អានតួអត្ថបទ

អគ្គនាយិកា ​RFI ​ត្រូវ​អស់តំណែង​ដោយសារតែ​កំហុស​នីតិវិធី​រដ្ឋបាល

បុគ្គលិក​របស់​វិទ្យុបារាំង​អន្តរជាតិ (RFI) ក៏ដូចជា​​ស្ថាប័ន​ព័ត៌មាន “ហ្វ្រង់មេឌីយ៉ាម៉ុង” (France Médias Monde) ទាំងមូល មាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង នៅថ្ងៃ​ពុធ​នេះ ក្រោយ​ពី​ទទួល​ដំណឹង​ថា អគ្គនាយិកា​របស់​ខ្លួន គឺ​លោកស្រី ម៉ារីគ្រីស្ទីន សារ៉ាហ្គោស (Marie-Christine Saragosse) ត្រូវ​អស់តំណែង ដោយសារ​តែ​មាន​បញ្ហា​ក្នុង​បែបបទ​រដ្ឋបាល។ មូលហេតុ គឺ​ដោយសារ​តែ​លោកស្រី​មិន​បាន​បំពេញ​បែបបទ​ប្រកាស​ទ្រព្យសម្បត្តិ​មុនកាល​កំណត់។

លោកស្រី ម៉ារីគ្រីស្ទីន សារ៉ាហ្គោស (Marie-Christine Saragosse)
លោកស្រី ម៉ារីគ្រីស្ទីន សារ៉ាហ្គោស (Marie-Christine Saragosse) RFI / Pascal Gely
ផ្សាយពាណិជ្ជកម្ម

ព័ត៌មាន​ស្តីពី​មោឃភាព​នៃ​អាណត្តិ​​របស់​លោកស្រី​ម៉ារីគ្រីស្ទីន សារ៉ាហ្គោស ត្រូវ​បាន​លោកស្រី​ប្រកាស​ឲ្យដឹង​ដោយ​ខ្លួនឯងផ្ទាល់​ តាមរយៈ​អ៊ីមែល​ផ្ញើ​ទៅកាន់​បុគ្គលិក​ នៅ​ម៉ោង ១០ និង​៣៤នាទី​យប់ថ្ងៃ​អង្គារ​ម្សិលមិញ។ នៅ​ក្នុង​អ៊ីមែល​នេះ លោកស្រី​​​បាន​​លើកឡើង​ថា លោកស្រី​ក៏ “​ភ្ញាក់ផ្អើល និង​ស្រឡាំងកាំង​” ផងដែរ នៅពេល​ដឹង​ពី​​​មោឃភាព​នេះ។

លោកស្រី​បាន​ធ្វើការ​ពន្យល់ថា លោកស្រី​ខកខាន​មិន​បាន​បំពេញ​បែបបទ​ប្រកាស​ទ្រព្យសម្បត្តិ មុនថ្ងៃ​ទី៥​ធ្នូ ឆ្នាំ២០១៧ ទៅតាម​ការ​កំណត់​​ដោយ​ច្បាប់ ក្រោយ​ពី​តំណែង​របស់​លោកស្រី ជា​អគ្គនាយិកា​ហ្វ្រង់មេឌីយ៉ាម៉ុង (ស្ថាប័ន​ព័ត៌មាន​រដ្ឋ​បារាំង គ្រប់គ្រង​ទាំង​វិទ្យុបារាំង​អន្តរជាតិ RFI និង​ទាំង​ទូរទស្សន៍ France 24) ​ត្រូវ​បាន​បន្ត​មួយ​អាណត្តិ​ទៀត សម្រាប់​រយៈពេល ៥ឆ្នាំ។ ក៏ប៉ុន្តែ​លោកស្រី​អះអាង​ថា ការខកខាន​នេះ គ្រាន់តែ​ជា​កំហុស​អចេតនាតែ​ប៉ុណ្ណោះ។

លោកស្រី​​សារ៉ាហ្គោស​បាន​បកស្រាយ​ថា ចាប់តាំង​ពី​លោកស្រី​ឡើងកាន់​តំណែង​​នៅ​ឆ្នាំ២០១២​មក លោកស្រី​ធ្លាប់​បាន​បំពេញ​បែបបទ​ប្រកាស​ទ្រព្យសម្បត្តិ​នេះ​ពីរលើក​រួចមកហើយ ដោយ​រាល់​លើក គឺ​ខាង​ស្ថាប័ន​ពាក់ព័ន្ធ​ជា​អ្ន​កផ្ញើ​សំណុំ​បែបបទ​មក​ឲ្យ​លោកស្រី​បំពេញ មុននឹង​ផ្ញើ​ត្រឡប់​ទៅវិញ។ ក៏ប៉ុន្តែ នីតិវិធី​រដ្ឋបាល​នេះ​ទើប​នឹង​ត្រូវ​បាន​កែប្រែ​ថ្មី ពោលគឺ លែង​មាន​ការ​ផ្ញើ​សំណុំបែបបទ​ពី​ខាង​អាជ្ញាធរ​ដូចមុន​ទៀតហើយ ដោយ​សាមីខ្លួន​ត្រូវ​ផ្តួចផ្តើម​គំនិត​ធ្វើ​ដោយ​ខ្លួនឯង តាមរយៈ​បែបបទ​ប្រកាស​ទ្រព្យសម្បត្តិ ដែល​មាន​នៅលើ​វិបសៃត៍​។

លោកស្រី​សារ៉ាហ្គោស​បាន​អះអាង​នៅ​ក្នុង​អ៊ីមែល​ផ្ញើ​ទៅកាន់​បុគ្គលិក​ថា លោកស្រី​ "មិនបាន​ដឹង​" ពី​ការកែប្រែ​នីតិវិធី​​នេះ ហើយ​ចេះតែ​ចាំ​សំណុំបែបបទ​ពីអាជ្ញាធរ​ រហូត​ដល់​ផុត​ថ្ងៃ​កំណត់ ទើប​ធ្វើ​ឲ្យ​ការ​តែងតាំង​លោកស្រី កាល​ពីថ្ងៃ​ទី៥តុលាត្រូវអស់សុពលភាព​ដោយ​ស្វ័យប្រវត្តិ។

ទោះជាយ៉ាងណា​ នេះ​គឺ​ជា​រឿង​ដែល​មិនធ្លាប់មាន ហើយ​ក្រុមប្រឹក្សា​ភិបាល​របស់​ហ្វ្រង់មេឌីយ៉ាម៉ុង​ត្រូវ​កោះប្រជុំ​វិសាមញ្ញ​​និង​បន្ទាន់មួយ នៅថ្ងៃ​ពុធ​នេះ ដើម្បី​ជជែក​​អំពី​ការ​គ្រប់គ្រង​ស្ថាប័ន​​ជា​បណ្តោះ​អាសន្ន ក្នុងពេល​រង់ចាំ​ការតែងតាំង​អគ្គនាយក​ថ្មី។ ជាគោលការណ៍ លោកស្រី​ម៉ារីគ្រីស្ទីន សារ៉ាហ្គោស អាច​នឹង​ឈរឈ្មោះ​ជា​បេក្ខនារី ហើយ​អាច​នឹង​ទទួល​ការ​តែងតាំង​សាជាថ្មី ក៏ប៉ុន្តែ នីតិវិធី​នៃ​ការ​តែងតាំង​នេះ​នឹង​ត្រូវ​ចាប់ផ្តើម​ពីចំណុចសូន្យឡើងវិញ ហើយ​ដែល​អាច​នឹង​ត្រូវ​ចំណាយ​ពេល​រហូតដល់​ទៅ​រាប់ខែ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ