ផ្ទុះការតវ៉ានៅភូមា ប្រឆាំងការធ្វើមាតុភូមិនិវត្តន៍ក្រុមរ៉ូហ៊ីងយ៉ាទៅភូមាវិញ
ប្រជាជនភូមា ដែលជាអ្នកកាន់សាសនាព្រះពុទ្ធនៅក្នុងរដ្ឋរ៉ាឃីន កាលពីថ្ងៃអាទិត្យ ទី២៥ វិច្ឆិកា ម្សិលមិញនេះ បាននាំគ្នាធ្វើបាតុកម្មជំទាស់ ទៅនឹងការធ្វើមាតុភូមិនិវត្តន៍ ជនជាតិរ៉ូហ៊ីងយ៉ា ដែលជាអ្នកកាន់សាសនាអ៊ីស្លាម មកកាន់ប្រទេសភូមាវិញ។ បាតុកម្មនេះដឹកនាំដោយព្រះសង្ឃពុទ្ធសាសនា និងមានមនុស្សប្រមាណជា ១០០នាក់ចូលរួម។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:៣២
ការធ្វើបាតុកម្មនេះបានកើតឡើង គឺក្នុងរយៈពេលតែ១០ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋាភិបាលបង់ក្លាដែស និងរដ្ឋាភិបាលភូមា ព្រមព្រៀងគ្នា ធ្វើមាតុភូមិនិវត្តន៍ ក្រុមជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ជាផ្លូវការសាជាថ្មីម្តងទៀត។
“ការវិលត្រលប់របស់ក្រុមជនជាតិភាគតិច “Bengali” គឺគ្មានប្រយោជន៍អ្វីទាល់តែសោះ សម្រាប់ប្រទេសភូមាយើង”។ នេះ គឺជាសង្ឃដីកា របស់លោកសង្ឃភូមាមួយអង្គ ដែលបានចូលរួមក្នុងបាតុកម្មប្រឆាំងទៅនឹង ការបញ្ជូនពួកជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ត្រលប់ទៅកាន់រដ្ឋរ៉ាឃីន ជាភូមិឋានរបស់ពួកគេ ដែលស្ថិតនៅភាគខាងជើងប្រទេសភូមា។
ពាក្យ “Bengali” ជាទូទៅ ប្រើដោយប្រជាពលរដ្ឋភូមា ដោយចង់សំដៅលើ ជនជាតិរ៉ូហ៊ីងយ៉ា ក្នុងន័យថា ពួកគេគឺជាអ្នកចំណូលថ្មី មកពីប្រទេសបង់ក្លាដែស ហើយសម្រាប់ជនជាតិរ៉ូហ៊ីងយ៉ា វាជាពាក្យប្រមាថមើលងាយមកលើពួកគេ។ ពួករ៉ូហ៊ីងយ៉ា មានចំនួនប្រមាណជា មួយលាននាក់ គឺជាជនជាតិភាគតិច ដែលគ្មានប្រទេស គ្មានរដ្ឋពិតប្រាកដ ហើយរស់នៅក្នុងរដ្ឋរ៉ាឃីន ប្រទេសភូមា។
មួយវិញទៀត រដ្ឋរ៉ាឃីន ភូមិឋានរបស់ក្រុមរ៉ូហ៊ីងយ៉ានេះហើយ ជាកន្លែងដែលត្រូវបានគេផ្សព្វផ្សាយជាសាធារណៈថា ជាទឹកដីជម្លោះដ៏ក្តៅគគុក រវាងប្រជាជនភូមាកាន់សាសនាព្រះពុទ្ធ និងពួករ៉ូហ៊ីងយ៉ាកាន់សាសនាអ៊ីស្លាម ចាប់តាំងពីឆ្នាំ២០១២ មក។ មិនតែប៉ុណ្ណោះ ដោយសារតែការធ្វើទុក្ខបុកម្នេញពីសំណាក់កងទ័ពភូមា តាំងពីខែសីហា ឆ្នាំ២០១៧មក ប្រជាជនរ៉ូហ៊ីងយ៉ាចំនួនជាង ៧ សែននាក់ បានរត់ភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដែស។
គួរកត់សម្គាល់ទៀតថា កិច្ចព្រមព្រៀងធ្វើមាតុភូមិនិវត្តន៍ ជនជាតិរ៉ូហ៊ីងយ៉ា មកកាន់ភូមា ត្រូវបានបរាជ័យម្តងរួចមកហើយកាលពីឆ្នាំ ២០១៧ កន្លងទៅ ដោយសារក្រុមរ៉ូហ៊ីងយ៉ា ដែលរស់នៅក្នុងជំរំប្រទេសបង់ក្លាដេស មានការព្រួយបារម្ភពី សុវត្ថិភាព និងសិទ្ធិសេរីភាពរបស់ពួកគេ ក្រោយត្រលប់ទៅកាន់ភូមាវិញ។
សូមរំឭកជូនដែរថា ការធ្វើបាតុកម្មប្រឆាំងនឹងពួករ៉ូហ៊ីងយ៉ា មិនមែនជារឿងចម្លែកអ្វីនោះទេនៅក្នុងប្រទេសភូមា ដែលមានប្រជាជនភាគច្រើនជាអ្នកកាន់សាសនាព្រះពុទ្ធ។ ជាក់ស្តែងអំពើហិង្សារវាងសហគមន៍អ្នកកាន់សាសនាព្រះពុទ្ធ និង អ្នកកាន់សាសនាអ៊ីស្លាម ដែលបានផ្ទុះឡើងក្នុងឆ្នាំ ២០១២ នៅក្នុងរដ្ឋរ៉ាឃីន បានសម្លាប់មនុស្សរាប់រយនាក់ និងបណ្តាលឲ្យជនជាតិរ៉ូហ៊ីងយ៉ារាប់ម៉ឺននាក់ រត់ភៀសខ្លួន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ