អានតួអត្ថបទ

ប៉ូលិស​ម៉ាឡេស៊ី​ចូល​ឆែកឆេរ​ផ្ទះ​លោក​អតីត​នាយករដ្ឋមន្រ្តី ណាជីប រ៉ាហ្សាក់

មួយសប្តាហ៍ក្រោយ​ពី​អស់តំណែង​ ផ្ទះ​របស់​លោក​ណាជីប រ៉ាហ្សាក់ អតីត​នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី ត្រូវ​បាន​ប៉ូលិស​ចូល​ឆែកឆេរ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​ស៊ើបអង្កេត​ពី​បទពុករលួយ ដែល​ចាប់បើក​ធ្វើឡើង​វិញ ដោយ​រដ្ឋាភិបាល​ថ្មី ដឹកនាំ​ដោយ​លោក​មហាធៀរ មហាម៉ាត់។

ឡានប៉ូលិស​នៅ​មុខ​ផ្ទះ​របស់​លោក​ណាជីប រ៉ាហ្សាក់ នៅ​ព្រឹកព្រលឹមថ្ងៃ​ព្រហស្បតិ៍ ១៧ ឧសភា ២០១៨
ឡានប៉ូលិស​នៅ​មុខ​ផ្ទះ​របស់​លោក​ណាជីប រ៉ាហ្សាក់ នៅ​ព្រឹកព្រលឹមថ្ងៃ​ព្រហស្បតិ៍ ១៧ ឧសភា ២០១៨ REUTERS/Lai Seng Sin
ផ្សាយពាណិជ្ជកម្ម

ប៉ូលិស​បាន​ចូលឆែកឆេរ​ផ្ទះ​របស់​លោក​ណាជីប តាំង​ពី​រំលងអធ្រាត​ ហើយ​បន្ត​រហូត​មក​ដល់​ព្រឹកថ្ងៃ​ព្រហស្បតិ៍។ នេះ​បើ​យោងតាម​អ្នក​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​អាអែហ្វប៉េ ដែល​ស្ថិត​នៅ​កន្លែង​កើតហេតុ។

មន្រ្តី​ជាន់ខ្ពស់​ប៉ូលិសម៉ាឡេស៊ី​បាន​បញ្ជាក់​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ​ថា ប៉ូលិស​ពិត​ជា​បាន​ចូល​ឆែកឆេរ​ផ្ទះ​របស់​លោក​ណាជីប​ពិតមែន ក៏ប៉ុន្តែ បាន​បដិសេធ​មិន​ផ្តល់​ព័ត៌មាន​លម្អិត​ជុំវិញ​រឿងនេះទេ។ ចំណែក​ឯ​មេធាវី​របស់​លោក​ណាជីប​វិញ​បាន​ឲ្យដឹង​ថា ការឆែកឆេរ​នេះ​បាន​ប្រព្រឹត្ត​ទៅ​រហូតដល់​ទៅ​ជាង ៦ម៉ោង ក៏ប៉ុន្តែថា មិនមាន​អ្នកណាម្នាក់​ត្រូវ​បាន​ចាប់ខ្លួន​នោះទេ។

គួររំឭកឡើងវិញ​ថា លោក​ណាជីប​ត្រូវ​ជាប់​រឿងអាស្រូវ​ពុករលួយ តាំង​ពី​ឆ្នាំ២០១៥ ពោលគឺ តាំងពី​​ពេល​លោក​នៅ​កាន់​តំណែង​ជា​នាយករដ្ឋមន្រ្តី​មកម៉្លេះ ដោយ​លោក​ត្រូវ​គេ​សង្ស័យថា​បាន​លួចលុយ​រដ្ឋ​រហូតដល់​ទៅ​ប្រមាណ​ជា ៧០០លាន​ដុល្លារ​អាមេរិក។ នៅពេលនោះ ប៉ូលិស​បាន​​បិទបញ្ចប់​សំណុំរឿង​ដោយ​សន្និដ្ឋាន​ថា លោក​ណាជីប​មិនមាន​ទោសកំហុស​ដូច​ការចោទប្រកាន់នេះទេ។

ក៏ប៉ុន្តែ ក្រោយ​ពី​លោក​ណាជីប​ត្រូវ​អស់តំណែង ដោយ​ទទួល​បរាជ័យ​ក្នុងការ​បោះឆ្នោត​ជាតិ កាល​ពីសប្តាហ៍​មុន លោក​មហាធៀរ មហាម៉ាត់ ដែល​ជា​នាយករដ្ឋមន្រ្តី​ថ្មី​បាន​ឲ្យដឹងថា លោ​កចង់​ឲ្យ​ប៉ូលិសសើរើ​មើលឡើងវិញ​នូវ​សំណុំរឿង​ពុករលួយ​នេះ ហើយ​បើក​ការ​ស៊ើបអង្កេត​សាជាថ្មី ដើម្បី​ធ្វើយ៉ាងណា​ទារយក​លុយ​ពុករលួយ​រាប់លាន​ដុល្លារ​នេះ​ត្រឡប់មកវិញ។

មុននឹង​លើកឡើង​ពី​គម្រោង​បើក​ការ​ស៊ើបអង្កេត​ឡើងវិញ លើ​រូបលោក​ណាជីបនេះ លោក​មហាធៀរ​​បាន​ធ្វើការ​ផ្លាស់ប្តូរ​តំណែង​​អគ្គរាជអាជ្ញា និង​មន្រ្តី​សំខាន់ៗ​នៅ​ក្នុង​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​រួចទៅហើយ។ ចំណែក​ឯ​លោក​ណាជីប និង​ភរិយាវិញ ត្រូវ​បានអាជ្ញាធរ​​ចេញបម្រាម កាល​ពីថ្ងៃ​សៅរ៍ ហាមឃាត់​មិន​ឲ្យ​​​ធ្វើដំណើរ​ចាកចេញ​ពី​ប្រទេស​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ