អានតួអត្ថបទ

ប្រទេស​ប៊ុលហ្ការី ធ្វើ​បត្យាប័ន​ជនសង្ស័យ​ពុករលួយ​ជនជាតិចិន​ ទៅឲ្យ​រដ្ឋាភិបាលចិន

អតីតមន្ត្រី​ចិន​ម្នាក់​គឺ​លោកយ៉េវ ជីនឈី (Yao Jinqi) ​ ដែល​បាន​រត់ភៀសខ្លួន​ទៅ​រស់នៅក្នុង​ប្រទេស​ប៊ុលហ្ការី​ ដើម្បី​គេច​ពីការ​តាមចាប់​របស់​អាជ្ញាធរចិន​ ពាក់ព័ន្ធ​ពីបទ​ប្រព្រឹត្ត​អំពើពុករលួយ​​ ត្រូវបាន​អាជ្ញា​ប៊ុលហ្ការី​ សម្រេច​បញ្ជូនខ្លួន​ទៅឲ្យ​រដ្ឋាភិបាលចិន​វិញហើយ​។ លោកជីនឈី​ បាន​ទៅដល់​ទីក្រុង​ប៉េកាំង​កាលពី​ថ្ងៃសុក្រ​ទី៣០ វិច្ឆិកា​។ ការ​ធ្វើបត្យាប័ន​ ជន​ភៀសខ្លួន​ផ្នែកនយោបាយ​ចិន​រូបនេះ​ ត្រូវបាន​គេ​ចាត់ទុកថា​ គឺជា​និតិវិធី​ដំបូង​បង្អស់​ ដែល​ត្រូវបាន​អនុវត្ត​ដោយ​ប្រទេស​ជា​សមាជិក​សហភាពអឺរ៉ុប​។

លោកជីនឈី ពេលទៅដល់ទីក្រុងប៉េកាំងកាលពីថ្ងៃសុក្រ ទី៣០ វិច្ឆិកា។
លោកជីនឈី ពេលទៅដល់ទីក្រុងប៉េកាំងកាលពីថ្ងៃសុក្រ ទី៣០ វិច្ឆិកា។ http://www.ccdi.gov.cn/yaowen/201811/t20181130_184258_2.html
ផ្សាយពាណិជ្ជកម្ម

រដ្ឋាភិបាល​ប៊ុលហ្ការី​ បាន​ព្រមព្រៀង​ធ្វើ​បត្យាប័ន​លោកយ៉េវ​ ជីនឈី​ ទៅឲ្យ​រដ្ឋាភិបាល​ចិន​វិញ​ ដោយសារ​មាន​ការអះអាង​ ពី​សំណាក់​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ថា​ លោក​ ជីនឈី​ នឹង​មិនត្រូវ​ទទួលរង​ទោស​ប្រហារជីវិត​ឡើយ​។ នេះ​គឺជា​ការលើកឡើង​របស់​អាជ្ញាធរ​ប៊ុលហ្ការី​ ដោយ​បាន​បញ្ជាក់​បន្ថែមថា​ បើ​ស្រប​ទៅតាម​ច្បាប់​ប្រទេសចិន​ ចំពោះ​បទ​ឧក្រិដ្ឋ​ទទួល​សំណូក​ លោក​យ៉េវ​ ជីនឈី​ អាចត្រូវ​បាន​ផ្តន្ទាទោស​ឱ្យជាប់​ពន្ធនាគារ​រយៈពេល​ ពី​៣​ឆ្នាំ​ ទៅ​១០​ឆ្នាំ​ ឬ​ត្រូវ​ពិន័យ​ជាប្រាក់​ ឬក៏​ត្រូវ​រឹបអូសយក​ទ្រព្យសម្បត្តិ​ ហើយ​គ្មាន​ឡើយ​ទោសប្រហារជីវិត​។

ផ្ទុយពី​ការបញ្ជាក់​ខាងលើ​ មេធាវី​ការពារក្តី​របស់​លោក​ជីនឈី​ ដែល​រង​ការ​ចោទ​ពី​រដ្ឋាភិបាលចិន​ថា​មានពាក់ព័ន្ធនឹង​រឿង​ទទួលសំណូក​ខុសច្បាប់​  អះអាង​ថា​កូនក្តី​របស់​លោក​ គឺ​លោក​យ៉េវ ជីនឈី​ អាច​ប្រឈម​នឹង​ទោស​ប្រហារជីវិត​។

គួរ​កត់​សម្គាល់​ដែរថា​ ក្រោយ​ត្រូវ​តុលាការ​ប៊ុលហ្គារី​ សម្រេច​ធ្វើ​បត្យាប័ន​រូបលោក​ទៅឲ្យ​រដ្ឋាភិបាល​ចិន​វិញ​ លោក​យ៉េវ ជីនឈី​ បាន​និយាយ​ថា​ ប្រទេស​ប៊ុលហ្កាគារី​ មិនមាន​សេរីភាព​ពិតប្រាកដ​សម្រាប់​ជនភៀសខ្លួន​ ផ្នែក​នយោបាយ​ដូចជា​រូបលោក​ឡើយ​ ហើយ​នៅ​ទីបំផុតទៅ​លោក​ នៅតែ​ត្រូវ​ត្រឡប់​ទៅ​ទទួលទោស​ នៅក្នុង​ប្រទេសចិន​ ជាទី​ដែល​លោក​ខំ​រត់គេច​ចេញ​វិញ​ដដែល​។

គួរ​ជម្រាប​ជូនថា​ លោកយ៉េវ​ ជីនឈី​ អតីត​មន្ត្រីចិន​ បាន​ភៀសខ្លួន​ចេញពី​ប្រទេស​កាលពី​ឆ្នាំ​ ២០០៥​ នៅពេល​ដែល​លោក​រង​ការចោទប្រកាន់​ ពីបទ​ប្រព្រឹត្ត​អំពើពុករលួយ​។ លោក​បានរត់​ទៅស្នាក់នៅ​ ក្នុងតំបន់​អាមេរិក​កណ្តាល​និង​ខាងត្បូង​ បន្ទាប់មក​ទៀត​ប្រទេសហ្វីលីពីន​ មុននឹង​ទៅ​រស់នៅ​ប្រទេសប៊ុលហ្ការី​ ជាទី​ដែល​រូបលោក​ត្រូវបាន​គេ​ចាប់ខ្លួន​។

គួរ​កត់សម្គាល់​ទៀតថា​ ការ​ធ្វើ​បត្យាប័ន​ ជនភៀសខ្លួន​ផ្នែក​នយោបាយ​ពី​ប្រទេសចិន​ គឺ​កម្រ​នឹង​អនុវត្ត​ណាស់​ នៅក្នុង​បណ្តា​ប្រទេស​នៃ​សហភាព​អឺរ៉ុប​ សហរដ្ឋអាមេរិក​ និង​ប្រទេស​កាណាដា​ ពីព្រោះថា​សម្រាប់​រដ្ឋាភិបាល​ប្រទេស​ទាំងនោះ​ ប្រព័ន្ធច្បាប់​របស់​ប្រទេស​ចិន​ មិនមាន​ឡើយ​តម្លាភាព​ និង​នីតិវិធី​ត្រឹមត្រូវ​។

គួរ​រំឭកផងដែរថា​ កាលពី​ខែ​កក្តដា​ កន្លងទៅថ្មីៗនេះ​ អតីត​អភិបាលក្រុង​សានស៊ី​ នៅភាគ​ខាងជើង​ប្រទេសចិន​ម្នាក់​ ត្រូវ​តុលាការចិន​បាន​កាត់ទោស​ប្រហារជីវិត​ ពី​បទ​ទទួលសំណូក​ប្រាក់​ចំនួនជាង​១ ពាន់លានយ័ន​ គឺ​ស្មើនឹង​ចំនួន​ ១៦០​លានដុល្លារ​អាមេរិក​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ