rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កាណាដា

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

បុរស​ម្នាក់​បើក​រថយន្តបុក​ស្លាប់​មនុស្ស​យ៉ាង​តិច១០នាក់​នៅ​កាណាដា

media
មន្រ្តីប៉ូលីសនៅកន្លែងហេតុការណ៏រថយន្តក្រុងបុកមនុស្សក្នុងក្រុងតូរ៉ុនតូ ថ្ងៃទី២៤ មេសា ២០១៨ REUTERS/Carlo Allegri

កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ បុរស​វ័យ​២៥​ឆ្នាំ​ម្នាក់​បាន​បើក​រថយន្ត​បុក​សំដៅ​ទៅ​លើក្រុម​អ្នកថ្មើរជើង​នៅ​តាមដងផ្លូវ​ក្នុង​ទីក្រុង​តូរ៉ុនតូ ប្រទេស​កាណាដា​ ដែល​បាន​សម្លាប់​ជីវិត​មនុស្ស​យ៉ាងតិច​១០​នាក់ និង​របួស​១៥​នាក់។ រហូត​មក​ដល់​ថ្ងៃអង្គារ​នេះ ពុំទាន់​មាន​ភស្តុតាង​ណា​ ដែល​បញ្ជាក់​ថា​នេះ​ជា​ការ​វាយ​ប្រហារ​បែប​ភេរវកម្ម​នោះទេ។


កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ បុរស​ម្នាក់​ឈ្មោះ​ Alek Minassian បាន​បើក​រថយន្ត​ជួល​ពណ៌ស​មួយ​សំដៅ​ទៅ​ក្រុម​អ្នក​ថ្មើរជើង ដែល​កំពុង​ធ្វើ​ដំណើរ​នៅតាម​ដង​ផ្លូវ​ក្នុង​ក្រុងតូរ៉ុនតូ។ ហេតុការណ៍​នេះ បាន​បណ្ដាល​អោយ​មនុស្ស​ចំនួន​៩​នាក់​ស្លាប់​នៅ​នឹង​កន្លែង ម្នាក់​ផ្សេង​ទៀត​ស្លាប់​ពេល​នៅ​មន្ទីរពេទ្យ​ដោយសារ​របួស​ធ្ងន់​ធ្ងរ​ខ្លាំងពេក។ មនុស្ស១៥​នាក់​ផ្សេង​ទៀត​រង​របួស​ស្រាល​និង​ធ្ងន់ ហើយ​បច្ចុប្បន្ន​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ។

តាមការ​អោយ​ដឹង​របស់​រដ្ឋមន្ត្រី​ការបរទេស​កូរ៉េ​ខាងត្បូង ក្នុង​ចំណោម​អ្នក​រងគ្រោះ​ក្នុងហេតុការណ៍​នេះ មាន​ជនជាតិ​កូរ៉េ​ខាងត្បូង​ចំនួន​២​នាក់​ដែល​បាន​ស្លាប់ និង​ម្នាក់​ទៀត​រងរបួស​ធ្ងន់។

ជន​បង្ក​ហេតុ​ក្នុង​រឿង​នេះ ត្រូវ​បាន​មន្ត្រី​ប៉ូលីស​ប្រចាំ​តំបន់​ក្នុង​ក្រុង​តូរ៉ុងតូ​ចាប់ខ្លួន​ភ្លាមៗ​នៅនឹង​កន្លែង។

យោង​តាម​ការ​អោយ​ដឹង​របស់​សាក្សី ជន​បង្ក​ហេតុ​រូប​នោះ​បាន​បើក​រថយន្ត​ក្នុង​ទិសដៅ​ភាគ​ខាងត្បូង សំដៅ​ទៅ​កណ្ដាល​ទីក្រុង ចំងាយ​ប្រមាណ​១៦​គីឡូម៉ែត្រ​ពី​ទី​តាំង​ដែល​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​នៃ​បណ្ដា​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​ទាំង​៧ (G7) កំពុង​ជួប​ប្រជុំ​នៅ​ក្នុង​ថ្ងៃច័ន្ទ​នោះ។

យ៉ាងណាមិញ មន្រ្តី​អាជ្ញាធរ​កាណាដា​បាន​គូស​បញ្ជាក់​អោយ​ដឹង​ថា រហូត​មក​ដល់​ពេល​បច្ចុប្បន្ន ពុំមាន​ភស្តុតាង​ណា​ដែល​បញ្ជាក់​ថា ហេតុការណ៍​រថយន្ត​បុក​មនុស្ស​នេះ​មាន​ទាក់ទង​ទៅ​នឹង​ការ​ប្រជុំ G7 ឬជា​ការ​ធ្វើ​ភេរវកម្ម​នោះ​ទេ។

មេ​បញ្ជាការ​ប៉ូលីស​ប្រចាំ​ក្រុង​តូរ៉ុនតូ បាន​ប្រាប់​ទៅ​កាន់​អ្នកសារព័ត៌​ថា ហេតុការណ៍​នេះមើល​ទៅមិន​មែន​កើត​ឡើង​ដោយ​ចៃដន្យ​នោះទេ តែ​ជា​ទង្វើ​ដែល​ធ្វើ​ឡើង​ដោយ​ចេតនា។ តែកន្លង​មក បុរស​បង្កហេតុ​នេះ ពុំ​ធ្លាប់​មាន​ប្រវត្តិ​ប្រព្រឹត្ត​អំពើបទល្មើស​នោះទេ។

សូម​រំលឹក​ថា ករណី​វាយប្រហារ​ដោយ​ប្រើ​រថយន្ត​បុក​សម្លាប់​មនុស្ស ភាគច្រើន​ធ្វើឡើង​ដោយ​បុគ្គលជ្រុល​និយម ហើយ​តែង​កើត​ឡើង​ក្នុង​រាជធានី​និង​ក្រុង​សំខាន់ៗ​ដូច​ជា ទីក្រុង​ឡុងដ៏ ញ៉ូយ៉ក ប៉ារីស និង​ទីក្រុងនីស ប្រទេសបារាំង​ជាដើម។

ទោះបី​ជាប្រទេស​កាណាដា​កម្រ​មាន​ហេតុការណ៍​រថយន្ត​បុកសម្លាប់​មនុស្ស​ក៏ដោយ ហេតុការណ៍​ស្រដៀង​នេះ​ធ្លាប់កើត​ឡើង​យ៉ាងតិច​២ដង​រួចមកហើយ។ ក្នុងនោះ​មាន​ករណី​វាយប្រហារ​មន្រ្តីប៉ូលីស រួចបើក​រថយន្ត​បុកអ្នកថ្មើរជើង​បណ្ដាល​អោយ​របួស៤នាក់ កាល​ពីខែតុលា​ឆ្នាំ២០១៧ និងករណី​បើក​រថយន្ត​បុក​មន្រ្តី​ប៉ូលីស​២នាក់ បណ្ដាល​អោយ​ស្លាប់​ម្នាក់ ក្នុង​ខែ​តុលា​ឆ្នាំ​២០១៤៕