អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ប្រទេស​ប៉ាពូ​អាស៊ី​ ស្នើ​ចិន​ឲ្យ​ជួយ​ដោះស្រាយ​បំណុល​សាធារណៈ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រទេសប៉ាពូអាស៊ី​នូវែលហ្គីណេ កាលពីថ្ងៃអង្គារ ទី ៦ សីហា បានស្នើសុំ​ឲ្យចិនជួយដោះស្រាយបំណុលសាធារណៈរបស់ខ្លួន ដែលមានចំនួនរាប់រយលានដុល្លារ។ ការស្នើសុំនេះ ត្រូវបាននិយាយចេញពីមាត់ផ្ទាល់របស់ នាយករដ្ឋមន្ត្រីប៉ាពូអាស៊ីលោក ជេមស៍ ម៉ារ៉ាប តែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកត្រលប់មកពីធ្វើទស្សនកិច្ចនៅប្រទេសអូស្ត្រាលីវិញ។ការណ៍នេះ បានធ្វើឲ្យគេចោទជាចម្ងល់ ជុំវិញចេតនារបស់លោកនាយករដ្ឋមន្ត្រីប៉ាពូអាស៊ី ក្នុងការប្រញាប់រត់ទៅសុំជំនួយពីចិន ខណៈពេលដែលឥទ្ធិពលរបស់ចិនកំពុងកើនឡើងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

នាយករដ្ឋមន្ត្រីប៉ាពូអាស៊ីលោក ជេមស៍ ម៉ារ៉ាប អំឡុងពេលធ្វើទស្សនកិច្ចនៅប្រទេសអូស្ត្រាលី។
នាយករដ្ឋមន្ត្រីប៉ាពូអាស៊ីលោក ជេមស៍ ម៉ារ៉ាប អំឡុងពេលធ្វើទស្សនកិច្ចនៅប្រទេសអូស្ត្រាលី។ JOEL CARRETT / POOL / AFP
ផ្សាយពាណិជ្ជកម្ម

មកពីធ្វើទស្សនកិច្ចជាលើកដំបូងនៅអូស្ត្រាលី បានត្រឹមតែរយៈពេល ២ សប្តាហ៍ ស្រាប់តែ នាយករដ្ឋមន្ត្រីប៉ាពូអាស៊ី ជេមស៍ ម៉ារ៉ាប ហាមាត់សុំចិន ឲ្យជួយដោះស្រាយបញ្ហាបំណុលសាធារណៈរបស់ខ្លួន ដែលមានចំនួនប្រមាណ ៨ ពាន់លានដុល្លារអាមេរិក។

លោកនាយករដ្ឋមន្ត្រីប៉ាពូអាស៊ី បានពន្យល់ថា​ ចិនអាចជួយដោះស្រាយបំណុលរបស់ប្រទេសខ្លួនបាន តាមរយៈការទិញប្រាក់បំណុលទាំងអស់ ដើម្បីអាចជួយឲ្យការប្រាក់ធ្លាក់ទាប។ ហើយបន្ទាប់មក ចិន នឹងក្លាយជាម្ចាស់បំណុលធំជាងគេ និងផ្តាច់មុនគេតែម្តង របស់ប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេ។

សំណើ ដែលលើកឡើងដោយប៉ាពូអាស៊ីនេះ គូសបង្ហាញយ៉ាងច្បាស់ ពីការផ្លាស់ប្តូរផ្នែកនយោបាយដ៏សំខាន់មួយនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ព្រមទាំងភក្តីភាពរបស់ប្រទេសប៉ាពូអាស៊ី ជាមួយអូស្ត្រាលី ដែលធ្លាប់ជាម្ចាស់ជំនួយដ៏ធំបំផុត និងជាដៃគូជាប្រពៃណីរបស់ខ្លួន។

រឿងដ៏គួរឲ្យកត់សម្គាល់ដែរនោះគឺថា សំណើខាងលើ ត្រូវបានធ្វើឡើង គាប់ជួនចំពេលដែល ប្រទេសអូស្ត្រាលី ហើយនឹងសម្ព័ន្ធមិត្តអាមេរិក កំពុងព្យាយាមរក្សាឥទ្ធិពលរបស់ពួកគេ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ទល់នឹងការលេចត្រដែតឡើងរបស់ចិន។

បើយោងទៅតាមអ្នកជំនាញកិច្ចការនយោបាយនៅអាស៊ីប៉ាស៊ីហ្វិក ជាការពិត អូស្ត្រាលី ធ្លាប់ជាអ្នកផ្តល់ជំនួយធំជាងគេ និងក៏ជាសម្ព័ន្ធមិត្តសំខាន់បំផុតរបស់ប៉ាពូអាស៊ីដែរ។ ប៉ុន្តែ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចំណងមិត្តភាពរវាងប៉ាពូស៊ី និងចិនកាន់តែត្រូវបានពង្រឹង និងកាន់តែជិតស្និទ្ធនឹងគ្នាទ្វេឡើង។

ដូច្នោះហើយ ការងាកទៅសុំជំនួយពីចិនរបស់ប៉ាពូអាស៊ី ប្រៀបបីដូចជាខ្យល់ បោកបក់ឥទ្ធិពលរបស់ទីក្រុងកង់បេរ៉ា និងវ៉ាស៊ីនតោនឲ្យថមថយកម្លាំង នៅក្នុងតំបន់ ខណៈពេលដែលកំពុងដណ្តើមជែងឥទ្ធិពលគ្នាយ៉ាងខ្លាំង ជាមួយទីក្រុងប៉េកាំង។

ទាញចេញពីការរៀបរាប់ខាងលើនេះ គេអាចយល់បានថា ការងាកទៅរកសុំជំនួយពីចិន របស់លោកនាយករដ្ឋមន្ត្រីប៉ាពូអាស៊ីនូវែលហ្គីណេ កាលពីថ្ងៃអង្គារ ទី ៦ សីហា នេះ មិនមែនជារឿងចៃដន្យនោះទេ។

គេអាចនិយាយបានទៀតថា លោកនាយករដ្ឋមន្ត្រីប៉ាពូអាស៊ី ម៉ារ៉ាប ជាមនុស្សឆ្លាត និងចេះមើលឃើញពីឱកាស។ ហើយនោះ គឺជាការឱកាស ក្នុងការកេង ឬទាញយកផលចំណេញ ពីការដណ្តើមឥទ្ធិពលគ្នារបស់ប្រទេសមហាអំណាចនៅក្នុងតំបន់។

ជាការពិត ក្រោយពេលជួបពិភាក្សាគ្នាជាមួយលោកនាយករដ្ឋមន្ត្រីអូស្ត្រាលីស្កុត ម៉ូរីសុន​រួចមក លោកជេមស៍ ម៉ារ៉ាប អាចស្មានដឹងថា អូស្ត្រាលីមិនងាយនឹងជួយដោះស្រាយបំណុលសាធារណៈ របស់ប៉ាពូអាស៊ី តាមរយៈការទិញប្រាក់បំណុល ដែលមានតម្លៃសរុបរហូតដល់ទៅប្រមាណជា ៨ ពាន់លានដុល្លារនោះទេ។ ហេតុដូចនេះហើយ ទើបបានជាលោកម៉ារ៉ាប ប្រញាប់រត់ទៅសុំជំនួយពីចិន ក្រោយពីអូស្ត្រាលីទើបតែទទួលស្វាគមន៍លោក ដោយក្រាលព្រំក្រហមកាលពី២ សប្តាហ៍មុន។

ក៏ប៉ុន្តែ បញ្ហានាពេលនេះ វានៅត្រង់ថា តើចិននឹងព្រមជួយប្រទេសប៉ាពូអាស៊ី តាមការស្នើសុំដែរឬក៏អត់? បើតាមអ្នកជំនាញ តាំងពីដើមរៀងមក រដ្ឋាភិបាលក្រុងប៉េកាំងមិនដែលទិញសោះឡើយ ប្រាក់បំណុលសាធារណៈសរុបទាំងអស់របស់ប្រទេសណាមួយ។

ដោយឡែក បើងាកមកពិនិត្យមើលពីបច្ចុប្បន្នភាពនៅក្នុងតំបន់ ដែលពោរពេញទៅដោយ ការប្រកួតប្រជែងដណ្តើមឥទ្ធិពលគ្នាវិញ គេពិបាកនឹងប៉ាន់ស្មានពីការសម្រេចរបស់ចិនខ្លាំងណាស់។

ចិន អាចនឹងទទួលយកសំណើរបស់ប៉ាពូអាស៊ីក៏ថាបាន ដើម្បីពង្រីកនិងពង្រឹងឥទ្ធិពលរបស់ខ្លួន ប្រឆាំងទល់នឹងអាមេរិក បូករួមទាំងអូស្ត្រាលី។ ក៏ប៉ុន្តែ ក្នុងករណីដែលរដ្ឋាភិបាលចិន ព្រមទទួលយកសំណើនេះ ប៉េកាំងប្រឈមនឹងផលវិបាកសេដ្ឋកិច្ច។ ជាផលលំបាក ដែលចិនត្រូវបង់ការប្រាក់ លើថ្លៃបំណុលរបស់ប៉ាពូអាស៊ី ដែលមានចំនួនប្រមាណជា ៣៣% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសប៉ាពូអាស៊ី។ នេះបើតាមលោក ចូណាថាន ព្រីក (Jonathan Pryke) អ្នកជំនាញសិក្សាកិច្ចការតំបន់អាស៊ីប៉ាស៊ីហ្វិក។

តែទោះជាយ៉ាងណាក្តី បើពិនិត្យមើលបរិបទ ដូចពេលបច្ចុប្បន្ននេះ ប្រទេសប៉ាពូអាស៊ី អាចទាញយកផលប្រយោជន៍យ៉ាងច្រើន ពីការដណ្តើមឥទ្ធិពលគ្នារបស់ប្រទេសមហាអំណាចនៅក្នុងតំបន់។

ជាក់ស្តែង បើយោងទៅតាមការបកស្រាយរបស់អ្នកជំនាញលោក ចូណាថាន ព្រីក តាមរយៈកាយវិការងាកទៅស្និទ្ធស្នាលនឹងចិន ប្រទេសប៉ាពូអាស៊ី អាចបង្កើនមន្តស្នេហ៍ទាក់ទាញចំណាប់អារម្មណ៍ ក៏ដូចជាជំនួយពីអូស្ត្រាលី មកជួយខ្លួនច្រើនជាងមុន។

វាមានន័យថា ប៉ាពូអាស៊ី អាចទទួលបានផលចំណេញទាំងសងខាង ពោលទាំងពីចិន និងអូស្ត្រាលី ដើម្បីយកជំនួយមកអភិវឌ្ឍប្រទេសជាតិរបស់ខ្លួនឲ្យមានការរីកចម្រើនជាងមុន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ