rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ប៉ាឡេស្ទីន អាមេរិក បាតុកម្ម អ៊ីស្រាអែល

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ប៉ាឡេស្ទីន​​គ្រោង​​ធ្វើបាតុកម្ម​ប្រឆាំង​​នឹង​ទស្សនកិច្ច​​របស់​​អនុប្រធានាធិបតី​អាមេរិក​​នៅ​ហ្ស៊េរុយសាឡិម

media
សកម្មភាពបាតុកម្មរបស់ប្រជាជនប៉ាឡេស្ទីននៅវិហារអ៊ីស្លាម ​នាថ្ងៃទី១៥ខែធ្នូឆ្នាំ២០១៧ Guillaume Thibault/RFI

ក្រុមFatah​របស់ប្រធានាធិបតីប៉ាឡេស្ទីន​លោកMahmud Abbas ​បាន​ប្រកាស​កាល​ពីថ្ងៃសៅរ៍ម្សិលមិញ​​នេះឲ្យមានការ​ធ្វើ​បាតុកម្មប្រឆាំងតវ៉ានាសប្ដាហ៍ក្រោយ នៅពេលដែលអនុប្រធានាធិបតីអាមេរិក​លោក​Mike Pence​​ធ្វើ​ទស្សនៈ​កិច្ចនៅទីក្រុង​​ហ្ស៊េរុយសាឡិម​ បន្ទាប់ពីលោក​ដូណាល់ត្រាំ​បានប្រកាស​ទទួល​ស្គាល់​​ហ្ស៊េរុយសាឡិម​ជារដ្ឋធានីរបស់​អ៊ីស្រាអែល។


អស់រយៈពេល​ជាង១សប្តាហ៍មកហើយ ដែល​ប៉ាឡេស្ទីន បាន​ធ្វើការ​តវ៉ា​​ប្រឆាំង​ទៅនឹងការសម្រេចចិត្តរបស់អាមេរិកក្នុងការផ្លាស់ប្តូរនូវគោល​នយោបាយ​របស់ខ្លួន​ដោយងាកទៅរកអ៊ីស្រាអែល​ចំពោះបញ្ហាទីក្រុង​​​ហ្ស៊េរុយសាឡិម។ ហើយក្រុមFatah របស់លោកប្រធានាធីបតី Mahmud Abbas គ្រោងនឹងធ្វើ​បាតុកម្ម​ប្រឆាំងតវ៉ាក្នុងពេល​ដែលអនុប្រធានាធិបតី​អាមេរិកលោក​Mike Pence​ធ្វើដំណើរទស្សនៈកិច្ច​នៅ​​ហ្ស៊េរុយសាឡិម​នាសប្តាហ៍ក្រោយ។

គួររំលឹកដែរថា កាលពីថ្ងៃពុធសប្ដាហ៍មុន ប្រធានាធិបតីអាមេរិកលោក​ដូណាល់ត្រាំ បានប្រកាស​ការសម្រេចចិត្តរបស់លោកក្នុងការ​ទទួលស្គាល់​​ហ្ស៊េរុយសាឡិម​ជារដ្ឋធានី​របស់អ៊ីស្រាអែល ហើយនេះបានធ្វើអោយមាន​កំហឹងនិងប្រតិកម្មមិនពេញចិត្ត​យ៉ាង​ខ្លាំងពីសំណាក់ក្រុម​ប្រទេសអារ៉ាប់និងសហគមន៍អន្តរជាតិ។

បាតុកម្មដែលក្រុម Fatah បានគ្រោងទុកនេះ​ នឹងត្រូវធ្វើឡើងនៅ​ថ្ងៃពុធសប្តាហ៍ក្រោយ នៅតាមបណ្តា​​ច្រកចូល​ទៅកាន់​ទីក្រុង​​​ហ្ស៊េរុយសាឡិម ក្នុងគោលបំណងប្រឆាំង​នឹងការធ្វើទស្សនៈកិច្ច​របស់លោកPence និងប្រឆាំងនឹងការសម្រេចចិត្តរបស់​លោកត្រាំផងដែរ។ ការប្រកាស​ឲ្យធ្វើបាតុកម្មនេះ គឺធ្វើឡើងស្របពេល​ដែល​ប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់​កំពុងចូលរួមប្រារព្ធពិធីបុណ្យសព​របស់សកម្មជន៤នាក់ ដែលបានស្លាប់ដោយការប៉ះទង្កិចគ្នា​ជាមួយ​កងកំលាំង​អ៊ីស្រាអែលក្នុងកំឡុងពេល​ធ្វើបាតុកម្មកាលពីថ្ងៃសុក្រ។

ក្រៅពីការគ្រោងធ្វើបាតុកម្មនេះ ប៉ាឡេស្ទីនក៏បានលុបចោលនូវ​គម្រោង​ជួបប្រជុំរវាង​ប្រធានាធិបតី​របស់​ខ្លូនជាមួយលោក Pence​ផងដែរ។ កន្លងមក ប៉ាឡេស្ទីនធ្លាប់​បាន​ព្រមានរួចមកហើយ​ថា ការសម្រេច​​របស់​លោក​ដូណាល់ត្រាំ​​ចំពោះ​ទីក្រុង​ហ្ស៊េរុយសាឡិម ធ្វើ​ឲ្យ​អាមេរិក​លែង​​មានតួនាទីក្នុង​​ការ​សម្របសម្រួល​​ដោះស្រាយ​វិបត្តិរវាងរវាងប៉ាឡេស្ទីន​និងអ៊ីស្រាអែលទៀតហើយ។