នៅក្នុងនាទីប្រវត្តិសាស្រ្តពិភពលោករបស់យើង នៅសប្តាហ៍នេះ សេង ឌីណា សូមបន្តរៀបរាប់អំពីប្រវត្តិទស្សនវិទូ “អារីស្តូត” តទៅទៀត ដោយសូមលើកឡើង អំពីគោលគំនិតសំខាន់ៗរបស់លោក ទាក់ទងនឹងវិស័យដ៏ថ្មីស្រឡាងមួយ នៅក្នុងសម័យកាលរបស់លោក គឺខាងវិទ្យាសាស្រ្ត។
អារីស្តូតមានភាពល្បីល្បាញមិនមែនតែអំពីទស្សនវិជ្ជានយោបាយរបស់លោកនោះទេ ក៏ប៉ុន្តែ រឹតតែល្បីល្បាញជាងនេះទៅទៀត គឺអំពីទ្រឹស្តីវិទ្យាសាស្រ្ត។
យោងតាមអារីស្តូត និយមន័យទូលាយនៃទស្សនវិជ្ជា គឺការស្រឡាញ់ និងការស្វែងរកចំណេះដឹងគ្រប់សព្វបែបយ៉ាងទាំងអស់ ទាំងចំណេះដឹងខាងសង្គម សីលធម៌ នយោបាយ និងវិទ្យាសាស្រ្ត (គឺការសិក្សាទៅលើធម្មជាតិ)។ ហេតុដូច្នេះហើយបានជាទស្សនវិជ្ជារបស់អារីស្តូតមិនផ្តោតជាចម្បងតែទៅលើការត្រិះរិះពិចារណាពីទស្សនទានអរូបិយនោះទេ។ ផ្ទុយទៅវិញ អារីស្តូតបានចំណាយពេលជាច្រើន សិក្សាទៅលើផ្នែកវិទ្យាសាស្រ្ត។
ជាការពិតណាស់ថា “វិទ្យាសាស្រ្ត” នៅក្នុងសម័យកាលអារីស្តូតនោះ មិនមានលក្ខណៈវិទ្យាសាស្រ្តដូចជានៅក្នុងសម័យកាលបច្ចុប្បន្ននេះទេ ហើយជាទូទៅ គេតែងតែចាត់បញ្ចូល “វិទ្យាសាស្រ្ត” របស់អារីស្តូតទៅក្នុងផ្នែកទស្សនវិជ្ជាមួយដែរ គឺ “ទស្សនវិជ្ជានៃធម្មជាតិ”។ ក៏ប៉ុន្តែ បើទោះបីជាយ៉ាងនេះក៏ដោយ ជាទូទៅ គេនៅតែចាត់ទុកអារីស្តូតថាជា “អ្នកវិទ្យាសាស្រ្តដំបូងគេបង្អស់” នៅក្នុងប្រវត្តិសាស្រ្ត។
នៅក្នុងការសិក្សាទៅលើវិទ្យាសាស្រ្ត អារីស្តូតបានបង្កើតឡើងនូវវិធីសាស្រ្តដ៏ថ្មីស្រឡាងមួយ ហើយដែលគេចាត់ទុកថាជាស្នាដៃដ៏ចម្បងមួយរបស់អារីស្តូត គឺ តក្កវិទ្យា (Logique)។
“មនុស្សគ្រប់រូបសុទ្ធតែត្រូវស្លាប់។
“សូក្រាតគឺជាមនុស្ស។
“ដូច្នេះ សូក្រាតគឺត្រូវស្លាប់។
នេះគឺជាពំនោលដែលគេតែងតែធ្លាប់ឮជាញឹកញយ ហើយពំនោលនេះ ថ្វីដ្បិតតែនិយាយពីឈ្មោះសូក្រាត តែតាមការពិត វាគឺជាគោលការណ៍តក្កវិទ្យា ដែលបង្កើតឡើងដោយអារីស្តូត ដើម្បីទុកប្រើជាវិធីសាស្រ្តក្នុងការសិក្សា ស៊ើបអង្កេត ទាំងនៅក្នុងផ្នែកទស្សនវិជ្ជា ក៏ដូចជាវិទ្យាសាស្រ្ត។
តាមការពិត ឥទ្ធិពលខ្លាំងជាងគេនៃគោលគំនិតរបស់អារីស្តូត ដែលបានរីកសាយភាយ និងអូសបន្លាយពេលរហូតដល់ទៅរាប់ពាន់ឆ្នាំក្រោយមកទៀតនោះ គឺទ្រឹស្តីទាក់ទងនឹងវិទ្យាសាស្រ្តនេះឯង។ នៅក្នុងការសិក្សាខាងផ្នែកវិទ្យាសាស្រ្តនេះ អារីស្តូតបានប្រើតក្កវិទ្យាធ្វើជាមូលដ្ឋាន ដើម្បីធ្វើការត្រិះរិះពិចារណា ទាញហេតុនិងផល ចេញពីការសង្កេតទៅលើធម្មជាតិ ហើយឈានទៅធ្វើសេចក្តីសន្និដ្ឋានបង្កើតជាទ្រឹស្តី។ ក៏ប៉ុន្តែ ទ្រឹស្តីវិទ្យាសាស្រ្តអស់ទាំងនេះ មិនត្រូវបានឆ្លងកាត់ការផ្ទៀងផ្ទាត់ដោយការធ្វើពិសោធន៍នោះទេ។ ហេតុដូច្នេះហើយបានជារហូតមកទល់នឹងពេលបច្ចុប្បន្ននេះ គេដឹងថា ទ្រឹស្តីវិទ្យាសាស្រ្តមួយចំនួនរបស់អារីស្តូតជាទ្រឹស្តីខុសឆ្គងទាំងស្រុង។
អារីស្តូតលើកឡើងថា គ្រប់អ្វីៗទាំងអស់ដែលគេមើលឃើញនៅក្នុងធម្មជាតិសុទ្ធតែផ្សំឡើងដោយសារធាតុដើមតែ ៤ប៉ុណ្ណោះ គឺ ទឹក ដី ភ្លើង និងខ្យល់។ បូកនឹងសារធាតុដើមទី៥ ដែលជាធាតុផ្សំនៃអ្វីៗដែលនៅលើមេឃ ឬនៅស្ថានសួគ៌។ ក៏ប៉ុន្តែ នៅក្នុងពេលបច្ចុប្បន្ននេះ ការសិក្សាស្រាវជ្រាវ តាមរយៈការធ្វើពិសោធន៍ និងការសង្កេតដោយប្រើបច្ចេកវិទ្យាទំនើបៗបង្ហាញថា ទឹក ដី ភ្លើង និងខ្យល់ មិនមែនជាសារធាតុដើមនោះទេ។ ផ្ទុយទៅវិញ ទាំងទឹក ដី ភ្លើង និងខ្យល់ ព្រមទាំងអ្វីៗផ្សេងទៀតនៅក្នុងចក្រវាលយើងនេះសុទ្ធតែផ្សំឡើងដោយសារធាតុផ្សេង ដែលរួមមានដូចជា អ៊ីដ្រូសែន អុកស៊ីសែន កាបោន ព្រមទាំងសារធាតុដើមផ្សេងទៀត ដែលមានចំនួនដល់ទៅរាប់រយឯណោះ។
ទាក់ទងនឹងផ្នែកតារាសាស្រ្ត និងការសិក្សាពីលោកធាតុ (Cosmologie) អារីស្តូតអះអាងថា ផែនដីមានរាងជាស៊្វែរ ដែលផ្ទុយពីការយល់ឃើញរបស់មនុស្សទូទៅនៅពេលនោះដែលថាផែនដីមានរាងសំប៉ែត ក៏ប៉ុន្តែ អារីស្តូតយល់ថា ផែនដី គឺជាចំណុចកណ្តាលនៃចក្រវាល ពោលគឺ ផែនដីស្ថិតនៅស្ងៀមមួយកន្លែង ចំណែកឯព្រះអាទិត្យ ព្រះចន្ទ ព្រមទាំងផ្កាយទាំងអស់ដែលនៅលើមេឃសុទ្ធតែធ្វើដំណើរវិលជុំវិញភពផែនដី។
ម្យ៉ាងទៀត អារីស្តូតបានកំណត់ថា គ្រប់វត្ថុទាំងអស់សុទ្ធតែមានចលនាសំដៅទៅរកចំណុចកណ្តាលនៃចក្រវាល ហើយដោយសារតែផែនដីគឺជាចំណុចកណ្តាលនៃចក្រវាល ដូច្នេះហើយបានជាគ្រប់វត្ថុទាំងអស់ត្រូវធ្លាក់មកលើដី ហើយវត្ថុដែលមានទម្ងន់កាន់តែធ្ងន់ធ្លាក់ចុះកាន់តែលឿន។
ក្រោយមក ទ្រឹស្តីអស់ទាំងនេះរបស់អារីស្តូតត្រូវបានច្រានចោលដោយអ្នកវិទ្យាសាស្រ្តសម័យទំនើប ដោយចាប់ផ្តើមចេញពី នីកូឡា កូពែនិក ដែលលើកឡើងថា ភពផែនដីមិនមែនជាចំណុចកណ្តាលនៃចក្រវាល។ កាលីឡេបង្កើតនូវទ្រឹស្តីដែលលើកឡើងថា រាល់វត្ថុទាំងអស់ មិនថាធ្ងន់ឬស្រាល សុទ្ធតែធ្លាក់ចុះក្នុងល្បឿនស្មើគ្នា។ ទ្រឹស្តីដែលត្រូវបានគេបញ្ជាក់តាមរយៈការធ្វើពិសោធន៍ជាក់ស្តែង នៅលើដីព្រះចន្ទ នៅឆ្នាំ១៩៧១។ ចំណែកឯអ៊ីសាក់ញូតុនបានបង្កើតនូវទ្រឹស្តីដែលពន្យល់ថា វត្ថុធ្លាក់ចុះមកលើដី គឺដោយសារតែកម្លាំងទំនាញ ហើយកម្លាំងទំនាញនេះក៏មិនមែនមានតែនៅលើផែនដីនោះដែរ តែមាននៅគ្រប់ទីកន្លែងទាំងអស់នៅក្នុងចក្រវាលទាំងមូល ដែលគេហៅថា “កម្លាំងទំនាញសកល”។
ក៏ប៉ុន្តែ បើទោះបីជាមានការខុសឆ្គងច្រើនបែបនេះក៏ដោយ ក៏ទ្រឹស្តីវិទ្យាសាស្រ្តរបស់អារីស្តូតត្រូវបានគេយកមកធ្វើជាមូលដ្ឋានក្នុងការសិក្សា និងមានឥទ្ធិពលចាក់ឫសនៅក្នុងសង្គមអស់រយៈពេលរហូតទៅដល់រាប់ពាន់ឆ្នាំ ហើយនេះមិនមែនជាកំហុសរបស់អារីស្តូតនោះទេ។
តាមការពិត តាមការសង្កេតមើលជាទូទៅ ទ្រឹស្តីវិទ្យាសាស្រ្ត មិនថារបស់អារីស្តូត ឬរបស់អ្នកប្រាជ្ញខាងវិទ្យាសាស្រ្តល្បីៗណាមួយផ្សេងទៀតក៏ដោយ មិនមានទ្រឹស្តីណាមួយដែលត្រឹមត្រូវឥតខ្ចោះនោះទេ។ មានទ្រឹស្តីវិទ្យាសាស្រ្តជាច្រើនដែលពីដំបូងគេគិតថាត្រឹមត្រូវ តែក្រោយមកត្រូវគេរកឃើញថាជាទ្រឹស្តីខុសឆ្គង ឬមិនពេញលេញ ហើយត្រូវគេច្រានចោល ឬធ្វើការកែលម្អឲ្យកាន់តែសុក្រឹតឡើងពីជំនាន់មួយទៅជំនាន់មួយ។ ទាំងនេះគឺជារឿងធម្មតា ហើយវាជាផ្នែកមួយនៃដំណើរវិវឌ្ឍកាន់តែប្រសើរឡើងនៃចំណេះដឹងរបស់មនុស្សជាតិ។
ចំពោះករណីអារីស្តូតវិញ ទ្រឹស្តីវិទ្យាសាស្រ្តរបស់អារីស្តូត (រួមទាំងទ្រឹស្តីខុសឆ្គងជាច្រើនផងនោះ) បានជះឥទ្ធិពលយូរអង្វែងដោយគ្មានអ្នកប្រឆាំង ឬកែលម្អ ដោយសារតែហេតុផលដ៏ចម្បងមួយ គឺអារីស្តូតមានទ្រឹស្តីស្របនឹងគោលជំនឿរបស់វិហារកាតូលិក ដែលជាស្ថាប័នដ៏មានអំណាចបំផុតនៅចាប់តាំងពីសម័យកាលចក្រភពរ៉ូម និងនៅក្នុងសម័យកាលក្រោយៗមកទៀត។
ហេតុដូច្នេះហើយបានជា បណ្តាជនទូទៅនៅតាមបណ្តាប្រទេសដែលស្ថិតក្រោមឥទ្ធិពល និងក្រោមអំណាចវិហារកាតូលិក តែងតែនាំគ្នាជឿទាំងស្រុងទៅលើទ្រឹស្តីរបស់អារីស្តូត ហើយបើទោះជាអ្នកដែលមិនយល់ស្របតាមអារីស្តូតក៏ភាគច្រើនមិនហ៊ានបង្ហាញនូវទស្សនៈរបស់ពួកគេជាសាធារណៈនោះដែរ ពីព្រោះថា ការបញ្ចេញទស្សនៈផ្ទុយពីទ្រឹស្តីរបស់អារីស្តូត គឺមានន័យស្មើនឹងការប្រឆាំងទៅនឹងសេចក្តីបង្រៀនរបស់វិហារកាតូលិក ហើយអាចនឹងត្រូវជាប់ទោសពីបទប្រមាថសាសនា។
ទ្រឹស្តីវិទ្យាសាស្រ្តរបស់អារីស្តូតក៏បានចាក់គ្រឹះយ៉ាងយូរអង្វែងអស់រយៈពេលរហូតដល់ទៅប្រមាណជា ២ពាន់ឆ្នាំ គឺរហូតដល់សតវត្សរ៍ទី១៧គ.ស ទើបចាប់ផ្តើមមានការកែប្រែ ដែលគេហៅថាជា “បដិវត្តន៍នៃវិទ្យាសាស្រ្ត” ជាពិសេស គឺតាមរយៈទ្រឹស្តីវិទ្យាសាស្រ្តសម័យទំនើបរបស់កាលីឡេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ