ៉ាងណា គេ​នៅតែ​អាច​ដឹង​ថា យន្តហោះ​នេះ​មិនទាន់​ធ្លាក់​នៅឡើយទេ គឺ​​នៅ​តែ​បន្ត​ហោះហើរជាច្រើន​ម៉ោង​ក្រោយ​ពី​បាត់​ពី​រ៉ាដា​យោធា។ គេ​អាច​ដឹង​ដូចនេះ​បាន គឺ​ដោយសារ​តែ​ប្រព័ន្ធ​បញ្ជូន​សញ្ញា​ដោយស្វ័យប្រវត្តិ នៅតែ​បន្ត​បញ្ជូន​សញ្ញា​ និង​ទិន្នន័យ​ទាក់ទង​នឹង​ដំណើរការ​របស់​យន្តហោះ​ទៅ​ឲ្យ​ប្រព័ន្ធ​ផ្កាយរណប។ រហូត​ទាល់តែ​ដល់​ម៉ោង ៨និង១៩នាទីព្រឹក ពោលគឺ ជាង ៧ម៉ោង ក្រោយ​ពី​បាន​ហោះចេញ​ពី​គូឡាឡាំពួរ និង​ជិត ៦ម៉ោង ក្រោយ​ពី​បាត់​ពី​រ៉ាដា​យោធា ទើប​ប្រព័ន្ធ​បញ្ជូន​សញ្ញា​ដោយ​ស្វ័យប្រវត្តិ​​របស់​យន្តហោះ​នេះ បាន​បញ្ជូន​សញ្ញា​​​ជាលើកចុងក្រោយទៅកាន់​ប្រព័ន្ធផ្កាយរណប ហើយ​ដែល​គេ​សន្និដ្ឋាន​ថា​ជា​សញ្ញា​ចុងក្រោយ មុននឹង​យន្តហោះ​អស់សាំង ហើយ​ម៉ាស៊ីនយន្តហោះ​​លែង​ដំណើរការទាំងស្រុង។

រហូត​មកទល់នឹង​ពេលនេះ គេ​នៅតែ​មិន​អាច​ដឹង​ឲ្យ​ប្រាកដ ១០០% នៅឡើយទេ​ថា តើ​នៅ​ក្នុង​រយៈពេល ៦ម៉ោង ក្រោយ​ពី​បាត់​ខ្លួន​ទាំងស្រុង​ពី​រ៉ាដា​យោធា យន្តហោះ​ម៉ាឡេស៊ី ៣៧០​នេះ ហោះ​ទៅ​ទិសណា​ពិតប្រាកដ។ ប្រព័ន្ធ​បញ្ជូន​សញ្ញា​ដោយស្វ័យប្រវត្តិ​រវាង​យន្តហោះ និង​ផ្កាយរណប បញ្ជូន​តែ​ទិន្នន័យ​ទាក់ទង​នឹង​ដំណើរការ​ទូទៅ​របស់​យន្តហោះ​តែ​ប៉ុណ្ណោះ ដោយ​​មិនមាន​បញ្ជូន​ទិន្នន័យ​ទាក់ទង​នឹង​ទីតាំង​របស់​យន្តហោះ​នោះទេ។

ផែនទី​បង្ហាញ​ពីទីតាំង​ដែល​គេ​សន្និដ្ឋាន​ថា​ជាកន្លែង​ដែល​យន្តហោះ MH370 ធ្លាក់ ហើយ​ដែល​អាជ្ញាធរ​ម៉ាឡេស៊ី​កំណត់​ជា​តំបន់​ស្វែងរក​បំណែកយន្តហោះ
ផែនទី​បង្ហាញ​ពីទីតាំង​ដែល​គេ​សន្និដ្ឋាន​ថា​ជាកន្លែង​ដែល​យន្តហោះ MH370 ធ្លាក់ ហើយ​ដែល​អាជ្ញាធរ​ម៉ាឡេស៊ី​កំណត់​ជា​តំបន់​ស្វែងរក​បំណែកយន្តហោះ Wikimedia Commons

ក៏ប៉ុន្តែ អ្នកជំនាញរបស់​ក្រុមហ៊ុន​ផ្កាយរណប​អង់គ្លេស (Imarsat) បាន​ធ្វើការ​វិភាគ​ទៅលើ​ទិន្នន័យ​ផ្កាយរណប ហើយ​បាន​សន្និដ្ឋាន​ថា ក្រោយ​ពី​បាត់ពី​រ៉ាដាយោធា យន្តហោះ​ម៉ាឡេស៊ី ៣៧០​ ហោះសំដៅទៅកាន់​មហាសមុទ្រ​ឥណ្ឌា​ប៉ែក​ខាង​ត្បូង ហើយ​ទំនង​ជា​ត្រូវ​ធ្លាក់​​ទៅ​ក្នុង​សមុទ្រ ខាងកើត​ប្រទេស​អូស្រ្តាលី។ នៅ​តំបន់​នោះហើយ ដែល​​អាជ្ញាធរ​ម៉ាឡេស៊ី និង​អូស្រ្តាលី បាន​បើក​ប្រតិបត្តិការ​រុករក​បំណែកយន្តហោះ ក៏ប៉ុន្តែ រក​មិនឃើញ​រហូត​មក​ទល់​នឹង​សព្វថ្ងៃនេះ។

ទោះជាយ៉ាងណា បំណែក​យន្តហោះ​ចំនួន ៣ ដែល​គេ​អាច​កំណត់​បាន​យ៉ាង​ច្បាស់លាស់​ថា​ជា​បំណែក​ពី​យន្តហោះ​ម៉ាឡេស៊ី ៣៧០​នេះ ត្រូវ​បាន​គេ​រកឃើញ​ ក្នុងចន្លោះ​ពី​ឆ្នាំ២០១៥ និង​ឆ្នាំ២០១៦ ពោលគឺ ពី១ឆ្នាំ​ទៅ២ឆ្នាំ​ក្រោយ​ពី​យន្តហោះ​បាត់ ហើយ​បំណែក​អស់ទាំងនេះ​ត្រូវ​បាន​គេ​រកឃើញ​​នៅ​ខាង​ទ្វីប​អាហ្វ្រិក ពោលគឺ នៅប៉ែក​ខាង​ម្ខាងទៀត​នៃ​មហាសមុទ្រ​ឥណ្ឌា។

ការ​រកឃើញ​បំណែក​យន្តហោះនេះ អាច​ឲ្យ​គេ​សន្និដ្ឋាន​បាន​កាន់តែ​ច្បាស់​ថា យន្តហោះនេះ​បាន​ធ្លាក់​ទៅ​ក្នុង​សមុទ្រ ក៏ប៉ុន្តែ សួរ​ថា​តើ​ធ្លាក់​នៅ​ទីណា ហើយ​ដោយសារ​តែ​មូលហេតុអ្វី គេ​នៅតែ​មិន​ទាន់​អាច​ដឹង​បាន​នៅឡើយ។ សូម្បីតែ​របាយការណ៍​ស៊ើបអង្កេត​ផ្លូវការ ដែល​ចេញផ្សាយ កាល​ពីថ្ងៃចន្ទ​នេះ ក៏​មិន​អាចកំណត់​បាន​នៅឡើយដែរ អំពី​មូលហេតុ​ដែល​នាំ​​ទៅដល់​ការ​បាត់​យន្តហោះ​ដ៏​អាថ៌កំបាំងនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ