rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ទស្សនៈព្រឹត្តិការណ៍ពិភពលោក
rss itunes

គម្រោង​ផ្លូវសូត្រ​ចិន​កំពុង​ធ្វើឲ្យ​ប្រទេសខ្លះ​ត្រូវវ័ណ្ឌក​ដោយ​បំណុល

ដោយ សេង ឌីណា

របាយការណ៍​ដែល​ទើប​នឹង​ចេញផ្សាយ​​ដោយ​វិទ្យាស្ថានស្រាវជ្រាវ​មួយ ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក បាន​ធ្វើការ​​សិក្សា​​អំពី​ផលវិបាក​នៃ​គម្រោង “​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់មួយ”​របស់​ចិន ទៅលើ​បន្ទុកនៃ​បំណុល​សាធារណៈ ដែល​ត្រូវ​ធ្លាក់​ទៅលើ​បណ្តា​ប្រទេស​ពាក់ព័ន្ធ​ក្នុង​គម្រោង ដោយ​ក្នុង​នោះ​ប្រទេស​ខ្លះ កំពុង​ប្រឈមមុខ​នឹង​ហានិភ័យខ្ពស់​ ដោយសារ​តែ​កំពុង​វ័ណ្ឌក​ដោយ​បំណុល​ដែល​ខ្ចីពីចិន ដើម្បី​ប្រើប្រាស់​ក្នុង​គម្រោង។

គម្រោង “ផ្លូវមួយ​ ខ្សែក្រវ៉ាត់មួយ” ដែល​ភាគច្រើន​ត្រូវ​បាន​គេ​ហៅ​ថា​ “ផ្លូវសូត្រ” គឺ​ជា​​ការ​ផ្តួចផ្តើម​គំនិត​របស់​ចិន ក្នុងការ​អភិវឌ្ឍ​​​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ទាំងតាម​ផ្លូវគោក និង​ផ្លូវទឹក តភ្ជាប់​ពី​ប្រទេស​មួយ​ទៅប្រទេសមួយ ដើម្បី​បង្កើត​ជាខ្សែបណ្តាញ​នៃ​ការ​ដោះដូរ​ពាណិជ្ជកម្ម​ចាប់ពីចិន តភ្ជាប់​ទៅ​អាស៊ី និង​បន្ត​រហូត​ទៅដល់​តំបន់​អឺរ៉ុប និង​អាហ្វ្រិក។ គម្រោង​នេះ​ត្រូវ​ចំណាយ​លុយ​រហូត​ដល់​ទៅ​រាប់រយ​ពាន់លាន​ដុល្លារ ហើយ​លុយ​នេះ គឺ​បាន​​មក​ពី​ចិន ក្នុង​រូបភាព​ជា​កម្ចី ដែល​អាច​ជា​កម្ចី​​ពី​ធនាគារ ឬ​ស្ថាប័ន​ហិរញ្ញវត្ថុ​របស់​រដ្ឋ ឬ​ជា​កម្ចី​ពី​ស្ថាប័ន​ហិរញ្ញវត្ថុ​ពាក់​កណ្តាល​រដ្ឋ​ពាក់​កណ្តាល​ឯកជន។

គម្រោង​ផ្លូវមួយ​ខ្សែក្រវ៉ាត់​មួយ​នេះ​ផ្តល់​ផល​ប្រយោជន៍​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ទៅដល់​ចិន ហើយ​ក្នុង​ពេល​ជាមួយគ្នា​ វា​ក៏​មាន​ភាព​ទាក់ទាញ​ខ្លាំងដែរ សម្រាប់​បណ្តា​ប្រទេស​ក្រីក្រ ឬ​ប្រទេស​កំពុងអភិវឌ្ឍ ពីព្រោះ​ថា ហេដ្ឋារចនាសម្ព័ន្ធ​គឺ​ជា​​អ្វី​ដែល​បណ្តា​ប្រទេស​អស់ទាំងនេះ​កំពុងតែ​ត្រូវការ​ខ្លាំង ហើយ​កម្ចី​ពី​ចិន ដើម្បី​ចំណាយ​ក្នុងការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងនេះ​ក៏​ងាយ​នឹង​ទទួល​បាន ដោយ​មិនមាន​លក្ខខណ្ឌ​អ្វីច្រើន​ដូច​កម្ចី​ពី​ប្រទេស​ផ្សេង ឬ​​​កម្ចី​ពី​ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ​ផ្សេងទៀត ដូចជា ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ឬ​ធនាគារ​ពិភពលោក​ ជាដើម។

ក៏ប៉ុន្តែ កម្ចី​ដែល​បាន​មក​ដោយ​ស្រួល​នេះ ក៏​វា​ងាយ​នឹង​ធ្វើ​ឲ្យ​កូន​បំណុល​ត្រូវ​វ័ណ្ឌក​ដោយ​សារ​បំណុល​ផងដែរ ហើយ​នេះ គឺ​ជា​អ្វី​ដែល​កំពុងតែ​កើតឡើង ចំពោះ​ប្រទេស​​មួយ​ចំនួនដែល​​នៅ​ក្នុង​គម្រោង​ផ្លូវមួយ​ខ្សែក្រវ៉ាត់​មួយ​ជា​មួយ​នឹង​ចិន។

យោងតាម​របាយការណ៍​ចេញ​ផ្សាយ​ កាល​ពីថ្ងៃ​អាទិត្យ ដោយ​​​មជ្ឈមណ្ឌល​អភិវឌ្ឍ​ពិភពលោក (Center for Global Development) ដែល​ជា​វិទ្យាស្ថាន​ស្រាវជ្រាវ​ឯករាជ្យ មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក ប្រទេស​​ចំនួន ៨ ដែល​ក្នុង​នោះ​រួមមាន​ដូចជា ប៉ាគីស្ថាន ម៉ុងហ្គោលី ជីប៊ូទី ឡាវ និង​ប្រទេស​មួយចំនួន​ទៀត នៅ​ក្នុង​តំបន់​អាស៊ី​កណ្តាល គឺ​ជា​ក្រុមប្រទេស​ដែល​កំពុង​ប្រឈមនឹង​ហានិភ័យ​ខ្ពស់​បំផុត​​ដោយសារ​តែ​បន្ទុក​ដ៏ធ្ងន់ធ្ងរ​នៃ​បំណុល​​​ដែល​ខ្ចីពី​ចិន ក្នុង​​ក្របខ័ណ្ឌ​នៃ​គម្រោង​ផ្លូវមួយ​ខ្សែក្រវ៉ាត់មួយ។

នៅ​តាម​បណ្តា​ប្រទេស​ទាំង​នេះ គេ​សង្កេតឃើញ​ថា នៅ​ក្នុង​​បំណុល​សរុប​ដែល​ពួកគេ​ខ្ចី​ពី​បរទេស មាន​រហូតដល់ទៅ ៧០% ទៅ ៨០% គឺ​ជា​បំណុល​ជំពាក់​ចិន។ បញ្ហា​ដែល​កាន់តែ​ចោទខ្លាំង​សម្រាប់​ប្រទេស​ទាំងនេះ គឺ​នៅត្រង់​ថា ក្រៅ​ពី​បំណុល​មាន​បរិមាណ​ច្រើន​ហើយ​នោះ អត្រា​ការប្រាក់​នៃ​បំណុល​ក៏​មាន​កម្រិត​ខ្ពស់​ថែម​ទៀត។ ការសិក្សា​នៅ​ក្នុង​របាយការណ៍​​កាល​ពីថ្ងៃ​អាទិត្យ​បង្ហាញ​ថា ប្រាក់កម្ចី​ដែល​បាន​ពីចិន ថ្វីដ្បិត​តែ​ជា​កម្ចី​ដែល​មាន​លក្ខខណ្ឌ​ធូរស្រាល​​ងាយ​នឹង​ទទួល​បាន តែ​ភាគច្រើន​​គឺ​ជា​កម្ចី​ដែល​មាន​អត្រា​ការប្រាក់​ខ្ពស់​ជាង​​កម្ចី​មក​ពី​ប្រភព​ផ្សេងទៀត ដូចជា​កម្ចី​ពី​មូលនិធិរូបិយវត្ថុ​អន្តរជាតិ ឬ​​ធនាគារ​ពិភពលោក​ ជាដើម។

ហេតុដូច្នេះហើយ​បាន​ជា​បន្ទុក​នៃ​បំណុល​​ត្រូវ​ក្លាយ​ជា​សម្ពាធ​យ៉ាង​ធ្ងន់ធ្ងរ​ទៅលើ​ថវិកា​ជាតិ ហើយ​នៅ​ទីបំផុត​ទៅ​ប្រាក់​កម្ចី​ដើម្បី​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ ​ត្រូវ​ប្រែក្លាយ​ទៅ​ជា​ឧបសគ្គ​ដល់​ការ​អភិវឌ្ឍ​នៅ​ក្នុង​ប្រទេស​អស់ទាំងនេះ​ទៅវិញ។

ក្រៅពី​ប្រទេស​ទាំង ៨ខាងលើ​ របាយការណ៍​របស់​មជ្ឈមណ្ឌល​អភិវឌ្ឍ​ពិភពលោក​ក៏​បាន​ធ្វើការ​សិក្សា​ផងដែរ ទៅលើ​ក្រុម​ប្រទេស​ដែល​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​លំដាប់ទី២ ដោយសារ​បំណុល​របស់​ចិន ហើយ​នៅ​ក្នុង​ចំណោម​ក្រុមប្រទេស​ទី២​នេះ​ក៏​មាន​ដែរ ប្រទេស​កម្ពុជា ដែល​មាន​ការពឹងផ្អែក​ខ្លាំង​លើ​កម្ចី​ពី​ចិន។

យោងតាម​របាយការណ៍​នេះ កម្ពុជា​​នៅ​មិនទាន់​ប្រឈមមុខ​នឹង​បញ្ហា​ធ្ងន់ធ្ងរ​​ដោយសារ​តែ​បំណុល​ចិន​នេះ​នៅឡើយ ដោយសារ​តែ​គិត​ជា​រួម​ទៅ អត្រា​នៃ​បំណុល​សាធារណៈ​​របស់​កម្ពុជា​ធៀប​ទៅនឹង​ផលិតផល​ក្នុង​ស្រុកសរុប នៅ​មាន​កម្រិត​ទាប​នៅឡើយ (ត្រឹមប្រមាណ​ជា ៣២% គិត​ត្រឹម​ចុងឆ្នាំ២០១៦)។

ក៏ប៉ុន្តែ ទោះជាយ៉ាងណា គេ​ទាញ​ចំណាប់​អារម្មណ៍​ទៅលើ​​ចំណុច​ដ៏សំខាន់​មួយ គឺ​ការពឹងផ្អែក​ខ្លាំង​របស់​កម្ពុជា​តែ​ទៅលើ​ប្រាក់​កម្ចី​ពី​ចិន។ គិត​ត្រឹម​ចុងឆ្នាំ២០១៦ បំណុល​ដែល​កម្ពុជា​ជំពាក់​ចិន មាន​រហូតដល់​ទៅ​ជិត​ពាក់​កណ្តាល​នៃ​បំណុល​សរុប​ដែល​កម្ពុជា​ជំពាក់​បរទេស (រាប់ទាំង​បំណុល​ក្នុង​ក្របខ័ណ្ឌ​ពហុភាគី និង​បំណុល​ទ្វេភាគី) ហើយ​បើ​គេ​គិតតែ​ក្នុង​ក្របខ័ណ្ឌ​បំណុល​ទ្វេភាគី បំណុល​​​ដែល​កម្ពុជា​ជំពាក់​ចិន​ មាន​រហូតដល់​ទៅ​ប្រមាណ​ជា ៧០%។

យោង​តាម​អ្នក​ជំនាញ​ ការពឹងផ្អែក​លើ​​បំណុល​មក​ពី​ប្រទេស​ចិន​តែមួយ​បែបនេះ អាច​នឹង​ត្រូវ​ប្រឈម​នឹង​ហានិភ័យ​មួយ​ទៀត គឺ​ការ​បាត់បង់​ឯករាជ្យ​ខាង​នយោបាយ​ការបរទេស។ ទាក់ទង​នឹង​បញ្ហា​នេះ គេច្រើន​លើកឡើង​​ពី​ឧទាហរណ៍​មួយ​ចំនួន រួមមាន​ដូចជា ជំហរ​របស់​កម្ពុជា​នៅ​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង រវាង​ចិន និង​ប្រទេសសមាជិក​អាស៊ាន, ករណី​ប្រទេស​តាហ្ស៊ីគីស្ថាន​ដែល​កាល​ពី​ឆ្នាំ២០១១​កន្លងទៅ សុខចិត្ត​កាត់​ទៅ​ឲ្យ​ចិន​នូវ​​ដែនដី​ដែល​ជាប់ជម្លោះ​​ជាមួយ​ចិន​អស់រយៈ​ពេល​ជាង​មួយសតវត្សរ៍​កន្លងទៅហើយ ជាថ្នូរ​នឹង​ការ​លុប​បំណុល​មួយ​ផ្នែក និង​ករណី​ប្រទេស​ស្រីលង្កា​សុខចិត្ត​ប្រគល់​កំពង់ផែ​ជា​យុទ្ធសាស្រ្ត​របស់​ខ្លួន​ទៅ​ឲ្យ​ចិន​កាន់កាប់​រយៈពេល ៩៩ឆ្នាំ ដោយសារ​តែ​​​ស្រីលង្កា​មិនមាន​លទ្ធភាព​សងបំណុល​ ដែល​ខ្ចីពីចិន ដើម្បី​សាងសង់​កំពង់ផែនេះ។

បំណុល​សាធារណៈ​សាកល​ស្ថិតក្នុង​ស្ថានភាព​អាក្រក់​ជាង​ពី​មុន​វិបត្តិ​ហិរញ្ញវត្ត​ឆ្នាំ​២០០៨​

អឺរ៉ុប៖ កំណែទម្រង់​ច្បាប់​កម្មសិទ្ធិបញ្ញា អាច​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​លើ​បណ្តាញ​អ៊ីនធឺណិត?

តើ​ហេតុដូចម្តេច​បាន​ជា​កិច្ចព្រមព្រៀង​សន្តិភាព​​អូស្លូ នាំ​​វិបត្តិ​អ៊ីស្រាអែល​​ប៉ាឡេស្ទីន​ឱ្យ​​ទ័ល​ច្រក ?!

ហេតុអ្វី​បាន​ជា​មាន​ប្រទេស​អាហ្រ្វិ​ក​កាន់​តែ​ច្រើន​ចង់​បំពាក់​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ?

សេដ្ឋកិច្ចសាកល៖ ១០ឆ្នាំក្រោយវិបត្តិហិរញ្ញវត្ថុ

ជំនួប​​កំពូល​ចិន-រុស្ស៊ី​ និង​សមយុទ្ទ​រួម​ គូស​បញ្ជាក់​ពី​ មហិទ្ធិ​ឫទ្ធ​បន្ទាត់​នយោបាយ​ម៉ូស្គូ-ប៉េកាំង​

ហេតុអ្វី​បានជា​មហាអំណាច​នាំគ្នា​ទៅ​បង្កើត​មូលដ្ឋានទ័ព​នៅក្នុង​ប្រទេស​ជីប៊ូទី

តើ​អាមេរិក​ពិតជា​ហ៊ាន​ដាក់​ទណ្ឌកម្មលើ​​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ?

លោកស្រី​មីសែល បាឈើឡេ ពី​ប្រធានាធិបតី​ឈីលី​ក្លាយ​ជា​ឧត្តមស្នងការ​របស់ អ.ស.ប. ទទួល​បន្ទុក​សិទ្ធិមនុស្ស

បរាជ័យរបស់មីក្រូហិរញ្ញវត្ថុក្នុងការកាត់បន្ថយភាពក្រីក្រ

តើលោកត្រាំ​ពិតជា​មិនខ្វល់ពី​វត្តមានកាណាដា​ក្នុង​កិច្ចព្រមព្រៀង​ពាណិកម្មសេរីឬយ៉ាងណា​​?

លោកស្រី​ស៊ូជី ប្រឈម​នឹង​ការ​រិះគន់ ​ក្រោយ​ការ​កាត់ទោស​អ្នក​កាសែត​ដែល​ស៊ើប​រឿង​រ៉ូហ៊ីងយ៉ា

តើ​ការ​វិវាទ​រវាង​ប្រទេស​អង់គ្លេស និង​ប្រទេស​ម៉ូរីស​ជុំវិញ​ប្រជុំកោះឆាហ្គូស​បាន​កើត​ឡើង​យ៉ាង​ដូចម្តេច​ខ្លះ?

ករណី​​ដែល​​បាន​​ញ៉ាំង​​លោក​​ពូទីន ​​ឲ្យ​ថ្លែងសារ​​តាម​​ទូរទស្សន៍​​ ទៅ​​កាន់​​ប្រជាជាតិ​​

​​វិស័យថាមពលនៅអឺរ៉ុប កំពុង​ក្លាយ​ជារបស់ចិន ?

ភូមា៖​តើ​ជម្រើស​តុលារការអន្តរជាតិ​មួយ​ណា និង​មាន​អ្នកពាក់ព័ន្ធ​ណា​ខ្លះ​ដែល​អាច​ទទួល​ទោស​ក្នុង​បទប្រល័យ​ពូជសាសន៍​លើ​ពួករ៉ូហ៊ីងយ៉ា​?

​តុលាការ​យុត្តិធម៌អន្តរជាតិ បើក​សវនាការ​សំណុំរឿង​អ៊ីរ៉ង់​និង​អាមេរិក

អាស៊ាន៖ ចលករ​សម្រាប់​សន្តិភាព​ក្នុង​តំបន់ និង​សមាហរណកម្ម​សេដ្ឋកិច្ច​អនាគត

ហេតុអ្វី​លោក​ខាងលិច​នៅរារែក មិន​​ទាន់​គាំទ្រ​​មាតុភូមិនិវត្ត​របស់ជនភៀសខ្លួន​ស៊ីរី?

វ៉េណេស៊ុយ​អេឡា៖ ​ពលរដ្ឋ​ជាង​២លាន​៣សែន​នាក់ រត់​ចោលស្រុក ដោយសារហេតុអ្វី?​