អានតួអត្ថបទ

ម៉ាឡេស៊ី​ថានឹង​បន្ត​ស្វែងរក​យន្តហោះ​ MH370 ប្រសិនបើ​មាន​សំណើសុំ​ច្បាស់លាស់​

នៅថ្ងៃ​អាទិត្យ​ ទី៣ មីនា​ រដ្ឋមន្រ្តី​ក្រសួង​ដឹកជញ្ជូន​ម៉ាឡេស៊ី​បាន​និយាយថា​ រដ្ឋាភិបាល​បើកផ្លូវ​ឲ្យមាន​ការស្វែងរក​យន្តហោះ​ MH370​ សាជាថ្មី​ម្តងទៀត​ ក្នុង​ករណី​ដែល​ក្រុមហ៊ុន​ជំនាញ​ខាងរុករក​ដាក់​សំណើ​សុំ​មួយ​ ប្រកប​ដោយ​ភាព​គួរឲ្យ​ជឿ​ទុកចិត្ត​បាន​។ ការលើកឡើង​របស់​មន្ត្រី​រដ្ឋាភិបាល​ម៉ាឡេស៊ី​នេះ​ ធ្វើឡើង​នៅឯពិធី​រំឭក​ខួប​ប្រាំឆ្នាំ​ នៃ​ការ​បាត់​យន្តហោះ​ MH370​ នៅក្នុងទីក្រុងគូឡាឡាំពួ។

ក្រុមគ្រួសាររបស់ជងរងគ្រោះកាន់ទៀនក្នុងអំឡុងពេលប្រារព្ធខួបទី៥ឆ្នាំនៃការបាត់យន្តហោះ MH370 នៅក្នុងក្រុងគូឡាឡាំពួប្រទេសម៉ាឡេស៊ី។
ក្រុមគ្រួសាររបស់ជងរងគ្រោះកាន់ទៀនក្នុងអំឡុងពេលប្រារព្ធខួបទី៥ឆ្នាំនៃការបាត់យន្តហោះ MH370 នៅក្នុងក្រុងគូឡាឡាំពួប្រទេសម៉ាឡេស៊ី។ REUTERS/Lai Seng Sin
ផ្សាយពាណិជ្ជកម្ម

មនុស្ស​រាប់រយនាក់​ បូករួម​ទាំង​សាច់ញាតិ​មួយចំនួន​របស់​ជនរងគ្រោះ​ ដែលជា​អ្នកដំណើរ​នៅលើ​យន្តហោះ​ MH370​ ផង​បាន​មកប្រមូលផ្តុំគ្នា​ នៅឯ​ផ្សារទំនើបមួយ​ក្នុងទីក្រុង​គូឡាឡាំពួ​ នៅថ្ងៃអាទិត្យ​ ទី៣​ មីនា​ ដើម្បី​រំឭក​ខួប​នៃ​ការ​បាត់យន្តហោះ​នេះ​។

ទោះបីជា​បាត់ខ្លួនទៅ​អស់រយៈពេល​៥ ឆ្នាំ​កន្លងមក​ហើយក្តី​ ក៏​រហូត​មកទល់នឹង​បច្ចុប្បន្ននេះ​ អាជ្ញាធរម៉ាឡេស៊ី​នៅ​មិនទាន់​អាចប្រាប់​នៅឡើយ​ពី​មូលហេតុ​ជាក់លាក់​ ដែលនាំ​ឲ្យយន្ត​ហោះម៉ាឡេស៊ី​មួយនេះ​បាត់​ខ្លួន​។ លើសពីនេះ​ទៅទៀត​ សូម្បីតែ​សាកសព​របស់​យន្តហោះ​ MH370 ក៏​គេ​នៅ​មិនបាន​ទាន់ស្វែងរក​ឃើញដែរ​។

គួររំឭកជូនថា​ យន្តហោះ​ម៉ាឡេស៊ី​ MH370​ បាន​បាត់ខ្លួន​យ៉ាងសម្ងាត់ទៅ​ កាលពី​ខែមីនា​ ឆ្នាំ២០១៤​ ដោយ​បាន​នាំយកទៅ​ជាមួយ​ផងដែរ​នូវអ្នកដំណើរ​ចំនួន​ ២៣៩ នាក់​ ដែល​ភាគច្រើន​ជា​ជនជាតិចិន​ និង​ធ្វើដំណើរ​ចេញពី​ទីក្រុង​គូឡាឡាពួ​ ទៅកាន់​ទីក្រុង​ប៉េកាំង។

ក្រោយ​ហេតុការណ៍​នេះភ្លាម​ អាជ្ញាធរ​ម៉ាឡេស៊ី​ បាន​ខិតខំ​ប្រឹងប្រែង​ស្វះស្វែង​រក​ យន្តហោះ​ MH370​ ដែរ​ តែ​នៅតែ​មិនអាច​រកឃើញ​។ គ្មានសញ្ញា​ ឬ​ពន្លឺអ្វី​ ត្រូវ​បាន​ក្រុម​អ្នកស្វែងរក​អូស្ត្រាលី​ រកឃើញ​នៅក្នុង​ដែនស្រាវជ្រាវ​ នៅឯ​មហាសមុទ្រ​ឥណ្ឌា​ក្នុង​ទំហំ​ ១២ ម៉ឺន​គីឡូម៉ែត្រ​ការ៉េ​ឡើយ​។ ទំហំនៃ​ការស្រាវជ្រាវ​ ដឹកនាំ​ដោយ​អ្នកជំនាញ​អូស្ត្រាលីនេះ​ គឺ​ជា​ការរុករក​ក្នុងទំហំ​ដ៏ធំ​ជាងគេ​បំផុតមួយ​ ក្នុង​ប្រវត្តិសាស្ត្រ​អាកាសចរណ៍​ ហើយ​ប្រតិបត្តិការនេះ​ត្រូវបាន​ផ្អាក​នៅខែ​មករា​ ឆ្នាំ ២០១៧​។

បន្ទាប់មកទៀត​ ក្រុមហ៊ុន​រុករក​របស់​អាមេរិក​ឈ្មោះ​ Ocean Infinity កាលពីឆ្នាំទៅមិញ​ បានចាប់​ផ្តើមប្រតិបត្តិការ​ ស្វែងរក​យន្តហោះ​ MH370 សាជាថ្មី​ ដោយ​ប្រើ​យន្តហោះ​គ្មានមនុស្សបើក​ ទៅរុករក​ដល់​បាតសមុទ្រ​ ប៉ុន្តែ​នៅតែ​មិនអាចរកឃើញ​យន្តហោះ​នោះទៀត​។ ក្នុងរយៈពេល​៥ ឆ្នាំ កន្លង​មកនេះ​ មានតែ​បំណែក​មួយចំនួន​នៃ​យន្តហោះ​ MH370 ប៉ុណ្ណោះ ​ត្រូវបាន​រកឃើញ​ នៅលើ​ឆ្នេរ​មហាសមុទ្រ​ឥណ្ឌា​ភាគខាងលិច​ ហើយ​បំណែក​ចំនួនពីរ​ ត្រូវបាន​គេដាក់​បង្ហាញ​ជាលើកដំបូង​នៅ​ស្តូបអនុស្សាវរីយ៍​នៅថ្ងៃអាទិត្យ​ ទី៣ មីនា ឆ្នាំ២០១៩​។

ទាក់ទងរឿងនេះដែរ​ រដ្ឋមន្រ្តី​ដឹកជញ្ជូន​ម៉ាឡេស៊ី​ បាននិយាយ​នៅក្នុង​ពិធីរំឭកខួប​ប្រាំឆ្នាំ​ នៃការ​បាត់យន្តហោះ​ MH370​ ថា​ រដ្ឋាភិបាល​មិនមាន​គម្រោង​ធ្វើការ​ស្វែងរក​ថ្មីទៀត​នោះទេ​ តែថា​រដ្ឋាភិបាល​បើកចំហរ​ចំពោះ​សំណើសុំ​ ដើម្បី​រុករក​យន្តហោះ​នេះ​។ លោក​បាន​បញ្ជាក់បន្ថែមថា​ ប្រសិនណាបើ​មានអ្នកដាក់សំណើ​គួរឲ្យ​ជឿទុកចិត្តបាន​ ឬ​ក៏មាន​សំណើ​ណាមួយ​ជាពិសេស​ពី​ក្រុមហ៊ុន​អាមេរិក​ Ocean Infinity រដ្ឋាភិបាលម៉ាឡេស៊ី​ នឹង​ពិចារណា​លើ​ការស្នើសុំនោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ