អានតួអត្ថបទ

លោកស្រី​អ៊ុងសាន ស៊ូជី​ ស្តី​បន្ទោស​សហគមន៍​អន្តរជាតិដែល​ខ្វះ​ការយកចិត្ត​ទុកដាក់លើ​រឿង​ភេវរជនរ៉ូហ៊ីងយ៉ា ​

មេដឹកនាំរដ្ឋាភិបាលស៊ីវិលភូមា លោកស្រីអ៊ុងសាន ស៊ូជី បានសម្តែងនូវការសោកស្តាយចំពោះសហគមន៍អន្តរជាតិ ដែលមិនបានយកចិត្តទុកដាក់ពី បញ្ហាពាក់ព័ន្ធទៅនឹង ក្រុមជ្រុលនិយម ហើយនិងពួកភេវរជន ដែលរស់នៅក្នុងរដ្ឋរ៉ាឃីន។ គឺនៅរដ្ឋរ៉ាឃីននេះហើយ ដែលពួកកងទ័ពយោធាភូមា ត្រូវរងការចោទប្រកាន់ថា បានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ ប្រឆាំងនឹងទៅក្រុមជនជាតិភាគតិច រ៉ូហ៊ីងយ៉ា កាន់សាសនាអ៊ីស្លាម។

មេដឹកនាំរដ្ឋាភិបាលស៊ីវិលភូមា លោកស្រីអ៊ុងសាន ស៊ូជី។
មេដឹកនាំរដ្ឋាភិបាលស៊ីវិលភូមា លោកស្រីអ៊ុងសាន ស៊ូជី។ Pierre Emmanuel Deletree/Pool via REUTERS
ផ្សាយពាណិជ្ជកម្ម

ការលើកឡើងរបស់លោកស្រី អ៊ុងសាន ស៊ូជី ដែលជាម្ចាស់ពានរង្វាន់ណូបែល គឺជាចេតនាមួយថ្មីទៀត បង្ហាញអំពីគោលជំហរគាំទ្ររបស់លោកស្រី ចំពោះសកម្មភាពរបស់យោធាភូមា ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងជនជាតិរ៉ូហ៊ីយ៉ា។

តាមរយៈកិច្ចសម្ភាសន៍មួយ ជាមួយនឹងកាសែតជប៉ុន The Nikkei កាលពីថ្ងៃពុធ ទី ២៣ តុលា លោកស្រីអ៊ុងសាន ស៊ូជី បានបញ្ជាក់សាជាថ្មី ថាសកម្មភាពរបស់កងទ័ពភូមា គឺជារឿងត្រឹមត្រូវ។ ត្រឹមត្រូវ​ ពីព្រោះថាពួកគេធ្វើឡើង ដើម្បីតែកំចាត់ពួកអ៊ីស្លាម និងពួកភេវរជនជ្រុលនិយម ដែលរស់នៅក្នុង រដ្ឋរ៉ាឃីនតែប៉ុណ្ណោះ។ រដ្ឋរ៉ាឃីន ដែលគេស្គាល់ថា ជា​ភូមិឋាន​របស់​ជនជាតិភាគតិចរ៉ូហ៊ីងយ៉ា​ មានទីតាំង​ស្ថិតនៅ​ភាគខាងជើង​ប្រទេសភូមា​។

នៅអំឡុងពេលផ្តល់បទសម្ភាសន៍ លោកស្រីអ៊ុងសាន ស៊ូជី ដែលមានតួនាទីជាទីប្រឹក្សារដ្ឋភូមាផងនោះ បាននិយាយថា “វាជារឿងពិត ដែលថាពួកក្រុមនិយមមួយចំនួន មិនដែលចង់ឲ្យសន្តិភាពកើតមាននៅក្នុងរដ្ឋរ៉ាឃីននោះទេ…នេះក៏ព្រោះថា បំណងរបស់ពួកភេវរជន គឺការចង់បង្កជាបញ្ហា”។

ការលើកឡើងបែបនេះ គឺលោកស្រីអ៊ុងសាន ស៊ូជី ចង់សំដៅដល់ការវាយប្រហាររបស់ពួកឧទ្ទាមរ៉ូហ៊ីងយ៉ា កាលពីឆ្នាំ ២០១៧ នៅក្នុងរដ្ឋរ៉ាឃីន។ ហើយគឺដោយសារសកម្មភាវាយប្រហារនេះហើយ ទើបបណ្តាលឲ្យកងទ័ពភូមា បើកប្រតិបត្តិការយោធាខ្លាំងក្លា នៅក្នុងរដ្ឋរ៉ាឃីន។ ជាមួយគ្នានេះ លោកស្រីក៏បានសង្កត់ធ្ងន់ដែរថា ភូមាពិតជាមានការសោកស្តាយ ដែលសហគមន៍អន្តរជាតិ មិនសូវជាអើពើអំពីបញ្ហានេះ។

គួររំឭកជូនថា លោកស្រីអ៊ុងសាន ស៊ូជី ម្ចាស់ពានរង្វាន់ណូបែលអន្តរជាតិ ធ្លាប់រស់ជាប់ឃុំឃាំងនៅក្នុងផ្ទះរយៈពេល ១៥ ឆ្នាំ និងធ្លាប់ត្រូវបានប្រជាជនភូមាគោរពស្រលាញ់គាំទ្រ និងចាត់ទុកដូចជានិមិត្តរូបនៃសេរីភាព។

ក៏ប៉ុន្តែ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ កេរ្តិ៍ឈ្មោះ ក៏ដូចជាប្រជាប្រិយភាពរបស់លោកស្រីបានធ្លាក់ដុនដាបខ្លាំង​ ទាំងនៅក្នុង និងក្រៅស្រុក ដោយសារតែសកម្មភាពបង្ក្រាបរបស់រដ្ឋាភិបាលភូមា ទៅលើពួករ៉ូហ៊ីងយ៉ា។

មិនតែប៉ុណ្ណោះ នៅគ្រាកន្លងមក ក្រុមអ្នកស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិ ថែមទាំងបានអំពាវនាវផងដែរ ឲ្យ អ្នកជំនាញ វាយតម្លៃ ថាតើលោកស្រីអ៊ុងសាន ស៊ូជី អាចមានជាប់ពាក់ព័ន្ធទៅនឹងសកម្មភាព ប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិភាគតិចរ៉ូហ៊ីងយ៉ាឬក៏អត់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ