អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

ឆាលស៍ ដាវីន៖ ​ទ្រឹស្តី​អំពី​ការ​វិវឌ្ឍ​នៃ​ជីវិត

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅក្នុងនាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង​ នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​បន្ត​ ​រៀបរាប់​អំពី​ប្រវត្តិ​របស ​លោក ឆាលស៍ ដាវីន (Charles Darwin) ដោយ​សូមលើកឡើង អំពី​ទ្រឹស្តី​ដ៏ល្បីល្បាញ​របស់​លោក ដែល​ទាក់ទង​នឹង​ការ​វិវឌ្ឍ​នៃ​ជីវិត។

Origin of Species by Charles Darwin
Origin of Species by Charles Darwin John Murray/Public Domain
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុងរយៈពេល​រាប់ពាន់​ឆ្នាំ គិតតាំង​ពី​សម័យ​ដើម រហូត​មក​ទល់​នឹង​​​សតវត្សរ៍​ទី១៩ គឺ​នៅ​ក្នុង​សម័យកាល​របស់​ឆាលស៍ ដាវីន បណ្តា​ជន​ទូទៅ ​មិនថា​នៅ​ក្នុង​ជំនឿ​សាសនា ឬ​ក៏​ក្នុង​ចំណោម​អ្នក​វិទ្យាសាស្រ្ត សុទ្ធតែនាំគ្នា​​ជឿ​ថា មនុស្ស ក៏ដូចជា​ប្រភេទ​សត្វ​ផ្សេងៗ​ទៀត សុទ្ធតែ​មាន​ពូជពង្ស​ដាច់ចេញពីគ្នា​ស្រឡះ ហើយ​ពូជនីមួយៗ​​មាន​លក្ខណៈស្ថិតស្ថិរ​​តាំង​ពីដើម​រៀងមក ដោយ​គ្មាន​ការ​ប្រែប្រួល ឬ​វិវឌ្ឍ​ ពីពូជមួយ ទៅ​ពូជណាមួយ​ផ្សេងទៀត​នោះទេ។

ក៏ប៉ុន្តែ ចំពោះ​​​ដាវីន អ្វីដែល​លោក​សង្កេតឃើញ នៅ​ក្នុង​អំឡុង​ដំណើរជុំវិញ​ផែនដី​តាម​នាវា​ប៊ីហ្គ័ល​ គឺ​ចង្អុល​បង្ហាញ​ពី​លក្ខណៈ​ផ្ទុយគ្នា ពី​ការយល់ឃើញ​របស់​មនុស្ស​ តាំង​ពី​​​រាប់ពាន់ឆ្នាំ​កន្លងមក។ ការរកឃើញ​ផូស៊ីល​ដែល​បង្ហាញ​ពី​ប្រភេទ​សត្វ ដែល​ធ្លាប់​រស់នៅលើ​ភពផែនដី​កាល​ពីមុន ហើយ​ដែល​ត្រូវ​ស្លាប់​ផុតពូជ​​លែង​ឃើញមាន​តទៅទៀត, ការបែងចែក​ប្រភេទ​សត្វទៅតាម​ទីតាំង​ភូមិសាស្រ្ត និង​ការ​សង្កេតឃើញ​ប្រភេទ​សត្វ​តែមួយ ប៉ុន្តែ​មាន​លក្ខណៈ​ខុសៗគ្នា ពី​កោះមួយ​ទៅកោះមួយ នៅ​ក្នុង​ប្រជុំកោះ​កាឡាប៉ាហ្គោស។ ទាំងអស់នេះ​ធ្វើឲ្យដាវីន​ទាញ​ចេញ​ជា​សម្មតិកម្ម​មួយ​​ថា ពូជសត្វនីមួយៗ​អាច​មាន​ការ​ប្រែប្រួល​ខុសពី​លក្ខណៈដើម ហើយ​ការប្រែប្រួល​បន្តិចម្តងៗ​នេះ​អាច​នាំ​ទៅ​ដល់​ការ​បែកខ្នែង​ចេញ​ជា​ប្រភេទ​សត្វថ្មី​ ដាច់ចេញ​ពី​ពូជ​ដើម​ដំបូង។

នៅ​ពាក់​កណ្តាល​ឆ្នាំ១៨៣៧ ដាវីន​បាន​យក​គំនិត​របស់​លោក​ទៅ​កត់ត្រា នៅ​ក្នុង​កំណត់​ត្រា​ផ្ទាល់​ខ្លួន ដោយ​បាន​គូសវាស​​ជា​មែកធាង​នៃ​ជីវិត ដែល​ភាគច្រើន​ គេតែងតែ​ហៅ​ថា “ដើមឈើនៃជីវិតរបស់​ដាវីន”។ តាមគំនិត​របស់​ដាវីន ពូជមនុស្ស​សត្វ ដែល​មាន​យ៉ាងច្រើន នៅ​ក្នុង​សម័យកាល​បច្ចុប្បន្ន​នេះ តាម​ការពិត មាន​ឫសគល់​ចេញ​ពី​ប្រភពតែមួយ​ ពោលគឺ​ប្រៀប​ដូចជា​ដើមឈើ​ដែលបែកមែក​សាខា តែ​ដុះចេញ​ពី​គល់តែមួយ​ដូច្នោះដែរ។

ទោះជាយ៉ាងណា នៅពេលនោះ ដាវីន​មិន​​ទាន់​​បង្កើត​ចេញ​ជា​ទ្រឹស្តីវិទ្យាសាស្រ្តណាមួយ ហើយ​ក៏​មិន​បាន​ធ្វើការ​ចុះផ្សាយ​នូវ​ការ​យល់ឃើញ​របស់​លោក​នៅឡើយដែរ។ ដោយសារ​តែ​​សម្មតិកម្ម​របស់​លោក​មាន​ភាព​ផ្ទុយគ្នា​ទាំងស្រុង​ពី​ជំនឿ​សាសនា ក៏ដូចជា​ចំណេះដឹង​វិទ្យាសាស្រ្ត​ក្នុង​សម័យកាល​នោះ ដាវីន​ចង់​បន្ត​ធ្វើការ​សង្កេត សិក្សា និង​ប្រមូល​ទិន្នន័យ​ឲ្យ​បាន​កាន់តែច្រើនបន្ថែម​ទៀត ដើម្បី​ឲ្យ​មាន​មូលដ្ឋាន​​ខាង​វិទ្យាសាស្រ្ត​កាន់តែ​រឹងមាំ​អាច​ឲ្យ​គេ​ជឿបាន។

នៅ​ក្នុងការ​សិក្សា​ទៅលើ​ការ​វិវឌ្ឍ​នៃ​ពូជសត្វនេះ ដាវីន​មិនត្រឹមតែ​ធ្វើការ​សង្កេត និង​ប្រមូល​ទិន្នន័យ​ដោយខ្លួនឯងនោះទេ តែ​ក៏​បាន​ពឹងផ្អែក​យ៉ាង​ខ្លាំង​ដែរ​ទៅលើ​លទ្ធផល​នៃ​ការ​សិក្សា​របស់​អ្នក​វិទ្យាសាស្រ្ត​ផ្សេងទៀត ដោយ​នៅ​ក្នុង​នោះ​ មាន​ខ្លះ​ជា​សៀវភៅ​ដែល​ដាវីន​បាន​អាន ខ្លះ​ទាញ​ចេញ​ពី​ការ​សរសេរ​លិខិត​ឆ្លងឆ្លើយគ្នា ហើយ​ខ្លះ​ទៀត​ទាញ​ចេញ​ពី​ការ​ជជែក​ដេញដោលគ្នា។ នៅ​ក្នុង​ចំណោម​នោះ មាន​ចំណុច​សំខាន់​ពីរ ដែល​មាន​ឥទ្ធិពល​យ៉ាងខ្លាំង ចំពោះ​ការសិក្សា​របស់​ដាវីន។

ដាវីន​មាន​ការ​ចាប់អារម្មណ៍​ទៅលើ​ការ​បង្កាត់​ពូជសត្វ ដូចជា ការ​បង្កាត់ពូជ​ឆ្កែ និង ជាពិសេស គឺ​ការ​បង្កាត់ពូជព្រាប ដែល​ដាវីន​ខ្លួនឯង​បាន​ធ្វើការ​ពិសោធន៍​ដោយ​ផ្ទាល់។ ដាវីន​បាន​សង្កេតឃើញ​ថា នៅ​ក្នុងប្រភេទ​សត្វព្រាបតែមួយ គេ​អាច​ធ្វើការ​បង្កាត់​ពូជ​ឲ្យ​ទៅ​ជា​ព្រាប ដែល​មាន​ទំហំ ទម្រង់ និង​ពណ៌សម្បុរខុសៗគ្នា។ សម្រាប់​ដាវីន ប្រសិនបើ​មនុស្ស​អាច​ធ្វើការ​បង្កាត់​ពូជសត្វ​ឲ្យ​ចេញ​ទៅ​ជា​ពូជផ្សេងគ្នា មាន​ទំហំ ទម្រង់ និង​ពណ៌សម្បុរ​ខុសៗគ្នា​បាន ដំណើរការ​នេះ​ក៏​គួរ​តែ​អាច​កើតមានឡើង​បានដែរ ទៅតាម​លក្ខណៈធម្មជាតិ។

បន្ថែម​ពីលើ​នេះ​ទៅទៀត នៅ​ក្នុង​អំឡុង​ឆ្នាំ​១៨៣៨ ដាវីន​បាន​អាន​សៀវភៅ​មួយ​ សរសេរ​ដោយ​សេដ្ឋកិច្ច​វិទូ ស្តីអំពី​គោលការណ៍​នៃ​ការ​វិវឌ្ឍ​ខាង​ប្រជាសាស្រ្ត (Essay on the Principal of Population, Thomas Malthus)។ នៅ​ក្នុង​សៀវភៅ​នេះ អ្នកនិពន្ធ​បាន​លើក​នូវ​គំនិត​ថា នៅ​ក្នុងការ​វិវឌ្ឍ​ជា​ធម្មតា​នៃ​ប្រជាសាស្រ្ត ចំនួន​ប្រជាជន​តែងតែ​មាន​កំណើន​លឿន​ជាង​កំណើន​នៃ​ស្បៀងអាហារ ដែល​ចាំបាច់​ក្នុងការ​ទ្រទ្រង់​ជីវិត​របស់​ប្រជាជន ហើយ​ដល់​កម្រិតមួយ ប្រសិន​បើ​គ្មាន​វិធានការ ដើម្បី​គ្រប់គ្រង​អត្រា​កំណើន​ប្រជាជន​ឲ្យ​បាន​ត្រឹមត្រូវទេនោះ ចំនួន​ប្រជាជន​នឹង​មាន​ច្រើន​ ហើយ​នឹង​បង្កើត​ឲ្យ​មាន​វិបត្តិ​ខ្វះស្បៀង។

ដាវីន​បាន​យក​ទ្រឹស្តី​នេះ​ទៅ​ធ្វើការ​ត្រិះរិះពិចារណា ប៉ុន្តែ អនុវត្ត​ចំពោះ​សត្វ​នៅ​ក្នុង​លក្ខណៈ​ធម្មជាតិ។ ដាវីន​គិត​ថា សត្វ​ក៏​ដូច​ជា​មនុស្ស​ដែរ ពោលគឺ ទៅតាម​ការវិវឌ្ឍ​ជា​ធម្មតា ចំនួន​សត្វ​មាន​កំណើន​លឿន​ជាង​កំណើន​ស្បៀងអាហារ ហើយ​ដល់​ចំណុចមួយ សត្វមាន​ចំនួន​ច្រើន ចំណែក​ស្បៀងអាហារ​មាន​មិនគ្រប់មាត់ ដែល​បង្កើត​ឲ្យ​មាន​ការ​ប្រជែងគ្នា ដើម្បី​រស់។ នៅ​ក្នុងការ​ប្រជែងគ្នា ទៅតាម​លក្ខណៈ​ធម្មជាតិ​នេះ ប្រភេទ​សត្វណា ដែល​មាន​លក្ខណៈ​អំណោយផល ស្រប​ទៅនឹង​ធម្មជាតិ​ដែល​នៅ​ជុំវិញ​ខ្លួន គឺ​ជា​អ្នកដែល​មាន​ប្រៀប ហើយ​មាន​ឱកាស​ច្រើន​ក្នុង​ការ​រស់ ព្រមទាំង​អាច​​បង្កើត​កូន​ពូនជាចៅ បន្តពូជ​របស់​ខ្លួន​ឲ្យ​​កាន់តែ​រីកចម្រើន​តទៅមុខ។ ផ្ទុយ​ពីនេះ​ទៅវិញ សត្វ​ដែល​មិនមាន​លក្ខណៈ​អំណោយ​ផល មិន​អាច​ប្រជែង​ឈ្នះ​គេបាន ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ពូជ​របស់​ខ្លួន​ចេះតែ​ថមថយ​ទៅៗ ពី​មួយ​ជំនាន់​ទៅមួយ​ជំនាន់ រហូត​ដល់​ចំណុចមួយ ត្រូវ​ស្លាប់​ផុតពូជ​ទាំងស្រុង ពោលគឺ ដូចជា​ប្រភេទ​សត្វ នៅ​ក្នុង​ផូស៊ីល ដែល​ដាវីន​បាន​សង្កេតឃើញ នៅ​ក្នុង​អំឡុង​ពេល​ធ្វើ​ដំណើរ​តាម​នាវាប៊ីហ្គ័ល​ដូច្នោះដែរ។ ដំណើរការ​នេះ​ហើយ ដែល​គេ​ឲ្យ​ឈ្មោះ​ថា “ជម្រើសដោយធម្មជាតិ” ពោលគឺ លក្ខណៈ​ពីធម្មជាតិ​​​ជា​អ្នក​កំណត់​ពី​ជោគវាសនាថា​ពូជសត្វណាមួយ​អាច​ស្គាល់​ភាពរុងរឿង​តទៅមុខ ហើយ​ពូជសត្វណា​ត្រូវ​ថមថយ រហូត​អាច​ត្រូវ​ស្លាប់​ផុតពូជ។

នៅពេលនោះហើយ ដែល​ដាវីន​បាន​ទាញ​សេចក្តីសន្និដ្ឋាន ហើយ​បង្កើត​បាន​ជា​ទ្រឹស្តី​ អំពី​ការ​វិវឌ្ឍនៃជីវិត​តាមរយៈជម្រើសដោយធម្មជាតិ (Evolution of species by means of natural selection)។

នៅ​ក្នុង​ទ្រឹស្តីនេះ ឆាលស៍ ដាវីន កំណត់​ថា ពូជសត្វនីមួយៗ​មិន​មាន​ទម្រង់ ទំហំ ឬ​លក្ខណៈ​ដូចគ្នា​ស្ថិតស្ថិរ​នៅ​​ជា​ដរាបនោះទេ ប៉ុន្តែ អាច​មាន​ភាព​ខុសគ្នាខ្លះៗ ប្រៀបដូចជា​នៅ​ក្នុងករណី​បង្កាត់​ពូជ​ដោយ​ដៃ​មនុស្ស​ដូច្នោះដែរ។ ពីដំបូង ភាពខុសគ្នា​នេះ គឺ​មាន​តិចតួច ក៏ប៉ុន្តែ វា​អាច​ជា​កត្តា​ចម្បង ដែល​កំណត់​ពី​ការសម្របខ្លួន​ទៅនឹង​ធម្មជាតិ​ដែល​នៅ​ជុំវិញ​ខ្លួន​របស់​ពូជសត្វនីមួយៗ។ ពូជសត្វ​ដែល​មាន​លក្ខណៈ​មិន​​សមស្រប​ទៅនឹង​ធម្មជាតិ​​ចេះតែ​ថមថយ​ទៅ​ពី​មួយ​ជំនាន់​ទៅមួយ​ជំនាន់ រហូត​ដល់​អាច​ស្លាប់​ផុតពូជ។ ចំណែក​ឯ​ពូជសត្វ​ដែល​មាន​លក្ខណៈ​សមស្រប​ទៅនឹង​ធម្មជាតិចេះ​តែ​មាន​ភាព​រីកចម្រើនឡើង, អាច​​បង្កើត​ជា​កូន​ពូន​ជាចៅ​យ៉ាងច្រើន​តទៅមុខទៀត។ យន្តការ​បែបនេះ​ចេះតែ​បន្ត​កើតមាន​ពី​មួយ​ជំនាន់​ទៅមួយ​ជំនាន់ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ពូជសត្វ​ជំនាន់ក្រោយៗ​កាន់តែ​មាន​ភាព​ខុសគ្នា​ពី​ពូជ​សត្វ​ដើមបន្តិចម្តងៗ ហើយ​នៅ​ក្នុងរយៈពេល​វែង រហូតដល់​ទៅ​រាប់ម៉ឺន ឬ​រាប់លាន​ឆ្នាំ​ក្រោយមក ពូជសត្វ​ជំនាន់ក្រោយ​អាច​នឹង​មាន​ភាព​ខុសគ្នា​ស្រឡះ​ពី​ពូជសត្វដើម។

នៅឆ្នាំ១៨៥៩ ឆាលស៍ ដាវីន បាន​យក​ទ្រឹស្តី ​អំពី​ការ​វិវឌ្ឍនៃជីវិត​តាមរយៈជម្រើសដោយធម្មជាតិ​​ទៅ​ចុះផ្សាយ តាមរយៈ​សៀវភៅ ដែល​មាន​ចំណងជើង​ជា​ភាសា​អង់គ្លេស​ថា The Origin of Species។

ឆាលស៍ ដាវីន បាន​ទទួល​មរណភាព​ដោយ​ជំងឺ នៅ​ថ្ងៃទី១៩ ខែមេសា ឆ្នាំ១៨៨២ បន្សល់ទុក នូវ​កេរ្តិ៍ឈ្មោះ និង​ទ្រឹស្តី ដ៏មាន​ឥទ្ធិពល​បំផុត​មួយ​ នៅ​ក្នុងការ​សិក្សា​ខាង​វិទ្យាសាស្រ្ត ហើយ​ដែល​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​បដិវត្តន៍​ដ៏សំខាន់​មួយ នៅ​ក្នុង​​ការយល់ដឹង​របស់​មនុស្ស​ទៅលើ​ធម្មជាតិ និង​ទៅលើ​ខ្លួនឯង។ រហូតមកទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ ថ្វីដ្បិត​តែ​ទ្រឹស្តី​របស់​ដាវីន នៅតែ​មាន​ភាព​ចម្រូងចម្រាស​ច្រើន ក៏ប៉ុន្តែ អ្នក​វិទ្យាសាស្រ្តជាទូទៅ​នាំគ្នា​ទទួលស្គាល់ទ្រឹស្តី​របស់​ឆាលស៍ ដាវីន ស្តីអំពី ការវិវឌ្ឍ​នៃ​ជីវិត​តាម​រយៈ​ជម្រើស​ដោយ​ធម្មជាតិ​ថា ជា​ទ្រឹស្តី​ពិតប្រាកដ​តាមបែបវិទ្យាសាស្រ្ត ហើយ​ដែល​គេ​យក​មក​ធ្វើ​ជា​មូលដ្ឋានគ្រឹះ​នៃ​ការ​សិក្សា​ខាង​វិទ្យាសាស្រ្ត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ