rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ទស្សនៈព្រឹត្តិការណ៍ពិភពលោក
rss itunes

ដំឡើងពន្ធ​ជា​រឿង​ដ៏​រសើប តែ​ហេតុអ្វី​បាន​ជា​រដ្ឋាភិបាល​ជប៉ុន​ចាំបាច់ត្រូវតែ​ធ្វើ?

ដោយ សេង ឌីណា

អស់រយៈពេល​ជាច្រើន​ថ្ងៃមកហើយ ដែល​គេ​នាំគ្នា​ចោទ​ជា​សំណួរ​ជុំវិញ គម្រោង​របស់​លោក​ស្ហ៊ីនហ្សូ អាបេ ក្នុងការ​​​ដំឡើងពន្ធ​លើ​ការ​លក់​ទំនិញ និង​សេវាកម្ម​នៅ​ក្នុង​ប្រទេស​ជប៉ុន។ ព​ន្ធ​នេះ​ធ្លាប់​ត្រូវ​បាន​ដំឡើង​ម្តងរួចមកហើយ កាល​ពី​ឆ្នាំ២០១៤ ដោយ​កាលណោះ ដំឡើង​ពី ៥% មក ៨% ហើយ​កាល​ពី​ឆ្នាំ២០១៥ រដ្ឋាភិបាល​ជប៉ុន​គ្រោង​ដំឡើង​មួយកម្រិត​ទៀត គឺ ពី ៨% ទៅ​រហូត​ដល់ ១០% ក៏ប៉ុន្តែ គម្រោង​នេះ​ត្រូវ​បាន​លើកពេល​ទៅវិញ​មួយ​លើក​ជា​ពីរលើក​ ដោយសារ​តែ​វា​ជា​រឿង​ដ៏​ចម្រូងចម្រាស។ តើ​ហេតុអ្វី​បាន​ជា​លោក​ស្ហ៊ីនហ្សូ អាបេ ចាំបាច់​ត្រូវ​​ដំឡើងពន្ធ​នេះ? ហើយ​តើ​ហេតុអ្វី​បាន​ជា​វា​ត្រូវ​ជា​រឿង​ចម្រូងចម្រាស?

ពន្ធលើ​ការ​លក់​ទំនិញ និង​សេវាកម្ម ដែល​ជប៉ុន​គ្រោង​ដំឡើង​នេះ គឺ​មាន​លក្ខណៈ​ស្រដៀងគ្នា​ទៅ​នឹង​ពន្ធលើ​តម្លៃ​បន្ថែម ដែល​មាន​នៅ​ក្នុង​ប្រទេស​បារាំង ឬ​ក៏​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដូច្នោះដែរ។ គោលដៅ​ធំបំផុត នៃ​ការ​ដំឡើង​ពន្ធ​នេះ គឺ​ដើម្បី​កាត់បន្ថយ​បំណុលរដ្ឋ។

ជប៉ុន​​ត្រូវ​បាន​គេ​ចាត់​បញ្ចូល​ទៅ​ក្នុង​ចំណោម​​​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ជឿនលឿន ដែល​​ពន្ធ​លើ​ការ​លក់​ទំនិញ​និង​សេវា​មាន​អត្រា​ទាប ចំណែក​ឯ​បំណុល​រដ្ឋ​វិញ​មាន​កម្រិត​ខ្ពស់​កប់ពពក។

គេ​ឃើញ​ថា ចាប់តាំង​ពី​ទសវត្សរ៍​ឆ្នាំ​៩០​មក សេដ្ឋកិច្ច​ជប៉ុន​តែងតែ​ជួប​នឹង​បញ្ហា​​ស្ទើរតែ​ជាប់​ជា​ប្រចាំ ហើយ​​ដើម្បី​ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច​នេះ រដ្ឋាភិបាល​ជប៉ុន​​ស្ទើរតែ​គ្រប់​អាណត្តិ បាន​នាំគ្នា​​បង្កើន​​កញ្ចប់ថវិកា ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ការ​ចំណាយ​របស់​រដ្ឋ​ចេះតែ​កើនឡើង​ឥតឈប់ឈរ។ ក្នុងពេល​ជាមួយគ្នា ចំណូល​បាន​ពី​ការ​ប្រមូល​ពន្ធ​ក៏​មាន​ការ​ធ្លាក់ចុះ ដោយសារ​តែ​សេដ្ឋកិច្ច​មិនមាន​កំណើន។

​ម្យ៉ាងទៀត លក្ខខណ្ឌ​ប្រជាសាស្រ្ត​របស់​ជប៉ុន​ក៏​មិន​អំណោយ​ផល ដោយ​មនុស្ស​ចាស់​មាន​ចំនួន​កាន់តែ​ច្រើន ធ្វើ​ឲ្យ​ការចំណាយ​ទៅលើ​សោធននិវត្តន៍ និង​ជំនួយ​ដល់​មនុស្ស​ចាស់​មាន​ការកើនឡើង​ខ្លាំង ចំណែក​ឯ​ក្មេងៗ​​ពេញ​កម្លាំង​ធ្វើការ​ និង​ត្រូវ​បង់ពន្ធ មាន​កាន់តែតិច។

ចំណាយ​កើនឡើងខ្ពស់​ ហើយ​ចំណូល​ធ្លាក់ចុះ។ ជាលទ្ធផល ​ថវិកា​ជាតិ​ជប៉ុន​មាន​ឩនភាព​ខ្ពស់ និង​ជា​អចិន្រ្តៃយ៍ ហើយ​បំណុល​សាធារណៈ​ក៏​កើនឡើង​កប់ពពក។ សព្វថ្ងៃនេះ បំណុល​រដ្ឋ​ជប៉ុន​​បាន​កើនឡើង​​លើស​ពី ២២០% នៃ​ផលិតផល​ក្នុងស្រុក​សរុប មានន័យថា បំណុល​មាន​​ចំនួន​ច្រើន​ជាង​ផលិតផល​ក្នុងស្រុក​សរុប​រហូតដល់​ទៅ​ជាង​២ដង។

ជប៉ុន​នៅមិនទាន់​ធ្លាក់​ចូល​ក្នុង​វិបត្តិ​បំណុល ដោយសារ​តែ​បំណុល​របស់​រដ្ឋ​ភាគច្រើន​ ជា​បំណុល​ដែល​ជំពាក់​ពលរដ្ឋ​ជប៉ុន​ខ្លួនឯង ដែល​ចេះតែ​បន្ត​ឲ្យលុយ​រដ្ឋ​ខ្ចី ដោយ​មិន​ទាមទារ​ការប្រាក់​ខ្ពស់ ទោះបី​ជា​បំណុល​រដ្ឋ​មាន​កម្រិត​ខ្ពស់​។ ក៏ប៉ុន្តែ ទោះបី​ជា​យ៉ាងនេះ​ក៏ដោយ ទាំង​រដ្ឋាភិបាល​ជប៉ុន ទាំង​អ្នក​សេដ្ឋកិច្ច​ជាទូទៅ​សុទ្ធតែយល់ថា ជប៉ុន​មិន​អាច​ចេះតែ​បណ្តោយ​ឲ្យ​បំណុល​សាធារណៈ​បន្ត​កើនឡើង​តទៅទៀត​បានទេ។ ហេតុដូច្នេះ​ហើយ​បាន​ជា​រដ្ឋាភិបាល​របស់​លោក​ស្ហ៊ីនហ្សូ អាបេ បាន​​បង្កើន​ពន្ធ​លើ​ការ​លក់​ទំនិញ និង​សេវាកម្ម ពី ៥% មក ៨% កាលពីឆ្នាំ២០១៤ ហើយ​គ្រោង​នឹង​ដំឡើង​បន្ថែម​ទៀត​ទៅដល់ ១០% ដើម្បី​បង្កើន​ចំណូល យក​មក​​កាត់បន្ថយ​បំណុលរដ្ឋ។

សំណួរថា បើនេះ​ជា​វិធានការ​ក្នុង​ការ​កាត់បន្ថយ​បំណុល​សាធារណៈ ហេតុអ្វី​បាន​ជា​ការ​ដំឡើង​ពន្ធ​នេះ តែងតែ​ជា​បញ្ហា​ចម្រូងចម្រាស ធ្វើ​ឲ្យ​រដ្ឋាភិបាល​រារែក​មិន​ចង់​ធ្វើ​ទៅវិញ?

បញ្ហា​ចោទ​ដ៏​ធំ​ដែល​​បង្ក​ឡើង​ដោយ​ការ​ដំឡើងពន្ធ​លើ​ការ​លក់​ទំនិញ និង​សេវាកម្ម​នេះ អាច​មាន​ពីរ។

ទីមួយ ខាង​ផ្នែក​សេដ្ឋកិច្ច។ កាលណា​ពន្ធ​កើនឡើង ប្រជាជន​អាច​នឹង​កាត់បន្ថយ​ការ​ចំណាយ។ ​កាលណា​ការ​ចំណាយ​នៅ​ក្នុង​ទីផ្សារ​ក្នុងស្រុក​ធ្លាក់ចុះ វា​អាច​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅ​ដល់​កំណើន​សេដ្ឋកិច្ច ហើយ​​នៅ​ពេល​ដែល​សកម្មភាព​សេដ្ឋកិច្ច​​ធ្លាក់​ចុះ​វា​អាច​នឹង​ធ្វើ​​លុយ​ដែល​បាន​ពី​ការ​ប្រមូល​​ពន្ធបែរ​ជា​មិនកើនឡើង ឬ​ក៏​អាច​ធ្លាក់​ចុះ​ទាប​ជាង​កាល​ពី​មុន​ពេល​ដំឡើង​អត្រា​ពន្ធ​ទៅទៀត​ក៏​អាច​ថាបាន។

ដើម្បី​ចៀសវាង​បញ្ហា​នេះ លោក​ស្ហ៊ីនហ្សូ អាបេ អាច​មាន​ជម្រើស​មួយ គឺ​​យក​លុយ​មួយផ្នែក​ ដែល​បាន​ពី​ការ​ដំឡើង​ពន្ធ ទៅ​ប្រើ​ជា​កញ្ចប់​ថវិកា​ពិសេស ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច។ បើ​ធ្វើ​បែបនេះ​មែន វា​អាច​នឹង​កាត់បន្ថយ​ផល​អវិជ្ជមាន​លើ​កំណើន​សេដ្ឋកិច្ច ក៏ប៉ុន្តែ លុយចំណូល ដែល​ត្រូវយក​ទៅ​កាត់បន្ថយ​បំណុល​ក៏​ត្រូវ​ថយចុះ​ដូចគ្នា។

បញ្ហា​ទីពីរ គឺ​ខាង​ផ្នែក​នយោបាយ។ តាំង​ពីដើម​រៀងមក គេ​សង្កេតឃើញ​ថា ប្រជាជន​ជប៉ុន​ជា​ទូទៅ​តែងតែ​នាំគ្នា​ប្រឆាំង​ទៅនឹង​​ការ​ដំឡើង​ពន្ធ​លើ​ការ​លក់​ទំនិញ និង​សេវាកម្ម ហើយ​ បើយើងមើល​ពី​មេរៀន​ពី​អតីតកាល យើងឃើញ​ថា នាយករដ្ឋមន្រ្តី​ជប៉ុន ដែល​ដំឡើង​ពន្ធ​នេះ ច្រើន​តែ​ត្រូវ​ខ្ទាត​ចេញ​ពី​តំណែង។ នាយករដ្ឋមន្រ្តី​ ណូបូរូ តាកេស្ហ៊ីតា ដែល​បង្កើត​ពន្ធ​នេះ​ដំបូង នៅ​ឆ្នាំ​១៩៨៩ ត្រូវ​បង្ខំ​ចិត្ត​ចុះចេញ​ពីតំណែង ដោយសារ​បាត់បង់​ប្រជាប្រិយភាព។ ក្រោយ​មក​ទៀត នៅ​ឆ្នាំ​១៩៩៧ នាយករដ្ឋមន្រ្តី ហាស្ហ៊ីម៉ូតូ បាន​ដំឡើង​ពន្ធ​នេះ ពី ៣% ទៅ ៥% បានតែ​ប៉ុន្មាន​ខែ​ក្រោយ​មក ក៏​ត្រូវ​ទទួលបរាជ័យ​ក្នុងការ​បោះឆ្នោត​ជាតិ។ ដោយសារតែ​ហេតុនេះ​ហើយ​បាន​ជា​​យើង​មិនដែល​ឃើញ​មាន​នាយករដ្ឋមន្រ្តី​ជប៉ុន​ណា​ហ៊ាន​ដំឡើង​ពន្ធ​លើ​ការ​លក់​ទំនិញ និង​សេវាកម្ម​នេះ​ទៀតទេ ចាប់តាំង​ពី​ឆ្នាំ​១៩៩៧​មក។

នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ លោក​ស្ហ៊ីនហ្សូ អាបេ ប្រហែល​ជា​មាន​ខែល​ការពារ​មាំ​គ្រាន់បើ​ក្នុងការ​ដំឡើងពន្ធ ព្រោះ​​លោក​កំពុង​មាន​ប្រជាប្រិយភាព​ខ្ពស់ ដោយសារតែ​លោក​ធ្លាប់​​បាន​ដាក់ចេញ​នូវ​នយោបាយ​សេដ្ឋកិច្ច ដែល​មាន​ប្រសិទ្ធភាព​ទាញ​សេដ្ឋកិច្ច​ជប៉ុន​ឲ្យ​ប្រសើរឡើងវិញ។ តួលេខ​កាល​ពីថ្ងៃ​ចន្ទ ដែល​បង្ហាញ​ថា សេដ្ឋកិច្ច​ជប៉ុន នៅ​ដើម​ឆ្នាំ​២០១៩​នេះ មាន​កំណើន​ខ្ពស់​ដ៏​គួរ​​ឲ្យ​គេ​ភ្ញាក់​ផ្អើល​នោះ អាច​នឹង​ជា​សញ្ញា​វិជ្ជមាន​មួយទៀត សម្រាប់​លោក​ស្ហ៊ីនហ្សូ អាបេ។

ក៏ប៉ុន្តែ យ៉ាងណា​ក៏ដោយ ការ​ដំឡើងពន្ធ​លើ​ការ​លក់​ទំនិញ និង​សេវាកម្ម​នេះ នៅតែ​អាច​ជា​គ្រោះថ្នាក់​នយោបាយ​ធំមួយ ជាពិសេស ប្រសិនបើ​​ក្រោយ​ការ​ដំឡើងពន្ធ​នេះ វា​ធ្វើ​ឲ្យការចំណាយ​របស់​ប្រជាជន​​ជប៉ុន​មាន​ការ​ធ្លាក់ចុះ​ បណ្តាល​ឲ្យ​​​កំណើន​សេដ្ឋកិច្ច​ត្រូវ​ហើយ​ផ្លែផ្កា​នៃ​នយោបាយ​សេដ្ឋកិច្ច​របស់​លោក​ស្ហ៊ីនហ្សូ អាបេ នាពេល​កន្លងមក​ត្រូវ​បាត់បង់​ទៅវិញ៕

អាកាសធាតុ ៖ ហ្កាស ជា​ថាមពល​អន្តរកាល ឬជា​ដំណោះស្រាយ​ខុសឆ្គង ?

តៃវ៉ាន់ជម្រកថ្មីរបស់ពលរដ្ឋហុងកុងក្មេងៗ ?

ទីភ្នាក់ងារថាមពលបរិមាណូអន្តរជាតិមាននាយកថ្មី តែសំណុំរឿងនុយក្លេអ៊ែរអ៊ីរ៉ង់បន្តជាអាទិភាពចម្បង

នគរូបនីយកម្មក្នុងតំបន់អាស៊ាន

ក្រោយ​​មរណភាព​​ទាហាន​​នៅ​​ម៉ាលី តើ​​បារាំង​​គួរ​បន្តរក្សា​វត្តមាន​យោធា​នៅ​បរទេស​ទៀត​ឬ​យ៉ាងណា ?

តើ​ចិន​ ប្រើប្រាស់​ចំណាត់ការ​អ្វីខ្លះ​ដើម្បី​គ្រប់គ្រង​ជនជាតិ​អ៊ុយហ្គួរ​នៅឯ​ជំរំ​ស៊ីនជាំង​?

ហេតុអ្វីបានជាអឺរ៉ុបបង្កើតឲ្យមានបេសកកម្មឃ្លាំមើលផ្លូវសមុទ្រនៅតំបន់ឈូងសមុទ្រពែក្ស?

តើ​ជប៉ុន​គ្រប់គ្រង​បំណុលសាធារណៈ​យ៉ាងដូចម្ដេច?

រុស្ស៊ីស្តារឥទ្ធិពលនៅទ្វីបអាហ្វ្រិកតាមរយៈ​វិស័យ​អប់រំ

បារាំង​ប្រមូល​ផ្តុំ​កម្លាំង ដើម្បី​ចាត់​វិធានការ​ប្រឆាំង​នឹង​អំពើ​ហិង្សា​លើ​កុមារ

តើវិបត្តិ​ហុងកុង នឹង​អាច​បញ្ចប់​ដោយ​របៀបណា?

តើរដ្ឋាភិបាលអ៊ីរ៉ង់កំពុងទទួលរងថ្មបាក់ពីនយោបាយដំឡើងថ្លៃតម្លៃប្រេងឬ?

អឺរ៉ុបត្រូវការចិនច្រើនជាងចិនត្រូវការអឺរ៉ុប

តើកោះគ្រីមេ អាចរបូតពីដៃរុស្ស៊ី ទៅក្នុងដៃអ៊ុយក្រែនវិញឬទេ ?

ក្រិកបង្កើនល្បឿនផ្តល់ "ទិដ្ឋាការមាស" ដល់អ្នកវិនិយោគចិន

ហេតុអ្វីអាមេរិកព្យួរប្រព័ន្ធអនុគ្រោះពន្ធលើការនាំចូលទំនិញថៃ?

អ៊ីស្រាអែល និង ហ្សកដានី អាច​នឹង​ត្រូវ​ប្រឈម​មុខដាក់​​គ្នា​ជាថ្មី​ ?

ហេតុ​អ្វីអ្នករស់នៅទីក្រុងមានកម្រិតទាប​ក្នុងប្រទេសកម្ពុជា?

សន្និសីទពីសេរីភាពប្រព័ន្ធផ្សព្វផ្សាយ ប្រព្រឹត្តជាលើកទី១នៅម៉ូស្គូ

អាល្លឺម៉ង់​ប្រារព្វ​ខួប​៣០ឆ្នាំ​នៃ​ការរលំ​ជញ្ជាំង​ប៊ែរឡាំង ក្នុង​បរិបទ​អាប់អួរ​នយោបាយ