rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ម៉ាឡេស៊ី សិង្ហបុរី

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

លោក​មហាធៀរ​ប្រកាស​លុបចោល​គម្រោង​សង់​ផ្លូវ​រថភ្លើង​ល្បឿនលឿន​ម៉ាឡេស៊ី-សិង្ហបុរី

media
លោក​មហាធៀរ មហាម៉ាត់ នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី REUTERS/Athit Perawongmetha

លោក​មហាធៀរ មហាម៉ាត់ នាយករដ្ឋមន្រ្តីថ្មី​របស់​ម៉ាឡេស៊ី បាន​ប្រកាស​ឲ្យដឹង​នៅថ្ងៃ​ចន្ទ​នេះ​ថា លោក​នឹង​លុបចោល​គម្រោង​សាងសង់​ផ្លូវ​រថភ្លើង​ល្បឿនលឿន តភ្ជាប់​ទៅកាន់​​ប្រទេស​សិង្ហបុរី ដែល​អនុម័ត​ដោយ​រដ្ឋាភិបាល​របស់​លោក​ណាជីប។ ការ​លុបចោល​គម្រោង​នេះ​អាច​ជា​សញ្ញា​បង្ហាញ​ពី​ដំណើរ​វិវឌ្ឍ​ទៅរក​ភាព​រកាំរកូស នៅ​ក្នុង​ទំនាក់ទំនង ម៉ាឡេស៊ី-សិង្ហបុរី ដូចកាល​ពី​ពេល​ដែល​លោក​មហាធៀរ​ធ្លាប់​កាន់​អំណាច កាល​ពីមុន។


លោក​មហាធៀរ​ មហាម៉ាត់​​ បាន​ឲ្យដឹង​ថា លោក​សម្រេច​លុបគម្រោង​សាងសង់​ផ្លូវ​រថភ្លើង​ល្បឿនលឿន​នេះ ពីព្រោះ​ថា គម្រោងនេះ “មិនផ្តល់​ផលចំណេញ​ដល់​ម៉ាឡេស៊ី” ហើយ​ថា វា​ជា​បន្ទុក​ចំណាយ​ដ៏ច្រើន​​សន្ធឹកសន្ធាប់សម្រាប់​ម៉ាឡេស៊ី ដោយ​គ្មានរំពឹង​ថា​នឹង​រក​ចំណូល​បាន​មក​វិញទាល់តែ​សោះ។

គួររំឭកឡើងវិញ​ថា ម៉ាឡេស៊ី និង​សិង្ហបុរី​បាន​ចុះ​កិច្ចព្រមព្រៀង​សាងសង់​ផ្លូវ​រថភ្លើង​ល្បឿនលឿន​នេះតាំងពី​ឆ្នាំ២០១៦ ពោលគឺ តាំង​ពី​ពេល​ដែល​លោក​ណាជីប​នៅ​ជា​នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី។ តាមគម្រោង ផ្លូវរថភ្លើងប្រវែង ៣៥០​គីឡូម៉ែត្រ​នេះ ​នឹង​ត្រូវ​សាងសង់​ចប់សព្វគ្រប់​នៅ​ឆ្នាំ២០២៦​ ដើម្បី​កាត់បន្ថយ​ពេល​ធ្វើ​ដំណើរ រវាង​ទីក្រុង​គូឡាឡាំពួ និង​សិង្ហបុរី ដែល​បច្ចុប្បន្ន​ត្រូវ​ចំណាយពេល ៥ម៉ោង តាម​ឡាន ឲ្យ​មក​នៅ​ត្រឹម ៩០នាទី។ ទំហំទឹកប្រាក់​ដែល​ត្រូវ​ចំណាយ​ក្នុង​គម្រោង​នេះ​មិន​ត្រូវ​បាន​គេ​បង្ហាញ​ជា​ផ្លូវការ​នោះទេ តែ​កន្លងមក​​អ្នកជំនាញ​ធ្លាប់​បាន​ធ្វើការ​ប៉ាន់​ស្មាន​ថា វា​នឹង​ត្រូវ​ចំណាយ​លុយ​រហូតដល់​ទៅ​ប្រមាណ​ជា ១៥ពាន់លាន​ដុល្លារ​អាមេរិក។

សម្រាប់​លោក​មហាធៀរ ការ​លុបចោល​គម្រោង​នេះ គឺ​ជា​ផ្នែកមួយ នៃ​យុទ្ធនាការ​របស់​លោក ដើម្បី​ស្តារ​ឡើងវិញ​នូវ​ថវិកា​ជាតិ ដែល​លោក​គិតថា កំពុងតែ​ធ្លាក់​ចុះ​ដុនដាប់ខ្លាំង ក្រោយ​ពី​រដ្ឋាភិបាល​របស់​លោក​ណាជីប​ត្រូវ​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​អាស្រូវ​ពុករលួយ។

លោក​មហាធៀរ​ធ្លាប់​បាន​លើកឡើង​ថា នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក​ណាជីប បំណុល​សាធារណៈ​របស់​ម៉ាឡេស៊ី បាន​កើនឡើង​រហូត​ទៅដល់ ២៥១ពាន់លាន​ដុល្លារ​អាមេរិក ហើយថា លោក​នឹង​ធ្វើការ​សើរើ​មើល​ឡើងវិញ​ នូវ​រាល់​គម្រោង​ដែល​អនុម័ត​ដោយ​រដ្ឋាភិបាល​របស់​លោក​ណាជីប។

ក៏ប៉ុន្តែ ទោះជាយ៉ាងណា ការ​លុបចោល​គម្រោង​ផ្លូវ​រថភ្លើង​ជាមួយ​សិង្ហបុរី អាច​នឹង​ជះផលវិបាក​​ទៅដល់​ទំនាក់ទំនង រវាង​ម៉ាឡេស៊ី និង​សិង្ហបុរី ដែល​ភាគច្រើន​តែងតែ​មើល​មុខគ្នា​មិនចំ​ស្រាប់ ចាប់តាំង​ពី​សិង្ហបុរី​ត្រូវ​បែកចេញ​ពី​សហព័ន្ធ​ម៉ាឡេស៊ី ទៅ​បង្កើត​រដ្ឋឯករាជ្យ កាល​ពី​ឆ្នាំ១៩៦៥។ គេ​សង្កេតឃើញ​ថា ភាពរកាំរកូស រវាង​ប្រទេស​ទាំងពីរ​នេះ តែងតែ​កើតមាន​ខ្លាំង ​ញឹកញាប់ និង​ស្ទើរតែ​គ្រប់​រឿង នៅ​ក្នុង​​អំឡុង​ពេល​ដែល​លោក​មហាធៀរ​ធ្វើ​ជា​នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី​កាល​ពី​លើក​ដំបូង គឺ​ពី​ឆ្នាំ១៩៨១ ដល់​ឆ្នាំ២០០៣ មុននឹង​ស្គាល់ភាព​ធូរស្រាល​មកវិញ នៅ​ក្នុង​អាណត្តិ​របស់​លោក​ណាជីប៕