rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

បារាំង

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

អតីត​ប្រធានាធិបតី​បារាំង ហ្សាក់ ស្ហៀរ៉ាក់ ទទួល​មរណភាព​ក្នុងវ័យ​៨៦ឆ្នាំ

media
លោក Jacques Chirac អតីតប្រធានាធិបតី​បារាំង រូបថត​ថ្ងៃទី ២១ វិច្ឆិកា ២០១៤ PATRICK KOVARIK/POOL/AFP

លោក ហ្សាក់ស្ហៀរ៉ាក់ អតីត​ប្រធានាធិបតី​បារាំង បាន​ទទួល​មរណភាព​ នៅ​ព្រឹកថ្ងៃ​ព្រហស្បតិ៍ ទី២៦ កញ្ញា ២០១៩ ក្នុង​ជន្មាយុ ៨៦​ឆ្នាំ។ នេះ​បើ​តាម​ការ​ប្រកាស​ឲ្យដឹង ដោយ​ក្រុម​គ្រួសារ​របស់​លោក។ ទោះ​បី​ជា​បាន​ចូល​និវត្តន៍ និង​ចាក​ចេញ​ពី​ឆាក​នយោបាយ​ ​អស់​ជា​ច្រើន​ឆ្នាំ តែ​លោក​អតីត​ប្រធានាធិបតី​បារាំង ហ្សាក់ ស្ហៀរ៉ាក់ នៅ​តែ​បាន​ទទួល​ការ​គោរព​ស្រលាញ់​យ៉ាង​ខ្លាំង។ លោក​បាន​ចំណាយពេល​ភាគច្រើន​នៃ​ជីវិត​របស់​លោក ប្រឡូក​នៅ​ក្នុង​ឆាក​នយោបាយ​បារាំង ហើយ​ធ្លាប់​បាន​កាន់តំណែង​សំខាន់ៗ​ជាច្រើន រាប់​ចាប់តាំង​ពី​តំណែង​ជា​ចៅហ្វាយក្រុង​ប៉ារីស រដ្ឋមន្រ្តី នាយករដ្ឋមន្រ្តី រហូត​ក្លាយ​ជា​ប្រធានាធិបតី​អស់រយៈពេល​ដល់​ទៅ​១២ឆ្នាំ។ តើ​លោក​ ហ្សាក់ ស្ហៀរ៉ាក់ ជា​មាន​ប្រវត្តិយ៉ាងណា​ ?


កើត​នៅ​ថ្ងៃ​ទី ២៩ វិច្ឆិកា ១៩៣២ លោក​ជារដ្ឋបុរស​បារាំងម្នាក់។ ចូល​ប្រលូក​នយោបាយ​ ក្នុង​នាម​ជា​អ្នក​​ស្តាំនិយម លោក Jacques Chirac គឺ​ជា​ស្ថាបនិកបក្សប្រជុំ​​អ្នក​សាធារណរដ្ឋ RPR នៅ​ឆ្នាំ​១៩៧៦ និង​បក្ស​UMP នៅ​ឆ្នាំ​២០០២ និង​ដែលបច្ចុប្បន្ន​មាន​ឈ្មោះ​ថា បក្ស​សាធារណរដ្ឋ​។

ការសិក្សា

មាន​កំណើត​កើត​ជា​នៅ​ប៉ារីស តែ​បាន​ឆ្លង​កាត់​កុមារភាព​នៅ​ស្រុក​ស្រែ Corrèze រហូត​ដល់​ធំ ទើប​មក​សិក្សា​បញ្ចប់​ថ្នាក់​វិទ្យាល័យ​នៅ​រដ្ឋធានី។ ក្រោយពី​បាន​ចេញ​ធ្វើ​កូនទាហាន​ជើង​ទឹក​អស់​មួយ​រយៈ លោក បាន​ត្រលប់​មក​បន្ត​ការ​សិក្សា នៅ​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​នយោបាយ នៅ​ឆ្នាំ​១៩៥១។ ក្នុង​ពេល​សិក្សា​នោះ លោក​ឆ្លៀត​ទៅ​រៀន​វគ្គ​ខ្លី នៅ​សាលា​ ហារវ់ាត ដ៏​ល្បីល្បាញ​របស់​អាមេរិក ព្រមទាំង​រស់​នៅ​ទីនោះ ពេញ​មួយ​ឆ្នាំ។  នៅ​ឆ្នាំ​១៩៥៤ លោក​​បាន​ប្រលង​ជាប់​ចូល​សាលារដ្ឋបាល។  ដោយ​​រវល់​ចេញ​ទៅ​បំពេញ​កាតព្វកិច្ចយោធា និង​ធ្វើ​សង្គ្រាម​នៅអាល់ហ្សេរី​ លោក​​អាចបញ្ចប់ការសិក្សា​​ទទួល​សញ្ញាប័ត្រ​ ចេញ​ពី​សាលា​រដ្ឋបាល នៅ​ឆ្នាំ​១៩៥៩​ប៉ុណ្ណោះ  រួច​ទើប​ចាប់​​ផ្តើម​ជីវិត​ការងារ ក្នុង​នាម​​មន្ត្រី​រដ្ឋការ ពី​ពេល​នោះ​មក។

ប្រវត្តិគ្រួសារ

គឺ​នៅ​ពេល​កំពុង​សិក្សា​នៅ​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​នយោបាយ​ ​ ដែល​លោក​បាន​ជួប​ នាង ប៊ែរណាដែត Chodron de Courcel​ កូនស្រី​ត្រកូល​ខ្ពស់​ដ៏​មាន​ឥទ្ធិពល​ម្នាក់ ហើយ​​រៀប​ការ​ជាមួយ​មិត្ត​​រួម​សាលាម្នាក់​នេះ នៅ​ឆ្នាំ​១៩៥៦។ លោកស្រី គឺ​ជាអ្នក​គាំទ្រ​ដ៏​មុតមាំ ជិវិត​នយោបាយ​របស់​លោក Chirac។ ប្តីប្រពន្ធ Chirac មាន​កូន​ស្រី​ពីរ​នាក់ និង​ចៅ​ម្នាក់។ កូនស្រី​ច្បង​ទើប​ទទួល​មរណភាព​កាលពី​ខែ​មេសា ២០១៦ ដោយ​រោគ​គាំង​បេះដូង ក្នុង​ជន្មាយុ ៥៨​ឆ្នាំ និង​ដែល​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផ្លូវ​ចិត្ត​លោក Jacques Chirac យ៉ាង​ខ្លាំង។

ជីវិត​នយោបាយ

លោក Jacques Chirac បាន​ផ្តើម​ចូល​ប្រលូក​នយោបាយ ជា​បឋម ក្នុង​នាម​ជា​ទីប្រឹក្សាស្រុក Corrèze ដោយ​មិន​ទាំង​បាន​ឈរ​ឈ្មោះ​ផង។ បន្ទាប់​មក នយោបាយ​ក៏​បាន​ក្លាយ​ជា​ជំនក់​ចិត្ត និង​ឡើង​តួនាទី​បន្តិច​ម្តងៗ រហូត​អំណាច​កំពូល។

នៅ​ថ្ងៃ​ទី ១៧ ឧសភា ១៩៩៥ លោក Jacques Chirac  បាន​ក្លាយ​ជា​​ប្រធានាធិបតី​បារាំងទី​២២ និង​រក្សា​តួនាទី​នេះ ​ចំនួន​២​អាណត្តិ​ ១៩៩៥-២០០២ និង​២០០២-០៧។  នៅ​ឆ្នាំ​២០០៧ លោក Jacques Chirac  បាន​សម្រេច​ចិត្ត ប្រកាស​ជា​ផ្លូវការ ​មិន​ឈរ​ឈ្មោះ​ប្រកួត​ប្រជែង​សម្រាប់​អាណត្តិ​ទីបី​ទេ និង​បាន​ប្រកាស​គាំទ្រ​បេក្ខភាព​លោក នីកូឡា សាកូហ្ស៊ី។

នៅ​ក្នុង​ប្រវត្តិនយោបាយ​ប្រទេសបារាំង លោក​គឺ​ជា​ឥស្សរជន​បារាំង​តែ​ម្នាក់​គត់ ដែល​​បាន​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី ចំនួន​ពីរ​លើក ទី​មួយ ពី​ឆ្នាំ​១៩៧៤-៧៦ ដោយ​មាន​ប្រធានាធិបតី​ជា​អ្នក​ស្តាំនិយម​ដូច​គ្នា គឺ​លោក វ៉ាឡេរី ស្ហ៊ីស្កា ដេស្តាំង និង​លើក​ទីពីរ ពី​ឆ្នាំ ១៩៨៦-១៩៨៨ ក្នុង​នាម​ជា​ប្រមុខ​រដ្ឋាភិបាល​ចម្រុះ ដោយ​មាន​ប្រធានាធិបតី​ជា​អ្នក​ឆ្វេង​និយម គឺ​លោក ហ្វ្រង់ស័រ មីតេរ៉ង់។

នៅ​ឆ្នាំ​១៩៧៧ លោក Jacques Chirac បាន​ក្លាយ​ជា​អភិបាល​ក្រុង​ប៉ារីស​ដំបូង​គេ​បង្អស់​ គិត​ចាប់​តាំង​ពី​សម័យ​បដិវត្ត​មក​ (ជិត​មួយ​សតវត្សរ៍ ពី​ឆ្នាំ​១៨៧១-១៩៧៧ ប៉ារីស​ស្ថិត​ក្រោម​អំណាច​រដ្ឋ​ គ្មាន​អភិបាល​ទេ) និង​កាន់កាប់​តួនាទី​នេះ រហូត​ដល់​ឆ្នាំ ១៩៩៥ ឆ្នាំ​ដែល​លោក​បាន​ក្លាយ​ជា​ប្រធានាធិបតីបារាំង។

ប្រជាប្រិយភាព

ថ្វីបើលោក​បានចូលនិវត្តន៍ លែងធ្វើនយោបាយក្តី តែលោក​ Jacques Chirac នៅ​តែ​បាន​ទទួល​ការស្រលាញ់​គាំទ្រយ៉ាងខ្លាំង ​ពីសំណាក់​ប្រជាពលរដ្ឋ​បារាំង គ្រប់មជ្ឈដ្ឋាន និង​ជា​ពិសេស​ពីអ្នកនយោបាយ​ជំនាន់ក្រោយ​ មិនថាមកពីបក្សស្តាំនិយម ឬឆ្វេងនិយមទេ។ សូម្បី​តែ​អនុប្រធាន​គណបក្ស​រណសិរ្ស​ជាតិ ដែល​ល្បី​ខាង​មាន​លក្ខណៈ​ជាតិ​និយម​ជ្រុល ក៏​បាន​ទទួល​ស្គាល់​ថា លោក ហ្សាក់ ស្ហៀរ៉ាក់ មាន​បុគ្គលិក​លក្ខណៈ​ជា​​ប្រធានាធិបតី​​ពិតៗ គួរ​ឱ្យ​គោរព។ 

កេរ្តិ៍ឈ្មោះលោក​ត្រូវបាន​ប្រជាជន​បារាំង ចារទុក​ក្នុងប្រវតិ្តសាស្ត្របារាំង ទាំង​ដែល​លោក​នៅ​មាន​ជីវិត​​​នៅឡើយ។ សារៈមន្ទីរសិល្បៈអរិយធម៌មួយនៅទីក្រុងប៉ារីស ដែលមានឈ្មោះថា Musée du Quai Branly ត្រូវបានប្តូរឈ្មោះមកជា Musée Jacques Chirac កាលពី​ពេល​ថ្មីៗ​នេះ​ទៀតផង។

សុខភាព

កាលពីឆ្នាំ២០០៥ លោក​Jacques Chirac បានជួបបញ្ហាសុខភាព​ធ្ងន់ធ្ងរ​ម្តងរួចមកហើយ ដោយ​មា​នដាច់សរសៃឈាមក្នុងខួរក្បាល តែ​ត្រូវបាន​ក្រុម​គ្រូពេទ្យ​ជួយ​សង្រ្គោះ​ទាន់​ពេលវេលា តែ​​ក្នុង​​ឆ្នាំ​​ដដែល​​នោះ លោក​បាន​ចូល​សម្រាក​​នៅ​មន្ទីរពេទ្យ ជាច្រើន​លើក ច្រើន​សា។ ​លោក Jacques Chirac បង្ហាញ​​វត្តមាន​​ក្នុង​ពិធីផ្លូវការ​ជាសាធារណៈ ចុងក្រោយ​បង្អស់ នៅ​ខែវិច្ឆិកា​ឆ្នាំ២០១៤៕