នៅក្នុងនាទីប្រវត្តិសាស្រ្តពិភពលោករបស់យើង នៅសប្តាហ៍នេះ សេង ឌីណា សូមរៀបរាប់អំពីប្រវត្តិទស្សនវិទូដ៏ល្បីល្បាញមួយរូបទៀត នៅក្នុងប្រវត្តិសាស្រ្ត គឺ "ផ្លាតុង”។
ផ្លាតុង គឺជាសិស្សរបស់សូក្រាត និងជាគ្រូរបស់អារីស្តូត។ ផ្ទុយពីសូក្រាតដែលមិនបានបន្សល់ទុកនូវស្នាដៃជាសំណេរអ្វីទាំងអស់នោះ ផ្លាតុងវិញបានបន្សល់ទុកនូវស្នាដៃជាច្រើន ដែលនិយាយទាំងពីទស្សនវិជ្ជារបស់លោក និងទស្សនវិជ្ជារបស់សូក្រាតដែលជាគ្រូ។ តាមការពិត គឺតាមរយៈសំណេររបស់ផ្លាតុង ដែលគេអាចដឹងពីប្រវត្តិផ្ទាល់ខ្លួន និងទស្សនវិជ្ជារបស់សូក្រាត ហើយសំណេរខ្លះរបស់ផ្លាតុងត្រូវបានគេចាត់ទុកថាជាទស្សនវិជ្ជានយោបាយដំបូងបង្អស់នៅក្នុងប្រវត្តិសាស្រ្ត។
ផ្លាតុងកើតនៅក្នុងអំឡុងឆ្នាំ៤២៨មុនគ.ស នៅអាថែន ប្រទេសក្រិក។ ផ្ទុយពីសូក្រាតដែលកើតក្នុងគ្រួសារនៃអ្នកមានវណ្ណៈមធ្យម ផ្លាតុងវិញ គឺជាកូនចៅអ្នកមានត្រកូលខ្ពង់ខ្ពស់ ហើយទទួលបាននូវការអប់រំខ្ពស់។ ក៏ប៉ុន្តែ ផ្លាតុងធំដឹងក្តីឡើង នៅក្នុងពេលដែលក្រិកកំពុងស្ថិតក្នុងកលយុគនយោបាយដ៏ធ្ងន់ធ្ងរ គឺសង្រ្គាមស៊ីវិល រវាងអាថែន និងស្ប៉ាត ដែលគេឲ្យឈ្មោះថា “សង្រ្គាមប៉េឡូប៉ូនែស”។
នៅក្នុងកលយុគនយោបាយនេះ ផ្លាតុងបានឆ្លងកាត់នូវការផ្លាស់ប្តូររបបនយោបាយជាច្រើនលើក នៅអាថែន គឺចេញពី “របបប្រជាធិបតេយ្យ” (របបនយោបាយ ដែលរដ្ឋាភិបាលកើតចេញពីការជ្រើសរើសដោយប្រជាជនជាទូទៅ) ទៅ “របបអប្បជនាធិបតេយ្យ” (របបនយោបាយដែលរដ្ឋាភិបាលកើតចេញពីជនមួយក្រុមតូច) មុននឹងវិលត្រឡប់មកកាន់របបប្រជាធិបតេយ្យវិញ។
ផ្លាតុង ដែលជាកូនចៅអ្នកមានត្រកូលខ្ពង់ខ្ពស់និងមានខ្សែបណ្តាញច្រើន មានឱកាសច្រើនក្នុងការក្លាយជាអ្នកនយោបាយ និងមានតួនាទីធំដុំនៅក្នុងរដ្ឋាភិបាល ក៏ប៉ុន្តែ ផ្លាតុងបានបដិសេធមិនចាប់អាជីពនយោបាយ ដោយសារតែបានសង្កេតឃើញថា អ្នកនយោបាយជាទូទៅនៅពេលនោះ មិនថានៅក្នុងរបបប្រជាធិបតេយ្យ ឬក្នុងរបបអប្បជនាធិបតេយ្យ គឺធ្វើអ្វីៗដើម្បីប្រយោជន៍ផ្ទាល់ខ្លួន និងប្រយោជន៍បក្សពួក ជាជាងដើម្បីប្រយោជន៍របស់ប្រជាជនទូទៅ ហើយនយោបាយដែលរដ្ឋាភិបាលដាក់ចេញភាគច្រើនមានគោលដៅបន្តរក្សាអំណាច ជាជាងបម្រើផលប្រយោជន៍ពលរដ្ឋដែលជាម្ចាស់អំណាច។
នៅក្នុងបរិបទនេះហើយដែលផ្លាតុងបានចំណាយពេលច្រើន ធ្វើការគិតពិចារណាទៅលើទស្សនវិជ្ជានយោបាយ ជាពិសេស ទៅលើសំណួរដ៏ចម្បងមួយថា តើគេត្រូវធ្វើដូចម្តេច ដើម្បីឲ្យរដ្ឋាភិបាលដែលគ្រប់គ្រងដោយជនមួយក្រុមតូចអាចធ្វើការប្រកបដោយប្រសិទ្ធភាព ក្នុងការបម្រើផលប្រយោជន៍ និងសុខមាលភាពរបស់ប្រជាជនទូទៅ ដែលជាអ្នកផ្តល់អំណាចដល់ពួកគេ?
នៅក្នុងការសិក្សាលើទស្សនវិជ្ជា អ្នកដែលមានឥទ្ធិពលបំផុតទៅលើផ្លាតុង គឺសូក្រាត។ គេសង្កេតឃើញថា ស្នាដៃដែលផ្លាតុងបានបន្សល់ទុកភាគច្រើនគឺជាសំណេរក្នុងទម្រង់ជាកិច្ចសន្ទនា ហើយនៅក្នុងស្ទើរតែគ្រប់កិច្ចសន្ទនាអស់ទាំងនេះ តួអង្គចម្បង គឺសូក្រាត។ ឥទ្ធិពលរបស់សូក្រាតទៅលើផ្លាតុងមិនមែនមានត្រឹមតែទៅលើសេចក្តីបង្រៀនទស្សនវិជ្ជាកាលពីពេលនៅរស់នោះទេ តែសូម្បីតែការស្លាប់របស់សូក្រាតក៏បានក្លាយជារបត់ដ៏សំខាន់មួយដែរ នៅក្នុងដំណើរជីវិតជាទស្សនវិទូរបស់ផ្លាតុង។
នៅឆ្នាំ៣៩៩មុនគ.ស សូក្រាតត្រូវបានអាជ្ញាធរអាថែនកាត់ទោសប្រហារជីវិត ដោយចោទប្រកាន់ពីបទប្រមាថសាសនារបស់រដ្ឋ និងសាបព្រោះចំណេះដឹងខុសឆ្គងធ្វើឲ្យខូចគំនិតក្មេងជំនាន់ក្រោយ។ ក៏ប៉ុន្តែ សម្រាប់ផ្លាតុង ដំណើរការកាត់ទោសសូក្រាត តាំងពីដើមរហូតដល់ចប់ គឺមានពោរពេញទៅដោយល្បិចកល ការប្រឌិតភស្តុតាង និងការចោទប្រកាន់ដែលមានលក្ខណៈនយោបាយសុទ្ធសាធ។ និយាយជារួម ផ្លាតុងយល់ថា សូក្រាតគឺជាជនរងគ្រោះនៃអំពើអយុត្តិធម៌។
ហេតុដូច្នេះហើយបានជានៅក្នុងអំឡុងពេលប្រមាណជា១ខែ ដែលសូក្រាតជាប់ក្នុងមន្ទីរឃុំឃាំងរង់ចាំថ្ងៃប្រហារជីវិត ផ្លាតុង ដែលជាកូនចៅអ្នកត្រកូលខ្ពង់ខ្ពស់ និងមានខ្សែបណ្តាញក្នុងចំណោមអ្នកមានឥទ្ធិពលនយោបាយ បានខ្នះខ្នែងរកវិធីឲ្យសូក្រាតអាចរត់ចេញពីពន្ធនាគារ ដើម្បីគេចពីការប្រហារជីវិត។ ក៏ប៉ុន្តែ គម្រោងការណ៍នេះមិនបានសម្រេច ដោយសារតែសូក្រាតខ្លួនឯងផ្ទាល់បដិសេធមិនរត់គេចខ្លួន ហើយសុខចិត្តទទួលយកសេចក្តីស្លាប់។
នៅក្នុងអំឡុងពេលនោះ ក្រៅពីស្វះស្វែងរកវិធីឲ្យសូក្រាតរត់គេចខ្លួន ផ្លាតុងក៏បានចំណាយពេលយ៉ាងច្រើនផងដែរ ធ្វើការត្រិះរិះពិចារណាទៅលើសំណួរថា តើគេគួរធ្វើបែបណា ដើម្បីឲ្យសូក្រាតទទួលបាននូវយុត្តិធម៌ ហើយកាន់តែទូលំទូលាយជាងនេះទៅទៀត តើគេគួរធ្វើបែបណា ដើម្បីអាចផ្តល់នូវយុត្តិធម៌ទៅដល់ប្រជាជនជាទូទៅ?
ការត្រិះរិះពិចារណា ការជជែកដេញដោល និងការលើកទឡ្ហីករណ៍អំពី “យុត្តិធម៌” នេះហើយ ដែលជាប្រធានបទដ៏សំខាន់មួយ នៅក្នុងសៀវភៅដែលមានចំណងជើងជាភាសាបារាំងថា “La République” ហើយដែលគេអាចបកប្រែជាភាសាខ្មែរ “អំពីការគ្រប់គ្រងរដ្ឋ” ដែលជាស្នាដៃដ៏ល្បីល្បាញបំផុតរបស់ផ្លាតុង និងដែលត្រូវបានគេចាត់ទុកថាជាស្នាដៃដំបូងបង្អស់នៅក្នុងប្រវត្តិនៃទស្សនវិជ្ជានយោបាយ។
នៅក្រោយពេលដែលសូក្រាតត្រូវប្រហារជីវិតដោយផឹកថ្នាំពុល ផ្លាតុងបានចាកចេញពីអាថែន ហើយចំណាយពេលជាច្រើនឆ្នាំ ធ្វើដំណើរទៅកាន់បុរីរដ្ឋផ្សេងទៀតនៅក្នុងប្រទេសក្រិក ព្រមទាំងធ្វើដំណើរទៅក្រៅប្រទេស រួមមាន ប្រទេសអេហ្ស៊ីប និងអ៊ីតាលី ជាដើម។
នៅពេលវិលត្រឡប់ចូលទៅអាថែនវិញ ផ្លាតុង ដែលនៅពេលនោះមានវ័យប្រមាណជា ៤០ឆ្នាំ បានបង្កើតនូវបណ្ឌិតសភាមួយ ក្នុងគោលដៅផ្តល់ការអប់រំថ្នាក់ឧត្តមសិក្សាខាងផ្នែកទស្សនវិជ្ជា វិទ្យាសាស្រ្ត និងច្បាប់ ទៅដល់អនាគតមេដឹកនាំរដ្ឋ។
បណ្ឌិតសភារបស់ផ្លាតុងត្រូវបានគេចាត់ទុកថាជាសកលវិទ្យាល័យដំបូងបង្អស់ នៅក្នុងប្រវត្តិសាស្រ្តរបស់មនុស្សជាតិ ហើយបណ្ឌិតសភានេះមានកេរ្តិ៍ឈ្មោះល្បីល្បាញ ទាក់ទាញ កូនសិស្សជាច្រើនពីគ្រប់ទិសទី ក្នុងនោះក៏រួមមានទាំងអនាគតប្រវត្តិវិទូដ៏ល្បីល្បាញក្នុងប្រវត្តិសាស្រ្តម្នាក់ផងដែរ គឺអារីស្តូត។
ផ្លាតុងទទួលមរណភាពនៅក្នុងវ័យ ៦០ឆ្នាំ ហើយបើទោះបីជាផ្លាតុងលាចាកលោកនេះទៅ ហើយអាណាចក្រក្រិកត្រូវដួលរលំបាត់ទៅ តែបណ្ឌិតសភារបស់លោកនៅតែមានដំណើរការ រហូតដល់ប្រមាណជា ៣០០ឆ្នាំក្រោយមកទើបត្រូវគេបិទ។ ហើយបើទោះបីជាបណ្ឌិតសភានេះត្រូវបិទ នៅឆ្នាំ៨៣មុនគ.ស តែទស្សនវិជ្ជារបស់ផ្លាតុងនៅតែត្រូវបានគេយកទៅបង្រៀនតៗគ្នា រីកសាយភាយទៅតាមចក្រភពរ៉ូម ហើយបន្តរហូតមកទល់នឹងសម័យកាលបច្ចុប្បន្ន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ