rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

បារាំង អាហ្វ្រិក ពាណិជ្ជកម្ម

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

បារាំង​បោះទុន​ចំនួន​ ២,៥ ពាន់​លានអឺរ៉ូ​សម្រាប់​ផែនការ​អភិវឌ្ឍន៍​នៅអាហ្វ្រិក​

media
លោកប្រធានាធិបតីបារាំងអេម៉ានុយអែល ម៉ាក្រុង ពេលបំពេញទស្សនកិច្ចនៅក្នុងប្រទេសកេនយ៉ា កាលពីថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០១៩។ REUTERS/Thomas Mukoya

នៅថ្ងៃសុក្រ ទី២៩ មីនា ប្រទេសបារាំងបានចាប់ផ្តួចផ្តើមគម្រោងមួយ ដើម្បីបង្កើនការធ្វើពាណិជ្ជកម្មនៅក្នុងទ្វីបអាហ្វ្រិក តាមរយៈការធ្វើឥណទាន និងការវិនិយោគដោយផ្ទាល់ ក្នុងតម្លៃទឹកប្រាក់ប្រមាណជា ២,៥ ពាន់លានអឺរ៉ូ។ រហូតមកដល់ពេលនេះ ផែនការវិនិយោគខាងលើ មិនទាន់ត្រូវបានលាតត្រដាងប្រាប់ពិស្តារនៅឡើយនោះតែ ក៏ប៉ុន្តែបារាំងបានបង្ហាញនូវសុទិដ្ឋិនិយមជាខ្លាំងចំពោះគម្រោងផែនការនេះ។


គម្រោងវិនិយោគក្នុងតម្លៃទឹកប្រាក់ដ៏ច្រើនរបស់បារាំង នៅក្នុងទ្វីបអាហ្វ្រិក បានលេចចេញជារូបរាងឡើង គឺស្របទៅតាមគោលនយោបាយដឹកនាំ របស់លោកប្រធានាធិបតីបារាំងអេម៉ានុយអែល ម៉ាក្រុង។ ជាគោលនយោបាយ ដែលឆ្ពោះទៅរកទ្វីបអាហ្វ្រិកជាងពេលណាៗទាំងអស់។

ជាការពិត បើតាមលោក Bruno Le Maire រដ្ឋមន្ត្រីហិរញ្ញវត្ថុបារាំង ផែនការដាក់ទ្វីបអាហ្វ្រិកជាអាទិភាព គឺស្របទៅតាមយុទ្ធសាស្ត្ររបស់លោកម៉ាក្រុង ដែលកាលពីខែវិច្ឆិកា ឆ្នាំ ២០១៧ កន្លងទៅ បានសន្យាជួយដល់សហគ្រាសខ្នាតតូច និងមធ្យម (SMEs) នៅអាហ្វ្រិក។

លោក Le Maire បាននិយាយថា រដ្ឋាភិបាលបារាំងពិតជាសប្បាយរីករាយណាស់ ដែលបានចាប់ផ្តើមដំណាក់កាលថ្មី នៃភាពជាដៃគូពាណិជ្ជកម្មជាមួយសហគ្រាសនៅអាហ្វ្រិក។ លោកបានបន្ថែមថា ចំណុចដែលអាចជួយឱ្យក្រុមហ៊ុននៅអាហ្វ្រិកមានលំនឹងល្អបាន គឺកត្តាហិរញ្ញវត្ថុ ហើយអ្វីដែលសហគ្រាសខ្នាតតូចនិងមធ្យមនៅទីនោះ ត្រូវការបំផុតនោះគឺហិរញ្ញប្បទានដ៏គួរឲ្យទុកចិត្តបាន។

ទាក់ទងរឿងនេះដែរ បើយោងតាមឯកសារមួយ ដែលត្រូវបានគេមើលឃើញដោយទីភ្នាក់ងារបារាំង AFP ក្នុងចំណោមទឹកប្រាក់សរុបទាំងអស់ ២,៥ ពាន់លានអឺរ៉ូ ដែលបារាំងវិនិយោគនៅអាហ្រ្វិក ចំនួនទឹកប្រាក់ប្រមាណជា ១,៥ ពាន់លានអឺរ៉ូ នឹងត្រូវបោះទុនក្នុងការផ្តល់ឥណទានឬក៏ប្រាក់កម្ចី។ ចំណែកថវិកាផ្សេងទៀតចំនួនប្រមាណជា ១ ពាន់លានអឺរ៉ូ គឺទុកសម្រាប់ការវិនិយោគដោយផ្ទាល់ពីភាគីបារាំង។

គួរជ្រាបដែរថា បើយោងទៅតាម AFP ដដែលនេះ គម្រោងវិនិយោគរបស់បារាំង គឺសំដៅទៅលើក្រុមហ៊ុនអាហ្វ្រិកប្រមាណជិត ១០ ០០០ ក្រុមហ៊ុន តាមរយៈភ្នាក់ងារអភិវឌ្ឍន៍បារាំង AFD និងក្រុមហ៊ុនហិរញ្ញវត្ថុឯកជន Proparco ។

តែទោះជាយ៉ាងណាក្តី ផែនការនៃការវិនិយោគពិស្តារយ៉ាងណានោះ មិនត្រូវបានគេលាតត្រដាងនៅឡើយនោះទេ។ ក៏ប៉ុន្តែបើតាមវេបសាយរបស់ភ្នាក់ងារអភិវឌ្ឍន៍បារាំង AFD គម្រោងវិនិយោគរបស់បារាំង នឹងជួយដល់ការបង្កើននូវគំនិតច្នៃប្រឌិតថ្មី និងភ្ជាប់ទំនាក់ទំនងរវាងសហគ្រាសខ្នាតតូច និងមធ្យមរបស់អាហ្វ្រិកដែលមានសក្តានុពលខ្ពស់ ជាមួយដៃគូឯកជន។

ជាមួយគ្នានេះ រដ្ឋមន្ត្រីហិរញ្ញវត្ថុបារាំង បានព្យាករណ៍ទុកថា ផែនការអភិវឌ្ឍន៍លើវិស័យពាណិជ្ជកម្មរបស់បារាំងនៅអាហ្វ្រិក នឹងអាចជួយផ្តល់ការងារដល់មនុស្សប្រមាណជា ៤៥០ លាននាក់នៅត្រឹមឆ្នាំ ២០៥០ ទៀតផង៕