អានតួអត្ថបទ

សម្តេចប៉ាបហ្រ្វង់ស័រ ធ្វើទស្សនកិច្ចទៅប្រទេសម៉ារ៉ុកដើម្បីលើកកម្ពស់សន្តិភាពពិភពលោក

នៅថ្ងៃសៅរ៍ ទី​៣០ មីនា ប្រមុខសង្ឃ​កាតូលិក​សម្តេចប៉ាប​ហ្រ្វង់ស័រ បានធ្វើដំណើរទៅដល់ប្រទេសម៉ារ៉ុកជាលើកដំបូងបង្អស់ ក្នុងគោលបំណងលើកកម្ពស់វប្បធម៌សន្ទនា រវាងអ្នកកាន់សាសនាខុសគ្នា និងប្រយុទ្ធប្រឆាំងទៅនឹងនិន្នាការជ្រុលនិយម។ សម្តេចប៉ាប ត្រូវបានទទួលស្វាគមន៍យ៉ាងរាក់ទាក់ និងអធិកធមជាខ្លាំង នៅក្នុងប្រទេសម៉ារ៉ុក ដែលមានប្រជាពលរដ្ឋសរុបចំនួន ៩៩ ភាគរយ ជាអ្នកកាន់សាសនាអ៊ីស្លាម។

សម្តេចប៉ាបហ្វ្រង់ស័រ និងស្តេចម៉ារ៉ុកមហាមេដទី៦ នៅក្នុងទៅក្រុងរ៉ាបា ប្រទេសម៉ារ៉ុក នៅថ្ងៃទី៣០ មីនា ឆ្នាំ២០១៩។
សម្តេចប៉ាបហ្វ្រង់ស័រ និងស្តេចម៉ារ៉ុកមហាមេដទី៦ នៅក្នុងទៅក្រុងរ៉ាបា ប្រទេសម៉ារ៉ុក នៅថ្ងៃទី៣០ មីនា ឆ្នាំ២០១៩។ REUTERS/Remo Casilli
ផ្សាយពាណិជ្ជកម្ម

ដំណើរទស្សនកិច្ចរបស់សម្តេចប៉ាបហ្វ្រង់ស័រ ទៅកាន់ប្រទេសម៉ារ៉ុករយៈពេល២ថ្ងៃ ធ្វើឡើងស្របទៅតាម ការគោរពអញ្ជើញ របស់ស្តេចម៉ារ៉ុកម៉ូហាមេដទី៦ ក្នុងគោលបំណងជំរុញទំនាក់ទំនង និងកិច្ចសន្ទនាល្អប្រសើររវាងគ្នា ទោះបីជាមានជនឿសាសនាខុសគ្នាក៏ដោយ។ នេះបើតាមព័ត៌មានដែលប្រកាសឲ្យដឹងដោយអាជ្ញាធរម៉ារ៉ុក។

គួរជ្រាបថា នេះគឺជាដំណើរទសស្សនកិច្ចដំណើរបង្អស់ហើយ របស់សមេដឹកនាំសាសនាកាតូលិក ទៅកាន់ប្រទេសប្រទេសអាហ្វ្រិកខាងជើង ក្នុងរយៈពេល ៣៤ ឆ្នាំ ពោលគឺចាប់តាំងពីការយាងទៅរបស់សម្តេចប៉ាប John Paul II នាឆ្នាំ ១៩៨៥ មក។

ក្រោយពេលទៅដល់ប្រទេសម៉ារ៉ុក សម្តេចប៉ាបហ្វ្រង់ស័រ បានមានថ្លែងទៅកាន់ពលរដ្ឋម៉ារ៉ុក រាប់ពាន់អ្នកនៅក្នុងទីក្រុង Rabat អំពីសារៈសំខាន់នៃការប្រយុទ្ធប្រឆាំងទៅនឹងគំនិតជ្រុលនិយម ដែលជានិន្នាការកំពុងរីករាលដាលខ្លាំង និងជាក្តីបារម្ភសម្រាប់ពិភពលោកនាពេលបច្ចុប្បន្ន។

ក្រៅពីនេះ សម្តេចប៉ាបក៏បានមានប្រសាសន៍ផងដែរ ជំរុញឲ្យមានការលើកកម្ពស់ នូវវប្បធម៌សន្ទនា ការដោះស្រាយបញ្ហាដោយសន្តិវិធី រវាងអ្នកកាន់សាសនាខុសគ្នា ឬរវាងក្រុមមាននិន្នាការផ្ទុយគ្នា ដើម្បីបញ្ចៀសរាល់ជម្លោះ ឬអំពើហិង្សានានា។ បន្ថែមលើនេះ សម្តេចប៉ាបក៏បានជំរុញលើកកម្ពស់ សេរីភាពផ្នែកមនសិការ ព្រមទាំងសេរីភាពសាសនាផងដែរ និងថាទាំងនេះ គឺជាមូលដ្ឋាននៃសេចក្តីថ្លៃថ្នូររបស់មនុស្សលោក។

គួរជ្រាបដែរថា ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ច រយៈពេលពីរថ្ងៃ ប្រមុខសង្ឃ​កាតូលិក​ ក៏នឹងជួបសំណេះសំណាលផងដែរជាមួយនឹង ក្រុមអ្នកកាន់សាសនាអ៊ីស្លាមប្រមាណជា ១ ៣០០ នាក់ ដែលកំពុងសិក្សាដើម្បីក្លាយជាគ្រូបង្រៀន និងមេដឹកនាំសាសនានេះ។

ទាក់ទងរឿងនេះដែរ បើតាមអ្នកនាំពាក្យរបស់បុរីវ៉ាទីកង់ ជំនួបជាមួយក្រុមអ្នកសិក្សាដែលអនាគតនឹងក្លាយជាគ្រូបង្ហាត់បង្រៀន​និងមេដឹកនាំសាសនាអ៊ីស្លាម គឺជាវាជាព្រឹត្តិការណ៍ដ៏សំខាន់មួយ។ វាសំខាន់ ពីព្រោះថានេះគឺជាលើកទីមួយហើយ ដែលសម្តេចប៉ាបម្នាក់ ត្រូវបានទទួលស្វាគមន៍ដោយវិទ្យាស្ថានបណ្តុះបណ្តាលសាសនាអ៊ីស្លាម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ