rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

អង្គការ​សហប្រជាជាតិ ភូមា ជនជាតិ​ភាគតិច ជនភៀសខ្លួន សាសនា

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

អ្នកស្រី​ Angelina Jolie ទាមទារឲ្យ​​ភូមា​បញ្ឃប់​រាល់​អំពើហិង្សា​លើ​ក្រុម​រ៉ូហ៊ីងយ៉ា​

media
អ្នកស្រី Angelina Jolie នៅឯជំរុំជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ក្នុងទីក្រុង Cox's Bazar ប្រទេសបង់ក្លាដែស នាថ្ងៃទី ៥ កុម្ភៈ ឆ្នាំ២០១៩។ REUTERS/Stringer NO RESALES

ភូមា​ត្រូវតែមានឆន្ទៈ​ពិតប្រាកដ​ ក្នុងការ​បញ្ចប់​នូវរាល់​ការធ្វើទុក្ខបុកម្នេញ​ ដែលបាន​រុញច្រានឲ្យ​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​ កាន់សាសនាអ៊ីស្លាម​ រាប់សែននាក់​រត់ភៀសខ្លួន​ទៅកាន់​ប្រទេសបង់ក្លាដែស​។ នេះ គឺជាការលើកឡើង របស់តារា​​ហូលីវូដ​ដ៏ល្បីល្បាញ​ គឺ​អ្នកស្រី Angelina Jolie នៅថ្ងៃអង្គារ​ ទី៥​ កុម្ភៈ​ ឆ្នាំ២០១៩​ ក្នុងពេល​ជួបសួរ​សុខទុក្ខ​ក្រុមរ៉ូហ៊ីងយ៉ា​ ក្នុងប្រទេស​បង់ក្លាដែស​។


អ្នកស្រី​Angelina Jolie បាននិយាយថា​ វា​គឺជារឿង​ដ៏សោកសៅបំផុត​ នៅពេល​បានដឹងឮ​ អំពី​រឿងរ៉ាវជីវិត​របស់​ក្រុម​ជនជាតិភាគតិចរ៉ូហ៊ីយ៉ា​ដែលរងទុក្ខ​ដោយសារ​អំពើហិង្សា។ ​ហិង្សា​ ដែលត្រូវពួកយោធាភូមា កាប់សម្លាប់ វាយធ្វើបាប និងចាត់ទុកដូចសត្វធាតុ។

ទន្ទឹមគ្នានេះ​ តារាភាពយន្ត​​អាមេរិក​មានសញ្ជាតិខ្មែរ​រូបនេះ​បានលើកឡើង​ ដោយទឹកមុខមាំ​ជំរុញឲ្យ​ អាជ្ញាធរភូមា​បង្ហាញនូវ​ការតាំងចិត្ត​ខ្ពស់​ និង​ប្រកប​ទឹកចិត្តស្មោះសរ​ពិតប្រាកដ​ ក្នុងការ​បញ្ឃប់​នូវ​រាល់​ការ​ធ្វើទុក្ខបុកម្នេញ​ទាំងឡាយ​ ទៅលើ​ជនជាតិភាគតិច​រ៉ូហ៊ីងយ៉ា​។ បន្ថែមលើនេះ អ្នកស្រីក៍ជំរុញ​ផងដែរ​ ឲ្យ​យោធាភូមា​ជំនួសមកវិញ​នូវ​លក្ខខណ្ឌ​រស់នៅ​សមរម្យ​ និង​ប្រកដដោយ​សុវត្តិភាព​ សម្រាប់​សហគមន៍នានា​ ដែល​រស់​នៅក្នុងរដ្ឋរ៉ាឃីន។

មួយវិញទៀត​ អ្នកស្រី​Jolie​ បាន​និយាយដោយទទូចថា​ ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​ ចង់ត្រលប់​ទៅរស់នៅ​ ក្នុងភូមិឋាន​របស់ពួក​គេវិញ​។ វាក៏​ដល់ពេល​ហើយ​ ដែលពួកគេ​ គួរ​អាចធ្វើដំណើរ​ត្រលប់​ទៅកាន់​ផ្ទះសម្បែង​របស់​ពួកគេ​វិញ​ នៅឯរដ្ឋរ៉ាឃីន ក្នុងប្រទេសភូមា។ ប៉ុន្តែ​ពួកគេ​អាចត្រលប់ទៅកាន់​ទឹកដី​កំណើតវិញ​បាន​ ល្គឹកណាតែ​សុវត្តិភាព​និងសិទ្ធិសេរីភាព​ របស់​ពួកគេ​ត្រូវបាន​ធានា​ជាមុនសិន​។

ជាមួយគ្នានេះ​ អ្នកស្រី​ Jolie​ ក៏បាន​គូសបញ្ជាក់​យ៉ាងច្បាស់​ទៀតថា​ អ្នក​ដែល​មាន​ទំនួលខុសត្រូវ​ ក្នុងការ​ធានាឲ្យបាន​នូវសុខ​សុវត្តិភាព​ និង​សិទ្ធិសេរីភាព​ សម្រាប់​ក្រុមរ៉ូហ៊ីងយ៉ា​ គឺគ្មានអ្នកណាក្រៅពី​ រដ្ឋាភិបាល​ និង​ក្រុមយោធា​ភូមា​នោះទេ​។

សូមជម្រាបជូនថា​ នេះ​ជាលើកទី៣​ ហើយ​ ដែល​តារា​ Angelina Jolie​ បានជួបផ្ទាល់​ជាមួយ​ជនភៀស​ខ្លួនរ៉ូហ៊ីងយ៉ា​ ក្នុងនាមជា​បេសកជន​របស់​ អ.ស.ប​ ទទួលបន្ទុក​កិច្ចការ​ជនភៀសខ្លួន​។

ជំនួប​លើកនេះ​ ធ្វើឡើង​ មុនពេល​ដែល​ អ.ស.ប​ រៃ​អង្គាស​ថវិកា​ចំនួនប្រមាណជា​ មួយ​ពាន់​លានដុល្លារសហរដ្ឋអាមេរិក​ ដើម្បី​ជួយដល់​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ ចំនួន​ប្រមាណជា​មួយលាននាក់​ ដែល​កំពុងស្នាក់នៅ​ក្នុងជំរុំ​ នៅឯទីក្រុង​ Cox's Bazar.នៃ​ប្រទេស​បង់ក្លាដែស​។

មួយវិញទៀត​ បើតាម​សេចក្តីថ្លែងការណ៍​របស់​អ.ស.ប​ អ្នកស្រី​ Jolie​ នឹងបញ្ចប់​បេសកម្ម​របស់​អ្នកស្រី​នៅថ្ងៃពុធ​ ទី៦​ កុម្ភៈ​ ឆ្នាំ២០១៩​ ដោយ​ជួប​ពិភាក្សា​ជាមួយ​នឹង​នាយករដ្ឋមន្ត្រី​ ព្រមទាំង​មន្ត្រីជាន់ខ្ពស់​បង់ក្លាដែស​ជាច្រើននាក់ទៀត​។ កិច្ចពិភាក្សានេះ​ផ្តោត​ទៅលើ​យុទ្ធវិធី​ប្រកប​ដោយ​ប្រសិទ្ធភាពខ្ពស់​ ដែល​ភ្នាក់ងារ​របស់​អ.ស.ប​ អាច​ជួយ​ប្រទេសបង់ក្លាដែស​បាន​ ក្នុង​ដំណើរការ​ដោះស្រាយ​បញ្ហា​របស់​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​៕