អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

ទស្សនវិជ្ជា​នយោបាយ​របស់​នីកូឡា ម៉ាគីយ៉ាវែល

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​នាទី​ប្រវត្តិសាស្រ្ត​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូមបន្ត​​រៀបរាប់​អំពី​​ប្រវត្តិ​របស់​ នីកូឡា ម៉ាគីយ៉ាវែល តទៅទៀត ដោយ​សូម​លើកឡើង អំពី​ទស្សនវិជ្ជា​នយោបាយ​របស់​លោក ដែល​មាន​សរសេរ​នៅ​ក្នុង​សៀវភៅ​ដែល​មាន​ចំណងជើង​ជាភាសាបារាំងថា Le Prince ហើយ​ដែល​ជា​សៀវភៅខាង​ទស្សនវិជ្ជា​នយោបាយ​ដ៏​ល្បីល្បាញ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្រ្ត។

រូបគំនូរ​បង្ហាញ​ពី​នីកូឡា ម៉ាគីយ៉ាវែល
រូបគំនូរ​បង្ហាញ​ពី​នីកូឡា ម៉ាគីយ៉ាវែល Public Domaine
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សម័យកាល​​ម៉ាគីយ៉ាវែល អ៊ីតាលី ក៏ដូចជា​នៅ​ក្នុង​តំបន់​អឺរ៉ុប​ជាទូទៅ គឺ​សម្បូរ​ទៅដោយ​កូនរដ្ឋ​តូចៗ ដែល​គេ​ហៅថា​ជា​ “បុរីរដ្ឋ” ហើយ​បុរីរដ្ឋ​អស់ទាំងនោះ​ភាគច្រើន​ស្ថិត​ក្រោម​ការ​ដឹកនាំ​ដោយ​របប​ពាក់កណ្តាល​រាជានិយម ពោលគឺ​ ការស្នងអំណាច​ត្រូវ​ធ្វើ​បន្ត​​នៅ​ក្នុង​ត្រកូល​ពី​ឪពុក​ទៅ​កូន ដូចជា​របបរាជានិយម​ដែរ ក៏ប៉ុន្តែ មេដឹកនាំ​មិនមាន​ងារ​ជា “ព្រះមហាក្សត្រ” ​​ដូចជា​របបរាជានិយម​នោះទេ គឺ​មានងារ​ត្រឹមតែ​ជា « ព្រះអង្គម្ចាស់”។ គេ​ច្រើន​ហៅ​រដ្ឋ​ប្រភេទ​នេះ​ថា​ជា « ក្សត្រ​បុរី” ហើយ​ទម្រង់​រដ្ឋ​ប្រភេទ​នេះ​មាន​នៅ​សេសសល់​មក​ទល់​នឹង​សម័យកាល​បច្ចុប្បន្ន​ ដូចជា​ប្រទេស​ម៉ូណាកូ​ជាដើម ដែល​ជា​ក្សត្របុរី​ស្ថិត​នៅ​ខាង​ត្បូង​​ប្រទេស​បារាំង ហើយ​ដែល​ដឹកនាំ​ដោយ​ព្រះអង្គម្ចាស់​អាល់ប៊ែរ។

​លក្ខណៈសម្បត្តិ​នៃ​ប្រមុខដឹកនាំ​នៃ​ក្សត្រ​បុរី​នេះហើយ ដែល​ជា​ប្រធានបទ​នៃ​សៀវភៅ​របស់​ម៉ាគីយ៉ាវែល ដែល​មាន​ចំណង​ជើង​ជាភាសាបារាំង​ថា « Le Prince » ហើយ​ដែល​អាច​បកប្រែ​ជា​ខ្មែរ​ថា “ព្រះអង្គម្ចាស់”។

ជាទូទៅ នៅ​ពេល​ដែល​គេ​អាន​សៀវភៅ « Le Prince » មុននឹង​និយាយ​ទៅដល់​ខ្លឹមសារ គេ​ច្រើនតែ​នាំគ្នា​ធ្វើការ​កត់សម្គាល់​ទៅ​លើ​លក្ខណៈពិសេស​នៃ​ទម្រង់​នៃ​ការ​សរសេរ។

ម៉ាគីយ៉ាវែល​បាន​ធ្វើការ​ពន្យល់​ជាមុន​ថា អ្វី​ដែល​លោកសរសេរ​នៅ​ក្នុង​សៀវភៅ « Le Prince » នេះ គឺ​ផ្អែក​ទៅលើ​ទស្សនវិជ្ជា​របស់​អ្នក​ប្រាជ្ញ​​សម័យកាល​មុនៗ​ផង ព្រមទាំង​បូករួម​ជាមួយ​នឹង​បទពិសោធន៍​ជាក់ស្តែង​ដែល​លោក​បាន​ឆ្លងកាត់ និង​សង្កេតឃើញ នៅ​ក្នុង​អាជីព​ជា​អ្នក​នយោបាយ និង​ការទូត​នៅ​ហ្វ្លូរ៉ង់។ ក៏ប៉ុន្តែ ខុស​ពី​សំណេរ​ទស្សវិជ្ជា​មុនៗ​ដែល​ច្រើន​សរសេរ​ជា​លក្ខណៈ​អក្សរសាស្រ្ត វែងអន្លាយ​ ហើយ​ពោរពេញ​ទៅដោយ​ទស្សនាទាន​អរូបិយ សៀវភៅ « Le Prince » ត្រូវ​បាន​ម៉ាគីយ៉ាវែល​សរសេរ​​ដោយ​សាមញ្ញ​ ខ្លីៗ ក្នុងទម្រង់​ជា​ការ​ផ្តល់​គំនិត​សម្រាប់​យក​ទៅ​អនុវត្ត​ជាក់ស្តែង។

គោលដៅ​របស់​ម៉ាគីយ៉ាវែល​ត្រូវ​បាន​បង្ហាញ​ឲ្យ​ឃើញ​កាន់តែ​ច្បាស់​ តាមរយៈ​ការ​ចាប់ផ្តើម​ ​សៀវភៅ « Le Prince » ក្នុង​​បុព្វកថា ដែល​ធ្វើការ​​​ឧទ្ទិស​ខ្លឹមសារ​នៃ​សៀវភៅ​ ដោយ​ចំៗ​ឈ្មោះ​ចំពោះ​ព្រះអង្គម្ចាស់ ឡូរេនហ្សូ ដឺម៉េឌីស៊ីស ដែល​នៅ​ពេលនោះ គឺ​ជា​ប្រមុខដឹកនាំ​របស់​ហ្វ្លូរ៉ង់។

សៀវភៅ​ដ៏ស្តើង​កម្រាស់​មិនដល់​១០០ទំព័រ​ផងនេះ​ត្រូវ​បាន​ចែកចេញ​ជា​ ២៦ជំពូក​ខ្លីៗ ដោយ​នៅ​ក្នុង​នោះ ម៉ាគីយ៉ាវែល​សរសេររៀបរាប់​អំពី​គោលគំនិត​របស់​លោក​ទាក់ទង​នឹង​ទម្រង់​នៃ​ក្សត្រ​បុរី អំពី​ប្រភេទ​កងទ័ព​ដែលក្សត្រ​បុរី​នីមួយៗ​ត្រូវ​មាន និង​ជាពិសេស គឺ​អំពី​​លក្ខណៈសម្បត្តិ និង​អាកប្បកិរិយា​​របស់​មេដឹកនាំ ពោលគឺ អ្វី​ដែល​មេដឹកនាំ​ត្រូវ​ធ្វើ​​ចាប់តាំង​ពី​ពេល​កំពុង​ស្វែងរក​អំណាច រហូត​ដល់​ពេល​ដែល​មាន​អំណាច​នៅ​ក្នុងដៃ​។

នីកូឡា ម៉ាគីយ៉ាវែល ទទួលស្គាល់​ថា មេដឹកនាំ​ត្រូវតែ​មាន​គុណធម៌ ក៏ប៉ុន្តែ​ ក្នុងពេល​ជាមួយគ្នា​​ត្រូវតែ​ហ៊ាន​បោះបង់​គុណធម៌​នេះ​ចោល​ប្រសិនបើ​ចាំបាច់។ ទោះជាយ៉ាងណា ម៉ាគីយ៉ាវែល​បាន​លើកឡើង​ថា ទម្រង់​រដ្ឋ​ដែល​អាច​ឲ្យ​មេដឹកនាំ​​ធ្វើការ​ប្រកប​ដោយ​គុណធម៌​នោះ គឺ​មានតែ​ក្នុង​ការ​ស្រមើស្រមៃ​តែ​ប៉ុណ្ណោះ រីឯ​នៅ​ក្នុង​ការអនុវត្ត​ជាក់ស្តែងវិញ មេដឹកនាំ​ត្រូវតែ​បោះបង់​គុណធម៌ចោល។ ចេញ​ពី​ការ​យល់ឃើញ​បែបនេះ ម៉ាគីយ៉ាវែល​បាន​សរសេរ​រៀបរាប់​អំពី​លក្ខណៈសម្បត្តិ​ ដែល​មេដឹកនាំ​នីមួយៗ​ត្រូវ​មាន ហើយ​ដែល​ភាគច្រើន គឺ​ជា​លក្ខណៈសម្បត្តិ​នៃ​មេដឹកនាំ​ដែល​ខ្វះ​គុណធម៌។

ជាអាទិ៍ ម៉ាគីយ៉ាវែល​បាន​សរសរថា មេដឹកនាំ​​ដែល​ឆ្លាតវៃ​គួរ​មាន​ចិត្ត​កំណាញ់​ ជាជាង​ចិត្ត​សប្បុរស​ជ្រុល ពីព្រោះ​ថា ការ​មាន​ចិត្ត​សប្បុរស​ជ្រុលហួសហេតុ​ចំពោះ​ប្រជាជន វា​នឹង​ធ្វើ​ឲ្យ​ប្រជាជន​លោភចង់​បាន​កាន់តែ​ច្រើន ហើយ​ការ​ផ្តល់​ទៅ​តាម​ការ​ចង់បាន​ឥតឈប់​របស់​ប្រជាជន​ វា​នឹង​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​អស់​ធនធាន ហើយ​នៅ​ទីបំផុត​រដ្ឋ​ត្រូវ​ដំឡើង​ពន្ធ ដែល​ធ្វើ​ឲ្យ​ប្រជាជន​ស្អប់​មេដឹកនាំ​នោះទៅវិញ។

ទាក់ទង​នឹង​សំណួរ​ថា ​តើ​មេដឹកនាំ​គួរ​តែ​ធ្វើ​ឲ្យ​គេ​ស្រឡាញ់​ ឬ​ឲ្យ​គេ​ខ្លាច ម៉ាគីយ៉ាវែល​​បាន​លើកឡើង​ថា វា​ជា​ការ​ប្រពៃណាស់​ប្រសិន​បើ​មេដឹកនាំ​អាច​ធ្វើ​ឲ្យ​គេ​ស្រឡាញ់​ផង និង​ខ្លាចផង។ ក៏ប៉ុន្តែ ដោយសារ​តែ​នៅ​ក្នុង​ការពិត​ជាក់ស្តែង នេះ​គឺ​ជា​រឿង​ដែល​ពិបាក​នឹង​ធ្វើ​បាន ដូច្នេះ បើ​សិន​ជា​ចាំបាច់​ត្រូវតែ​ជ្រើសរើស​ មេដឹកនាំ​គួរតែ​ធ្វើ​ឲ្យ​គេ​ខ្លាច ជាជាង​ឲ្យ​គេ​ស្រឡាញ់ ពីព្រោះ​ថា នៅ​ពេល​ឆ្លងកាត់​បញ្ហាស្មុគស្មាញ ឬ​ពេល​មាន​វិវាទ ការភ័យខ្លាច​នឹង​នៅតែ​មាន រីឯ​ក្តីស្រឡាញ់​មិន​ប្រាកដ​ថា​អាច​នៅ​ស្ថិតស្ថេរ​បាន​នោះទេ។ ទោះជា​យ៉ាងណា ម៉ាគីយ៉ាវែល​ក៏​បាន​លើកឡើង​ផងដែរ​ថា មេដឹកនាំ​ដែល​ឆ្លាតវៃ​មិនធ្វើ​ឲ្យ​គេ​ខ្លាច​ជ្រុលហួសហេតុ រហូត​ដល់​ឲ្យ​គេ​ស្អប់​នោះទេ។

ទាក់ទង​នឹង​ពាក្យ​សន្យាវិញ ម៉ាគីយ៉ាវែល​យល់ថា មេដឹកនាំ​គួរតែ​គោរព​ពាក្យ​សន្យា​របស់​ខ្លួន ក៏ប៉ុន្តែ បើ​សិន​ជា​ការ​គោរព​ពាក្យសន្យា​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រយោជន៍​របស់​ខ្លួន មេដឹកនាំ​ត្រូវចេះ​ក្បត់​ពាក្យ​សន្យា។ ទោះជាយ៉ាងណា ម៉ាគីយ៉ាវែល​បាន​លើកឡើង​ថា មេដឹកនាំ​ដែល​ក្បត់ពាក្យ​សន្យា​អាច​នឹង​ធ្វើ​ឲ្យ​គេ​លែង​ទុកចិត្ត ដូច្នេះ ការក្បត់​ពាក្យ​សន្យា​នេះគួរធ្វើ​ឡើង​តែ​ក្នុង​ករណី​ចាំបាច់​តែ​ប៉ុណ្ណោះ ហើយ​លើសពីនេះ​ទៅទៀត បើទោះបីជា​ត្រូវ​ក្បត់​ពាក្យ​សន្យា​​ក៏​ដោយ មេដឹកនាំ​ត្រូវតែ​ចេះ​រក​វិធី​ ដើម្បី​លាក់បាំង ឬ​បង្វែង​ដាន​កុំ​ឲ្យ​គេ​ដឹង​ថា​ខ្លួន​ក្បត់​ពាក្យ​សន្យា។ និយាយ​ជា​រួម គឺ​ត្រូវចេះ​ប្រើ​ល្បិចកល។

តាមការពិត ការចេះប្រើ​ល្បិចកល​បោកបញ្ឆោត គឺ​ជា​លក្ខណៈសម្បត្តិ​ដ៏​ចម្បង​របស់​មេដឹកនាំ តាម​គោលគំនិត​របស់​ម៉ាគីយ៉ាវែល។ សូម្បីតែ​​សកម្មភាពអគុណធម៌ ដែល​​ម៉ាគីយ៉ាវែល​យល់​ថា​មេដឹកនាំ​ត្រូវ​មាន​នោះ ក៏​ត្រូវ​តែ​ធ្វើ​ដោយ​ចេះប្រើ​ល្បិចកល​​ដែរ ពោលគឺ ត្រូវចេះ​ធ្វើ​សកម្មភាព​អគុណធម៌ តែ​រកវិធី​លាក់បាំង ឬ​បង្វែងដាន​ឲ្យ​គេជឿ​ថា​ខ្លួន​មាន​គុណធម៌។

ជាទូទៅ គេ​ច្រើន​តែ​ធ្វើ​ការ​សង្ខេប​នូវ​ទស្សនវិជ្ជា​នយោបាយ​របស់​ម៉ាគីយ៉ាវែលថា មេដឹកនាំ​ដែល​ឆ្លាតវៃ គឺ​ត្រូវចេះ​ប្រើ​កម្លាំង​បាយ​ដូចជា​សត្វតោ ហើយ​ត្រូវចេះ​ប្រើ​ល្បិចកល​ដូចជា​សត្វកញ្ជ្រោង។

ទស្សនវិជ្ជា​នយោបាយ​បែបនេះ​ហើយ ដែល​ធ្វើ​ឲ្យ​អ្នក​ខ្លះ​រិះគន់​ម៉ាគីយ៉ាវែល​ថា​ជា​គ្រូ​ដែល​បង្រៀន​ឲ្យ​មេដឹកនាំ​ខូច (Enseignant du mal/Teacher of Evil)។ ក៏ប៉ុន្តែ មាន​អ្នក​ខ្លះ​ទៀត​នាំគ្នា​បកស្រាយ​ថា អ្វីដែល​ម៉ាគីយ៉ាវែល​សរសេរ​នេះ គឺ​គ្រាន់តែ​ជា​ការ​សរសេរ​តាមបែប​ចំអក​តែប៉ុណ្ណោះ ដើម្បី​បង្ហាញ​ពី​របៀបដឹកនាំ​តាមបែបផ្តាច់ការ​ឃោរឃៅ ដែល​​មិនត្រូវ​យក​គំរូតាម។

ទោះបីជាយ៉ាងណា​ក៏ដោយ ទស្សនវិជ្ជា​នយោបាយ​របស់​ម៉ាគីយ៉ាវែល​នៅតែ​ជា​ទស្សនវិជ្ជា​ដ៏មាន​ឥទ្ធិពល​បំផុត​រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន។ « Le Prince » គឺ​ជា​សៀវភៅ​​ដ៏​សំខាន់​មួយនៅ​ក្នុង​កម្មវិធី​សិក្សា​ខាង​ផ្នែក​វិទ្យាសាស្រ្ត​នយោបាយ នៅ​តាម​សកលវិទ្យាល័យ ជាពិសេស នៅ​តាម​បណ្តា​ប្រទេស​លោកខាងលិច។ ចំណែក​ឯ​ក្នុង​ការ​អនុវត្ត​ជាក់ស្តែងវិញ ទស្សនវិជ្ជា​នយោបាយ​​របស់​ម៉ាគីយ៉ាវែល​ក៏​មាន​ឥទ្ធិពល​មិនតិចដែរ ចំពោះ​មេដឹកនាំ​ជាច្រើន​នៅ​ទូទាំង​ពិភពលោក។

ទស្សនវិជ្ជា​នយោបាយ​របស់​ម៉ាគីយ៉ាវែល ថ្វីដ្បិត​តែ​ត្រូវ​បាន​គេ​ស្គាល់​ច្រើន​ជាងគេ អំពី​លក្ខណៈសម្បត្តិ​មេដឹកនាំ​តាមបែប​តោ​និង​កញ្ជ្រោង តែ​នៅមាន​ចំណុច​ដ៏សំខាន់​មួយទៀត ដែល​មាន​ឥទ្ធិពល​យ៉ាងខ្លាំងផងដែរនោះ ជាពិសេស នៅ​តាម​បណ្តា​ប្រទេស​លោកខាងលិច គឺ​ទាក់ទង​នឹង​លក្ខណៈសម្បត្តិ​របស់​មន្រ្តី ដែល​មេដឹកនាំ​ត្រូវមាន។ យោងតាម​ម៉ាគីយ៉ាវែល មេដឹកនាំ​ដែល​ឆ្លាតវៃ គឺ​ត្រូវចេះ​ជ្រើសរើស​មន្រ្តី ឬទីប្រឹក្សា​ដ៏ល្អ​ឲ្យ​នៅ​ជុំវិញ​ខ្លួន ហើយ​មន្រ្តី​ល្អ បើតាម​ម៉ាគីយ៉ាវែល គឺ​មិនមែន​​​មន្រ្តី​ដែល​ចេះតែចាំលើកជើង​​បញ្ចើចបញ្ចើ​មេដឹកនាំ​នោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ