អានតួអត្ថបទ
ចិន

ចំនួន​ប្រជាជន​ចិន​នឹង​កើនឡើង​ដល់​ជាង​១ពាន់៤រយលាន​នាក់​នៅ​ឆ្នាំ២០២០

យោងតាម​ការ​ព្យាករ​របស់​អាជ្ញាធរ​​ចិន ក្រោយ​ពី​បាន​លុបចោល​នយោបាយ​កម្រិត​ឲ្យ​គ្រួសារ​មួយ​មាន​កូន​តែ​ម្នាក់ ចំនួន​ប្រជាជន​ចិន​នឹង​មាន​កំណើន​លឿន​ជាងមុន ហើយ​នៅ​ឆ្នាំ​២០២០​ខាងមុខនេះ ចំនួន​ប្រជាជន​សរុប​របស់​ចិន ដែល​កំពុងតែ​មាន​ចំនួន​ច្រើនស្រាប់ នឹង​ត្រូវ​កើនឡើង​រហូតដល់​ទៅ​ជាង ១ពាន់៤រយលាននាក់។

គិតត្រឹម​ឆ្នាំ​២០១៥ ចិន​មាន​ប្រជាជន​សរុប​ចំនួន​ជាង ១ពាន់៣រយលាន​នាក់
គិតត្រឹម​ឆ្នាំ​២០១៥ ចិន​មាន​ប្រជាជន​សរុប​ចំនួន​ជាង ១ពាន់៣រយលាន​នាក់ REUTERS/Kim Kyung-Hoon
ផ្សាយពាណិជ្ជកម្ម

ផែនការ​៥ឆ្នាំ ដែល​រដ្ឋាភិបាល​ចិន​ដាក់ជូន​សភា​ពិនិត្យ​​និង​អនុម័ត​នៅថ្ងៃ​សៅរ៍​នេះ ព្យាករ​ថា​នៅ​ក្នុង​រយៈពេល ៥ឆ្នាំ​ខាងមុខ​នេះ​ ចិន​នឹង​មាន​ប្រជាជន​ថ្មី​បន្ថែម រហូតដល់​ទៅ ៤៥លាននាក់ ពោលគឺ​ស្មើ​នឹង​ប្រជាជន​សរុប​របស់​អេស្ប៉ាញ​ទាំងមូល​ ឬ​ស្មើ​នឹង ៣ដង​នៃ​ចំនួន​ប្រជាជន​សរុប​របស់​កម្ពុជា។ កំណើន​ប្រជាជន ៤៥លាននាក់​នេះ គឺ​ជា​អត្រា​កំណើន​ដ៏ខ្ពស់​ធៀប​នឹង​រយៈពេល​៥ឆ្នាំ​កន្លងទៅ ដែល​​ប្រជាជន​មាន​កំណើន​​តែ ៣៣លាននាក់។

ការកើនឡើង​នៃ​អត្រា​កំណើន​ប្រជាជន​នេះ គឺ​ដោយសារ​តែ​ចិន​បាន​សម្រេច​បោះបង់​ចោល​នយោបាយ​កម្រិត​ឲ្យ​គ្រួសារ​មួយ​មាន​កូនតែ​មួយ ក្នុងគោលដៅ​ស្តារឡើងវិញ​នូវ​ភាព​ចំណាស់​នៃ​ប្រជាសាស្រ្ត​របស់​ចិន ពោលគឺ​ចំនួន​ប្រជាជន​ដែល​មាន​វ័យចំណាស់​ធ្វើការ​លែងកើត​មាន​ចំនួនកើនឡើង ចំណែក​ឯ​ចំនួន​ប្រជាជន​ពេញវ័យធ្វើការ​ចេះតែ​បន្ត​ថយចុះ​ឥតឈប់ឈរ ចាប់តាំង​ពី​ឆ្នាំ​២០១២​មក។

យោងតាម​តួលេខ​ផ្លូវការ​របស់​រដ្ឋាភិបាល​ចិន គិត​ត្រឹម​ចុងឆ្នាំ​២០១៤​កន្លងទៅនេះ ប្រជាជនចិន​​ដែល​មាន​អាយុ​លើសពី​ ៦០ឆ្នាំ ដែល​ជា​វ័យចំណាស់​ធ្វើការ​លែងកើត មាន​ចំនួន​រហូតដល់​ទៅ ២១២លាននាក់។

នៅ​ក្នុង​ផែនការ​៥ឆ្នាំ ដែល​ដាក់ជូន​ទៅ​រដ្ឋសភា​អនុម័ត​នៅពេលនេះ រដ្ឋាភិបាល​របស់​លោក​លី ខឺឈាំង ​បាន​គូសបញ្ជាក់ថា ការ​លុបចោល​នយោបាយ​ “គ្រួសារមួយ​កូនម្នាក់” អាច​ធ្វើ​ឲ្យ​កំណើន​ប្រជាជន​កើនឡើង​លឿន រហូតដល់​ទៅ ៤៥លាន​នាក់ ក្នុងរយៈពេល ៥ឆ្នាំ​ក៏ពិតមែន ក៏ប៉ុន្តែ នេះ​​មិនទាន់​គ្រប់គ្រាន់​អាច​ដោះស្រាយ​បញ្ហា​ចាស់រេចរឹល​នៃ​ប្រជាសាស្រ្ត​របស់​ចិន​បាន​នៅឡើយ​ទេ។

តាមការពិត គេ​បាន​សង្កេតឃើញ​ជាទូទៅ​ថា នៅ​ក្នុងពេល​បច្ចុប្បន្ន​នេះ នៅ​ពេល​ដែល​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​គ្រួសារ​មួយ​មាន​កូន​ដល់​ទៅ​២នាក់ ក៏ប៉ុន្តែ មាន​គ្រួសារ​ជាច្រើន​បែរ​ជាមិនសូវ​ចង់​មាន​កូនទៅវិញ ជាពិសេស អ្នក​នៅ​ដែល​រស់​នៅ​តាម​ទីក្រុង ដោយ​ពួកគេ​លើកឡើង​អំពី​ការ​ចំណាយ​​នៅ​ក្នុង​ការ​ចិញ្ចឹម​កូន ដែល​ចេះតែ​កើនឡើង​ខ្ពស់​ពីមួយថ្ងៃ​ទៅមួយថ្ងៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ