rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ចិន អង់គ្លេស ទំនាក់ទំនងអន្តរជាតិ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ប្រធានាធិបតីចិនលោក ស៊ី ជីងពីង ចង់អោយចំណងទំនាក់ទំនង ចិន-អង់គ្លេស រីកចម្រើនមួយកម្រិតទៀត

media
លោក ស៊ី ជីងពីង (រូបខាងស្តាំ) និង លោកស្រី Theresa May (រូបខាងឆ្វេង) នៅ Diaoyutai State Guesthouse ទីក្រុងប៉េកាំង ប្រទេសចិន ថ្ងៃទី01 កុម្ភៈ ២០១៨ REUTERS/Wu Hong/Pool

កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ដែលជាថ្ងៃទី២នៃដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May នៅប្រទេសចិន ប្រធានាធិបតីចិនលោក ស៊ី ជីងពីង បានជួបធ្វើកិច្ចពិភាក្សាមួយជាមួយលោកស្រី ក្នុងគោលបំណងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្ម។


សារព័ត៌មាន CCTV របស់ចិនបានអោយដឹងថា នៅក្នុងជំនួបប្រជុំកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ លោក ស៊ី ជីងពីង បានប្រាប់ទៅលោកស្រី Theresa May ថាប្រទេសចិននិងអង់គ្លេសគួរតែពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកិច្ច ហើយប្រទេសទាំងពីរអាចអភិវឌ្ឍកិច្ចសហប្រតិបត្តិការទ្រង់ទ្រាយធំដែលផ្តល់ប្រយោជន៍រួមមួយ ដែលមានកម្រិតកាន់តែខ្ពស់ហើយកាន់តែស៊ីជម្រៅ តាមរយៈគម្រោងផ្លូវមួយខ្សែក្រវ៉ាត់មួយដែលផ្តួចផ្តើមដោយប្រទេសចិន។

គួរបញ្ជាក់ថា​ គម្រោងផ្លូវមួយខ្សែក្រវ៉ាត់មួយនេះ​គឺជាគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធខ្នាតធំមួយ ដើម្បីពង្រីកប្រព័ន្ធដឹកជញ្ជូនតាមផ្លូវគោកនិងផ្លូវទឹកជុំវិញពិភពលោកដើម្បីសម្រួលដល់សកម្មភាពពាណិជ្ជកម្មឆ្លងប្រទេស។

តែយ៉ាងណាមិញ បណ្ដាប្រទេសមួយចំនួនបានសម្ដែងនូវការព្រួយបារម្ភថា គម្រោងនេះអាចនឹងផ្តល់ផលប្រយោជន៍អោយតែសហគ្រាសចិន ហើយអាចជាឧបករណ៍មួយដែលបម្រើអោយរបបនយោបាយវាទទីរបស់ចិន។

តែទោះជាយ៉ាងណាក្តី លោកស្រី Theresa May ក៏បានលើកឡើងកាលពីថ្ងៃពុធថា អង់គ្លេសស្វាគមន៍គម្រោងផ្លូវមួយខ្សែក្រវ៉ាត់មួយនេះ ក៏ប៉ុន្តែប្រទេសទាំងពីរគួរបន្តធ្វើការរួមគ្នាដើម្បីធានាអោយបានថា កិច្ចខិតខំប្រឹងប្រែងទាំងនោះគោរពតាមស្តង់ដាអន្តរជាតិ។

លោកស្រីក៏បានប្រាប់ទៅកាន់CCTVថា ចក្រភពអង់គ្លេសកំពុងព្យាយាមពង្រឹងទំនងទំនងរបស់ខ្លួនជាមួយប្រទេសនានានៅទូទាំងពិភពលោក ហើយមិត្តភាពរវាងអង់គ្លេសនិងចិនគឺជាផ្នែកមួយដ៏សំខាន់។ ប្រទេសទាំងពីរនឹងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលមានតម្លៃស្មើនឹង ១២,៧ពាន់លានដុល្លាអាមេរិក ក្នុងកំឡុងពេលនៃដំណើរទស្សនកិច្ចរបស់លោកស្រីនៅប្រទេសចិន។

ចិនក៏មានការព្រួយបារម្ភផងដែរថា ការចាកចេញរបស់អង់គ្លេសពីសហភាពអ៊ឺរ៉ុបអាចធ្វើអោយមានការខាតបង់ដល់ការធ្វើសកម្មភាពពាណិជ្ជកម្មសេរីនៅក្នុងតំបន់អ៊ឺរ៉ុប។