អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

នីកូឡា ម៉ាគីយ៉ាវែល ​(១៤៦៩-១៥២៧)

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​នាទី​ប្រវត្តិសាស្រ្ត​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​រៀបរាប់​អំពី​​ប្រវត្តិ​របស់​ទស្សនវិទូ​នយោបាយ​ដ៏ល្បីឈ្មោះ​មួយ​រូប​ក្នុង​ប្រវត្តិ​សាស្រ្ត គឺ​ទស្សនវិទូ​អ៊ីតាលី ឈ្មោះ​ថា នីកូឡា ម៉ាគីយ៉ាវែល (Nicolas Machiavel)។

រូបគំនូរ​បង្ហាញ​ពី​នីកូឡា ម៉ាគីយ៉ាវែល
រូបគំនូរ​បង្ហាញ​ពី​នីកូឡា ម៉ាគីយ៉ាវែល Public Domaine
ផ្សាយពាណិជ្ជកម្ម

នីកូឡា ម៉ាគីយ៉ាវែល គឺ​ជា​ទស្សនវិទូ​នយោបាយ​ដ៏ល្បីឈ្មោះ​បំផុត នៅ​ក្នុង​ប្រវត្តិសាស្រ្ត ហើយ​ក៏​ជា​ទស្សនវិទូ​នយោបាយ​ដែល​មាន​ឥទ្ធិពល​ដ៏​យូរអង្វែង​មួយ​រូបផងដែរ ដោយ​ទស្សនៈ​របស់​លោក នៅតែ​ត្រូវ​បាន​គេ​យក​មក​អនុវត្ត​យ៉ាងទូលំទូលាយ​រហូតមកទល់​នឹង​ពេល​បច្ចុប្បន្ន។ ក៏ប៉ុន្តែ ក្នុងពេល​ជាមួយគ្នា ម៉ាគីយ៉ាវែល​ ក៏​ជា​ទស្សនវិទូ​នយោបាយ​ដ៏​ចម្រូងចម្រាស​មួយ​រូបផងដែរ ដោយ​អ្នក​ខ្លះ​ចាត់ទុក​​ទស្សនវិជ្ជា​នយោបាយ​របស់​លោក​ថាជា​​នយោបាយ​បែប​ប្រាកដ​និយម ចំណែក​ខ្លះទៀត​ថា វា​ជា​នយោបាយ​​ដែល​អសីលធម៌ និង​អមនុស្សធម៌។

នីកូឡា ម៉ាគីយ៉ាវែល កើត​នៅ​ថ្ងៃទី៣ ខែឧសភា ឆ្នាំ​១៤៦៩ នៅ​ហ្វ្លូរ៉ង់ (Florence) ប្រទេស​អ៊ីតាលី។ នៅ​ពេល​ដែល​ម៉ាគីយ៉ាវែល​ចាប់កំណើតឡើង អ៊ីតាលី​មិនទាន់​រួមគ្នា​​ជាប្រជាជាតិតែ​​មួយ​នៅឡើយទេ ដោយ​ត្រូវ​បែងចែក​ជា​បុរីរដ្ឋ​តូចៗ​ជាច្រើន (ហ្វ្លូរ៉ង់, វេនីស, មីឡង់, ស៊ីស៊ីល...) ហើយ​បុរីរដ្ឋ​នីមួយៗ គឺ​ជា​គូប្រជែងនឹងគ្នា រហូត​ត្រូវ​ផ្ទុះជាសង្រ្គាម​ដ៏ធំ ដែល​គេ​ឲ្យឈ្មោះ​ថា “សង្រ្គាមអ៊ីតាលី” អូសបន្លាយ​ពេល​រហូតដល់​ទៅ​ជាង ៦០ឆ្នាំ (១៤៩៤-១៥៥៩) ហើយ​ដែល​ធ្វើ​ឲ្យ​អ៊ីតាលី​ត្រូវ​ក្លាយ​ជា​ទីតាំង​នៃ​ការ​ប្រជែង​អំណាច រវាង​មហាអំណាច​ក្បែរខាង គឺ​បារាំង អាល្លឺម៉ង់ និង​អេស្ប៉ាញ។

ម៉ាគីយ៉ាវែល កើតនៅ​ក្នុង​គ្រួសារ​មួយ ដែល​ជាប់​ក្នុង​ពូជពង្ស​វង់ត្រកូល​ជា​អ្នក​មាន​វណ្ណៈខ្ពង់ខ្ពស់​​នៅ​ហ្វ្លូរ៉ង់ ដោយ​ឪពុក​របស់​ម៉ាគីយ៉ាវែល គឺ​ជា​បណ្ឌិត​ខាង​ច្បាប់។ ក៏ប៉ុន្តែ ថ្វីដ្បិត​តែ​ជាប់ក្នុង​វង់ត្រកូល​អ្នក​វណ្ណៈខ្ពស់ តែ​គ្រួសារ​របស់​ម៉ាគីយ៉ាវែល​ផ្ទាល់​មិនមែន​ជា​អ្នក​មាន​ទ្រព្យធន​នោះទេ ផ្ទុយ​ទៅវិញ គឺ​ជា​អ្នក​មាន​ជីវភាព​លំបាក ដោយសារ​តែ​ឪពុក​របស់​ម៉ាគីយ៉ាវែល​មាន​ជាប់​បញ្ហា​បំណុល​ច្រើន ហើយ​ត្រូវ​បាន​គេ​ហាមឃាត់​មិន​ឲ្យ​ប្រកប​អាជីព​ជា​អ្នក​ច្បាប់។

ជាទូទៅ គេ​ធ្វើការ​បែងចែក​ដំណើរជីវិត​របស់​ម៉ាគីយ៉ាវែល​ជាបីដំណាក់កាល ដោយ​​ដំណាក់កាល​នីមួយៗ ផ្សាភ្ជាប់​ទៅនឹង​ចំណុច​របត់​សំខាន់ៗ នៅ​ក្នុង​​ប្រវត្តិ​របស់​ហ្វ្លូរ៉ង់។

ដំណាក់កាល​ទី១ គឺ​ដំណាក់កាល​យុវវ័យ។ នៅ​ក្នុង​ដំណាក់កាល​នេះ គេ​ដឹង​តិចតួចណាស់ ពី​ដំណើរជីវិត​ផ្ទាល់​ខ្លួន​របស់​ម៉ាគីយ៉ាវែល ក៏ប៉ុន្តែ គេ​ដឹង​ថា នៅ​ក្នុង​អំឡុង​ពេលនោះ ហ្វ្លូរ៉ង់ គឺ​ជា​បុរីរដ្ឋ​មួយ​ដែល​មាន​ភាពរុងរឿង និង​មាន​អំណាច​ខ្លាំង បើ​ធៀប​នឹង​បុរីរដ្ឋ​ផ្សេងទៀត​នៅ​អ៊ីតាលី។ នៅពេលនោះ ហ្វ្លូរ៉ង់ ថ្វីដ្បិត​តែមាន​ឈ្មោះ​ជា​ “សាធារណរដ្ឋ” ក៏ប៉ុន្តែ ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ត្រកូល ម៉េឌីស៊ីស ឬតាមភាសាអ៊ីតាលី​ថា ម៉េឌីឈី (Medici) ដែល​កាន់អំណាច​បន្ត​ត្រកូល​ពី​ឪពុក​ទៅកូន ប្រៀបដូចជា​របបរាជានិយម។

នៅ​ឆ្នាំ១៤៩៤ សង្រ្គាម​អ៊ីតាលី​ចាប់ផ្ទុះឡើង ហើយ​បារាំង​ ដែល​ជា​មហាអំណាច​យោធា​ដ៏ធំមួយ​ប្រចាំតំបន់​នៅពេលនោះ បាន​លើកទ័ព​ចូល​ឈ្លានពាន​អ៊ីតាលី ដោយ​បាន​ផ្តួលរំលំ​បុរីរដ្ឋ​អ៊ីតាលី​ម្តងមួយៗ រហូត​ទៅដល់​ហ្វ្លូរ៉ង់ ដោយ​នៅទីនោះ ត្រកូល​ម៉េឌេស៊ី​ត្រូវ​បាន​គេ​ផ្តួលរំលំ​ពី​អំណាច ហើយ​និរទេស​ចេញ​ពី​ស្រុក។ របបនយោបាយ​កូនកាត់ ពាក់កណ្តាល​សាធារណរដ្ឋ ពាក់កណ្តាល​រាជានិយម​របស់​ត្រកូល​ម៉េឌីស៊ីស ត្រូវ​បាន​ជំនួស​មកវិញ​ដោយ​របបសាធារណរដ្ឋ​ថ្មីមួយ ដែលមាន​លក្ខណៈ​សេរី និង​បើក​ចំហ​ជាងមុន។ នៅ​ពេលនោះហើយ ដែល​ម៉ាគីយ៉ាវែល បាន​បោះជំហាន​ចូល​ក្នុង​អាជីព​ជា​អ្នក​នយោបាយ​របស់​ហ្វ្លូរ៉ង់ ដែល​ជា​ដំណាក់កាល​ទី២​នៃ​ដំណើរ​ជីវិត​របស់​លោក។

ឈ្មោះ និង​ដំណើរជីវិត​របស់​ម៉ាគីយ៉ាវែល ត្រូវ​បាន​គេ​ស្គាល់​ជាទូទៅ ចាប់តាំង​ពី​ឆ្នាំ១៤៩៨ នៅ​ពេល​ដែល​លោក​ត្រូវ​បាន​តែងតាំង​ឲ្យ​កាន់តំណែង​ជា​មន្រ្តី​ការទូត​ជាន់ខ្ពស់ នៃ​សាធារណរដ្ឋ​ហ្វ្លូរ៉ង់។ រហូតមកទល់​នឹង​ពេលនេះ អ្នក​ប្រវត្តិសាស្រ្ត​​ជាទូទៅ នៅតែ​បន្ត​មាន​ចម្ងល់ថា តើ​មាន​ដំណើរដើមទង​យ៉ាងណា​ខ្លះ ដែល​ធ្វើ​ឲ្យ​ម៉ាគីយ៉ាវែល ដែល​មាន​វ័យ​មិនដល់​ ៣០ឆ្នាំផង ហើយ​ជាពិសេស មិនមែន​ជា​​​អ្នក​មាន​បទពិសោធន៍​ និង​ប្រវត្តិការងារ​​ខាង​ការទូត​សោះ ស្រាប់តែ​ត្រូវ​គេតែងតាំង​ឲ្យ​កាន់តំណែង​ខ្ពង់ខ្ពស់​បែបនេះ? ក៏ប៉ុន្តែ អ្វីដែល​គេ​អាចដឹង​បាន​យ៉ាងច្បាស់ គឺ​ម៉ាគីយ៉ាវែល​បាន​បំពេញ​មុខងារ​ជា​មន្រ្តីការទូត​ហ្វ្លូរ៉ង់​នេះបាន​យ៉ាង​ស្ទាត់ជំនាញ ហើយ​បាន​កាន់តំណែង​នេះ​ជាប់​បាន​រហូតដល់​ទៅ ១៤ឆ្នាំ។

នៅ​ក្នុងរយៈពេល ១៤ឆ្នាំ​នេះ ម៉ាគីយ៉ាវែល​​មិនត្រឹមតែ​បំពេញការងារ​ខាង​ការទូត​ប៉ុណ្ណោះទេ តែ​ក៏​ជា​អ្នក​ដែល​បាន​ផ្តួចផ្តើម​គំនិត ក្នុង​ការ​ធ្វើ​កំណែទម្រង់​កងទ័ព​របស់​ហ្វ្លូរ៉ង់​ផងដែរ។ ម៉ាគីយ៉ាវែល​​បាន​បញ្ចុះបញ្ចូល​ឲ្យ​មេដឹកនាំ​សាធារណរដ្ឋ​ហ្វ្លូរ៉ង់ ឈប់ពឹង​លើ​កងទ័ព​ស៊ីឈ្នួល ដើម្បី​​ការពារជាតិ តែត្រូវ​ងាក​មក​បង្កើត​កងទ័ព​ជាតិ​ផ្ទាល់​ខ្លួនឯងវិញ។ ក្រោម​ការចាត់ចែង​របស់​ម៉ាគីយ៉ាវែល កងទ័ព​ហ្វ្លូរ៉ង់​ក៏​ត្រូវ​បាន​បង្កើត​ឡើង ហើយ​​កងទ័ព​ថ្មីនេះ​បាន​ជួយ​ឲ្យ​ហ្វ្លូរ៉ង់​​យក​ជ័យជម្នះ នៅ​តាម​បណ្តា​សមរភូមិ​ជាច្រើន នៅ​ក្នុង​សង្រ្គាម​អ៊ីតាលី។

ក៏ប៉ុន្តែ នៅឆ្នាំ១៥១២ សង្រ្គាមអ៊ីតាលី​បាន​ស្គាល់​នូវ​របត់ថ្មី ដោយ​កងទ័ព​បារាំង​ត្រូវ​ទទួល​បរាជ័យ ហើយ​ត្រកូល​ម៉េឌីស៊ីស ដែល​មាន​ការគាំទ្រ​ពី​កងទ័ព​អេស្ប៉ាញ ក៏​បាន​ផ្តួលរំលំ​របបសាធារណរដ្ឋ​ ហើយ​បាន​វិលត្រឡប់​មក​កាន់អំណាច​នៅ​ហ្វ្លូរ៉ង់វិញ។ នៅ​ឆ្នាំ​១៥១៣ ម៉ាគីយ៉ាវែល ដែល​ជាប់​សង្ស័យ​ថា​មាន​ជាប់ពាក់ព័ន្ធ​នឹង​ការ​បង្កើតកងទ័ព ដើម្បី​តស៊ូ​ប្រឆាំង​នឹង​ត្រកូល​ម៉េឌីស៊ីស ត្រូវ​បាន​ចាប់ខ្លួន ធ្វើ​ទារុណកម្ម​សួរចម្លើយ និង​​ជាប់​ក្នុង​មន្ទីរឃុំឃាំង​អស់រយៈពេល​ជាច្រើន​ខែ មុននឹង​ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ ក៏ប៉ុន្តែ ត្រូវ​បាន​និរទេស​ចេញ​ពី​ហ្វ្លូរ៉ង់ ព្រមទាំង​ត្រូវ​បាន​​ហាមឃាត់​មិន​ឲ្យ​ប្រឡូក​ចូល​ក្នុង​ឆាក​នយោបាយ​អស់មួយជីវិត។

នេះ​គឺ​ជា​ដំណាក់​កាលទី៣​​នៃ​ដំណើរជីវិត​របស់​ម៉ាគីយ៉ាវែល។ វាជា​ដំណាក់កាល​ដ៏សែនដុនដាប​បំផុត នៅ​ក្នុង​អាជីព​នយោបាយ និង​ការទូត​របស់​លោក ក៏ប៉ុន្តែ ក្នុង​ពេល​ជាមួយគ្នា វា​គឺ​ជា​ដំណាក់កាល​ដ៏សំខាន់​មួយ នៅ​ក្នុង​ជីវិត​ជា​ទស្សនវិទូ​នយោបាយ ពីព្រោះ​ថា នៅ​ក្នុង​ជីវិត​និរទេស និង​ក្រៅឆាក​នយោបាយ​នោះហើយ ដែល​ម៉ាគីយ៉ាវែល​​បាន​ចំណាយពេល​សរសេរ​សៀវភៅជាច្រើន រួមមាន​ដូចជា​សៀវភៅ ស្តីពី​ប្រវត្តិសាស្រ្ត​នៃ​ចក្រភពរ៉ូម​សម័យ​បុរាណ, ​ប្រវត្តិសាស្រ្ត​របស់​ហ្វ្លូរ៉ង់, តម្រាពិជ័យសង្រ្គាម និង​ជាពិសេស គឺ​សៀវភៅ​ ដែល​មាន​ចំណងជើង​ជាភាសាបារាំង​ថា « Le Prince » (ដែល​អាចបកប្រែ​ជា​ខ្មែរ​ថា “ព្រះអង្គម្ចាស់”) ដែល​ជា​សៀវភៅ​ស្តីពី​ទស្សនវិជ្ជា​នយោបាយ​ដ៏ល្បីល្បាញ និង​ដ៏​មាន​ឥទ្ធិពល​បំផុត ចាប់តាំង​ពី​សម័យកាល​ La Renaissance រហូត​មក​ទល់​នឹង​សម័យកាល​បច្ចុប្បន្ន​។

នៅ​ឆ្នាំ១៥២៦ ចំណុច​របត់​ថ្មីមួយទៀត​បាន​កើតឡើង នៅ​ក្នុង​ឆាក​នយោបាយ​របស់​ហ្វ្លូរ៉ង់ ក៏ដូចជា នៅ​ក្នុង​ដំណើរ​ជីវិត​របស់​ម៉ាគីយ៉ាវែល។ សង្រ្គាម​អ៊ីតាលី​ឆាបឆេះ​កាន់តែ​ខ្លាំង ហើយ​រដ្ឋាភិបាល​ហ្វ្លូរ៉ង់ ដែល​បាន​និរទេស​ និង​ហាម​ម៉ាគីយ៉ាវែល​មិន​ឲ្យ​ប្រឡូក​ក្នុង​នយោបាយ​ជាច្រើន​ឆ្នាំមកហើយ​នោះ ក៏​ស្រាប់តែ​មក​ពឹង​​ម៉ាគីយ៉ាវែល​ឲ្យ​ជួយ​ផ្តល់​ប្រឹក្សា ក្នុងការ​​រៀបចំ​កម្លាំងទ័ព ព្រមទាំង​រៀបចំ​​យុទ្ធសាស្រ្ត​ពង្រឹង​កំផែង​ការពារ​ហ្វ្លូរ៉ង់។

មួយឆ្នាំក្រោយមកទៀត គឺ​នៅ​ឆ្នាំ​១៥២៧ ត្រកូល​ម៉េឌីស៊ីស​ក៏​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​អំណាច​សាជាថ្មី ហើយ​របបសាធារណរដ្ឋ​សេរី​ត្រូវ​បាន​បង្កើតឡើងវិញ។ នៅ​ពេលនោះ ម៉ាគីយ៉ាវែល ក៏​បាន​ប្រញាប់ប្រញាល់​វិល​មក​កាន់​ហ្វ្លូរ៉ង់វិញ ដោយសង្ឃឹម​ថា នឹង​អាច​យក​តំណែង​ជា​មន្រ្តីការទូត​ជាន់ខ្ពស់ ដែល​លោក​ធ្លាប់​កាន់កាប់​កាល​ពីមុននោះមកវិញ។ ក៏ប៉ុន្តែ មកដល់​ហ្វហ្លូរ៉ង់​បានតែ​ប៉ុន្មាន​សប្តាហ៍ នីកូឡា ម៉ាគីយ៉ាវែល ក៏​ធ្លាក់​ខ្លួនឈឺ ហើយ​ទទួល​មរណភាព នៅខែ​មិថុនា ឆ្នាំ១៥២៧ ក្នុង​វ័យ​ ៥៨ឆ្នាំ។

នីកូឡា ម៉ាគីយ៉ាវែល បាន​លាចាកលោក​នេះ​ទៅ ដោយ​បាន​បន្សល់ទុក​នូវ​កេរឈ្មោះ និង​ស្នាដៃ​​ដ៏​សំខាន់​ខាង​ផ្នែក​ទស្សនវិជ្ជា​នយោបាយ។ ទស្សនវិជ្ជា​នយោបាយ​ដែល​ពោរពេញ​ទៅដោយ​ភាព​ចម្រូងចម្រាស តែ​ជា​ទស្សនវិជ្ជា​ ដែល​មាន​ឥទ្ធិពល​ដ៏ខ្លាំង និង​យូរអង្វែង​រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ