អានតួអត្ថបទ

បារាំង​និង​អាល្លឺម៉ង់​ សម្រេច​ផ្អាកការលក់អាវុធយុទ្ធភណ្ឌទៅឲ្យតួកគី

បន្ទាប់ពីលោកប្រធានាធិបតីតួកគី អ៊ែរដូហ្កាន ប្រកាសបន្តសកម្មភាពវាយប្រហារនៅក្នុងទឹកដីនៃប្រទេសស៊ីរី ប្រទេសបារាំង និងអាល្លឺម៉ង់ នៅថ្ងៃសៅរ៍ ទី១២ តុលា ម្សិលមិញ បានសម្រេចផ្អាកការលក់អាវុធ ទៅឲ្យប្រទេសតួកគីភ្លាម។ ក្រៅពីនេះ ប្រទេសអឺរ៉ុបជាច្រើនទៀតរួមមាន ហ្វាំងឡង់ ហូឡង់ និងន័រវែស ក៏បានប្រកាសផ្អាកលែងលក់អាវុធយុទ្ធភណ្ឌ ទៅឲ្យតួកគីដូចគ្នាដែរ។

នៅក្នុងប្រទេសក្រិក ក្រុមគួដឌីស្ថានកាន់បដាប្រឆាំងនឹងសកម្មភាពវាយប្រហាររបស់តួកគី នៅក្នុងប្រទេសស៊ីរី នាថ្ងៃទី ១២ តុលា ឆ្នាំ២០១៩។
នៅក្នុងប្រទេសក្រិក ក្រុមគួដឌីស្ថានកាន់បដាប្រឆាំងនឹងសកម្មភាពវាយប្រហាររបស់តួកគី នៅក្នុងប្រទេសស៊ីរី នាថ្ងៃទី ១២ តុលា ឆ្នាំ២០១៩។ REUTERS/Alkis Konstantinidis
ផ្សាយពាណិជ្ជកម្ម

ការប្រកាសផ្អាកលក់អាវុធ របស់ប្រទេសជាសមាជិកសហភាពអឺរ៉ុប បានធ្វើឡើងជាបន្តបន្ទាប់គ្នា ក្រោយពីតួកគី នៅបន្តធ្វើគថ្លង់ មិនអើមិនពើ អំពីការអំពាវនាវរបស់ពួកគេ ឲ្យតួកគីបញ្ឈប់នូវរាល់ប្រតិបត្តិការយោធា នៅក្នុងប្រទេសស៊ីរី។

តាមរយៈសេចក្តីថ្លែងការរួមមួយ ចេញដោយក្រសួងការពារជាតិ និងក្រសួងការបរទេស បារាំងបានប្រកាសឲ្យដឹងថា ខ្លួនបានសម្រេចផ្អាក នូវរាល់ការលក់អាវុធគ្រប់ប្រភេទ ទៅឲ្យតួកគី ដែលជាអតិថិជន។ អាវុធយុទ្ធភណ្ឌ ដែលបារាំង គិតថា តួកគី អាចយកទៅប្រើប្រាស់ ក្នុងប្រតិបត្តិការសឹក ប្រឆាំងនឹងពួកគួដឌីស្ថាន នៅស៊ីរី។

ទន្ទឹមគ្នានេះ ប្រទេសបារាំង ក៏បានប្រកាសនូវជំហរដាច់ណាត់ និងថ្កោលទោសយ៉ាងពេញទំហឹងផងដែរ ចំពោះ សកម្មភាពវាយលុក ដោយអត្តនោម័តិ របស់តួកគី ដែលបានបង្កជាផលវិបាកយ៉ាងច្រើន។

មិនខុសពីបារាំងឡើយ ក្រៅតែពីបានសម្រេចផ្អាកការលក់អាវុធ ប្រទេសអាល្លឺម៉ង់ បានព្រមានតួកគី អំពីផលលំបាកផ្នែកមនុស្សធម៌ធ្ងន់ធ្ងរ បង្កឡើងដោយសកម្មភាពលុកលុយរបស់តួកគី នៅមួយរយៈពេលចុងក្រោយនេះ។

បន្ទាប់ពីទទួលរងនូវការរិះគន់កាន់តែខ្លាំង ព្រមទាំងលែងអាចទិញអាវុធបាន តួកគីបានចេញមុខការពារថា ប្រតិបត្តិការយោធា របស់ខ្លួននៅក្នុងប្រទេសស៊ីរី មិនមែនជាសកម្មភាពឈ្លានពាននោះទេ។ ទាំងនោះ គឺជាសកម្មភាពការពារសន្តិសុខជាតិ។ នេះ គឺជាការ អះអាង របស់លោករដ្ឋមន្ត្រីការបរទេសតួកគី Mevlut Cavusoglu។

សម្តីរបស់រដ្ឋមន្ត្រីការបរទេសតួកគី មានន័យថា ការវាយប្រហារទៅលើ កងកម្លាំងគួដឌីស្ថាន គឺជារឿងត្រឹមត្រូវ។ សម្រាប់តួកគី ពួកគួដឌីស្ថាន គឺជាសត្រូវ ជាក្រុមភេវរជន ដែលបានធ្វើសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលតួកគី អស់រយៈពេលប្រមាណជា ៣ ទសវត្សរ៍ កន្លងមកហើយ។

ជាមួយគ្នានេះ តួកគី ក៏បានអះអាងដែរថា ខ្លួននៅតែបន្តការវាយប្រហារ ទៅលើកងកម្លាំង គួដឌីស្ថាន ទោះជាសម្ព័ន្ធមិត្តអឺរ៉ុប ឈប់លក់អាវុធ និងបន្តរិះគន់-បរិហារ តួកគី ខ្លាំងក្លាយ៉ាងណាក៏ដោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ