rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ប្រវត្តិសាស្រ្ត​ពិភពលោក
rss itunes

ភពព្រះអង្គារ៖ ទិសដៅនៃការស្វែងរកជីវិតក្រៅភព

ដោយ សេង ឌីណា

នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​បន្ត​​​​ ​រៀបរាប់ អំពីប្រវត្តនៃចក្រវាល​ ដោយសូមលើកឡើង អំពី​ភពព្រះអង្គារ ដែល​មនុស្ស​យើង​ធ្លាប់​បាន​សង្កេត​និង​សិក្សា​តាំង​ពី​សម័យ​បុរាណ ហើយ​ក៏​ជា​ទិសដៅដ៏សំខាន់​មួយ នៃ​គម្រោង​បញ្ជូន​មនុស្ស​ឲ្យ​ទៅ​ចុះចត​ទៅថ្ងៃ​អនាគត។

ភពព្រះអង្គារ ដែល​យើង​ច្រើន​តែ​ហៅ​ជាទូទៅថា “ផ្កាយព្រះអង្គារ” គឺ​ជា​ផ្កាយមួយដួង​ដែល​មនុស្សជាតិ​យើង​បាន​ស្គាល់ ​និង​តាម​សង្កេតមើល ​តាំង​ពី​រាប់ពាន់​ឆ្នាំ​មុន​មកម៉្លេះ... នេះ​ក៏ដោយសារ​តែផ្កាយព្រះអង្គារ​នេះ គឺ​ជា​ផ្កាយ​ដែល​មាន​ពន្លឺ​ចាំងចែងខ្លាំងជាងគេ​លំដាប់ទី៣ បន្ទាប់​ពី​ផ្កាយសុក្រ និង​ផ្កាយព្រហស្បតិ៍។

នៅ​តាម​បណ្តា​ប្រទេស​លោកខាងលិច ដែល​ទទួល​ឥទ្ធិពល​ពី​ចក្រភពរ៉ូម ផ្កាយព្រះអង្គារ​នេះ​ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ទៅតាម​​ឈ្មោះ​នៃ​អាទិទេព ​ដែល​តំណាង​ឲ្យ​សឹកសង្រ្គាម គឺ “Mars”... ចំណែក​​នៅ​អាស៊ីវិញ ជាពិសេស នៅ​ក្នុង​តារាសាស្ត្រ​ចិន ផ្កាយព្រះអង្គារ​ គឺ​ជា​តំណាង​ធាតុភ្លើង។ នេះ​ក៏ដោយសារ​តែ​ផ្កាយព្រះអង្គារ​​ជា​ផ្កាយ​ដែល​គេ​មើល​ទៅ​ឃើញ​ថាមាន​ពណ៌​ក្រហម​ខុសប្លែក​ពី​ផ្កាយ​ភាគច្រើន​ផ្សេងទៀត។

ក្រៅពី​មាន​ពណ៌ក្រហម ផ្កាយព្រះអង្គារ​នេះ​ក៏​​ត្រូវ​បាន​គេ​សង្កេតឃើញ​មាន​លក្ខណៈ​ចម្លែក​មួយ​ទៀតដែរ គឺ​​​​ពេលខ្លះ​ផ្កាយនេះ​មាន​ចលនា​ដើរថយក្រោយ​បញ្ច្រាស់​ពី​គន្លង​ធម្មតា (Retrograde motion)។

ជាទូទៅ ប្រសិនបើ​គេ​តាម​សង្កេតមើលជាប់​ជា​ប្រចាំ​ជាច្រើន​យប់ គេ​សង្កេតឃើញ​ថា ពីយប់មួយទៅយប់មួយ​ ផ្កាយព្រះអង្គារ​ផ្លាស់ប្តូរ​ទីតាំង​របស់​ខ្លួន ក្នុង​ចលនា​ពី​ទិស​ខាង​លិច​ទៅ​ទិស​ខាងកើត បើធៀប​នឹង​ផ្កាយ​ភាគច្រើន​ផ្សេងទៀត។ ក៏ប៉ុន្តែ ​នៅ​រៀងរាល់​ពីរឆ្នាំម្តង ផ្កាយព្រះអង្គារ​នេះ​មាន​ចលនា​ត្រឡប់​​ថយក្រោយ​ ពី​ទិស​ខាង​កើតទៅទិស​ខាងលិច​ ក្នុងរយៈពេល​ជាច្រើន​ខែ ទើប​ចាប់ផ្តើម​វិលទៅរក​គន្លងដើម​របស់​ខ្លួនវិញ។

តាមរយៈ​ការ​សង្កេត និង​វិភាគ​ទៅលើ​ភាពចម្លែក​នៃ​ចលនា​របស់​ផ្កាយ​ព្រះអង្គារ​នេះហើយ ដែល​ជា​ដើម​ហេតុ​ដ៏​ចម្បង​មួយ នាំ​ឲ្យ​តារាវិទូ​ប៉ូឡូញ ក្នុង​សតវត្សរ៍​ទី១៦​​ គឺ នីកូឡា កូពែរនិក ធ្វើការ​សន្និដ្ឋានថា ផែនដី​របស់​យើង​នេះ​មិនមែន​ជា​ចំណុច​កណ្តាល​នៃ​ចក្រវាល ដូចក្នុង​ទ្រឹស្តី​តារាសាស្ត្រ​សម័យ​បុរាណ​នោះទេ ក៏ប៉ុន្តែ ផ្ទុយ​ទៅវិញ គឺ​ព្រះអាទិត្យ​ទៅវិញ​ទេ​ដែល​ជា​ចំណុច​កណ្តាល​នៃ​ចក្រវាល ហើយ​ទាំង​ផែនដី និង​ផ្កាយ​ផ្សេងទៀត រួម​ទាំង​ផ្កាយ​ព្រះអង្គារ​នេះ​ផង សុទ្ធតែ​ធ្វើ​ដំណើរ​វិល​ជុំវិញ​ព្រះអាទិត្យ​ទាំងអស់។

ទ្រឹស្តី​របស់​ នីកូឡា កូពែរនិក​​នេះ ថ្វីដ្បិត​តែ​​មិនទាន់​ត្រឹមត្រូវ ១០០% ក៏ប៉ុន្តែ វា​គឺ​ជា​បដិវត្តន៍​ដ៏​ចម្បងមួយ​នៃ​ចំណេះដឹង​របស់​មនុស្សជាតិ​យើង​ទៅលើ​ចក្រវាល។ បច្ចុប្បន្ន​នេះ ការ​សិក្សា និង​សង្កេត ដោយ​ប្រើ​បច្ចេកវិទ្យា​ទំនើបៗ​អាច​ឲ្យ​យើង​ដឹង​បាន​ថា ថ្វីដ្បិត​តែ ផែនដី ភពព្រះអង្គារ និង​ភព​ជាច្រើន​ផ្សេងទៀត​ពិត​ជា​សុទ្ធតែ​មាន​ចលនា​វិល​ជុំវិញ​ព្រះអាទិត្យ ក៏ប៉ុន្តែ ព្រះអាទិត្យ​របស់​យើង​នេះ​មិនមែន​ជា​ចំណុច​កណ្តាល​នៃ​ចក្រវាល​នោះទេ គឺ​គ្រាន់តែ​ជា​ផ្កាយមួយ ក្នុង​ចំណោម​ផ្កាយ​រាប់រយពាន់លាន​ផ្សេងទៀត​តែ​ប៉ុណ្ណោះ។

ភពព្រះអង្គារ គឺ​ជា​ភព​មួយ​ក្នុង​ចំណោម​ភព​ទាំង ៨ នៅ​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​របស់​យើង។ បើ​គិត​ទៅ​តាម​លំដាប់លំដោយ​នៃ​គន្លង​តារាវិថី ភពព្រះអង្គារ​ស្ថិត​នៅ​លំដាប់​ទី៤ បន្ទាប់​ពី​ភពពុធ ភពសុក្រ និង​ភពផែនដី។ បើ​គេ​គិត​ទៅតាម​ទំហំ​វិញ ភពព្រះអង្គារ​ជា​ភពដែល​មាន​ទំហំ​តូចជាងគេ​លំដាប់ទី២ បន្ទាប់​ពី​ភព​ពុធ ហើយមាន​ទំហំ​ប្រមាណ​ត្រឹមតែ​ពាក់​កណ្តាល​ភពផែនដី​របស់​យើង​តែ​ប៉ុណ្ណោះ។

ថ្វីដ្បិត​តែ​មាន​ទំហំតូចជាង​ឆ្ងាយ ក៏ប៉ុន្តែ ភពព្រះអង្គារ​មាន​ចលនា​វិល​ជុំវិញ​ខ្លួនឯង​ដោយប្រើពេល​​ប្រហាក់ប្រហែល​នឹង​ផែនដី​យើង​ដែរ ដោយ​១ថ្ងៃ​លើ​ភពព្រះអង្គារ មានរយៈពេល ២៤ម៉ោង និង​៣៧នាទី ពោលគឺ លើស​ថ្ងៃ​លើ​ភពផែនដី​របស់​យើង​ប្រមាណ​ជា​កន្លះម៉ោង​។ ផ្ទុយ​ទៅវិញ ១ឆ្នាំ​នៃ​ភព​ព្រះអង្គារ​មាន​រយៈពេល​រហូតដល់​ទៅ​ជិត​២ឆ្នាំ​ឯណោះ​​ធៀប​នឹង​ភពផែនដី​របស់​យើង។ នេះ​គឺ​ដោយសារ​តែ​ភពព្រះអង្គារ​​ស្ថិត​នៅ​ក្នុង​គន្លង​តារាវិថី​ឆ្ងាយ​ពី​ព្រះអាទិត្យ​ជាង​ភពផែនដី មាន​រង្វង់​គន្លង​តារាវិថី​ធំ​ជាងផែនដី ហើយ​ចលនា​វិល​ជុំវិញ​ព្រះអាទិត្យ​​ក៏​មាន​​ល្បឿន​យឺត​ជាង​ផែនដី (ភពព្រះអង្គារ​មាន​ល្បឿន ២៣គ.ម​ ក្នុង​១វិនាទី ចំណែក​ផែនដី​ជិត ៣០គ.ម ក្នុង​១វិនាទី)។

ល្បឿន និង​គន្លង​តារាវិថី​ខុសគ្នា​បែបនេះហើយ​ ដែល​ធ្វើ​ឲ្យ​ចម្ងាយ រវាង​ភពព្រះអង្គារ និង​ភពផែនដី​របស់​យើង​មាន​ការ​ប្រែប្រួល​ ដោយ​ពេលខ្លះ​ស្ថិត​នៅ​ក្បែរគ្នា​ក្នុង​ចម្ងាយ​ត្រឹមតែ​ប្រមាណជាង ៥០លាន​គីឡូម៉ែត្រ (៣នាទីពន្លឺ) និង​ពេល​ខ្លះ​ទៀតភពទាំងពីរ​ស្ថិត​នៅ​ម្ខាងម្នាក់​នៃ​ព្រះអាទិត្យ ក្នុង​ចម្ងាយ​រហូតដល់​ទៅ​ប្រមាណ​ជា ៤០០លាន​គីឡូម៉ែត្រ​ពី​គ្នា​ឯណោះ (២២នាទីពន្លឺ)។

ភពព្រះអង្គារ​មាន​តារារណបធម្មជាតិ (ឬ​ព្រះចន្ទ) ​​​ចំនួន​២ ក៏ប៉ុន្តែ សុទ្ធតែ​ជា​កូន​ព្រះចន្ទ​ដែល​មាន​ទំហំ​​តូចៗ គឺ​ហ្វូបូស (Phobos) ទំហំ ២២គីឡូម៉ែត្រ  និង​ដីម៉ូស (Deimos) ទំហំ ១២គីឡូម៉ែត្រ។ តាមការពិត​ទៅ ហ្វូបូស និង​ដីម៉ូស មាន​ទំហំ និង​ទម្រង់​ស្រដៀងនឹង​អាចម៍ផ្កាយច្រើន​ជាង ក៏ប៉ុន្តែ ដោយសារតែវា​ជា​តារារណបធម្មជាតិ​របស់​ភព ទើប​គេ​ចាត់បញ្ចូល​ថា​ជា​ព្រះចន្ទ។

នៅ​ក្នុង​ចំណោម​ភព​ទាំង​៨ នៅ​ក្នុង​ប្រព័ន្ធព្រះអាទិត្យ​របស់​យើង​នេះ ក្រៅពី​ភពផែនដី​របស់​យើង ​ភពព្រះអង្គារ​គឺ​ជា​ភព​ដែល​មនុស្ស​យើង​​​ធ្វើការ​សិក្សា​បាន​យ៉ាង​ច្រើន​ជាង​គេ​ទាំងអស់​ ដោយ​បេសកកម្ម​បញ្ជូន​យាន​គ្មាន​មនុស្ស​បើក​ទៅ​កាន់​ភពព្រះអង្គារ​ជាលើកដំបូង​ត្រូវ​បាន​គេ​ធ្វើ​ដោយ​ជោគជ័យ​តាំង​ពី​​ជាង ៥០ឆ្នាំមុន គឺ​បេសកកម្ម​​ Mariner 4 របស់​ណាសា កាល​ពី​ឆ្នាំ១៩៦៥។

ចាប់តាំង​ពី​ពេលនោះ​មក យាន​គ្មាន​មនុស្ស​បើក​​ចំនួន ២៥ផ្សេងទៀត​ត្រូវ​បាន​គេ​បញ្ជូន​ជា​បន្តបន្ទាប់​​​​ទៅ​កាន់​ភពព្រះអង្គារ ដោយខ្លះ​គ្រាន់តែ​ហោះកាត់ ខ្លះ​ហោះ​ជុំវិញ​​ក្នុង​គន្លង​តារាវិថីរបស់​ភពព្រះអង្គារ ហើយ​ខ្លះ​ទៀត​ចុះចត​លើ​ដី​នៃ​ភពព្រះអង្គារ​ដោយ​ផ្ទាល់ ដោយ​នាំ​យក​ទៅ​ជាមួយ​នូវ​ឧបករណ៍​ពិសោធន៍ជាច្រើន ដើម្បី​ធ្វើការ​សិក្សា​លម្អិត​ទៅលើ​បរិយាកាស ធាតុផ្សំ និង​សណ្ឋានដី​របស់​ភពព្រះអង្គារ។

តាមរយៈ​ការសិក្សា​លម្អិត​នេះ គេ​អាច​ដឹង​បាន​ថា ភពព្រះអង្គារ​​ ខុសពី​ព្រះចន្ទ​របស់​យើង គឺ​ជា​ភព​ដែល​មាន​បរិយាកាស​ គ្រាន់តែ​បរិយាកាស​នោះ​ស្តើង ហើយ​មាន​ធាតុផ្សំ​ជា​ឧស្ម័ន​កាបូនិច ដោយគ្មាន​អុកស៊ីសែន​ឲ្យ​យើង​ដកដង្ហើម​បាន ដូចជា​បរិយាកាស​នៅលើ​ភពផែនដី​នោះទេ។

បរិយាកាស​ដ៏​ស្តើងនេះ​ធ្វើ​ឲ្យ​សម្ពាធ​នៅលើ​ផ្ទៃដី​ភពព្រះអង្គារ​ក៏​មាន​តិចតួច ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ទឹក​មិន​អាច​ស្ថិត​នៅ​ជា​សភាព​រាវ​នៅលើ​ផ្ទៃដី​បាន។ ក៏ប៉ុន្តែ ការ​សិក្សា​ទៅលើ​សណ្ឋានដី​​អាច​ឲ្យ​គេ​សន្និដ្ឋាន​បាន​ថា ភពព្រះអង្គារ​មិនមែន​ជា​ភព​ហួតហែង​បែបនេះ​ជា​រៀងរហូត​តាំង​ពីដើម​មក​នោះទេ តែ​ធ្លាប់​ជា​ភពមួយ ដែល​មានទឹក​រាវ​នៅលើ​ផ្ទៃដី ដូចជា​នៅលើ​ភពផែនដី​របស់​យើង​នេះ​ដូច្នោះដែរ។

ហេតុដូច្នេះហើយ​បាន​ជា​អ្នក​វិទ្យាសាស្ត្រ​ជាទូទៅ​នាំគ្នា​ចោទ​ជា​សំណួរថា តើ​ភពព្រះអង្គារ​ធ្លាប់​ជា​ភព​ដែល​មាន​លក្ខខណ្ឌ​អំណោយផល​សម្រាប់​ការ​រីកដុះដាល​នៃ​ជីវិត​​ដូចជា​ភពផែនដី​របស់​យើង​ដែរ​ឬ​ក៏​យ៉ាងណា? បើ​សិន​ជា​បែបនេះ​មែន តើ​មូលហេតុអ្វី​បាន​ជា​ភព​ព្រះអង្គារ​ត្រូវក្លាយ​ជា​ភព​ហួតហែង​​លែងមាន​ទឹក លែង​មាន​ខ្យល់​ដកដង្ហើម​ដូចជា​ពេល​បច្ចុប្បន្ន​នេះ​ទៅវិញ? តើជីវិត​អាច​មាន​វត្តមាន​នៅលើ​ភពព្រះអង្គារ​នេះ​បាន​ដែរ​ឬ​ទេ? បើ​មានមែន តើ​វា​ជា​ជីវិត​ដែល​មាន​លក្ខណៈ​ត្រឹមតែ​ជា​បាក់តេរី ឬ​ក៏​ជា​ជីវិត​ដែល​មាន​លក្ខណៈ​ជឿនលឿន​ត្រឹមកម្រិតណាមួយ? ហើយ​បើ​សិន​ជា​ជីវិត​លែង​មាន​វត្តមាន​នៅលើ​ភពព្រះអង្គារ​តទៅទៀត​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ តើ​វា​អាចទេ​ថា​ ជីវិត​ក្នុង​ទម្រង់ណាមួយ ​ធ្លាប់​មាន​វត្តមាន​នៅទីនោះ​កាល​ពី​ពេល​កន្លងទៅ?

ចម្ងល់ និង​ចំណុច​ពិសេស​អស់ទាំងនេះហើយ ដែល​ធ្វើ​ឲ្យ​ភពព្រះអង្គារ​ត្រូវ​ក្លាយ​ជា​ទិសដៅ​ចម្បងមួយ​នៃ​គម្រោង​អវកាស​សំខាន់ៗ​ ក្នុង​ពេល​បច្ចុប្បន្ន​ក៏​ដូចជា​នៅ​ក្នុងរយៈពេល​ខ្លី​ទៅ​ថ្ងៃ​អនាគត ដោយ​នៅ​ក្នុង​នោះ​ក៏មាន​ដែរ គម្រោង​បញ្ជូន​មនុស្ស​ឲ្យ​ទៅ​ចុះចត​លើ​ភពព្រះអង្គារ​ដោយ​ផ្ទាល់៕

Rosetta ៖ បេសកកម្មទៅចុះចតលើផ្កាយដុះកន្ទុយ

តើផ្កាយដុះកន្ទុយជាអ្វីពិតប្រាកដ?

ផ្កាយដុះកន្ទុយ៖ រវាងអបិយជំនឿ និងវិទ្យាសាស្ត្រ

ភពសុក្រ៖ ផ្កាយព្រឹក ឬ​ផ្កាយចោរ

តើការធ្វើដំណើរទៅភពព្រះអង្គារត្រូវប្រឈមនឹងបញ្ហាអ្វីខ្លះ?

Curiosity ៖ មន្ទីរពិសោធន៍លើភពព្រះអង្គារ

គម្រោងអារតេមីស៖ ពីព្រះចន្ទតទៅព្រះអង្គារ

អាប៉ូឡូទី១១៖ មនុស្សជាន់ដីព្រះចន្ទ​ជា​លើកទី១

ដើមកំណើត​នៃ​គម្រោង​អាប៉ូឡូ​ទៅ​ឋានព្រះចន្ទ

ព្រះចន្ទ៖ ​“ទ្វីបទី៨” ​នៃ​ភពផែនដី

តើ​ប្រព័ន្ធលេខ​បច្ចុប្បន្ន​មាន​ដើមកំណើត​មក​ពីណា?

ហេតុអ្វី​បានជា​ខែ​កុម្ភៈ​មាន​ត្រឹមតែ​២៨ថ្ងៃ?

ហេតុអ្វី​បានជា​គេ​បែងចែក​១ថ្ងៃ​ជា​២៤ម៉ោង?

តើនរណា​ជាអ្នក​រកឃើញ​ថា​មួយឆ្នាំ​មាន​៣៦៥ថ្ងៃ?

តើមនុស្សជាតិ​ដើមដំបូង​អាច​បែងចែក​ពេលវេលា​ទៅជា​ថ្ងៃ ខែ និងឆ្នាំ​បាន​ដោយ​របៀបណា?

តើ​នរណា​ជា​អ្នក​រកឃើញ​ថា​ផែនដី​មាន​រាង​មូល?

មនុស្សសម័យទំនើប៖ ​អូម៉ូសាព្យាង ​និង​ការ​ចេះ​ប្រើ​ភាសា

ការចេះប្រើភ្លើង៖ ​ចំណុចរបត់​នៃ​ដំណើរវិវឌ្ឍន៍​របស់​មនុស្ស

ជីវិត​លើ​ភពផែនដី​ក្រោយ​ការ​ស្លាប់​ផុតពូជ​នៃ​សត្វ​ឌីណូស័រ