rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ប្រវត្តិសាស្រ្ត​ពិភពលោក
rss itunes

ហេតុការណ៍​ដែល​នាំឲ្យ​សត្វឌីណូស័រ​ត្រូវ​ស្លាប់​ផុតពូជ​ពី​ភពផែនដី

ដោយ សេង ឌីណា

នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​បន្ត​​​​ធ្វើការ​រៀបរាប់ អំពី​ប្រវត្តិ​នៃ​ចក្រវាល​តទៅទៀត ដោយ​សូមលើកឡើង អំពី​​ហេតុការណ៍ ដែល​នាំ​ទៅដល់​ការ​ស្លាប់​ផុតពូជ​នៃ​សត្វឌីណូស័រ កាល​ពី​ជាង ៦៥លាន​ឆ្នាំមុន។

(មានវីដេអូនៅខាងក្រោម)

ឌីណូស័រ​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​ពពួកសត្វ ដែល​មាន​អំណាច​ត្រួតត្រា​ភពផែនដី​បាន​យូរ​ជាងគេ​បង្អស់ នៅ​ក្នុង​ប្រវត្តិ​នៃ​ជីវិត​សត្វ​លើ​ភពផែនដី​របស់​យើង គឺ​បាន​យូរ​​រហូត​ដល់​ទៅ​ប្រមាណ​ជា ១៦០លាន​ឆ្នាំ​ឯណោះ។ ក៏ប៉ុន្តែ ការសិក្សា​ទៅលើ​ផូស៊ីល​បាន​បង្ហាញ​ថា សត្វឌីណូស័រ​ត្រូវ​ស្លាប់​ផុតពូជ​បាត់មុខ​ពី​ភពផែនដី​​ទាំងស្រុង ហើយ​ជា​ការ​ស្លាប់​ផុតពូជ​ដោយ​គំហុក នៅ​ប្រមាណ​ជាង ៦៥លាន​ឆ្នាំមុន។ សំណួរ​ក៏ចោទឡើង​ថា តើ​មាន​ដើមហេតុអ្វី ដែល​ធ្វើ​ឲ្យ​​ពពួក​សត្វឌីណូស័រ​ដ៏​ខ្លាំងក្លា​នេះ​ត្រូវ​ស្លាប់​ផុតពូជ​អស់​យ៉ាង​គំហុក​បែបនេះ?

នៅ​ក្នុង​ការ​សិក្សា​ទៅលើ​ការ​ស្លាប់​ផុតពូជ​សត្វ​ឌីណូស័រ​នេះ គេ​បាន​ធ្វើការ​កត់សម្គាល់​ជា​ពិសេស​ទៅលើ​ស្រទាប់​ដី​ដ៏​ស្តើងមួយ ដែល​មាន​លក្ខណៈ​ស្រដៀងគ្នា ហើយ​សុទ្ធតែ​មាន​អាយុកាល​ជាង ៦៥លាន​ឆ្នាំ​ដូចគ្នា ហើយ​ដែល​​គេ​អាច​រកឃើញ​នៅ​រាប់រយកន្លែង​នៅ​ពាសពេញ​ពិភពលោក​ទាំងមូល ចាប់តាំង​ពី​អឺរ៉ុប រហូត​ទៅដល់​អាមេរិក និង​អាស៊ី។

នៅ​ក្នុង​ការ​សិក្សា​ទៅលើ​ស្រទាប់​ដី​នេះ​ គេ​បាន​សង្កេតឃើញ​មាន​ចំណុច​ពិសេស​ពីរ ដែល​ធ្វើ​ឲ្យ​គេ​ចាប់អារម្មណ៍​ខ្លាំង គឺ​​ទីមួយ វត្តមាន​នៃ​រ៉ែ​ដែល​រចនាសម្ព័ន្ធ​នៃ​អាតូម​របស់​វា​បង្ហាញ​ពី​ការ​រងនូវ​កម្លាំង​ទង្គិច និង​កម្តៅ​ដ៏​ខ្លាំង​ខុស​ពី​ធម្មតា និង​ទីពីរ វត្តមាន​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ខុសពីធម្មតា​​នៃ​រ៉ែ​មួយ​ប្រភេទ​ទៀត ដែល​គេ​ឲ្យ​ឈ្មោះ​ថា “អ៊ីរីដ្យូម” (Irridium) ហើយ​ដែល​ជា​ប្រភេទ​រ៉ែ​មាន​ច្រើន​​តែនៅ​ក្នុង​អាចម៍ផ្កាយ។

ចំណុច​សំខាន់​ទាំងពីរ​នេះ​​គឺ​ជា​តម្រ៉ុយ ដែល​ធ្វើ​ឲ្យ​គេ​សង្ស័យ​ថា ការ​ស្លាប់​ផុតពូជ​នៃ​សត្វ​ឌីណូស័រ គឺ​បណ្តាល​មក​ពី​ការ​ធ្លាក់​អាចម៍ផ្កាយ។ ក៏ប៉ុន្តែ នេះ​គ្រាន់តែ​ជា​ការ​សង្ស័យ​មួយ​តែ​ប៉ុណ្ណោះ។ ​គេ​នៅ​ខ្វះ​ភស្តុតាង​ដ៏​សំខាន់​មួយ​ទៀត គឺ​ថា បើ​សិន​ជា​ឌីណូស័រ​អស់ទាំង​នេះ​ ​​ស្លាប់​ផុតពូជ​​ដោយ​ការ​ធ្លាក់​អាចម៍ផ្កាយ​មែន តើ​រណ្តៅ​អាចម៍ផ្កាយ​នោះ​នៅឯណា?

ភស្តុតាង​ចុងក្រោយ​នេះ​ត្រូវ​បាន​គេ​រកឃើញ នៅ​ដើមទសវត្សរ៍​ឆ្នាំ៩០ ក្រោយ​ពី​គេ​បាន​រកឃើញ​រណ្តៅអាចម៍​ផ្កាយ​ដ៏​ធំមួយ នៅ​ក្នុង​ឈូងសមុទ្រ​ម៉ិចស៊ិក​ ក្បែរភូមិមួយឈ្មោះ​ថា Chicxulub ក្នុង​​ឧបទ្វីប​យូកាតាន់ (Yucatan) នៃ​ប្រទេស​ម៉ិចស៊ិក។ រណ្តៅអាចម៍ផ្កាយ​នេះ មាន​មុខកាត់​រហូតដល់​ទៅ​ប្រមាណ ១៨០​គីឡូម៉ែត្រ ហើយ​ការ​វិភាគ​ទៅលើ​រ៉ែ​ដែល​គេ​ខួង​​យក​ពី​រណ្តៅ​នេះ​បង្ហាញ​ថា នេះ​គឺ​ពិតជា​រណ្តៅ​អាចម៍ផ្កាយដែល​មាន​អាយុកាល​ជិត ៦៦លាន​ឆ្នាំ ពោលគឺ ប្រហាក់ប្រហែល​នឹង​អាយុកាល​នៃ​ស្រទាប់ដី ដែល​គេ​រកឃើញ​នៅ​ពាសពេញ​ពិភពលោក ហើយ​ប្រហាក់ប្រហែល​នឹង​អំឡុង​ពេល​នៃ​ការ​ស្លាប់​ផុតពូជ​នៃ​សត្វ​ឌីណូស័រ។

នៅ​ពេលនោះហើយ ដែល​គេ​អាច​​ធ្វើការ​សន្និដ្ឋាន​បាន​យ៉ាង​ច្បាស់​ថា ការ​ស្លាប់​ផុតពូជ​នៃ​សត្វ​ឌីណូស័រ​នេះ គឺ​បណ្តាល​មក​ពី​ការ​ធ្លាក់អាចម៍ផ្កាយ ហើយ​​​​ការ​សិក្សា​លម្អិត​ជាច្រើន​ឆ្នាំ​បន្តបន្ទាប់​​មក​ទៀត​​អាច​ធ្វើ​ឲ្យ​គេ​យល់​កាន់តែ​ច្បាស់​ អំពី​​សេណារីយ៉ូ​នៃ​ហេតុការណ៍​នេះ រាប់​ចាប់តាំង​ពី​ទំហំ​អាចម៍ផ្កាយ រហូត​ទៅដល់​ស្ថានភាព​ទូទៅ​នៅ​ពេល និង​នៅ​​ក្រោយ​ការ​ធ្លាក់អាចម៍ផ្កាយនេះ។​

នៅ​ប្រមាណ​ជាង ៦៥លាន​ឆ្នាំ​មុន ១៦០លាន​ឆ្នាំមកហើយ ដែល​ពពួក​សត្វឌីណូស័រ​​បាន​ត្រួតត្រា​ភពផែនដី​របស់​យើង ដោយ​គ្មាន​អ្វី​អាច​មក​ប្រកួត​ប្រជែង​បាន​ទាល់តែសោះ។ ក៏ប៉ុន្តែ បើ​នៅលើ​ភពផែនដី​នេះ​គ្មាន​អ្វី​ដែល​អាច​មក​គំរាមកំហែង​ដល់​ពពួក​សត្វ​ឌីណូស័រ​បាន គ្រោះថ្នាក់ គឺ​មក​ពី​ទីអវកាស។

អាចម៍ផ្កាយ​ដ៏​ធំមួយ​ ​ទំហំ​យ៉ាងតិច ១០គីឡូម៉ែត្រ ធ្វើ​ដំណើរ​​ក្នុងល្បឿន​រហូតដល់​ទៅ​ប្រមាណ​​ពី ៦ម៉ឺនគីឡូម៉ែត្រ​ ទៅ ១០ម៉ឺន​គីឡូម៉ែត្រ​ក្នុងមួយម៉ោង បាន​ធ្លាក់​នៅ​ក្នុង​​​ឈូងសមុទ្រ​ម៉ិចស៊ិក ក្បែរភូមិមួយឈ្មោះ​ថា Chicxulub ក្នុង​​ឧបទ្វីប​យូកាតាន់ (Yucatan) នៃ​ប្រទេស​ម៉ិចស៊ិក​បច្ចុប្បន្ន។

ដោយ​សារ​តែ​ទំហំ​ដ៏​ធំ​​របស់​វា នៅ​ពេល​ដែល​ចុងម្ខាងនៃ​អាចម៍​ផ្កាយ​នេះ​ធ្លាក់​ចុះ​ដល់​ដី ចុងម្ខាង​ទៀត​កំពុង​​​ស្ថិត​នៅ​ឯ​លើ​មេឃ​នៅឡើយ គឺ​នៅ​​រយៈកម្ពស់​រហូតដល់​ទៅ​ជាង ១០គីឡូម៉ែត្រ ពោលគឺ ស្មើ​នឹង​រយៈកម្ពស់​នៃ​យន្តហោះ​ដឹកអ្នក​ដំណើរ​សម័យ​ទំនើប។

កម្លាំង​ទង្គិច ដែល​ស្មើ​នឹង​កម្លាំងផ្ទុះ​គ្រាប់បែក​នុយក្លេអ៊ែរ​រាប់លាន​គ្រាប់​ក្នុងពេល​តែមួយ​នោះ បាន​ធ្វើ​ឲ្យ​​អ្វីៗ​ដែល​នៅ​ក្បែរ​នោះ​ត្រូវ​ខ្ទេច​រាបដល់ដី​ភ្លាមៗ ដោយសារ​តែ​កម្លាំង​ផ្ទុះ​ផង និង​ដោយសារ​តែ​​រលក​យក្ស​ផង ដែល​មាន​កម្ពស់​រហូតដល់​ទៅ​ជាង ១០០ម៉ែត្រ។

ចំណែក​អ្វីៗផ្សេងទៀត ដែល​នៅ​ឆ្ងាយ​ពី​នោះ​ ក៏​មិន​អាច​​គេច​មិន​ផុត​ពី​គ្រោះមហន្តរាយ​បាន​​នោះដែរ។ កម្លាំង​ទង្គិច​របស់​អាចម៍​ផ្កាយ បាន​ធ្វើ​ឲ្យ​កម្ទេចកម្ទី ចាប់តាំង​ពី​ខ្លះ​តូច​ប៉ុន​ធូលីដី រហូត​ដល់​ខ្លះ​ទៀត​ទំហំ​ដល់​ទៅ​រាប់សិបម៉ែត្រ​ ត្រូវ​ខ្ទាត​ចេញ​ទៅ​​ពេញលើមេឃ ដោយខ្លះ​ខ្ទាត​រហូត​ចេញផុតពី​ស្រទាប់​បរិយាកាស​នៃ​ភពផែនដី មុននឹង​​ធ្លាក់​ចុះ​មក​​វិញ​ទៅដល់​ក្នុង​ចម្ងាយ​​​រហូត​ទៅ​ដល់​រាប់រយ ឬ​រាប់ពាន់​គីឡូម៉ែត្រឯណោះ​ពី​ចំណុចដើម... ហើយ​បង្ក​ឲ្យ​មាន​គ្រោះមហន្តរាយ​យ៉ាងធ្ងន់ធ្ងរ​ ប្រៀប​បាន​នឹង​ការ​ធ្លាក់​អាចម៍​ផ្កាយ​​រាប់​រយ​​នៅ​គ្រប់​កន្លែង​​ក្នុងពេល​តែមួយ។

បន្ថែម​ពីលើ​នេះ​ទៅទៀត ឥទ្ធិពល​នៃ​កម្លាំង​ទង្គិច​របស់​អាចម៍​ផ្កាយ​ក៏​បាន​ធ្វើ​ឲ្យ​មាន​ការ​ប៉ះពាល់​យ៉ាងខ្លាំង​​ផងដែរ​ទៅលើ​ចលនា​ផ្លាកតិចតូនិក​របស់​ផែនដី ដែល​​ជាហេតុ​​​បង្ក​ឲ្យ​មាន​​​ការ​រញ្ជួយដី និង​ការ​ផ្ទុះភ្នំភ្លើង នៅ​ស្ទើរតែ​គ្រប់​កន្លែង​នៅ​ទូទាំង​ពិភពលោកទាំងមូល... ហេតុការណ៍​ទាំងអស់​​នេះ​ បាន​បណ្តាល​ឲ្យ​ពពួក​សត្វ​ឌីណូស័រ​មួយ​ចំនួន​ធំ​ត្រូវ​ស្លាប់​អស់ភ្លាមៗ​​ ក៏ប៉ុន្តែ នេះ​គ្រាន់តែ​ជា​ចំណុច​ចាប់ផ្តើម​មួយ​តែ​ប៉ុណ្ណោះ។

នៅ​ក្នុង​រយៈពេល​ជាច្រើន​ខែ និង​​រហូត​ដល់​រាប់​ឆ្នាំ​ក្រោយ​មក​ទៀត ភពផែនដី​របស់​យើង​ទាំងមូល​នៅតែ​បន្ត​​​គ្របដណ្តប់​ពេញ​ទៅ​ដោយ​ពពក​ដ៏​ក្រាស់ ដែល​កើតចេញ​ពី​ការ​ប្រមូលផ្តុំគ្នា​នៃ​ល្អងធូលី ដែល​ជា​កម្ទេច​កើតចេញ​ពី​កម្លាំង​ទង្គិច​នៃ​អាចម៍​ផ្កាយ​ បូករួម​ជាមួយ​នឹង​ផែះ​ដែល​ចេញ​ពី​ការ​ផ្ទុះភ្នំភ្លើង។ ពពក​ដ៏​ក្រាស់​នេះ​បាន​​បាំង​ពន្លឺព្រះអាទិត្យ​មិន​ឲ្យ​ចាំង​មក​ដល់​​​ផ្ទៃដី ក្នុងរយៈពេល​ដ៏​យូរ​រហូត​ដល់​ទៅ​រាប់​ឆ្នាំ ដែល​ជា​ហេតុ​​បណ្តា​ល​ឲ្យ​រុក្ខជាតិ​​ដែល​​រស់​ដោយ​ការ​ធ្វើ​​​​រស្មីសំយោគ​​ពី​ពន្លឺព្រះអាទិត្យ​ក៏​ត្រូវ​ស្លាប់​​ផុតពូជ​អស់​មួយ​ផ្នែក​ធំ។

នៅពេល​ដែល​រុក្ខជាតិស្លាប់​អស់ ពពួក​សត្វឌីណូស័រ ក៏​ដូចជា​សត្វផ្សេង​ទៀត ដែល​ស៊ីរុក្ខជាតិ​ជា​អាហារ​ក៏​ត្រូវ​ស្លាប់​ផុតពូជ​អស់​ជា​បន្តបន្ទាប់ ហើយ​នៅ​ពេល​ដែល​សត្វ​ទាំង​នេះ​មាន​កាន់តែ​តិច ជំហាន​បន្ទាប់ គឺ​ដល់​វេន​ពពួក​សត្វ​ឌីណូស័រ​ដែល​ស៊ីសាច់​ជា​អាហារ​ម្តង ដែល​ត្រូវ​ស្លាប់​ដោយ​អត់អាហារ។

បន្តិចម្តងៗ ពពួក​សត្វ​ឌីណូស័រ​ទាំងប៉ុន្មាន​ ​​ដែល​​នៅ​​សេសសល់​ពី​ការ​​ស្លាប់​​ដោយ​កម្លាំង​​ផ្ទុះ​នៃ​ការ​ធ្លាក់​​អាចម៍ផ្កាយ ដោយ​រលកយក្ស ដោយ​ការ​ធ្លាក់​បំណែកពីលើ​មេឃ ដោយ​រញ្ជួយដី និង​ការ​ផ្ទុះភ្នំភ្លើង ក៏​ត្រូវ​​ស្លាប់​ជា​បន្តបន្ទាប់​​ដោយ​បញ្ហា​អាកាសធាតុ និង​ដោយសារ​ខ្វះ​ចំណីអាហារ។ ហើយ​នៅទីបំផុត​ទៅ ពពួក​សត្វ​ឌីណូស័រ​ស្ទើរតែ​ទាំងអស់​ត្រូវ​ស្លាប់​ផុតពូជ​បាត់មុខ​អស់​ពិភពផែនដី លើកលែង​តែ​មួយ​ចំនួន​ដ៏តូច​ប៉ុណ្ណោះ​​ដែល​បាន​​រួចជីវិត គឺ​​​ប្រភេទ​ឌីណូស័រ​មាន​ស្លា​ប​ដូចបក្សី​ ហើយ​ដែល​ក្រោយ​មក​វិវឌ្ឍ​ទៅ​ជា​ប្រភេទ​បក្សី​បច្ចុប្បន្ន។

​​សករាជ​នៃ​​សត្វ​ឌីណូស័រ ដែល​បាន​ត្រួតត្រា​ភពផែនដី​​របស់​យើង អស់រយៈពេល ១៦០លាន​ឆ្នាំ​មកហើយ​នោះ ក៏​ត្រូវ​ឈាន​ដល់​ទី​បញ្ចប់។ ក៏ប៉ុន្តែ ការស្លាប់​ផុតពូជ​នៃ​សត្វឌីណូស័រ​នេះ វា​បាន​បើក​ផ្លូវ​ឲ្យ​​សត្វ​មួយ​ប្រភេទ​ទៀត​ចាប់ផ្តើម​​មាន​ឱកាស​ក្នុងការ​រីកលូតលាស់​ និង​ស្គាល់​នូវ​ភាព​រុងរឿង... គឺ​ពពួក​ថនិកសត្វ៕

តើផ្កាយដុះកន្ទុយជាអ្វីពិតប្រាកដ?

ផ្កាយដុះកន្ទុយ៖ រវាងអបិយជំនឿ និងវិទ្យាសាស្ត្រ

ភពសុក្រ៖ ផ្កាយព្រឹក ឬ​ផ្កាយចោរ

តើការធ្វើដំណើរទៅភពព្រះអង្គារត្រូវប្រឈមនឹងបញ្ហាអ្វីខ្លះ?

Curiosity ៖ មន្ទីរពិសោធន៍លើភពព្រះអង្គារ

ភពព្រះអង្គារ៖ ទិសដៅនៃការស្វែងរកជីវិតក្រៅភព

គម្រោងអារតេមីស៖ ពីព្រះចន្ទតទៅព្រះអង្គារ

អាប៉ូឡូទី១១៖ មនុស្សជាន់ដីព្រះចន្ទ​ជា​លើកទី១

ដើមកំណើត​នៃ​គម្រោង​អាប៉ូឡូ​ទៅ​ឋានព្រះចន្ទ

ព្រះចន្ទ៖ ​“ទ្វីបទី៨” ​នៃ​ភពផែនដី

តើ​ប្រព័ន្ធលេខ​បច្ចុប្បន្ន​មាន​ដើមកំណើត​មក​ពីណា?

ហេតុអ្វី​បានជា​ខែ​កុម្ភៈ​មាន​ត្រឹមតែ​២៨ថ្ងៃ?

ហេតុអ្វី​បានជា​គេ​បែងចែក​១ថ្ងៃ​ជា​២៤ម៉ោង?

តើនរណា​ជាអ្នក​រកឃើញ​ថា​មួយឆ្នាំ​មាន​៣៦៥ថ្ងៃ?

តើមនុស្សជាតិ​ដើមដំបូង​អាច​បែងចែក​ពេលវេលា​ទៅជា​ថ្ងៃ ខែ និងឆ្នាំ​បាន​ដោយ​របៀបណា?

តើ​នរណា​ជា​អ្នក​រកឃើញ​ថា​ផែនដី​មាន​រាង​មូល?

មនុស្សសម័យទំនើប៖ ​អូម៉ូសាព្យាង ​និង​ការ​ចេះ​ប្រើ​ភាសា

ការចេះប្រើភ្លើង៖ ​ចំណុចរបត់​នៃ​ដំណើរវិវឌ្ឍន៍​របស់​មនុស្ស

ជីវិត​លើ​ភពផែនដី​ក្រោយ​ការ​ស្លាប់​ផុតពូជ​នៃ​សត្វ​ឌីណូស័រ