rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ទស្សនៈព្រឹត្តិការណ៍ពិភពលោក
rss itunes

បោះឆ្នោតថៃ៖ ​លោកប្រាយុទ្ធ​នៅតែអាច​ធ្វើ​នាយករដ្ឋមន្រ្តី​ដោយ​មិន​ចាំបាច់​ឈ្នះបាន​សំឡេង​ភាគច្រើន

ដោយ សេង ឌីណា

នៅថ្ងៃ​អាទិត្យ ២៤មីនា​ខាងមុខនេះ ពលរដ្ឋថៃ​​នឹង​ត្រូវ​នាំគ្នា​ចេញ​ទៅ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្រ្ត​របស់​ខ្លួន។ ជា​ការ​បោះឆ្នោត​លើកទីមួយ​ចាប់តាំង​ពី​មាន​រដ្ឋប្រហារ កាល​ពីឆ្នាំ២០១៤។ នៅលើ​ក្រដាស នេះ​គឺ​ជា​​​ការ​បោះឆ្នោត​ ដើម្បី​បិទបញ្ចប់​ការ​ដឹកនាំ​តាមបែប​របបសឹក។ ក៏ប៉ុន្តែ ជាក់ស្តែង អ្វីៗ​ត្រូវ​បាន​គេ​រៀបចំ​ទុកជាស្រេច ដើម្បី​ឲ្យ​កងទ័ព​នៅ​បន្ត​កាន់អំណាច ហើយ​លោក​ប្រាយុទ្ធ ចាន់អូចា ​នៅតែ​មានលទ្ធភាពច្រើន​ក្នុងការ​បន្ត​កាន់តំណែង​ជា​នាយករដ្ឋមន្រ្តី បើទោះបីជា​គណបក្ស​របស់​លោក​មិន​ឈ្នះឆ្នោត​ទទួល​បាន​សំឡេង​ភាគច្រើន​ក៏ដោយ។

ជាការពិតណាស់​ថា ការបោះឆ្នោត​នៅថ្ងៃ​អាទិត្យ​ខាងមុខនេះ គឺ​ជា​ការ​បោះឆ្នោត ដើម្បី​បិទបញ្ចប់​ការដឹកនាំ​តាមបែប​របបសឹក ហើយ​វិលត្រឡប់​ទៅរក​ការដឹកនាំ​ដោយ​រដ្ឋាភិបាល​ស៊ីវិល​ឡើងវិញ ក៏ប៉ុន្តែ មេដឹកនាំ​យោធា​ថៃ​មិន​បាន​សុខចិត្ត​បោះបង់​អំណាច​ដោយ​ងាយៗ​នោះទេ ពីព្រោះ​ថា កងទ័ពថៃ​ក៏​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​នេះដែរ តាមរយៈ​ការ​បង្កើត​គណបក្ស​នយោបាយ​ឈ្មោះ​ថា គណបក្ស​ផាឡាំងប្រាឆារ៉ាត់ ដោយ​មាន​មេដឹកនាំ​របបសឹក គឺ​លោក​ប្រាយុទ្ធ ចាន់អូចា ជា​បេក្ខជន​នាយករដ្ឋមន្រ្តី។

មេដឹកនាំ​យោធា​ថៃ​មិនត្រឹមតែ​ប្តូរសម្លៀកបំពាក់​ជា​ស៊ីវិល​ទៅ​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​តែ​ប៉ុណ្ណោះទេ ក៏ប៉ុន្តែ លើសពីនេះ​ទៅទៀត របបសឹក​បាន​រៀបចំ​ជើងព្រួល​ទុក​ជាស្រេច ដើម្បី​ឲ្យ​គណបក្ស​របស់​ខ្លួន​យក​ប្រៀបលើ​គូប្រជែង តាំង​ពី​មិនទាន់​ចាប់ផ្តើម​បោះឆ្នោត​មកម៉្លេះ។

គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត ដែល​ជា​អ្នក​ទទួលខុសត្រូវ​រៀបចំ​ការ​បោះឆ្នោត ចាប់តាំង​ពី​ការពុះចែក​មណ្ឌល​បោះឆ្នោត ​ការ​ចុះឈ្មោះ​បេក្ខជន ការ​ចាត់ចែង​ការ​​បោះឆ្នោត រហូតទៅដល់​​ការ​រាប់សន្លឹកឆ្នោត និង​ប្រកាស​លទ្ធផលបោះឆ្នោត ក៏​ត្រូវ​​តែងតាំង​ឡើង​ដោយ​របបសឹក។ ចំណែក​​ប្រព័ន្ធបោះឆ្នោត​ក៏​ត្រូវ​របបសឹក​កែប្រែ តាមរយៈ​រដ្ឋធម្មនុញ្ញ​ថ្មី កាល​ពីឆ្នាំ២០១៧​ ​ដែល​របបសឹកខ្លួនឯង​ជា​អ្នក​តាក់តែងឡើង។

នៅ​ក្នុងការ​កែប្រែប្រព័ន្ធ​បោះឆ្នោត​នេះ គេ​សង្កេតឃើញ​មាន​ចំណុច​ដ៏សំខាន់​ពីរ ដែល​ធ្វើ​ឲ្យ​ការ​បោះឆ្នោត​នៅថ្ងៃ​អាទិត្យខាងមុខ​នេះ មាន​ការ​លម្អៀងខ្លាំង​ទៅ​ខាង​គណបក្ស​ផាឡាំងប្រាឆារ៉ាត់​របស់​របបសឹក។

ទីមួយ ចំនួន​តំណាងរាស្រ្ត​ដែល​ជ្រើសរើស​តាមរយៈ​ការ​បោះឆ្នោត​ជា​ឯកត្តនាម​តាម​មណ្ឌល ត្រូវ​កាត់បន្ថយ​ពី ៣៧៥ មក​នៅ​ត្រឹម ៣៥០ ចំណែក​ឯ​​ចំនួន​តំណាងរាស្រ្ត​ដែល​ជ្រើសរើស​ចេញ​ពី​បញ្ជីរបស់​គណបក្ស​តាមប្រព័ន្ធ​សមាមាត្រ ត្រូវ​បង្កើន​ពី ១២៥ ទៅ ១៥០។ បន្ថែម​ពីលើ​នេះ​ទៅទៀត ​​វិធី​គណនា​ចំនួន​អាសនៈ​តាម​ប្រព័ន្ធ​សមាមាត្រ​នេះ ​ក៏​ត្រូវ​បាន​ផ្លាស់ប្តូរ​ផងដែរ។ ទាំងអស់​នេះ វា​អាច​​​ផ្តល់​អំណោយ​ផល​ទៅដល់​គណបក្ស​ផាឡាំងប្រាឆារ៉ាត់ និង​គណបក្ស​តូចៗ​ផ្សេងទៀត ​ដែលមិនសូវ​មាន​​សំឡេងគាំទ្រ​ច្រើន​នៅ​ទូទាំង​ប្រទេស ហើយ​ផ្ទុយ​ទៅវិញ វា​អាច​​កាត់បន្ថយ​ឥទ្ធិពល​​គណបក្សភឿថៃ​របស់​ក្រុមលោក​ថាក់ស៊ីន ដែល​មាន​សំឡេងគាំទ្រថ្នាក់ជាតិច្រើន។

យោងតាម​ការ​គណនា​របស់​កាសែត​បាងកកប៉ុស្តិ៍ ប្រសិនបើ​នៅ​ក្នុង​ការ​បោះឆ្នោត​នៅថ្ងៃ​២៤មីនា​ខាងមុខនេះ ​គណបក្ស​ភឿថៃ​ទទួល​បាន​សំឡេងឆ្នោតគាំទ្រ​ស្មើ​នឹង​​កាល​ពី​ការ​បោះឆ្នោត​កាល​ពី​ឆ្នាំ២០១១ ប្រព័ន្ធ​បោះឆ្នោត​ថ្មី​នេះ នឹង​ធ្វើ​ឲ្យ​គណបក្ស​ភឿថៃ​បាត់បង់​អាសនៈ​​រហូតដល់​ទៅ ៤១​ឯណោះ បើធៀប​នឹង​ប្រព័ន្ធបោះឆ្នោត​ឆ្នាំ២០១១។

ទីពីរ គឺ​​​​តួនាទី​របស់​ព្រឹទ្ធសភា នៅ​ក្នុងការ​តែងតាំង​នាយករដ្ឋមន្រ្តី។ យោងតាម​រដ្ឋធម្មនុញ្ញ​ថ្មី​​ នាយករដ្ឋមន្រ្តី​ត្រូវតែងតាំង​ឡើង ដោយ​ឆ្លងកាត់​ការ​បោះឆ្នោត​​អនុម័ត​យល់ព្រម​ពី​សំណាក់​រដ្ឋសភា​ផង និង​ពី​សំណាក់​ព្រឹទ្ធសភា​ផង។ រដ្ឋសភា​មាន​សមាជិក​សរុប ៥០០នាក់ ដែល​កើតចេញ​ពី​ការ​បោះឆ្នោត នៅថ្ងៃ​អាទិត្យ ២៤មីនា​ខាងមុខនេះ។ ចំណែក​ឯ​ព្រឹទ្ធសភា​វិញ មាន​សមាជិក​សរុប ២៥០នាក់ ដែល​សុទ្ធតែ​កើតចេញ​ពី​ការ​តែងតាំង​ដោយ​របបសឹក​ខ្លួនឯង​ផ្ទាល់ ដោយ​មិន​ឆ្លងកាត់​ការ​បោះឆ្នោត​។

ដោយសារ​តែ​សមាជិកព្រឹទ្ធសភា​កើតចេញ​ពី​ការតែងតាំង​ដោយ​របបសឹក គេ​អាច​សន្មត់​បាន​ជាមុន​ថា សមាជិកព្រឹទ្ធសភា​ទាំង ២៥០​រូបនេះ ប្រាកដ​ជា​នឹង​គាំទ្រលោក​ប្រាយុទ្ធ ចាន់អូចា​ជា​បេក្ខជន​នាយករដ្ឋមន្រ្តី។ នេះ​មានន័យថា មិនទាន់​បោះឆ្នោត​ផង លោក​ប្រាយុទ្ធ ចាន់អូចា និង​គណបក្ស​ផាឡាំងប្រាឆារ៉ាត់​​ មាន​សំឡេង​គាំទ្រ​ចំនួន ២៥០​សំឡេង​រួចជាស្រេច​ទៅហើយ ដើម្បី​បង្កើត​រដ្ឋាភិបាល។

ដូច្នេះ នៅ​ក្នុងការ​បោះឆ្នោត នៅថ្ងៃ​អាទិត្យ ២៤មីនា​នេះ លោក​ប្រាយុទ្ធ ចាន់អូចា និង​គណបក្ស​ផាឡាំងប្រាឆារ៉ាត់​​របស់​លោក ត្រូវការ​​ឈ្នះឆ្នោត​បាន​តំណាងរាស្រ្ត​ត្រឹមតែ ១២៦​រូប​ទៀត​ប៉ុណ្ណោះ ក្នុង​ចំណោម​តំណាងរាស្រ្ត​សរុប​ទាំង ៥០០រូប ដើម្បី​បង្កើត​រដ្ឋាភិបាល​ថ្មី​ ហើយ​បន្ត​កាន់អំណាច​តទៅមុខទៀត។

ផ្ទុយ​ពីនេះ​វិញ គណបក្ស​ភឿថៃ ដែល​ស្និទ្ធ​នឹង​លោក​ថាក់ស៊ីន ឬ​គណបក្ស​ផ្សេងទៀត​ដែល​ប្រឆាំង​នឹង​របបសឹក ត្រូវការ​ឈ្នះឆ្នោត​បាន​តំណាងរាស្រ្ត​យ៉ាងតិច ៣៧៦​រូប ក្នុង​ចំណោម ៥០០រូប ទើប​អាច​បង្កើត​រដ្ឋាភិបាល​បាន៕

ខួប​៧៥ឆ្នាំ៖ ធនាគារពិភពលោក និង​ស្ថាប័ន​រូបិយវត្ថុអន្តរជាតិ ជួប​ឧបសគ្គ​ថ្មី​និងច្រើន​បន្ថែមទៀត​

ចិនមានអ្វីៗគ្រប់យ៉ាងដើម្បីក្លាយខ្លួនជាមហាអំណាចផុតលេខ

ច្បាប់អ៊ុយក្រែន​​ដែល​ច្បាំងទល់​នឹង​ភាសា​រុស្ស៊ី ចូល​ជាធរ​មាន​ហើយ

រដ្ឋមន្ត្រី​បារាំង​ម្នាក់​លាលែង​ពីតំណែង ដោយមានរឿង​អាស្រូវ​ចាយ​វាយ​ហ៊ឺហា

ហេតុអ្វី​បានជា​គេ​មិនជឿ​ថា​អាមេរិក​បាន​បញ្ជូន​មនុស្ស​ទៅ​ឋានព្រះចន្ទ?

វិសមភាពសង្គម​ក្នុង​យុគសម័យ​សកលភាវូបនីយកម្ម

សេរីភាព​សារព័ត៌មាន​កំពុង​រង​ការគំរាមកំហែង នៅ​ឥណ្ឌា ?

ពិភពលោក​បិទភ្នែក មិនឃើញ​សង្រ្គាម​ដែលបំផ្លាញ​ខ្ទេចខ្ទាំ យេម៉ែន ៥​ឆ្នាំមកហើយ

សេដ្ឋកិច្ចសាកល៖ ​កំពង់ផែ​ពាណិជ្ជកម្ម​ដ៏មមាញឹក​បំផុត

ឥណ្ឌូណេស៊ី ប្រទេស​​ស្ថាបនិក​​អាស៊ាន និយម​ទិញ​អាវុធ​រុស្ស៊ី

សឹង្ហបុរី៖ ក្មេងសិស្ស​សាលា​មាន​ចំណេះដឹង​ខ្ពស់ តែ​ក៏​ប្រឈម​ខ្លាំង​នឹង​ជំងឺ​ផ្លូវចិត្ត

ហេតុអ្វី​ជប៉ុន​និង​កូរ៉េ​ខាងត្បូង​​មិន​អាចផ្សះផ្សា​ស្នាម​របួស​ពី​សម័យ​សង្រ្គាម​បាន?​

កំណើនសេដ្ឋកិច្ច និងទំហំប្រជាជន៖ ជោគវាសនាអនាគត?

ការឡើងកម្តៅអាកាសធាតុ រដ្ឋាភិបាល​​បារាំង​​បញ្ចេញ​សកម្មភាព​មិន​គ្រប់គ្រាន់ ?

ឥណ្ឌា​ប្រឈមនឹង​វិបត្តិ​ខ្វះទឹក​ដ៏ធ្ងន់ធ្ងរ​មិនធ្លាប់មាន

មជ្ឈិមបូព៌ា៖ផែនការសន្តិភាពដែលអាមេរិកចង់បង្រួបបង្រួមអ៊ីស្រាអែល និងក្រុមប្រទេសនៅឈូងសមុទ្រពែក្សដើម្បីប្រឆាំងអ៊ីរ៉ង់

ហេតុផល​នៅ​ពី​ក្រោយ​ភាព​ជោគជ័យ​នៃ​សង្គម​សិង្ហបុរី​

តើយន្តហោះ​ចម្បាំង​ថ្មី​​របស់​អឺរ៉ុប​មាន​ទម្រង់​យ៉ាង​ដូចម្តេច ?

អាប៉ូឡូ៖ ​៥០ឆ្នាំ​ក្រោយមក ​គេ​ចាប់ផ្តើម​ផ្តោតអារម្មណ៍​ខ្លាំង​ឡើងវិញ​លើ​ព្រះចន្ទ

ហេតុអ្វីបានជាច្រកសមុទ្រអកមូ (Ormuz) ក្លាយជាប្រធានបទក្តៅខ្លាំងម្ល៉េះនៅក្នុងតំបន់ដើមបូព៌ា?