rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ប៉ាគីស្ថាន អ៊ីរ៉ង់ អារ៉ាប៊ីសាអូឌីត អាមេរិក នយោបាយ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

នាយក​រដ្ឋមន្ត្រី​ប៉ាគីស្ថាន​ធ្វើ​ទស្សនកិច្ច​ទៅអ៊ីរ៉ង់​ ខណៈ​ភាព​តានតឹង​កំពុង​កើន​ឡើង​ខ្លាំង​នៅ​តំបន់​ឈូង​សមុទ្រ​ពែក្ស​

media
នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោកអ៊ីមរ៉ាន ខាន់ ជួបជាមួយលោកប្រធានាធិបតីអ៊ីរ៉ង់ ហាសាន រ៉ូហានី នាថ្ងៃអាទិត្យ ទី១៣ តុលា ឆ្នាំ២០១៩។ Official Presidential website/Handout via REUTERS

នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោកអ៊ីមរ៉ាន ខាន់ នៅថ្ងៃអាទិត្យ ទី១៣ តុលានេះ បានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ីរ៉ង់ ជួនចំពេលដែលភាពតានតឹងនៅក្នុងតំបន់ឈូងសមុទ្រពែក្ស កំពុងកើនឡើងខ្លាំងគួរឲ្យកត់សម្គាល់។ ជាភាពតានតឹងរវាងប្រទេសអ្នកមានប្រេងអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត។


បើតាមការណ៍ឲ្យដឹងពីការិយាល័យនាយករដ្ឋមន្ត្រីប៉ាគីស្ថាន ការលើកតម្កើងសន្តិភាព និងសន្តិសុខនៅក្នុងតំបន់ឈូងសមុទ្រពែក្ស គឺជាផ្នែកមួយដ៏សំខាន់ ក្នុងដំណើរទស្សនកិច្ចរបស់លោកអ៊ីមរ៉ាន ខាន់ ទៅកាន់ប្រទេសអ៊ីរ៉ងនាខណៈនេះ។

តាមការគ្រោងទុក លោកនាយករដ្ឋមន្ត្រីប៉ាគីស្ថាន នឹងជួបពិភាក្សាទាំងជាមួយប្រមុខដឹកនាំសាសនាជាន់ខ្ពស់អ៊ីរ៉ង់ អាយ៉ាតូឡា អាលី ខាមេណី និងលោកប្រធានាធិបតីអ៊ីរ៉ង់ ហាសាន រ៉ូហានី។

ក្រៅតែពីជួបពិភាក្សាជាមួយថ្នាក់ដឹកនាំកំពូលៗអ៊ីរ៉ង់ លោកនាយករដ្ឋមន្ត្រីប៉ាគីស្ថានអ៊ីមរ៉ាន ខាន់ ក៏មានគម្រោងទៅជួបពិភាក្សាផងដែរ ជាមួយប្រមុខដឹកនាំអារ៉ាប៊ីសាអូឌីត។ នេះបើតាមការលើកឡើង របស់អ្នកនាំពាក្យក្រសួងការបរទេស ប៉ាគីស្ថាន នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីសប្តាហ៍មុន ក៏ប៉ុន្តែ ក្រសួងមិនបានបញ្ជាក់ប្រាប់ព័ត៌មានអ្វី លើសពីនេះឡើយ។

គួរបញ្ជាក់ជូនថា ដំណើរទស្សនកិច្ចលើកទី២ របស់ លោកអ៊ីមរ៉ាន ខាន់ ទៅកាន់ប្រទេសអ៊ីរ៉ង់នាថ្ងៃអាទិត្យនេះ ត្រូវបានធ្វើឡើង ក្រោយមានការស្នើសុំពីសហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីត។ អាមេរិក និងអារ៉ាប៊ីសាអូឌីត មានបំណងពឹងពាក់ឲ្យប្រមុខដឹកនាំប៉ាគីស្ថាន ចូលជួយអន្តរាគមន៍ ដោះស្រាយវិបត្តិ ដែលកំពុងកើតឡើងនៅឯតំបន់ឈូងសមុទ្រពែក្ស។

នាពេលបច្ចុប្បន្ននេះ ទំនាក់ទំនងរវាង ប្រទេសអ៊ីរ៉ង់ ជាមួយនឹងអារ៉ាប៊ីសាអូឌីត មានភាពតានតឹងនឹងគ្នាខ្លាំង។ ជាភាពតានតឹងដែលបានអូសបន្លាយជាច្រើនសប្តាហ៍មកហើយ និងដំបូងឡើយកើតចេញមកពី ការ​វាយប្រហារ​លើ​ទី​តាំង​ផលិតប្រេង​ពីរ​កន្លែងរបស់អារ៉ាប៊ីសាអូឌីត កាលពីថ្ងៃទី ១៤ កញ្ញា កន្លងទៅ។ អារ៉ាប៊ីសាអូឌីត បានចោទអ៊ីរ៉ង់ថា ជាអ្នកនៅពីក្រោយហេតុការណ៍វាយប្រហារនេះ។

ដើម្បីស្តារស្ថានការណ៍អាក្រក់ ដែលកំពុងកើតមាននៅតំបន់សម្បូរប្រេង គេមើលឃើញថា លោកអ៊ីមរ៉ាន ខាន់ គឺជាបុគ្គលដែលស័ក្តិសមបំផុត ដើរតួនាទីជាអន្តរការី។ មូលហេតុអ្វី? ហេតុផលនោះ ពីព្រោះថាលោក មានទំនាក់ទំនងល្អ ទាំងជាមួយថ្នាក់ដឹកនាំអ៊ីរ៉ង់​ និងទាំងជាមួយប្រមុខដឹកនាំអារ៉ាប៊ីសាអូឌីត។ ក្រៅពីនេះ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន ក៏ជាអ្នកតំណាងជួសមុខឲ្យក្រុងតេហេរ៉ង់ ក្នុងកិច្ចចរចាជាមួយនឹងសហរដ្ឋអាមេរិកដែរ៕