rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ប្រវត្តិសាស្រ្ត​ពិភពលោក
rss itunes

តើមនុស្សជាតិ​ដើមដំបូង​អាច​បែងចែក​ពេលវេលា​ទៅជា​ថ្ងៃ ខែ និងឆ្នាំ​បាន​ដោយ​របៀបណា?

ដោយ សេង ឌីណា

នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​​​​​​បន្ត​ធ្វើការ​រៀបរាប់ អំពីដំណើរវិវឌ្ឍន៍​នៃ​ការយល់ដឹង​របស់​មនុស្សជាតិ​ទៅលើ​ចក្រវាល ដោយ​សូមលើកឡើង អំពី​ដំណើររឿង​នៃ​ការ​បែងចែក​ពេលវេលា​ទៅ​ជា ថ្ងៃ ខែ និង​ឆ្នាំ ហើយ​បង្កើត​ទៅ​ជា​ប្រតិទិន​ដើមដំបូង នៅ​ក្នុង​ប្រវត្តិ​នៃ​មនុស្សជាតិ។

(មានវីដេអូនៅខាងក្រោម)

ជារៀងរាល់ថ្ងៃ នៅ​ក្រោយ​ពេល​ដែល​យើង​ភ្ញាក់​ពី​ដំណេក យើង​អាច​ដឹង​បាន ឬ​បើ​សិន​ជា​ភ្លេច​ក៏​យើង​អាច​ស្វែងរក​ចម្លើយ​ឃើញ​ថា តើ​ថ្ងៃនេះ​គឺ​ជា​ថ្ងៃ​អ្វី ? ថ្ងៃទីប៉ុន្មាន? ខែ​អ្វី? ហើយ​ឆ្នាំអ្វី? នេះ​គឺ​ដោយសារ​តែ​យើង​មាន​របស់​មួយ ដែល​​បែងចែក កំណត់​លំដាប់លំដោយ និង​ឈ្មោះ​ថ្ងៃ ខែ និង​ឆ្នាំ​រួចជាស្រេច​សម្រាប់​យើង ហើយ​ដែល​យើង​​ហៅ​ថា “ប្រតិទិន” (​វចនានុក្រម​សម្តេច​សង្ឃ ជួន ណាត បានបញ្ជាក់ថា គេ​អាច​ហៅ​ថា​ជា “ប្រក្រតិទិន” ឬ “ប្រក្រតីទិន” ក៏​បាន តែគួរ​​ប្រើ​ជា “បដិទិន” ឬ “ប្រតិទិន” ត្រឹមត្រូវជាង)។

ប្រតិទិន​​​មិន​ត្រឹមតែ​អាច​ឲ្យ​យើង​ដឹង​ពី​កាល​បរិច្ឆេទ​នៃ​ថ្ងៃ​បច្ចុប្បន្ន​នេះទេ ក៏ប៉ុន្តែ វា​ក៏​អាច​ ​ឲ្យ​យើង​ដឹង​ផងដែរ ​អំពី​​​កាលបរិច្ឆេទ​នៃ​ហេតុការណ៍​ដែល​បាន​កើតឡើង​​ពី​អតីតកាល ក៏ដូចជា​​​ហេតុការណ៍ ឬ​ផែនការ​នៅ​ថ្ងៃ​អនាគត​។ វាស្ថិត​នៅ​ជាប់​នឹង​ជីវិត​រស់​នៅ​ប្រចាំថ្ងៃ​របស់​យើង រហូត​​ពេល​ខ្លះ​​ធ្វើ​ឲ្យ​យើង​​គិត​ស្មាន​ថា ទាំងអស់​នេះ​គឺ​ធម្មតា​ទៅតាម​​លក្ខណៈ​ធម្មជាតិ ដោយ​ គ្មាន​អ្វី​ពិសេស​នោះទេ។

ក៏ប៉ុន្តែ តាមការពិតទៅ ការកំណត់​ថ្ងៃខែឆ្នាំ​នេះ​មិនមែន​មាន​ស្រាប់​ទៅតាម​ធម្មជាតិ​នោះទេ តែ​វា​ជាអ្វី​​ដែល​មនុស្សជាតិ​យើង​ជា​អ្នក​បង្កើតឡើង។

ជាការពិតណាស់​ថា ផែនដី​វិលជុំវិញ​ខ្លួនឯង ព្រះចន្ទ​វិល​ជុំវិញ​ផែនដី ហើយ​ផែនដី​វិល​ជុំវិញ​ព្រះអាទិត្យ ទាំងអស់​នេះ​​សុទ្ធសឹង​ជា​ដំណើរ​នៃ​ធម្មជាតិ។ ក៏ប៉ុន្តែ ការ​បែងចែក​រយៈពេល​នៃ​ដំណើរ​ធម្មជាតិ​ទាំងនេះ​ឲ្យ​ចេញ​ទៅ​ជា​​ម៉ោង ថ្ងៃ សប្តាហ៍ ខែ និង​ឆ្នាំ គឺ​មនុស្ស​ជា​អ្នក​​កំណត់ ហើយមនុស្ស​ជាតិ​យើង​បាន​​ធ្វើការ​បែងចែក​ពេលវេលា​នេះ តាំង​ពី​យូរយារណាស់​មកហើយ ពោលគឺ​តាំង​​រាប់ពាន់ឆ្នាំ​មុន​គ្រិស្តសករាជ​មកម៉្លេះ។

នៅ​ក្នុង​សម័យ​ដើម​ដំបូង​នោះ កុំថាឡើយទៅដល់​ដឹង​ថា ផែនដី​មាន​ចលនា​វិលជុំវិញ​ខ្លួនឯង និង​វិលជុំវិញ​ព្រះអាទិត្យ សូម្បីត្រឹមថា​ផែនដី​មាន​រាងមូល ក៏​មនុស្ស​ជាតិយើង​នៅ​មិន​ទាន់​ដឹង​នៅឡើយ​នោះផង។ ហើយ​យើង​អាច​សាកល្បង​គិត​ស្រមៃ​មើល​បាន​ថា តើ​នៅ​ក្នុងសម័យកាល​​ដែល​គ្មាន​ប្រតិទិន គ្មាន​​ម៉ោង ​ថ្ងៃ ​ខែ ហើយ​គ្មាន​ឆ្នាំ​បែបនោះ ​គេ​អាច​ធ្វើការ​សម្គាល់ពេល​បាន​ដោយ​របៀបណា?

មធ្យោបាយ​តែមួយគត់​​​នៅ​ក្នុងការ​កំណត់ពេល គឺ​តាមរយៈ​ការ​សង្កេត​ទៅលើ​ដំណើរវិវឌ្ឍ​​នៃ​​ព្រះអាទិត្យ ព្រះចន្ទ និង​ផ្កាយ​​ ដែល​នៅលើ​មេឃ ក៏ដូចជា​ដំណើរវិវឌ្ឍន៍​នៃ​អ្វីៗផ្សេង​ទៀត ដែល​នៅ​ក្នុង​ធម្មជាតិ​ជុំវិញ​ខ្លួន​យើង ជាពិសេស គឺដំណើរវិវឌ្ឍន៍​នៃ​រដូវកាល។ និយាយ​ជារួម គឺ​ទាមទារ​ជាចាំបាច់​នូវ​ជំនាញ​ខាង​តារាសាស្រ្ត។

ចំណុច​ចាប់ផ្តើម​នៃ​ដំណើរ​ឈាន​ទៅ​បង្កើត​ប្រតិទិន គឺ​ការ​បែងចែក “ពេល” ជា “ថ្ងៃ” ទៅតាម​ដំណើរវិវឌ្ឍន៍​នៃ​ព្រះអាទិត្យ ហើយ​នេះ គឺ​ជា​រឿង​ដែល​គេ​ងាយ​នឹង​សង្កេតមើល​ឃើញ​បាន​មុនគេ ដោយសារ​តែ​ដំណើរគោចរ​នៃ​ព្រះអាទិត្យ​មាន​លក្ខណៈទៀងទាត់​ ហើយ​វដ្ត​ក៏​​ខ្លី​ជាងគេ​ផងដែរ ដែល​មិនពិបាក​នឹង​ចំណាយពេលយូរ​ក្នុងការ​សង្កេត។ ​

គ្រប់គ្នា​សុទ្ធតែ​អាច​សង្កេតឃើញ​បាន​ថា ថ្ងៃ​រះនៅ​ពេលព្រឹក លិច​នៅ​ពេល​ល្ងាច រួចហើយ​ត្រូវបាត់​មុខពេញ​មួយ​យប់ មុននឹង​រះឡើងវិញ​នៅព្រឹកបន្ទាប់ បង្កើត​ឲ្យ​មាន​​ថ្ងៃយប់-យប់ថ្ងៃ​ឆ្លាស់គ្នា​ដដែលៗ ដែល​អាចនឹង​ឲ្យ​គេ​កំណត់​ថា វដ្តមួយជុំ​នៃ​​​ព្រះអាទិត្យ​ ពោលគឺ​រយៈពេល​ចាប់​ពីថ្ងៃ​រះ​នៅ​ព្រឹក​​ទីមួយ​ទៅដល់​ថ្ងៃ​​​​រះ​ឡើងវិញ​ម្តង​​ទៀត​នៅ​ព្រឹកទីពីរត្រូវ​រាប់​ថា “១ថ្ងៃ”។

បែងចែក​ពេលវេលា​ត្រឹមជា​ថ្ងៃ​នេះ​ក៏​នៅ​មិន​ទាន់គ្រប់គ្រាន់​នោះដែរ ដោយសារ​ថា នៅ​ពេល​ដែល​ចំនួន​ថ្ងៃ​មាន​កាន់តែ​ច្រើន​ រហូតដល់​រាប់សិប ឬ​រហូត​ដល់​រាប់រយ ឬ​រាប់ពាន់ថ្ងៃ គេ​ប្រាកជា​នឹង​ពិបាក​រាប់ និង​ពិបាក​ចំណាំ​ថា​ថ្ងៃណាជាថ្ងៃណា ហើយ​ពេលណា​ជា​ពេលណា​ពិតប្រាកដ។

ដូច្នេះ ជំហាន​​បន្ទាប់មក​ទៀត គឺ​ត្រូវ​​បែងចែក​ពេលទៅជា​ “ខែ” តាមរយៈ​ការ​​សង្កេតមើល​ទៅលើ​ដំណើរវិវឌ្ឍន៍​នៃ​ព្រះចន្ទ ដែល​យើង​ច្រើន​ហៅ​តាម​ភាសា​សាមញ្ញ​ថា “លោកខែ” ហើយ​ដែល​តែងតែ​​ផ្លាស់ប្តូរ​ទម្រង់​ពី​យប់ទៅមួយយប់ ដោយ​យប់ខ្លះ​​ព្រះចន្ទ​​មាន​រាង​ជា​ចំណិត យប់ខ្លះ​ព្រះចន្ទ​​ពេញវង់ ហើយ​យប់ខ្លះ​​ទៀត​ព្រះចន្ទ​ត្រូវ​បាត់​ទាំងស្រុង​ពីលើមេឃ​មុននឹង​ចេញ​ជា​ចំណិត​ថ្មី​មកវិញ​ទៅតាមអ្វី​ដែល​យើង​ហៅ​ថា “ខ្នើត” និង “រនោច”។

ក្រោយ​ពី​ធ្វើការ​សង្កេត​ជាច្រើន​យប់ មនុស្ស​សម័យ​បុរាណបាន​សង្កេតឃើញ​ថា ​ដំណើរវិវឌ្ឍន៍​​នៃ​ព្រះចន្ទនេះ គឺ​ជា​វដ្តមួយ​ដ៏​​​ទៀងទាត់​ដែល​អាច​ឲ្យ​គេ​យក​មក​ធ្វើ​ជា​រង្វាស់​ពេលបាន ដោយ​កំណត់​ថា វដ្តមួយជុំនៃ​ព្រះចន្ទ ពោលគឺ ពីដើម​ខ្នើតមួយ​ទៅដល់​ដើមខ្នើតថ្មី​មួយទៀត (កន្លែងខ្លះ​គេ​រាប់​ពី​ចុងរនោចមួយ​ទៅ​ចុងរនោច​ថ្មី​មួយ​ទៀត) ត្រូវ​​ស្មើ​នឹង “១ខែ” ដែល​មាន​រយៈពេល ២៩​ថ្ងៃ ឬ ៣០ថ្ងៃ។

គិតមកត្រឹមនេះ មនុស្ស​យើង​អាច​ធ្វើការ​បែងចែក​ពេល​ជា​ “ថ្ងៃ” ទៅតាម​វដ្ត​របស់​ថ្ងៃ ឬ​ព្រះអាទិត្យ និង​ជា “ខែ” ទៅតាម​វដ្ត​នៃ​លោកខែ ឬ​ព្រះចន្ទ។ ក៏ប៉ុន្តែ ការកំណត់​រយៈពេល​នៃ​​ឆ្នាំ គឺ​ជា​រឿង​ស្មុគស្មាញ។

មនុស្ស​សម័យ​បុរាណ​អាច​​ធ្វើការ​កំណត់​រយៈពេល​នៃ​ឆ្នាំ​បាន​ជាលើកដំបូង គឺ​តាមរយៈ​ការ​សង្កេតមើល​ទៅលើ​ដំណើរវិវឌ្ឍន៍​នៃ​រដូវកាល។ នៅ​កន្លែងខ្លះ ដូចជា​នៅ​មេសូប៉ូតាមី (ម្តុំ​ប្រទេស​អ៊ីរ៉ាក់​បច្ចុប្បន្ន) ពួក​បាប៊ីឡូន អាច​សង្កេត​មើល​ឃើញ​នូវ​ដំណើរឆ្លាស់គ្នា រវាង​រដូវប្រាំង និង​រដូវ​វស្សា ចំណែក​នៅ​កន្លែង​​​ខ្លះ​ទៀត គេ​អាច​សង្កេតពី​​​ដំណើរឆ្លាស់គ្នា រវាង​រដូវ​ក្តៅ រដូវ​ស្លឹកឈើជ្រុះ រដូវ​ត្រជាក់ និង​រដូវ​ផ្ការីក មុននឹង​វិលត្រឡប់​មក​រដូវ​ក្តៅវិញ។

ការ​សង្កេតឃើញ​នូវ​ដំណើរ​វិវឌ្ឍន៍​នៃ​រដូវកាល ដែល​វិលជុំ​ដដែលៗ​នៅ​ក្នុង​រយៈពេល​​ជាច្រើន​ខែ​​​បែបនេះហើយ ដែល​​អាច​ឲ្យ​គេ​បង្កើត​​រង្វាស់ពេល ដែល​គិត​​ជា “​ឆ្នាំ” ក៏ប៉ុន្តែ បញ្ហា​ស្មុគស្មាញ​ត្រូវ​ចោទឡើង នៅ​ពេល​ដែល​គេ​ត្រូវ​កំណត់​ថា តើ​ក្នុង​មួយ​ឆ្នាំ​ត្រូវ​មាន​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ពិតប្រាកដ?

កាលពីដើម​ដំបូងឡើយ ប្រតិទិន​ដែល​អរិយធម៌​សម័យ​បុរាណ​យក​មក​ប្រើ គឺ​ជា​ប្រតិទិន​ដែល​យក​តាម​​ដំណើរ​របស់​ព្រះចន្ទ​សុទ្ធសាធ ដោយ​ក្នុង​​មួយ​ឆ្នាំ​ត្រូវ​ចែក​ចេញ​ជា ១២ខែ ហើយ​​១ខែ ត្រូវ​ចែកចេញ​ជា ២៩ថ្ងៃ ឬ​៣០ថ្ងៃ ដោយ​ឆ្លាស់គ្នា​តាមខែ។ បញ្ហា​នៃ​​ប្រតិទិន​នេះ គឺ​មួយឆ្នាំ​មាន​រយៈពេល​តែ ៣៥៤​ថ្ងៃ​តែ​ប៉ុណ្ណោះ ដែល​ជាហេតុ​ធ្វើ​ឲ្យ​មាន​ភាព​មិន​ស៊ីសង្វាក់គ្នា រវាង​ប្រតិទិន និង​រដូវកាល ដែល​គេ​សង្កេតឃើញ​ជាក់ស្តែង។

ក្រោយ​មក ពួក​បាប៊ីឡូន​បាន​ធ្វើការ​កែសម្រួល​ បង្កើត​ទៅ​ជា​ប្រតិទិន​ ដែល​មាន ៣៦០​ថ្ងៃ​ក្នុងមួយ​ឆ្នាំ។ វានៅតែ​មិន​ទាន់​ត្រូវ​នឹង​ឆ្នាំ​ពិតប្រាកដ ដែល​មាន ៣៦៥ថ្ងៃ នៅឡើយ​នោះទេ ក៏ប៉ុន្តែ ទោះជា​យ៉ាងណា ប្រតិទិន​​​​បាប៊ីឡូន​នេះ​​មាន​ភាព​សុក្រិត​ជាងមុន​ច្រើន ហើយ​លើស​ពីនេះ​ទៅទៀត ពួក​បាប៊ីឡូន​នេះ​បាន​ធ្វើការ​បែងចែក​ពេល​ជា​​ប្រភេទ​ថ្មី​មួយទៀត ដែល​យើង​នៅ​បន្ត​ប្រើ​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន គឺ “សប្តាហ៍” ដែល​មាន​៧ថ្ងៃ។

រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ ការបង្កើត​សប្តាហ៍​ដែល​មាន៧ថ្ងៃ​នេះ នៅតែ​ជា​រឿង​ដ៏​អាថ៌កំបាំង​មួយ​នៅឡើយ។ គេ​អាច​យល់បាន​ពី​ការ​បែងចែក​ជា​ថ្ងៃ​ខែ​និង​ឆ្នាំ ដោយ​ផ្អែក​ទៅលើ​ដំណើរ​នៃ​ព្រះអាទិត្យ ព្រះចន្ទ និង​ដំណើរវិវឌ្ឍន៍​នៃ​រដូវកាល។ ចុះ​សប្តាហ៍​វិញ តើ​ផ្អែក​ទៅលើ​អ្វី?

អ្វីដែល​គេ​អាច​ដឹង​បាន គឺ​ដឹង​ថា ពួក​បាប៊ីឡូន​​ចាត់ទុក​លេខ ៧ ជា​លេខ​ពិសេស ហើយ​វា​ផ្សាភ្ជាប់​ទៅនឹង​តារាសក្ការៈ​ទាំង៧ ដែល​ពួកបាប៊ីឡូន​​គោរព​បូជា គឺ​ព្រះអាទិត្យ ព្រះចន្ទ ផ្កាយព្រះអង្គារ ផ្កាយព្រះពុធ ព្រះព្រហស្បតិ៍ ផ្កាយព្រះសុក្រ និង​ផ្កាយព្រះសៅរ៍។ ឈ្មោះ​តារាសក្ការៈ​ទាំង ៧ នេះហើយ ដែល​ពួក​បាប៊ីឡូន​យក​មក​ដាក់​ឲ្យ​ឈ្មោះ​ថ្ងៃ​ទាំង ៧ ក្នុង​មួយ​សប្តាហ៍ ហើយ​ដែល​យើង​នៅ​បន្ត​ប្រើ​រហូត​មកទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ៕

តើផ្កាយដុះកន្ទុយជាអ្វីពិតប្រាកដ?

ផ្កាយដុះកន្ទុយ៖ រវាងអបិយជំនឿ និងវិទ្យាសាស្ត្រ

ភពសុក្រ៖ ផ្កាយព្រឹក ឬ​ផ្កាយចោរ

តើការធ្វើដំណើរទៅភពព្រះអង្គារត្រូវប្រឈមនឹងបញ្ហាអ្វីខ្លះ?

Curiosity ៖ មន្ទីរពិសោធន៍លើភពព្រះអង្គារ

ភពព្រះអង្គារ៖ ទិសដៅនៃការស្វែងរកជីវិតក្រៅភព

គម្រោងអារតេមីស៖ ពីព្រះចន្ទតទៅព្រះអង្គារ

អាប៉ូឡូទី១១៖ មនុស្សជាន់ដីព្រះចន្ទ​ជា​លើកទី១

ដើមកំណើត​នៃ​គម្រោង​អាប៉ូឡូ​ទៅ​ឋានព្រះចន្ទ

ព្រះចន្ទ៖ ​“ទ្វីបទី៨” ​នៃ​ភពផែនដី

តើ​ប្រព័ន្ធលេខ​បច្ចុប្បន្ន​មាន​ដើមកំណើត​មក​ពីណា?

ហេតុអ្វី​បានជា​ខែ​កុម្ភៈ​មាន​ត្រឹមតែ​២៨ថ្ងៃ?

ហេតុអ្វី​បានជា​គេ​បែងចែក​១ថ្ងៃ​ជា​២៤ម៉ោង?

តើនរណា​ជាអ្នក​រកឃើញ​ថា​មួយឆ្នាំ​មាន​៣៦៥ថ្ងៃ?

តើ​នរណា​ជា​អ្នក​រកឃើញ​ថា​ផែនដី​មាន​រាង​មូល?

មនុស្សសម័យទំនើប៖ ​អូម៉ូសាព្យាង ​និង​ការ​ចេះ​ប្រើ​ភាសា

ការចេះប្រើភ្លើង៖ ​ចំណុចរបត់​នៃ​ដំណើរវិវឌ្ឍន៍​របស់​មនុស្ស

ជីវិត​លើ​ភពផែនដី​ក្រោយ​ការ​ស្លាប់​ផុតពូជ​នៃ​សត្វ​ឌីណូស័រ

ហេតុការណ៍​ដែល​នាំឲ្យ​សត្វឌីណូស័រ​ត្រូវ​ស្លាប់​ផុតពូជ​ពី​ភពផែនដី